38 C
Phnom Penh

យុវជន​ដែល​ត្រូវបានចាប់ខ្លួន​ពីបទ​បាញ់សម្លាប់​បុរសម្នាក់​សារភាព​ថាបានសម្លាប់បុរស​ទី២ម្នាក់ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា យុវជនអាយុ​១៩​ឆ្នាំ​ម្នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​​បាន​សារភាព​ចំពោះ​ការ​សម្លាប់​អតីត​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ព្រមទាំង​សម្លាប់​មេការ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ម្នាក់ទៀត​ក្នុង​ខេត្ត​មណ្ឌល​គិរី​កាលពី​ឆ្នាំ​មុន។

​លោក អុ៊ំ សុភក្ត្រ​ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា អេង សៀង អាយុ​១៩​ឆ្នាំ​​បាន​សារភាព​​ចំពោះ​ការ​បាញ់​សម្លាប់​លោក នូ គឹមសាន អតីត​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង​ អំឡុង​ការ​សាកសួរ​នៅ​តុលាការ​កាលពី​ម្សិល​មិញ​។

ព្រះរាជ​អាជ្ញារង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “យុវជន​រូប​នេះ​បាន​សារភាព​​​ថា ខ្លួន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​។ យើង​បាន​បញ្ជូន​ជននេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សាក​សួរ​បន្ថែម​។ ខ្ញុំ​បាន​ស្នើ​ឲ្យ​ចៅក្រម​ឃុំខ្លួនជន​នេះ​បណ្ដោះ​អាសន្នដើម្បី​រង់​ចាំការ​កាត់ក្តី​”។

លោក ផាន់ តារាវុធ មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​បាន​មាន​ប្រសាសន៍​ថា ចៅក្រម​ តាំង ស៊ុនឡាយ បាន​ចោទ​ប្រកាន់​យុវជន​ អេង សៀង ពីបទ​មនុស្ស​ឃាត​ដោយគិត​ទុក​ជាមុន និង​ពីបទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​។

សាកសព​ត្រូវគ្រាប់កាំភ្លើងសុសរបស់​លោក នូ គឹមសាន ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា នៅ​ក្នុង​​ដី​ឡូត៍មួយ​កន្លែង​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ​។

លោក តារាវុធ បាន​មាន​ប្រសាសន៍​ថា ​​យុវជន​ អេង សៀង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​មនុស្ស​ឃាត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

យោង​តាម​លោក តារាវុធ បាន​ឲ្យ​ដឹង​ថា លោក នូ គឹមសាន ដែល​​បាន​​ងាក​ទៅ​​ជួញដូរ​ប្រមា​ត់ខ្លាឃ្មុំ និង​ក្រពះកាំប្រមា និង​សរីរាង្គ​សត្វព្រៃដទៃទៀត​ បន្ទាប់​ពី​ឈប់​ធ្វើ​កង​រាជ​អាវុធ​ហត្ថ​ បាន​ណាត់​ជួប​យុវជន​ អេង ស៊ាង កាលពី​ថ្ងៃ​ទី៥ ខែ​កញ្ញា នៅ​រង្វង់​មូល​មួយ​កន្លែង​​នៅ​កាំកូស៊ីធី ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ពី​ការ​រកស៊ីជាមួយ​ថៅកែជនជាតិ​ចិន ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​រូប​នេះ​”។

លោក​បានមាន​ប្រសាសន៍​ថា ថៅកែ​របស់​ អេង សៀង បាន​ចេញបញ្ជា​ ហើយ​ចង់​ជួប​លោក នូ គឹមសាន នៅ​ដីឡូត៍មួយ​កន្លែង​ក្នុង​ខណ្ឌ​ឫស្សីកែវនៅ​ល្ងាច​ថ្ងៃដដែល​នោះ​។

យោង​តាម​លោក តារាវុធ បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​បន្ទាប់ពី​យុវជន អេង សៀង និង​លោក នូ គឹមសាន ​បាន​បើក​រថយន្ត​ទៅ​ដល់​ដីឡូត៍នោះដោយ​ជិះ​រថយន្ត​តូយ៉ូតាហាយឡិនឌ័រ របស់​​ជន​រងគ្រោះ​ ហើយ​បាន​រង់ចាំ​ជាច្រើន​ម៉ោង ហើយលោក នូ គឹមសាន បាន​សម្រេច​ចាក​ចេញ​។ លោក​បាន​បន្ត​ថា ត្រង់​ចំណុច​នេះ​ហើយ​ យុវជន​ អេង សៀង ដែល​អង្គុយ​នៅ​កៅអី​ខាង​ក្រោយ​បាន​បាញ់​តែ​ម្ដង​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជនសង្ស័យ​រូប​នេះបាន​បាញ់​ជនរងគ្រោះ​ពីក្រោយ ស្លាប់តែម្ត​ងដោយ​ត្រូវ​ចំក្បាល​បីគ្រាប់ និង​ចំ​ដង​ខ្លួន​បួន​គ្រាប់​”។

លោក តារាវុធ បាន​មាន​ប្រសាសន៍​ថា បន្ទាប់មកយុវជន​ អេង សៀង បាន​យករថយន្ត​ទំនើប​នោះទៅ​លាង​សម្អាត ហើយ​បានយកទៅបញ្ចាំនៅ​ហាង​បញ្ចាំ​មួយនៅ​​ថ្ងៃ​បន្ទាប់ក្នុង​តម្លៃ​៩.០០០​ដុល្លារ​។

លោក​បាន​មាន​ប្រសាសន៍​ថា អំឡុង​ការ​សាកសួរ​កាលពី​ម្សិលមិញ យុវជន​ អេង សៀង ត្រូវបាន​សួរថា តើ​ខ្លួន​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ផ្សេង​ទៀតឬយ៉ាងណា ត្រង់​ចំណុច​នេះ​យុវជន​រូបនេះ​ក៏​បាន​សារភាព​ថា ខ្លួនបាន​សម្លាប់​មេការ​ជនជាតិ​ចិនម្នាក់​នៅ​ចម្ការ​កៅស៊ូ​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពីឆ្នាំមុនផង​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា ” យុវជន​នេះ​បាន​សារភាព​ថា ខ្លួន​បាន​បាញ់​សម្លាប់​មេការ​ជនជាតិ​ចិន​…ពីព្រោះ​ខ្លួន​មាន​កំហឹង​បន្ទាប់ពី​បុរស​ជនជាតិ​ចិន​រូប​នេះ​បាន​បណ្ដេញ​ខ្លួន​ចេញ​ពីការ​ងារ​ ហើយ​បាន​បង្ខំ​ឲ្យ​កម្មករ​ខ្មែរ​ធ្វើ​ការ​ថែម​ម៉ោង​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ចាំ​ឈ្មោះ ឬ​អាយុ​មេការ​នោះ​ទេ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស