33 C
Phnom Penh

អ្នកដាក់អន្ទាក់សត្វ​នៅខេត្ត​រតនគិរី​ចោទ​ប្រកាន់​ឧទ្យានុរក្សពីបទ​ជំរិត​ទារ​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​ក្នុង​ខេត្ត​រតនគិរី​ បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែកពី​គ្នា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​កាលពី​សប្ដាហ៍មុន ចោទ​ប្រកាន់មន្ត្រី​មន្ទីរ​បរិស្ថាន​មួយ​ក្រុម​មាន​គ្នា​ប្រាំ​នាក់​ថា បាន​ជំរិត​​ទារ​ប្រាក់​បន្ទាប់ពី​មន្ត្រី​ទាំង​នោះដែល​តាម​ចោទ​ថា បាន​ឃើញ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ដាក់​អន្ទាក់​សត្វ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ហើយ​បាន​​ជំរិតទារប្រាក់តែម្តង​។

លោក គង់ ស្រ៊ុន អភិបាល​ស្រុក​លំផាត់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ទំពួន​ប្រាំពីរ​នាក់​មក​ពី​ឃុំកាឡែង ស្រុក​លំផាត់​ បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​គេឃើញ​​​ពួកគាត់​ដាក់អន្ទាក់​សត្វពីរ​លើក​នៅ​ក្នុង​ដែន​ជម្រកសត្វព្រៃលំផាត​់កាលពី​ដើម​សប្ដាហ៍នេះ​។

លោក ស្រ៊ុន បានមាន​ប្រសាសន៍​ថា នៅក្នុងពាក្យ​បណ្ដឹង​មួយ​ អ្នក​ភូមិពីរ​នាក់​បាន​ចោទឧទ្យានុរក្ស

នៅ​មន្ទីរ​បរិស្ថាន​ប្រាំនាក់​ថា បានជំរិត​ទារ​ប្រាក់ចំនួន​៣០០.០០០​រៀល​។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ទី២​នាក់​ភូមិ​ប្រាំនាក់​បាន​ចោទ​មន្ត្រី​ដដែល​នេះ​ថា បានជំរិត​ទារ​ប្រាក់​ចំនួន​​៦០០.០០០​រៀល​ពីពួកគាត់​​។

លោក ស្រ៊ុន បាន​មាន​ប្រសាសន៍​ថា “អ្នក​ភូមិ​​ទាំង​នេះ​មាន​កំហុស​ ពីព្រោះ​ពួកគាត់​បរបាញ់​សត្វ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​។ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​គួរចេញវិក្កយបត្រដល់​ពួកគាត់ ដូច្នេះពួកគាត់​មិនប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ជំរិត​​ទារ​ប្រាក់​ឡើយ។

លោក ស្រ៊ុន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពាក្យ​បណ្ដឹង​ទាំង​នោះ​ អ្នក​ភូមិ​ប្រាប់​តែ​ឈ្មោះ​ដែលគេហៅ​មន្ត្រី​ពីរ​នាក់នោះថា ឈ្មោះ អឿន និង ឃន ដោយលើក​ឡើង​ថា លោក​មិន​ដឹង​ឈ្មោះ​ពេញ​របស់​មន្ត្រីទាំង​ពីរ​នាក់នេះ​ទេ។

លោក​បាន​បន្ថែម​ថា នៅថ្ងៃ​ព្រហស្បតិ៍​ លោក​នឹង​សាក​​សួរ​លោក ធិន ង៉ោល អនុប្រធាន​ដែនជម្រក​សត្វព្រៃ​លំផាត់​ ជុំវិញ​ពាក្យ​បណ្ដឹង​ទាំង​នេះ​។

​លោក ធិន ង៉ោល បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​ឈ្មោះ អឿន មិន​បាន​ធ្វើ​ការ​ឲ្យ​​លោក​ទេ ប៉ុន្តែ​មន្ត្រី​ម្នាក់​ទៀត​ដែល​លោក​ស្គាល់​ថា ឈ្មោះ នៅ ឃន បាន​ធ្វើ​ការ​ឲ្យលោក​។

កាលពី​ថ្ងៃ​អាទិត្យ​ លោក ង៉ោល បាន​ច្រាន​ចោល​ការ​អះអាង​របស់​អ្នក​ដាក់​អន្ទាក់​សត្វ​ដែល​ថា កូនចៅ​របស់​លោក​មាន​កំហុស​ពីបទ​ជំរិត​ទារ​ប្រាក់​នោះ។ លោក​បាន​មាន​ប្រសា​សន៍​ថា ” មន្ត្រី​របស់​យើង​មិន​បាន​ជំរិត​ទារ​ប្រាក់​ពី​អ្នកភូមិ​ទាំង​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​តម្រូវ​ឲ្យពួកគាត់​បង់​​ប្រាក់​ពិន័យ​តែ​ប៉ុណ្ណោះ​”។

បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ឈ្មោះ ខ្យង អាន់ បាន​និយាយ​ថា លោក​និង​អ្នក​ភូមិ​បួន​នាក់ទៀត​បាន​ដាក់​អន្ទាក់​សត្វ​ក្នុង​ដែនជម្រក​សត្វ​ព្រៃ​នេះ​កាលពី​ដើមសប្ដាហ៍​មុន ស្រាប់​តែ​មន្ត្រី​ប្រាំនាក់​បាន​មក​ជិត​​ពួកគាត់​ដោយ​ដក​កាំភ្លើង​ភ្ជង់​​ ហើយជំរិតទារ​ប្រាក់​។

លោក​​ អាន់ បាន​មាន​ប្រសាសន៍​ថា ” មន្ត្រី​បី​នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង​ប្រាំ​នាក់​នោះ​បាន​យក​កាំភ្លើង​ភ្ជង់​ពួកយើង ហើយ​បាន​បញ្ជា​ឲ្យ​យើង​ដាក់​កាំបិត​ផ្គាក់ និង​ពូថៅ​ចុះ​”។

លោក​បាន​បន្ថែម​ថា ” ពួកគេ​បាន​សុំ​ឲ្យ​យើង​បង់​ប្រាក់​៦០០.០០០​រៀល ហើយ​យើង​​សុខចិត្ត​បង់​ឲ្យ​១៥០.០០០រៀល​ តែពួកគេ​មិន​ព្រម​ ហើយ​បាន​រឹប​អូស​យក​ម៉ូតូ​របស់​ពួក​យើង​មួយ​គ្រឿង​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស