ឧត្តមសេនីយ៍ត្រី ស ថេត គឺជាស្នងការខេត្តបាត់ដំបង។ យើងក៏អាចហៅគាត់ថាបុរស៧លានដុល្លារបានដែរ។
កាលពីថ្ងៃទី១៩ ខែកញ្ញា កងកម្លាំងរបស់លោកបានតាមដានបុរសជនជាតិថៃ បីនាក់ជិះក្នុងរថយន្តមួយបាំងកន្លះមួយគ្រឿង ខណៈពេលរថយន្តនោះបើកបរពីប្រទេសថៃ ឆ្លងកាត់ចំណុចឆែកឆេរព្រំដែនដាច់ស្រយាលមួយ។ នៅពេលរថយន្តនោះឈប់នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នគរបាលក៏បានស្ទុះទៅឃាត់ខ្លួនអ្នកនៅក្នុងរថយន្តបានភ្លាមៗ។
លោកបានមានប្រសាសន៍ថា នៅក្នុងរថយន្តនោះ ពួកគេបានរកឃើញកេសក្រដាសចំនួនបី ដែលផ្ទុកក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយចំនួន៧,១៦លានដុល្លារ ហើយវាជាការរឹបអូសប្រាក់ដុល្លារក្លែងក្លាយបានច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍មកនេះ និងច្រើនបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។
ខណៈពេលយកដៃស្ទាបក្រដាសប្រាក់ដែលរឹបអូសបាន និងរក្សាទុកនៅស្នងការដ្ឋានខេត្តបាត់ដំបង លោក ស ថេត បានមានប្រសាសន៍ថា ” បើខ្ញុំបិទភ្នែកហើយស្ទាបវា ខ្ញុំមិនដឹងថាវាក្លែងក្លាយទេ”។
យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលភ្នាក់ងាររបស់ខ្លួនមានភារកិច្ចស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុទូទាំងពិភពលោក អមដោយតួនាទីដ៏សំខាន់របស់ពួកគេជាអង្គរក្សការពារប្រធានាធិបតីនោះ បានឲ្យដឹងថា ការបង្ក្រាបដ៏ធំនេះឆ្លុះបញ្ចាំងពីប្រតិបត្តិការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយមួយដែលដំណើរការយ៉ាងរលូន និងកំពុងតែកើនឡើងនៅក្នុងប្រទេសថៃ ជាកន្លែងដែលក្រដាសប្រាក់ក្លែងក្លាយដូចគ្នានេះ ត្រូវបានរឹបអូសកាលពីមុន។
ការពាក់ព័ន្ធនឹងបុរសបីនាក់ដែលត្រូវបានចាប់ខ្លួន ដែលជាយោធា ឬអតីតយោធានៃកងទ័ពជើងទឹកថៃ ក៏អាចធ្វើឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា អាមា៉ស់មុខដែរ។កាលពីនៅជានាយឧត្តមសេនីយ៍ លោក ប្រាយុទ្ធ ចាន់អូចា បានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី២២ ខែឧសភា ហើយបានប្ដេជ្ញាបង្ក្រាបបទល្មើសដែលមានការរៀបចំទុកជាមុន។
បុរសទាំងបីនាក់នេះបានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសទេ ហើយកងទ័ពជើងទឹកថៃនិយាយថា ខ្លួនកំពុងរង់ចាំសេចក្ដីសន្និដ្ឋាននៃការស៊ើបអង្កេត មុនពេលសម្រេចថា តើត្រូវចាត់វិធានការយ៉ាងណា។
យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា មានសាច់ប្រាក់ជាង១លានលានដុល្លារដែលកំពុងធ្វើចរាចរទូទាំងពិភពលោក ហើយក្នុងនោះបីភាគបួនកំពុងធ្វើចរាចរនៅក្រៅសហរដ្ឋអាមេរិក។ ការព្យាយាមដោះស្រាយការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកិត្តិសព្ទប្រាក់ដុល្លារជារូបិយប័ណ្ណពិភពលោក។
លោក ខេវិន ត្រាយល័រ (KevinTraylor) ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ម្នាក់ដែលមានមូលដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំក្រុងបាងកក បានមានប្រសាសន៍ថា ក្នុងចំណោមប្រាក់១លានលានដុល្លារនោះ មានប្រហែល២,៥ពាន់លានដុល្លារ ជាប្រាក់ក្លែងក្លាយ។
លោកបានលើកឡើងថា “បើគិតពីចំនួនរូបិយប័ណ្ណច្រើនបែបនោះ គឺយើងមានក្រដាសប្រាក់ក្លែងក្លាយតិចតួចណាស់។ នោះហើយជាមូលហេតុដែលក្រដាសប្រាក់ដុល្លារទទួលបានការជឿជុកចិត្ត”។
យោងតាមព្រឹត្តិបត្រព័ត៌មាន Nilson Report បានឲ្យដឹងថា បើធ្វើការប្រៀបធៀប ពិភពលោកទាំងមូលខាតបង់ដោយសារឥណទាន ឥណពន្ធ និងការក្លែងបន្លំកាតកោសនៅក្នុងឆ្នាំ២០១២ មានចំនួនសុរប១១,៣ ពាន់លានដុល្លារ។
នៅអាមេរិកខាងត្បូង កន្លែងដែលការជួញដូរគ្រឿងញៀន និងការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយមានជាប់ពាក់ព័ន្ធគ្នាជាញឹកញាប់ ការរឹបអូសក្រដាសប្រាក់ក្លែងក្លាយក្នុងចំនួនច្រើនបែបនេះ គឺជារឿងធម្មតាទេ។ កាលពីខែមិថុនា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានជួយនគរបាលនៃប្រទេសប៉េរូ ចាប់បានជនក្លែងបន្លំម្នាក់រួមជាមួយនឹងប្រាក់ក្លែងក្លាយ៤,៥លានដុល្លារ។
ប៉ុន្តែការរឹបអូសប្រាក់ក្លែងក្លាយក្នុងចំនួនច្រើនបែបនេះ គឺកម្រកើតមានណាស់នៅអាស៊ីអាគ្នេយ៍។ ការបង្ក្រាបរបស់កម្ពុជា អាចបង្ហាញឲ្យឃើញនូវការកើនឡើងការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយ និងកិច្ចសហប្រតិបត្តិការល្អជាមុនរវាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងនគរបាលនៅក្នុងប្រទេស។
សម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការរឹបអូសក្រដាសប្រាក់មិនសំខាន់ដូចការស្វែងរកកន្លែងបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយ និងបិទវាចោលឡើយ។
ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៦៥ ជាផ្នែកមួយនៃរតនាគាររបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយយ៉ាងរាលដាលក្រោយពីសង្គ្រាមស៊ីវិល។ រយៈពេល៣៦ឆ្នាំក្រោយមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នេះបានចាប់ផ្ដើមតួនាទីការពារសុវត្ថិភាពប្រធានាធិបតី អនុប្រធានាធិបតី និងភ្ញៀវសំខាន់ៗផ្សេងទៀត។ សូម្បីសព្វថ្ងៃ ភាគច្រើននៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ចំនួន៣.២០០នាក់របស់ខ្លួន កំពុងមមាញឹកក្នុងការស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ។
លោក ខេវិន ត្រាយល័រ ដែលបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលប្រាក់ដុល្លារក្លែងក្លាយដែលរឹបអូសបានចំនួន៧,១៦លានដុល្លារកាលពីដើមខែតុលា បានមានប្រសាសន៍ថា ក្រដាសប្រាក់ក្លែងក្លាយ ” ដែលមានគុណភាពល្អលើសមធ្យម” ដូចគ្នានេះចំនួន១លានដុល្លារ ត្រូវបានរឹបអូសរួចមកហើយនៅក្នុងប្រទេសថៃ។ មនុស្សម្នាក់ត្រូវបានចាប់ខ្លួនក្រោមការស៊ើបអង្កេតរបស់ថៃ។
លោកបានមានប្រសាសន៍ថា ” ក្រដាសប្រាក់នេះគឺជាការចាប់ផ្ដើមផលិតក្នុងចំនួនច្រើន ហើយការស៊ើបអង្កេតរបស់យើងបង្ហាញថា វាមានប្រភពដើមចេញពីថៃ។ យើងនឹងបន្តការប្រឹងប្រែងរបស់យើងដើម្បីស្វែងរករោងពុម្ពបោះក្រដាសប្រាក់ទាំងនេះ”។
កាលពីឆ្នាំ២០១៣ ដោយមានជំនួយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នគរបាលថៃ បានចាប់ខ្លួនមនុស្ស៦៧នាក់ និងរឹបអូសក្រដាសប្រាក់ដុល្លារក្លែងក្លាយបានចំនួន៣,៧លានដុល្លារ។ នៅឆ្នាំនេះ អ្នកដែលត្រូវបានចាប់ខ្លួនសរុបមានចំនួន៧៦នាក់ ហើយប្រាក់ក្លែងក្លាយដែលដកហូតបានមានចំនួន៥,៦លានដុល្លារ នេះមិនទាន់ទាំងរាប់បញ្ចូលការរឹបអូសបាននៅកម្ពុជាផងទេ។
ទឹកថ្នាំ និងក្រដាសពិសេសដែលរតនាគារសហរដ្ឋអាមេរិក ប្រើប្រាស់សម្រាប់បោះពុម្ពក្រដាសប្រាក់ដុល្លារ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ កត្តានេះបានជួយលុបបំបាត់ការបោះពុម្ពក្រដាសប្រាក់ក្លែងក្លាយជាលក្ខណៈរោងពុម្ពក្នុងសហរដ្ឋអាមេរិក ហើយនៅទីនោះជនក្លែងបន្លំក្រដាសប្រាក់ពឹងផ្អែកលើមធ្យោបាយដូចជា ការបោះពុម្ពដោយម៉ាស៊ីនតូចៗ ឬការថតចម្លងគូល័រជាដើម។
ប៉ុន្តែការបោះពុម្ពជាលក្ខណៈរោងពុម្ព គឺនៅតែមានធម្មតានៅក្រៅសហរដ្ឋអាមេរិក ក្នុងប្រតិប្តិការផលិតក្រដាសប្រាក់ក្លែងក្លាយដែលដូចក្រដាសប្រាក់ពិតក្នុងចំនួនច្រើន។ ដំណើរការនេះត្រូវការទឹកថ្នាំដែលមានតម្លៃថ្លៃ និងរោងពុម្ព ព្រមទាំងអ្នកឯកទេសខាងបោះពុម្ពផងដែរ។
លោក ខេវិន ត្រាយល័រ បានមានប្រសាសន៍ថា ” គេត្រូវការមនុស្សមានទេពកោសល្យធ្វើកិច្ចការនេះ”។ លោកគិតថា ការបោះពុម្ពក្រដាសប្រាក់ចំនួន ៧,១៦លានដុល្លារនេះអាចនឹងត្រូវការពេលវេលាប្រហែល២ខែ។
ឧត្តមនាវីទោ កាន ឌីបុល (Kan Deeubol) អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានបញ្ជាក់ថា បុរសថៃ ទាំងបីនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា គឺកំពុងបម្រើការងារជា ឬជាអតីតកងទ័ពជើងទឹក។
ឧត្តមសេនីយ៍ត្រី ស ថេត ស្នងការខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ពីព្យាយាមដូរក្រដាសប្រាក់ក្លែងក្លាយជាមួយខ្មែរម្នាក់ ដែលតាមពិតជាអ្នក
ឲ្យការណ៍របស់នគរបាល។
វរនាវីឯក ចំរ៉ាស ពុងសាត (Chamras Pongsart) អាយុ៥២ឆ្នាំ ដែលស្ថិតក្នុងចំណោមបុរសទាំងបីនាក់នោះ ត្រូវបានដោះលែងពីរថ្ងៃក្រោយមក។ លោក ស ថេត បានមានប្រសាសន៍ថា ” គាត់មិនពាក់ព័ន្ធទេ”។
ជនសង្ស័យពីរនាក់ទៀត ដែលកំពុងជាប់ឃុំនៅឡើយមានឈ្មោះ ប្រាម៉ូត រ៉ៃស៊ីរី (Pramote Raisiri) អាយុ៤៨ឆ្នាំ ដែលប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយថា មានតំណែងជាអនុនាវីទោ និងឈ្មោះ គីតទីថាម៉េត មីថេកគុលសាវ៉ាត (Kittithamet Meethekulsawat) អាយុ៤៧ឆ្នាំ ដែលលោក កាន ឌីបុល លើកឡើងថា បានលាឈប់ពីទ័ពជើងទឹក មុនការចាប់ខ្លួននេះ។
លោក កាន ឌីបុល បានលើកឡើងថា “ពួកគេមិនទាន់ព្យួរឈ្មោះនៅឡើយទេ ហើយការស៊ើបអង្កេតកំពុងតែដំណើរការ ហើយយើងមិនដឹងថា ពួកគេពិតជាបានប្រព្រឹត្តខុសមែនឬយ៉ាងណាឡើយ”។
ជនសង្ស័យជនជាតិថៃទាំងពីរ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងដឹកជញ្ជូនក្រដាសប្រាក់ក្លែងក្លាយ ហើយអាចប្រឈមការជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ២០ឆ្នាំ ប្រសិនបើមានទោសបែបនោះមែន។ លោក ជឹម តារា មេធាវីកម្ពុជា ដែលតំណាងឲ្យពួកគេទាំងបី បានមានប្រសាសន៍ថា ពួកគេបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសឡើយ។
លោក ខេវិន ត្រាយល័រ បានមានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនដែលផលិតក្រដាសប្រាក់ក្លែងក្លាយនៅក្នុងប្រទេសថៃ គឺមានការរៀបចំយ៉ាងល្អ ហើយក្រុមនេះក៏ជាប់ពាក់ព័ន្ធនឹងករណីឆបោកផ្សេងទៀតដែរ។ ការបន្តស៊ើបអង្កេតបានរារាំងប្រតិបត្តិការរបស់ពួកគេ ហើយបានបង្ខំឲ្យពួកគេ ” ព្យាយាមប្រើប្រាស់កម្ពុជាជាទីផ្សារថ្មី”។
ប្រាក់ដុល្លារត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ហើយគេចូលចិត្តប្រើប្រាស់ដុល្លារជាងប្រាក់រៀលរបស់កម្ពុជាសម្រាប់ការទូទាត់ធំៗ ដូចជាការបង់ថ្លៃឈ្នួល ឬប្រាក់ខែជាដើម។
នៅកន្លែងផ្សេងទៀតលើពិភពលោក ឧក្រិដ្ឋជនជាញឹកញាប់ប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយដើម្បីទូទាត់ឲ្យឧក្រិដ្ឋជនផ្សេងៗទៀត នៅពេលជួញដូរគ្រឿងញៀន ទិញឈើខុសច្បាប់ ឬរបស់គេចពន្ធផ្សេងៗទៀត។
ប៉ុន្តែឧត្តមសេនីយ៍ត្រី ស ថេត បានមានប្រសាសន៍ថា វា ” មិនអាចទៅរួចទេ” ក្នុងការនាំក្រដាសប្រាក់ក្លែងក្លាយយ៉ាងច្រើនបែបនេះមកទីផ្សារងងឹតរបស់កម្ពុជា។ លោកបានលើកឡើងទៀតថា សូម្បីកសិករក៏អាចសង្ស័យក្រដាសប្រាក់ទាំងនោះដែរ កុំថាឡើយធនាគារឬអ្នកប្ដូរប្រាក់នោះ។
អ្នកស្រី ជី គឹមជាវ អាយុ៤៧ឆ្នាំ ជាអ្នកប្ដូរប្រាក់ម្នាក់នៅផ្សារមួយក្នុងក្រុងបាត់ដំបង បាននិយាយថា អ្នកស្រីពឹងផ្អែកលើការស្ទាបក្រដាសប្រាក់ទើបដឹងថា វាពិតឬក្លែងក្លាយ។ អ្នកស្រីនិយាយទៀតថា ” ខ្ញុំរកស៊ីរបរនេះច្រើនឆ្នាំហើយ។ បើមានអ្នកឲ្យក្រដាសប្រាក់ក្លែងក្លាយ ខ្ញុំនឹងដឹង”៕ សុខុម
Reuters