31.8 C
Phnom Penh

កងពលតូច​លេខ៧០​ដ៏​ហិង្សា​ប្រារព្ធខួប​អនុស្សាវរីយ៍លើកទី២០​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ពិធី​យោធា​ផ្លូវការ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើកទី​២០ ថ្ងៃកំណើត​កងពលតូច​លេខ៧០ ជា​កងពលតូច​ពិសេស​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ធ្លាប់​ជាអង្គភាព​អង្គរក្ស​ផ្ទាល់​របស់​លោក ហើយ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​នយោបាយ ការ​រំលោភ​អំណាច​ទាំង​គំរល និង​ក្រុម​កាប់​ឈើ​ខុស​ច្បាប់។front

បន្ទាប់ពី​ម៉ោង​៨​ព្រឹក​បន្តិច លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​មកដល់​ទីបញ្ជាការ​របស់​អង្គភាព​នេះ​នៅ​ជាយ​ក្រុង​ភ្នំេពញ ហើយ​បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម ឈរ​អម​ដោយ​ជួរ​ទាហាន​កងពលតូច​លេខ​៧០​ស្លៀកពាក់​ឯកសណ្ឋានយ៉ាង​ស្អាតបាត។

នាយ​ឧត្តម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ និង​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ដើរ​អែប​ពីក្រោយ។

បន្ទាប់ពី​ក្បួន​ព្យុហ​យាត្រា​រយៈ​ពេល​៣០​នាទី ដែល​មាន​បង្ហាញ​រថក្រោះ​និង​ទាហាន​តាម​ផែន​នីមួយៗ លោក​នាយក​រដ្ឋមន្ត្រី​បាន​កោត​សរសើរ​កងពលតូច​នេះពី​វេទិកា​នៅ​ជាន់​ទី១ ដែល​មើល​ទៅ​ឃើញ​ទាហាន​ជាង​១.០០០​នាក់។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​សំដែង​អំណរ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ស្នេហា​ជាតិ​ទាំងអស់​គ្រប់​ជំនាន់ ដែល​បាន​លះបង់​កូន ចៅ ប្តី និង​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់​ខ្លួន ឲ្យ​ចូល​​បម្រើ​កងទ័ព ដើម្បី​ការពារ​មាតុភូមិ​ជាទី​ស្រឡាញ់​របស់​យើង”។

នៅ​តាម​ផែន​វិញ ទាហាន​ត្រូវ​បាន​រៀបចំ​ជា​១០​កងវរសេនាតូច។ ខ្លះ​ស្លៀកពាក់​ខោអាវ​ប៉ារ៉ា​និង​កាន់​កាំភ្លើង​អាកា៤៧ រីឯ​អ្នក​ផ្សេងទៀត​ស្លៀកពាក់​ខ្មៅ​ពី​ក្បាល​ដល់​ចុង​ជើង ពាក់​វ៉ែនតា​ខ្មៅ និង​ស្រោម​ដៃ​ស។brigade-70

នៅ​ពេល​លោក ហ៊ុន សែន បញ្ចប់​សុន្ទរកថា​របស់​លោក ឧត្តម​សេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី និង​លោក​ស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន ចំពោះ​ការ​បំពាក់​បំប៉ន​កងពលតូច​លេខ​៧០ គឺ​ជា​តម្លៃ​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា បាន​ផ្តល់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ។

លោក​បាន​មាន​ប្រសាសន៍​ថា “សម្តេច​ទាំង​២​ជា​វីរជន​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​នេះ​ឲ្យ​មាន​សន្តិភាព​ទាំង​ស្រុង និង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​នៅ​ទីក្រុង​ទាំង​នៅ​ជនបទ”។

ទោះបីជា​ការ​ស្រឡាញ់​រាប់អាន​រវាង​មេ​បញ្ជាការ​រូបនេះ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បង្ហាញ​ឲ្យ​ឃើញ​កាលពី​ម្សិលមិញ​ក៏ដោយ ក៏​ទំនាក់​ទំនង​នេះ​បាន​ទទួល​ការ​រិះគន់​ដ៏​ខ្លាំង​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ឆ្នាំ ដែល​លើក​ឡើង​ថា កងពលតូច​លេខ​៧០​និង​អង្គភាព​ពី​មុន​របស់​ខ្លួន ត្រូវ​បាន​ប្រើ​ប្រាស់​យូរ​មក​ហើយ​ដោយ​លោក ហ៊ុន សែន ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង។

លោក ហ្វិល រ៉ូប៊ឺត​សុន នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ផ្នែក​អាស៊ី បាន​សរសេរ​ក្នុង​អីុម៉េល​មួយ​ថា កងពលតូច​លេខ​៧០​រហូត​មកដល់​ថ្ងៃ​នេះ វិវត្ត​មកពី​អង្គភាព​យោធា​ឃោរឃៅ​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ ក្រោម​របប​សាធារណដ្ឋ​ប្រជា​មានិត​កម្ពុជា​ដែល​វៀតណាម​គាំទ្រ ហើយ​ក្រោយ​មក​ទៀត​បានក្លាយ​ទៅ​ជា​អង្គភាព​អង្គរក្ស​នាយក​រដ្ឋ​មន្ត្រី (PMBU) ដែល​ឥឡូវ​នេះ​ត្រូវ​គេ​ចាត់ថា ជា​អង្គភាព​ប្រយុទ្ធ​មាន​ការ​ហ្វឹក​ហាត់​ល្អ​បំផុត​និង​បំពាក់​អាវុធ​ទំនើប​បំផុត​ក្នុង​ប្រទេស​នេះ។

លោក រ៉ូប៊ឺតសុន បាន​និយាយ​អំពី​ប្រភព​ដើម​របស់​កងពល​តូច​លេខ​៧០​ថា “នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ អង្គភាព​នេះ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ថា​ជា​អ្នក​ប្រឆាំង​នយោបាយ​ជា​ច្រើន​រូប​ក្នុង​ទីក្រុង ត្រូវ​ជាប់​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ ឬ​កាត់ក្តី ហើយ​ជា​ញឹកញាប់​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ឲ្យ​សារភាព​ថា ពួកគេ​ជា​ខ្មែរ​ក្រហម”។

លោក​បាន​មាន​ប្រសាសន៍​ថា ដល់​សម័យ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អង្គភាព​នេះ​ក្លាយ​ទៅជា​កងវរសេនាធំ​លេខ​៧០ ហើយ​មាន​ចំណែក​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​ក្រុម​និស្សិត​ប្រឆាំង​អំពើ​ពុករលួយ ដែល​គេ​ឃើញ “មនុស្ស​៦​នាក់​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​នោះ”។

ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ និង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ កងវរសេនាធំ​លេខ​៧០​នេះ​បាន​ក្លាយ​ជាកងពលតូច​លេខ​៧០ ហើយ​ស្ថិត​ក្រោម​បញ្ជាការ​របស់​ឧត្តមសេនីយ៍​ឯក ម៉ៅ សុផាន់។

នៅ​ពេល​រដ្ឋាភិបាល​ចម្រុះ​នេះ​បែកបាក់​ប្រេះឆា​គ្នា​ដោយសារ​តែ​ជម្លោះ​នយោបាយ​រវាង លោក ហ៊ុន សែន និង ព្រះអង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ នោះ លោក ហ៊ុន សែន ក្នុង​ឆ្នាំ​១៩៩៥ ក៏​បាន​បញ្ជា​មនុស្ស​ក្នុង​កងពលតូច​លេខ​៧០ ដែល​ឥឡូវ​នេះ​មាន​រួម​បញ្ចូល​កង​វរសេនាតូច​ដែល​ទទួល​ខុស​ត្រូវ​ពិសេស​ក្នុង​ការ​ការពារ​រូប​លោក​នោះ ឲ្យ​”កម្ទេច​ភេរវករ​ជាមុន ពីព្រោះ​ពួកទាំង​នោះ​ដូច​ដង្កូវ​រស់​បំផ្លាញ​ប្រទេស​ជាតិ”។

កងវរសេនាតូច​នេះ​ដែល​មាន​ភក្តី​ភាព​ក្នុង​ការ​ការពារ​លោក ហ៊ុន សែន បាន​ដក​ចេញ​ពី​កង​ពលតូច​លេខ​៧០ និង​ប្តូរ​ឈ្មោះ​ជា PMBU ដែល​មាន​លោក ហ៊ីង ប៊ុនហៀង ជា​មេបញ្ជាការ​របស់​ខ្លួន។

