30.7 C
Phnom Penh

តុលាការនឹង​​កោះ​ហៅ​ត​ំណាង​សហជីព​មក​សាកសួរ​ជុំវិញ​ការ​បន្ត​ធ្វើកូដកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហជីព​ប្រាំនាក់​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ត​ុលាការនៅ​ចុង​ខែនេះ​ដើម្បី​ធ្វើ​ការ​សាកសួរ​ បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​និង​អ្នកគ្រប់គ្រង​នៅ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ចាម​កាល​ពី​សប្តាហ៍​មុន​ដែលបាន​បណ្តាល​ឲ្យ​អ្នក​មើល​ការ​ខុសត្រូវ​បីនាក់​រង​របួស។

កម្មករ​ប្រហែល​២.០០០នាក់ដែលបាន​​ត​វ៉ា​នឹង​ការ​បណ្តេញ​ពួកគាត់ចេញ​ពី​រោង​ចក្រ​ស្បែក​ជើង​ Juhui នៅក្នុង​ស្រុក​ជើង​ព្រៃ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍មុននោះ បាន​សម្រុក​ចូល​ទៅ​ក្នុង​បរិវេណ​រោងចក្រ​ ហើយ​បាន​គប់​ដុំថ្មដាក់​អ្នក​គ្រប់​គ្រង​ជន​ជាត​ិ​តៃវ៉ាន់ បណ្តាល​ឲ្យ​ពួក​គាត់​បីនាក់​រង​របួស​ក្បាល។

កម្មករ​ទាំងនោះ​ត្រូវបាន​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បន្ទាប់ពី​មិន​អើ​ពើ​នឹង​សេចក្តី​បង្គាប់​របស់​តុលាការ​ដែល​បង្គាប់​ឲ្យ​ពួកគាត់បញ្ចប់​ការ​ធ្វើ​កូដកម្ម​ជុំវិញ​ការ​ទាម​ទារ​ដំឡើងប្រាក់​ឈ្នួល លក្ខខណ្ឌការ​ងារ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១ ខែ​កញ្ញា។

ឯកសារ​ដែលបាន​ផ្តល់​ឲ្យ​កាល​ពី​ថ្ងៃ​អាទិត្យ​ដល់​​តំណាង​រោង​ចក្រ​ប្រាំនាក់មកពី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករកាត់​ដេរ​កម្ពុជា​​(ស៊ីខៅឌូ) បាន​កោះ​ហៅ​ក្រុមអ្នក​ត​ំណាង​ទាំង​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ចំពោះ​ “ការ​បដិសេធ​មិន​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​តុលាការ​ ហើយ​ញុះញង់​កម្មករ​ឲ្យ​ចូលរ​ួម​ធ្វើ​កូដកម្ម”។

ដីកាកោះ​ដែល​ចេញដោយ​លោក ផាន់ សុភក្ត្រ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កាល​ពី​ថ្ងៃទី​១០ ខែ​ត​ុលា បាន​កោះ​ហៅ​លោក ហេត ហ៊ុន ម៉ុន សារ៉ែម ខៃ ចាន់ថន អាត ស៊ីណា និង​ ហេត​ ឆេង ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី​២៤ខែ​ត​ុលា។

លោក ស៊ីណា បាន​បដិសេធ​កាលពី​ម្សិលមិញថា លោក ឬ​សមាជិក​សហជី​ព​ផ្សេង​ទៀត​មិន​បាន​ធ្វើអ្វីខុស​ឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “ដីកា​កោះ​ហៅ​នេះ​ចោទប្រកាន់​ពួក​យើង​ថា បាន​ញុះ​ញង់​​កម្មករ​ ហើយមិន​អនុវត្តតាម​សេចក្តីបង្គាប់​របស់​ត​ុលាការ​ ប៉ុន្តែ​វាគ្រាន់តែជា​ការ​គំរាម​កំហែង​ ដើម្បី​ឲ្យ​សហជីព​ឈប់​ដឹក​នាំ​កូដ​កម្មតែប៉ុណ្ណោះ”។

កាលពី​ម្សិលមិញ កម្មករ​ប្រហែល​​១.៥០០នាក់​បាន​បន្ត​កូដកម្ម​របស់​ខ្លួន​នៅ​ក្រៅ​រោង​ចក្រនេះ​ ខណៈដែល​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ប្រហែល​៥០នាក់​បាន​យាមនៅ​ច្រក​ចូល។

លោក ស៊ីណា បាន​មាន​ប្រសាសន៍ថា ការ​តវ៉ា​ដែល​បន្តនេះ​ធ្វើឡើង​បន្ទាប់ពី​ការ​ពិភាក្សា​មិន​ត្រូវ​រ៉ូវ​គ្នា​កាលពី​ថ្ងៃសុក្រ នៅពេល​តំណាង​សហជីព​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ បន្ទាប់ពី​រោងចក្រ​បាន​លើក​ឡើង​ថា រោងចក្រ​នឹង​ចរចា​ដោយ​ផ្ទាល់​ជាមួយ​កម្មករ​។

លោក តេង​ សម្បត្តិ ប្រធាន​រដ្ឋបាល​​រោងចក្រ​ Juhui បានបញ្ជាក់ថា រោង​ចក្រ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ​។

លោក​បាន​មាន​ប្រសាសន៍ថា “កម្មករ​មាន​សិទ្ធិ​ធ្វើការ​ត​វ៉ានៅ​មុខ​រោង​ចក្រ​របស់​យើង​ ប៉ុន្តែ​យើងបាន​អំពាវ​នាវ​ឲ្យ​ពួកគាត​់​កុំ​បង្ក​អំពើ​ហិង្សា​ដល់ទ្រព្យ​សម្បត្តិ​របស់រោងចក្រ”។

លោក សម្បត្តិ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរថា ការ​អះ​អាង​របស់​កម្មករ​ដែលថា អ្នក​គ្រប់គ្រង​រោង​ចក្រ​បាន​ទះ​កំផ្លៀង​​អ្នក​តវ៉ា​ជាស្ត្រី​ម្នាក់​ ដោយ​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​កាលពី​សប្តាហ៍មុននោះ​ គឺមិនពិត​ឡើយ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស