ក្នុងពិធីយោធាផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ថ្ងៃកំណើតកងពលតូចលេខ៧០ ជាកងពលតូចពិសេសរបស់កងយោធពលខេមរភូមិន្ទ ដែលធ្លាប់ជាអង្គភាពអង្គរក្សផ្ទាល់របស់លោក ហើយបានជាប់ពាក់ព័ន្ធនឹងឃាតកម្មនយោបាយ ការរំលោភអំណាចទាំងគំរល និងក្រុមកាប់ឈើខុសច្បាប់។
បន្ទាប់ពីម៉ោង៨ព្រឹកបន្តិច លោក ហ៊ុន សែន បានធ្វើដំណើរមកដល់ទីបញ្ជាការរបស់អង្គភាពនេះនៅជាយក្រុងភ្នំេពញ ហើយបានដើរលើកម្រាលព្រំក្រហម ឈរអមដោយជួរទាហានកងពលតូចលេខ៧០ស្លៀកពាក់ឯកសណ្ឋានយ៉ាងស្អាតបាត។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដើរអែបពីក្រោយ។
បន្ទាប់ពីក្បួនព្យុហយាត្រារយៈពេល៣០នាទី ដែលមានបង្ហាញរថក្រោះនិងទាហានតាមផែននីមួយៗ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរកងពលតូចនេះពីវេទិកានៅជាន់ទី១ ដែលមើលទៅឃើញទាហានជាង១.០០០នាក់។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមសំដែងអំណរដឹងគុណយ៉ាងជ្រាលជ្រៅដល់អ្នកស្នេហាជាតិទាំងអស់គ្រប់ជំនាន់ ដែលបានលះបង់កូន ចៅ ប្តី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ឲ្យចូលបម្រើកងទ័ព ដើម្បីការពារមាតុភូមិជាទីស្រឡាញ់របស់យើង”។
នៅតាមផែនវិញ ទាហានត្រូវបានរៀបចំជា១០កងវរសេនាតូច។ ខ្លះស្លៀកពាក់ខោអាវប៉ារ៉ានិងកាន់កាំភ្លើងអាកា៤៧ រីឯអ្នកផ្សេងទៀតស្លៀកពាក់ខ្មៅពីក្បាលដល់ចុងជើង ពាក់វ៉ែនតាខ្មៅ និងស្រោមដៃស។
នៅពេលលោក ហ៊ុន សែន បញ្ចប់សុន្ទរកថារបស់លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានសរសើរលោកនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន ចំពោះការបំពាក់បំប៉នកងពលតូចលេខ៧០ គឺជាតម្លៃដែលលោកបានមានប្រសាសន៍ថា បានផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោកបានមានប្រសាសន៍ថា “សម្តេចទាំង២ជាវីរជនរបស់ប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសនេះឲ្យមានសន្តិភាពទាំងស្រុង និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីក្រុងទាំងនៅជនបទ”។
ទោះបីជាការស្រឡាញ់រាប់អានរវាងមេបញ្ជាការរូបនេះនិងលោកនាយករដ្ឋមន្ត្រីបានបង្ហាញឲ្យឃើញកាលពីម្សិលមិញក៏ដោយ ក៏ទំនាក់ទំនងនេះបានទទួលការរិះគន់ដ៏ខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សជាច្រើនឆ្នាំ ដែលលើកឡើងថា កងពលតូចលេខ៧០និងអង្គភាពពីមុនរបស់ខ្លួន ត្រូវបានប្រើប្រាស់យូរមកហើយដោយលោក ហ៊ុន សែន ដើម្បីបង្ក្រាបអ្នកប្រឆាំង។
លោក ហ្វិល រ៉ូប៊ឺតសុន នាយករងអង្គការសិទ្ធិមនុស្ស Human Rights Watch ផ្នែកអាស៊ី បានសរសេរក្នុងអីុម៉េលមួយថា កងពលតូចលេខ៧០រហូតមកដល់ថ្ងៃនេះ វិវត្តមកពីអង្គភាពយោធាឃោរឃៅមានមូលដ្ឋាននៅភ្នំពេញ ក្រោមរបបសាធារណដ្ឋប្រជាមានិតកម្ពុជាដែលវៀតណាមគាំទ្រ ហើយក្រោយមកទៀតបានក្លាយទៅជាអង្គភាពអង្គរក្សនាយករដ្ឋមន្ត្រី (PMBU) ដែលឥឡូវនេះត្រូវគេចាត់ថា ជាអង្គភាពប្រយុទ្ធមានការហ្វឹកហាត់ល្អបំផុតនិងបំពាក់អាវុធទំនើបបំផុតក្នុងប្រទេសនេះ។