ក្នុង​របាយការណ៍​ឆ្នាំ​២០១២ មាន​ចំណង​ជើង​ថា “ប្រាប់​ពួកគេ ខ្ញុំ​ចង់​សម្លាប់​ពួកគេៈ ២​ទសវត្សរ៍​នៃ​និទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជារបស់​លោក ហ៊ុន សែន” អង្គការ​សិទ្ធិ​មនុស្ស HRW បង្ហាញ​ឲ្យ​ឃើញ​ការ​ជាប់​ពាក់ព័ន្ធ​របស់​កងពលតូច​លេខ​៧០​ក្នុង​ការ​បោក​គ្រាប់បែក​កាលពី​ឆ្នាំ​១៩៩៧​លើ​ការ​តវ៉ា​របស់​បក្ស​ប្រឆាំង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់។

របាយការណ៍​ឲ្យដឹង​ទៀតថា “អង្គភាព​យោធា​ពិសេស​នេះ​មិន​ត្រឹមតែ​មិន​បាន​ទប់​ស្កាត់​ការ​គប់​គ្រាប់​បែក​ទេ តែ​ត្រូវ​បាន​សាក្សី​ជា​ច្រើន​នាក់​ឃើញ ថាបាន​បើក​ផ្លូវ​បណ្តោយ​ឲ្យ​អ្នក​គប់​គ្រាប់បែក​រត់​គេច​ខ្លួន​កាត់​តាម​កន្លែង​គណបក្ស​ប្រជាជន​គ្រប់គ្រង​ក្នុង​ក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក​បាន​គំរាម​បាញ់​អ្នក​ដែល​ព្យាយាម​ដេញ​តាម​អ្នក​គប់​គ្រាប់​បែក​ទាំងនោះថែម​ទៀតផង”។

លោក រ៉ូប៊ឺត​សុន បាន​មាន​ប្រសាសន៍​ថា មាន​ការ​ផ្លាស់ប្តូរ​តិចតួច​ណាស់​ក្នុង​វិធី​ដែល​កងពលតូច​៧០​នេះ​ប្រតិបត្តិការ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចាប់តាំងពី​ឆ្នាំ​២០០០​មក ទាហាន​កងពលតូច​លេខ​៧០​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចាប់​ខ្លួន​ទាក់ទិន​នឹង​នយោបាយ ការ​ធ្វើ​ឃាត ការ​ប៉ុនប៉ង​ធ្វើឃាត អំពើ​ហិង្សា​លើ​រាងកាយ ការ​ឃុំ​ខ្លួន​ខុស​ច្បាប់ និង​ការ​វាយ​ធ្វើ​បាប​អ្នក​ជាប់​ឃុំ សឹងតែ​មាន​និទណ្ឌភាព​ទាំង​ស្រុង”។

អង្គការ​ការពារ​បរិស្ថាន គ្លូបល វិតណេស ដែល​ធ្លាប់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ការពារ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ក៏​បាន​រិះគន់​កងពលតូច​លេខ​៧០​នេះ​ឥត​សំចៃ​ណាស់​ដែរ។

ក្នុង​របាយការណ៍​ឆ្នាំ​២០០៧​របស់​ខ្លួន មាន​ចំណង​ជើង​ថា “សែស្រឡាយ​កម្ពុជា: ការ​កាប់​ព្រៃ​ឈើ​និងការ​ដកហូតទ្រព្យ​សម្បត្តិ​សាធារណៈ​ដោយ​ខុស​ច្បាប់” អង្គការ គ្លូបល វិតណេស ដែល​សរសេរ​មួយ​ចំពូក​ទាំង​មូលអំពី​កងពលតូច​លេខ​៧០ ដោយលើកឡើង​ពី “ការ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​រវាង​ការ​ពង្រឹង​អង្គភាព​យោធា​ដែល​ស្មោះត្រង់​របស់​លោក ហ៊ុន សែន និង​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ការ​ចាត់តាំង”។

របាយការណ៍​នោះ​លាតត្រដាង​ពី​ការងារ​ដែល​កងពលតូច​លេខ​៧០”ធ្វើ​ប្រតិបត្តិការ​សេវា​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ ដែលឆ្លង​ពី​ប្រទេស​កម្ពុជា និង​មាន​ការ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម” ហើយ​ចោទ​ថា “អតិថិជន​របស់​កងពលតូចនេះ គឺ ‘នរណា​ជានរណា’ ជាក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ធំ​គ្រាក់ៗ​នៅ​កម្ពុជា រួម​មាន​ទាំង​ក្រុមហ៊ុនភាពីម៉ិច​មាន​ឈ្មោះ​អាក្រក់ ដែល​គ្រប់គ្រង​ដោយ យាយភូ ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​និង​ឧត្តម​សេនីយ៍​ជាច្រើន​នាក់ទៀត”។

របាយការណ៍​លើកឡើង​ថា បន្ទាប់ពី​បរាជ័យ​ខាង​យោធា​របស់​គណបក្ស​ហ៊ុនស៊ិនប៉ិច​នៅ​ឆ្នាំ​១៩៩៧ “កងពល​តូច​លេខ​៧០​បាន​ចាប់​ផ្តើម​ការ​នាំ​ចូល​របស់​រត់ពន្ធ​កាន់តែ​ច្រើន” មាន​ទាំង “ស្រាបៀរ ស្រា បារី ទឹកអប់ ទំនិញ​អេឡិចត្រូនិក និង​ទំនិញ​ជាច្រើនមុខ​ទៀត។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា កងពលតូច​លេខ​៧០គឺ “សំខាន់​បំផុត​ចំពោះ​យុទ្ធសាស្ត្រ​នៃ​ការ​បណ្តុះ​បណ្តាល​អង្គភាព​ពិសេស​របស់​លោក ហ៊ុន សែន ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន ទល់នឹងគូ​ប្រជែង​ដ៏មាន​សក្តានុពល​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា”។

បន្ទាប់ពី​ការ​ចេញ​របាយការណ៍​រិះគន់​ឥត​សំចៃ​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​ឡុងដ៍ បាន​អំពាវនាវ​ដល់​ប្រទេស​ផ្តល់ជំនួយ​របស់​អង្គការ គ្លូបល វិតណេស ឲ្យ​ដក​ការ​គាំទ្រ​ចំពោះ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​នេះ។ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​រឹប​អូស​ឯកសារ​ទាំង​អស់​របស់​អង្គការ​នេះ។

នៅពេល​ទាក់ទង​កាលពី​ម្សិល​មិញ លោក ម៉ាឃើស ហាដខេ ជា​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០៥ ពីព្រោះ​គាត់​ជា​បុគ្គលិក​ម្នាក់​របស់​អង្គការ គ្លូបល វិតណេស បាន​មាន​ប្រសាសន៍​ថា ការ​ជាប់​ទាក់ទិន​របស់​កងពល​តូច​លេខ​៧០​ក្នុង​ការ​រកស៊ី​ឈើ គឺ​មិន​មែន​ធ្វើ​ជា​ចំហ​ដូចដែល​អង្គភាព​នេះ​ធ្លាប់​ធ្វើ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំពោះ​អ្វី​ដែល​យើង​បាន​ឮ គឺ​នៅ​មាន​បុគ្គល​មកពី​កងពល​តូច​លេខ​៧០​នេះ មាន​មុខ​នៅ​កន្លែង​ផ្សេងៗ​ទូទាំង​ប្រទេស មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ពីព្រោះ​មនុស្ស​ទាំង​នេះ​មិន​អាច​ប៉ះពាល់​បាន​ទេ”។

លោក​បាន​បន្ត​ទៀតថា “វា​មិន​មែន​ជា​ការ​ពាក់ព័ន្ធ​លក្ខណៈ​ជា​ប្រព័ន្ធ​ជា​រហូត​មក​ដែល​ធ្លាប់​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ គ្រាន់តែ​យើង​មិន​អាច​មើល​ឃើញ​ពួកគេ គឺ​មិនមែន​មាន​ន័យ​ថា ពួកគេ​មិន​ចេញ​មុខ​នោះ​ទេ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស