នៅមុនថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ក្នុងសប្តាហ៍នេះ ជៀប ស្រីពេជ្រ បានត្រៀមខ្លួនស្ទើរតែដូចទៅនឹងការត្រៀមសម្រាប់ការប្រឡងលើកទី១កាលពីពីរខែមុននេះ។ នាងបានឲ្យដឹងថា ការលំបាកបន្ថែមតែមួយគត់ដែលនាងត្រូវជម្នះនៅពេលនេះគឺការភ័យខ្លាច។
សិស្សអាយុ១៨ឆ្នាំរូបនេះបាននិយាយទាក់ទិននឹងការប្រឡងលើកទី១កាលពីខែសីហា បន្ទាប់ពីនាងបានប្រគល់ក្រដាសប្រឡងរបស់នាងកាលពីម្សិលមិញ នៅវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្នុងរាជធានីភ្នំពេញថា “យើងខ្លាចអ្នកអង្កេតការណ៍មកពី[អង្គភាពប្រឆាំងអំពើពុករលួយ] ខ្លាំងណាស់”។
នាងបាននិយាយបន្តថា “សំណួរជាច្រើនខ្ញុំសុទ្ធតែបានដឹងចម្លើយ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចផ្តោតអារម្មណ៍ និងសរសេរបានដោយសេរីឡើយ ព្រោះអ្នកអង្កេតការណ៍នឹងឈរឃ្លាំមើលខ្ញុំ ហើយសម្លឹងមកខ្ញុំមិនដាក់ភ្នែក។ វាគួរឲ្យខ្លាចណាស់”។
ស្រីពេជ្រ ទទួលបានពិន្ទុ៤៤ភាគរយអំឡុងការប្រឡងលើកទី១ ដែលមាន១០មុខវិជ្ជា ពោលគឺបានត្រឹមតែ៣ភាគរយប៉ុណ្ណោះនៃពិន្ទុដែលក្រសួងអប់រំ យុវជន និងកីឡាបានកំណត់សម្រាប់អ្នកដែលប្រឡងជាប់ និងពិន្ទុដែលអាចចូលរៀននៅមហាវិទ្យាល័យបាន។
ទោះជាយ៉ាងណា នៅលើកនេះ នាងបាននិយាយថា នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីកំុឲ្យខ្លួនឯងភ័យខ្លាចចំពោះអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវគេបញ្ជូនមកដើម្បី ត្រួតពិនិត្យការប្រឡងដែលពីមុនៗមកមានតែការលួចចម្លង និងការសូកប៉ាន់នោះ។
នាងបាននិយាយទៀតថា “នៅលើកទី២នេះ ខ្ញុំមិនសូវជាខ្លាចទេ ព្រោះខ្ញុំធ្លាប់មានបទពិសោធនៅលើកទី១រួចហើយ”។
ដោយសារតែលក្ខខណ្ឌតឹងរឹុងថ្មីនេះ បេក្ខជនជិត៧៥ភាគរយក្នុងចំណោមបេក្ខជនចំនួន៨៩.៩៣៧នាក់បានធ្លាក់នៅក្នុងការប្រឡងលើកទី១គឺជាអត្រាប្រឡងជាប់ទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៤មក និងជាការប្រឡងជាប់ទាបបំផុតលើកទី៣ចាប់តាំងពីឆ្នាំ១៩៧៩មក។
បន្ទាប់ពីលទ្ធផលត្រូវបានប្រកាសជាសាធារណៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងមានការប្រឡងឡើងវិញសម្រាប់សិស្សទាំងអស់ដែលធ្លាក់ លើកលែងតែអ្នកដែលត្រូវបានរកឃើញថា មានបំណងលួចចម្លងតែប៉ុណ្ណោះ។
នៅក្នុងកិច្ចសម្ភាសមួយ បន្ទាប់ពីសេចក្តីប្រកាសមួយរបស់លោក ហ៊ុន សែន លោក ហង់ ជួន ណារុ៉ន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានការពារសេចក្តីសម្រេចឲ្យមានការប្រឡងឡើងវិញនេះ ដោយលោកបានលើកឡើងពីហេតុផលថា វាជារឿងល្អបំផុតនៅក្នុងការបង្កើនចំនួនអ្នកបញ្ចប់ការសិក្សាថ្នាក់ទី១២ ព្រោះថាវាអាចធ្វើឲ្យសិស្សត្រឡប់ទៅខិតខំរៀនឡើងវិញ។
លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា “យើងមានមធ្យោបាយពីរដើម្បី[បង្កើនចំនួនសិស្ស] ដែលប្រឡងជាប់។ ការកាត់បន្ថយពិន្ទុសម្រាប់ការប្រឡងជាប់ គឺមិនមែនជាមធ្យោបាយល្អដែលត្រូវអនុវត្តនោះទេ ប៉ុន្តែ ការបង្កើនចំណោះដឹងទើបជាមធ្យោបាយល្អ ដែលត្រូវធ្វើ”។
នៅប៉ុន្មានថ្ងៃក្រោយការប្រឡងលើកដំបូង ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះមេរៀនសង្ខេបនៅក្នុងមុខវិជ្ជា ដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យានៅលើគេហទំព័ររបស់ខ្លួន ដើម្បីជាជំនួយដល់បេក្ខជននៅក្នុងការប្រឡងលើកទី២ ព្រោះថា មុខវិជ្ជាទាំងនេះពួកគេធ្វើមិនបានល្អឡើយ។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ហង់ ជួន ណារ៉ុន ដែលធ្វើសេចក្តីព្រាងនៃវិញ្ញាសាខ្មែរ និងប្រវត្តិវិទ្យាដោយខ្លួនលោកផ្ទាល់បានឲ្យដឹងថា សិស្សណាដែលមិនបានធ្វើតាមការណែនាំតាមអីុនធើណិតនោះទេនឹងមិនអាចទទួលបានលទ្ធផលល្អឡើយ។
លោកបានមានប្រសាសន៍ថា “មានសំណួរមួយចំនួន[នៅពេលប្រឡង] ដែលត្រូវបានដកចេញដោយផ្ទាល់ពីមេរៀនសង្ខេបទាំងនោះ។ ប៉ុន្តែ លំហាត់ទាំងនោះគឺតម្រូវឲ្យមានការយល់ដឹងមិនមែនគ្រាន់តែចម្លងមកនោះទេ”។
រដ្ឋមន្ត្រីរូបនេះបានទទួលស្គាល់ថា មេរៀនសង្ខេបទាំងនេះអាចត្រូវអ្នកប្រឡងយកមកធ្វើជាព្រីយ៉ុងដ៏មានប្រយោជន៍សម្រាប់ខ្លួន ប៉ុន្តែបើយោងតាមព័ត៌មានដែលលោកប្រមូលបានមកទល់ពេលនេះ ចំនួនសិស្សដែលព្យាយាមលាក់ព្រីយ៉ុងចូលក្នុងបន្ទប់ប្រឡងគឺតិចជាងការប្រឡងលើកទី១ប្រហែលលពាក់កណ្តាល។
នៅពេល មនុស្សពេញវ័យចំនួនពីរនាក់ត្រូវបានគេចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញក្នុងថ្ងៃទី១នៃការប្រឡងលើកទី២កាលពីថ្ងៃច័ន្ទ ដែលក្នុងនោះមានម្នាក់ត្រូវបានចាប់ខ្លួនពីបទលក់ក្រដាសចម្លើយនៅក្រៅសាលា និងម្នាក់ទៀតពីបទក្លែងបន្លំជាអ្នកអង្កេតការណ៍នៅក្នុងសាលានោះ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អង្គភាពប្រឆំាងអំពើពុករលួយ គឺមិនសូវជារវល់ប៉ុន្មានទេកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ គ្មានព័ត៌មានពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយអំឡុងការប្រឡងលើកទី២ឡើយ”។
ទាំងលោក ហង់ ជួន ណារ៉ុន និងលោក រស់ សាលីន សុទ្ធតែបានបដិសេធមិនផ្ដល់ការព្យាករសម្រាប់អត្រាអ្នកប្រឡងជាប់ក្នុងការប្រឡងលើកទី២នេះឡើយ។
ទោះជាយ៉ាងណា លោក រ៉ុង បញ្ញា សមាជិកមួយរូបនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងកាលពីម្សិលមិញថា លោករំពឹងថា អត្រានៃការប្រឡងជាប់នឹងកើនឡើងបើធៀបនឹងការប្រឡងលើកទី១។
លោកបានលើកឡើងថា សិស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរឹតបន្តឹងអំឡុងការប្រឡងលើកទី១ ហើយពួកគេបានស្ថិតក្រោមសម្ពាធនៃអ្នកអង្កេតការណ៍។ ប៉ុន្តែ ដូច ស្រីពេជ្រ អ៊ីចឹងដែរលើកនេះសិស្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច។
លោកបានលើកឡើងថា “ការឃ្លាំមើលរបស់អ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ គឺបានដាក់សម្ពាធយ៉ាងខ្លាំងលើសិស្ស ហើយពួកគេមិនបានត្រៀមខ្លួនសម្រាប់ការឃ្លាំមើលបែបនេះទេអំឡុងប្រឡងលើកទី១”។
សម្រាប់ ស្រីពេជ្រ ដែលជឿជាក់ថា នឹងជាប់ការប្រឡងនេះដើម្បីចូលរៀនមហាវិទ្យាល័យរួចធ្វើជាគ្រូបង្រៀននោះ ការប្រឡងលើកទី២នេះគឺជាខ្សែជីវិតដ៏ចាំបាច់មួយ។
នាងក៏ដូចជាអ្នកដ៏ទៃៗទៀតដែរមិនព្រួយបារម្ភអំពីច្បាប់រឹតបន្តឹងថ្មីនៅមុនថ្ងៃប្រឡងលើកទី១ឡើយ។ នាងបាននិយាយថា “គ្មាននរណាម្នាក់នឹកស្មានដល់ថា មានអ្នកអង្កេតការណ៍យ៉ាងច្រើនមកពីអង្គភាពប្រឆាំងអំពើពុករលួយបែបនេះនោះទេ ហើយក៏នឹកស្មានមិនដល់ថា វាតឹងរឹុងយ៉ាងនេះដែរ។ សិស្សជាច្រើននឹងជាប់ការប្រឡងលើកនេះ ព្រោះពួកគេអាចផ្តោតលើសំណួរបានច្រើនមិនដូចពីមុនដែលខ្លាចតែអ្នកអង្កេតការណ៍នោះទេ”។
នៅពេលគេសួរនាងថា តើនាងគិតថា ខ្លួនឯងធ្វើបានល្អគ្រប់គ្រាន់ដែលអាចជាប់ទៅរៀននៅមហាវិទ្យាល័យដែរ ឬអត់ នាងបាននិយាយទាំងទឹកមុខញញឹមអៀនប្រៀនថា “ចាស លើកនេះគ្មានបញ្ហាទេ”៕ស៊ុយឈាង