លោក រ៉ូប៊ឺតសុន បាននិយាយអំពីប្រភពដើមរបស់កងពលតូចលេខ៧០ថា “នៅទសវត្សរ៍ឆ្នាំ១៩៨០ អង្គភាពនេះបានចាប់ខ្លួនជនសង្ស័យថាជាអ្នកប្រឆាំងនយោបាយជាច្រើនរូបក្នុងទីក្រុង ត្រូវជាប់ឃុំខ្លួនដោយគ្មានការចោទប្រកាន់ ឬកាត់ក្តី ហើយជាញឹកញាប់ត្រូវទទួលរងទណ្ឌកម្មឲ្យសារភាពថា ពួកគេជាខ្មែរក្រហម”។
លោកបានមានប្រសាសន៍ថា ដល់សម័យកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ អង្គភាពនេះក្លាយទៅជាកងវរសេនាធំលេខ៧០ ហើយមានចំណែកក្នុងប្រតិបត្តិការបង្ក្រាបការតវ៉ាដែលដឹកនាំដោយក្រុមនិស្សិតប្រឆាំងអំពើពុករលួយ ដែលគេឃើញ “មនុស្ស៦នាក់ស្លាប់ដោយសារការបាញ់ប្រហារនោះ”។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងការបង្កើតរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វុ៊នស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ កងវរសេនាធំលេខ៧០នេះបានក្លាយជាកងពលតូចលេខ៧០ ហើយស្ថិតក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់។
នៅពេលរដ្ឋាភិបាលចម្រុះនេះបែកបាក់ប្រេះឆាគ្នាដោយសារតែជម្លោះនយោបាយរវាង លោក ហ៊ុន សែន និង ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ នោះ លោក ហ៊ុន សែន ក្នុងឆ្នាំ១៩៩៥ ក៏បានបញ្ជាមនុស្សក្នុងកងពលតូចលេខ៧០ ដែលឥឡូវនេះមានរួមបញ្ចូលកងវរសេនាតូចដែលទទួលខុសត្រូវពិសេសក្នុងការការពាររូបលោកនោះ ឲ្យ”កម្ទេចភេរវករជាមុន ពីព្រោះពួកទាំងនោះដូចដង្កូវរស់បំផ្លាញប្រទេសជាតិ”។
កងវរសេនាតូចនេះដែលមានភក្តីភាពក្នុងការការពារលោក ហ៊ុន សែន បានដកចេញពីកងពលតូចលេខ៧០ និងប្តូរឈ្មោះជា PMBU ដែលមានលោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការរបស់ខ្លួន។
ក្នុងរបាយការណ៍ឆ្នាំ២០១២ មានចំណងជើងថា “ប្រាប់ពួកគេ ខ្ញុំចង់សម្លាប់ពួកគេៈ ២ទសវត្សរ៍នៃនិទណ្ឌភាពក្នុងប្រទេសកម្ពុជារបស់លោក ហ៊ុន សែន” អង្គការសិទ្ធិមនុស្ស HRW បង្ហាញឲ្យឃើញការជាប់ពាក់ព័ន្ធរបស់កងពលតូចលេខ៧០ក្នុងការបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧លើការតវ៉ារបស់បក្សប្រឆាំង ដែលបណ្តាលឲ្យមនុស្សស្លាប់១៦នាក់។
របាយការណ៍ឲ្យដឹងទៀតថា “អង្គភាពយោធាពិសេសនេះមិនត្រឹមតែមិនបានទប់ស្កាត់ការគប់គ្រាប់បែកទេ តែត្រូវបានសាក្សីជាច្រើននាក់ឃើញ ថាបានបើកផ្លូវបណ្តោយឲ្យអ្នកគប់គ្រាប់បែករត់គេចខ្លួនកាត់តាមកន្លែងគណបក្សប្រជាជនគ្រប់គ្រងក្នុងក្រុងភ្នំពេញ ហើយបន្ទាប់មកបានគំរាមបាញ់អ្នកដែលព្យាយាមដេញតាមអ្នកគប់គ្រាប់បែកទាំងនោះថែមទៀតផង”។
លោក រ៉ូប៊ឺតសុន បានមានប្រសាសន៍ថា មានការផ្លាស់ប្តូរតិចតួចណាស់ក្នុងវិធីដែលកងពលតូច៧០នេះប្រតិបត្តិការ។
លោកបានមានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ២០០០មក ទាហានកងពលតូចលេខ៧០មានការជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនទាក់ទិននឹងនយោបាយ ការធ្វើឃាត ការប៉ុនប៉ងធ្វើឃាត អំពើហិង្សាលើរាងកាយ ការឃុំខ្លួនខុសច្បាប់ និងការវាយធ្វើបាបអ្នកជាប់ឃុំ សឹងតែមាននិទណ្ឌភាពទាំងស្រុង”។
អង្គការការពារបរិស្ថាន គ្លូបល វិតណេស ដែលធ្លាប់ធ្វើការជាមួយរដ្ឋាភិបាល ដើម្បីការពារព្រៃឈើរបស់ប្រទេសកម្ពុជា ក៏បានរិះគន់កងពលតូចលេខ៧០នេះឥតសំចៃណាស់ដែរ។
ក្នុងរបាយការណ៍ឆ្នាំ២០០៧របស់ខ្លួន មានចំណងជើងថា “សែស្រឡាយកម្ពុជា: ការកាប់ព្រៃឈើនិងការដកហូតទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់” អង្គការ គ្លូបល វិតណេស ដែលសរសេរមួយចំពូកទាំងមូលអំពីកងពលតូចលេខ៧០ ដោយលើកឡើងពី “ការជាប់ទាក់ទងដោយផ្ទាល់រវាងការពង្រឹងអង្គភាពយោធាដែលស្មោះត្រង់របស់លោក ហ៊ុន សែន និងបទល្មើសទ្រង់ទ្រាយធំដែលមានការចាត់តាំង”។
របាយការណ៍នោះលាតត្រដាងពីការងារដែលកងពលតូចលេខ៧០”ធ្វើប្រតិបត្តិការសេវាជួញដូរឈើខុសច្បាប់ ដែលឆ្លងពីប្រទេសកម្ពុជា និងមានការនាំចេញទៅប្រទេសវៀតណាម” ហើយចោទថា “អតិថិជនរបស់កងពលតូចនេះ គឺ ‘នរណាជានរណា’ ជាក្រុមឈ្មួញរកស៊ីឈើធំគ្រាក់ៗនៅកម្ពុជា រួមមានទាំងក្រុមហ៊ុនភាពីម៉ិចមានឈ្មោះអាក្រក់ ដែលគ្រប់គ្រងដោយ យាយភូ ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ព្រមទាំងមន្ត្រីរដ្ឋាភិបាលនិងឧត្តមសេនីយ៍ជាច្រើននាក់ទៀត”។
របាយការណ៍លើកឡើងថា បន្ទាប់ពីបរាជ័យខាងយោធារបស់គណបក្សហ៊ុនស៊ិនប៉ិចនៅឆ្នាំ១៩៩៧ “កងពលតូចលេខ៧០បានចាប់ផ្តើមការនាំចូលរបស់រត់ពន្ធកាន់តែច្រើន” មានទាំង “ស្រាបៀរ ស្រា បារី ទឹកអប់ ទំនិញអេឡិចត្រូនិក និងទំនិញជាច្រើនមុខទៀត។
របាយការណ៍ដដែលឲ្យដឹងទៀតថា កងពលតូចលេខ៧០គឺ “សំខាន់បំផុតចំពោះយុទ្ធសាស្ត្រនៃការបណ្តុះបណ្តាលអង្គភាពពិសេសរបស់លោក ហ៊ុន សែន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ទល់នឹងគូប្រជែងដ៏មានសក្តានុពលទាំងខាងក្នុង ទាំងខាងក្រៅគណបក្សប្រជាជនកម្ពុជា”។
បន្ទាប់ពីការចេញរបាយការណ៍រិះគន់ឥតសំចៃនេះ ស្ថានទូតកម្ពុជាប្រចាំក្រុងឡុងដ៍ បានអំពាវនាវដល់ប្រទេសផ្តល់ជំនួយរបស់អង្គការ គ្លូបល វិតណេស ឲ្យដកការគាំទ្រចំពោះអង្គការឃ្លាំមើលបរិស្ថាននេះ។ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យរឹបអូសឯកសារទាំងអស់របស់អង្គការនេះ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ម៉ាឃើស ហាដខេ ជាសកម្មជនបរិស្ថានដែលត្រូវគេហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជាកាលពីឆ្នាំ២០០៥ ពីព្រោះគាត់ជាបុគ្គលិកម្នាក់របស់អង្គការ គ្លូបល វិតណេស បានមានប្រសាសន៍ថា ការជាប់ទាក់ទិនរបស់កងពលតូចលេខ៧០ក្នុងការរកស៊ីឈើ គឺមិនមែនធ្វើជាចំហដូចដែលអង្គភាពនេះធ្លាប់ធ្វើនោះទេ។
លោកបានមានប្រសាសន៍ថា “ចំពោះអ្វីដែលយើងបានឮ គឺនៅមានបុគ្គលមកពីកងពលតូចលេខ៧០នេះ មានមុខនៅកន្លែងផ្សេងៗទូទាំងប្រទេស មិនគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះមនុស្សទាំងនេះមិនអាចប៉ះពាល់បានទេ”។
លោកបានបន្តទៀតថា “វាមិនមែនជាការពាក់ព័ន្ធលក្ខណៈជាប្រព័ន្ធជារហូតមកដែលធ្លាប់កើតឡើងនោះទេ។ ប៉ុន្តែ គ្រាន់តែយើងមិនអាចមើលឃើញពួកគេ គឺមិនមែនមានន័យថា ពួកគេមិនចេញមុខនោះទេ”៕មានិត