29 C
Phnom Penh

អ្នក​​​ភូមិ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​នាំ​​​គ្នា​​​បិទ​​​ផ្លូវ​​​អំឡុង​​​ការ​​​តវ៉ា​​​ទាក់​​​ទិន​​​នឹង​​​វិវាទ​​​ដីធ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​៣០០​​​នាក់​​​មក​​​ពី​​​សហគមន៍​​​ចំនួន​​​១០​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​នាំ​​​គ្នា​​​បិទ​​​ផ្លូវ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​ខេត្ត​​​អស់​​​រយៈ​​​ពេល​​​ជាង​​​២ម៉ោង​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​។ អ្នក​​​ភូមិ​​​បាន​​​ចាប់​​​ផ្តើម​​​បិទ​​​ផ្លូវ​​​មុន​​​ម៉ោង​​​១១​​​ព្រឹក​​​ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​១រសៀល បន្ទាប់​​​ពី​​​លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​បាន​​​ជួប​​​ជា​​​មួយ​​​តំណាង​​​អ្នក​​​ភូមិ​​​ដែល​​​ប្ដេជ្ញា​​​ថា នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បន្ថែម​​​ទៀត​​​ប្រសិន​​​បើ​​​ការ​​​តវ៉ា​​​របស់​​​ពួក​​​គាត់​​​មិន​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​ទេ​​​នោះ​​​​​​។

ក្រុម​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​រួម​​​មាន​​​សហគមន៍​​​ចំនួន​​​បី​​​មក​​​ពី​​​​​​សង្កាត់​​​រាម ខណ្ឌ​​​ព្រៃនប់ ដែល​​​បច្ចុប្បន្ន​​​​​​កំពុង​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួ​​យ​​​ក្រុម​​​ហ៊ុន​​​ចិន ឈ្មោះ​​​ Yijea Investment Group ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​កាល​​​ពី​​​ឆ្នាំ​​​២០០៤​​​ដើម្បី​​​អភិវឌ្ឍ​​​តំបន់​​​ទេសចរណ៍​​​មួយ​​​នៅ​​​លើ​​​ដី​​​ទំហំ​​​៣.៣០០ហិកតា នៅ​​​ក្នុង​​​ឧទ្យាន​​​ជាតិ​​​រាម។

លោក កែវ ពិសិដ្ឋ តំណាង​​​មក​​​ពី​​​សហគមន៍​​​វាល​​​ចន្ទី នៅ​​​ក្នុង​​​​​​សង្កាត់​​​រាម​​​បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​បាន​​​តស៊ូ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​ Yijea Investment Group ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​មក​​​ម្លេ៉ះ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​​​​ដោយ​​​គ្មាន​​​សំណង​​​ពី​​​ដី​​​ធ្លី​​​ដែល​​​ពួក​​​គាត់​​​បាន​​​រស់​​​នៅ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩០​​​មក​​​។

លោក​​​​​​បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​មួយ​​​បាន​​​ប្លន់​​​យក​​​ដី​​​ធ្លី​​​របស់​​​យើង​​​ដោយ​​​គ្មាន​​​ការ​​​ផ្តល់​​​ប្រាក់​​​សំណង​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​ថា ឯកឧត្តម​​​អភិបាល​​​ខេត្ត​​​ [ឈិត​​​ សុខុន]​​​​​​​​​​​​​​​​​​​​​​​​ នឹង​​ធ្វើ​​​អន្តរាគមន៍​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​នេះ”។

លោក ណាម​​​ ថេន តំណាង​​​អ្នក​​​ភូមិ​​​មួយ​​​ទៀត​​​​​​មក​​​ពី​​​សហគមន៍​​​អូរ​​​កម្ពុជា​​​ ដែល​​​ក៏​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​  Yijea Investment Group ដែរ​​​នោះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា សមាជិក​​​សហគមន៍​​​នាំ​​​គ្នា​​​តវ៉ា​​​នេះ ព្រោះ​​​ក្រុមហ៊ុន​​​បាន​​​បិទ​​​ផ្លូវ​​​ប្រវែង​​​១០​​​គីឡូ​​​ម៉ែត្រ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​។

លោក​​​បាន​​​និយាយ​​​ថា “តាំង​​​ពី​​​ខែ​​​មេសា​​​មក​​​ ក្រុមហ៊ុន​​​បាន​​​បិទ​​​ផ្លូវ​​​ប្រវែង​​​១០​​​គីឡូ​​​ម៉ែត្រ​​​ចន្លោះ​​​សហគមន៍​​​ និង​​​ក្រុមហ៊ុន​​​។ វា​​​ផ្តល់​​​ការ​​​លំបាក​​​ដល់​​​អ្នក​​​ភូមិ​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិន​​​បើ​​​អាជ្ញាធរ​​​ខេត្ត​​​មិន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ក្រុមហ៊ុន​​​ឈប់​​​បិទ​​​ផ្លូវ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​ទេ​​​នោះ​​​ សមាជិក​​​នៃ​​​សហគមន៍​​​របស់​​​គាត់​​​ នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ហើយ​​​ធ្វើ​​​​​​ការ​​​តវ៉ា​​​ខាង​​​មុខ​​​រដ្ឋ​​​សភា​​​។

កាល​​​ពី​​​ខែ​​​​​​សីហា​​​ ដោយ​​​ខឹង​​ចំពោះ​​​​​​អ្នក​​​ភូមិ​​​​​​ដែល​​​​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ចេះ​​​តែ​​​ច្រើន​​​ឡើង​​​ៗ​​​ ដើម្បី​​​តវ៉ា​​​ ចំពោះ​​​ការ​​​បាត់​​​បង់​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​តាម​​​មូល​​​ដ្ឋាន​​​របស់​​​ខ្លួន​​​ បើ​​​ពុំ​​​ដូច្នេះ​​​ទេ​​​ត្រូវ​​​បញ្ឈប់​​​ពី​​​តំណែង​​​ លោក​​​ស្រី​​​ ប្រាក់​​​ ចាន់​​​សុខា អភិបាលរង​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា អាជ្ញាធរ​​​ខេត្ត​​​បាន​​​ទទួល​​​ញត្តិ​​​​​​ដែល​​​មាន​​​ស្នាម​​​មេដៃ​​​របស់​​​តំណាង​​​អ្នក​​​ភូមិ​​​ចំនួន​​​១.១០៥​​​គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ដោយសារ​​​វិវាទ​​​ដី​​​ធ្លី​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​ឲ្យ​​​ទៅ​​​ពិនិត្យ​​​មើល​​​ឲ្យ​​​បាន​​​លម្អិត​​​លើ​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​៕ ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស