មន្ត្រីតុលាការម្នាក់បានលើកឡើងថា កាលពីម្សិលមិញ សាលាដំបូងខេត្តក្រចេះបានចោទប្រកាន់បុរសបីនាក់ដែលត្រូវបានចាប់ខ្លួនពីបទសម្លាប់លោក តាំង ទ្រី អាយុ៤៩ឆ្នាំជាអ្នកកាសែតម្នាក់ក្នុងស្រុកស្នួល កាលពីព្រឹកថ្ងៃអាទិត្យ ហើយបានបញ្ជូនទៅពន្ធនាគារខេត្តដើម្បីរង់ចាំការកាត់ក្តី។
ការសម្លាប់អ្នកកាសែតនេះបានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីព្រោះជនសង្ស័យទាំងអស់មកពីកងកម្លាំងសន្តិសុខក្នុងប្រទេសកម្ពុជា។ អង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យមានស៊ើបអង្កេតឲ្យបានល្អិតល្អន់ និងការកាត់ក្តីដោយមិនលម្អៀងដើម្បីកែប្រែវប្បធម៌និទណ្ឌភាពចំពោះបទឧក្រិដ្ឋដ៏ឃោរឃៅលើអ្នកដែលស៊ើបអង្កេតការកាប់ឈើខុសច្បាប់។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា “យើងបានចោទប្រកាន់ពួកគេពីបទមនុស្សឃាត។ នៅទូទាំងប្រទេស ប្រជាពលរដ្ឋបានដឹងពីសកម្មភាពរបស់ពួកគេ ហើយពួកគេទាំងអស់ប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ”។
ចុងចោទទាំងនោះគឺឈ្មោះ បែន ហៀង អាយុ៣១ឆ្នាំ នាយប៉ុស្តិ៍ឃុំស្រែឈូកក្នុងស្រុកកែវ សីមា ខេត្តមណ្ឌលគិរី លោក ឃឹម ភក្តី អាយុ២៧ឆ្នាំ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាអតីតអនុរក្សព្រៃឈើក្នុងស្រុកកែវសីមា និងខ្មាន់កាំភ្លើងឈ្មោះ ឡា ណារ៉ុង អាយុ៣២ឆ្នាំ អតីតទាហានកងយោធពលខេមរភូមិន្ទនៅក្នុងខេត្តមណ្ឌលគិរី។
អ្នកទាំងបីនាក់នេះបានសារភាពចំពោះបទឧក្រិដ្ឋនេះនៅសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ ដោយអះអាងថា ពួកគេបានបាញ់ប្រហារបន្ទាប់ពីការផឹកស៊ីនៅពេលយប់។ ពួកគេបាននិយាយថា អ្នកយកព័ត៌មានរូបនេះបានគំរាមបង្ហាញសកម្មភាពកាប់ឈើខុសច្បាប់របស់ពួកគេនៅព្រឹកថ្ងៃនោះ នៅពេលពួកគេមិនព្រមឲ្យទូកគាត់ខ្ចី។
លោក សុវិនថាល់ បានមានប្រសាសន៍ថា “ប្រសិនបើពួកគេខឹងនឹងអ្នកយកព័ត៌មាននោះចំពោះការព្យាយាមជំរិតទារប្រាក់ ឬអ្វីផ្សេងពីពួកគេនោះ ពួកគេគួរដាក់ពាក្យបណ្តឹងទៅតុលាការ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបាញ់សម្លាប់គាត់យ៉ាងឃោរឃៅទៅវិញ”។
លោកបានសន្និដ្ឋានថា ចៅក្រមស៊ើបសួរនឹងចំណាយពេលយ៉ាងតិចក៏បីខែដែរដើម្បីព្យាយាមកំណត់មូលហេតុពិតប្រាកដនៃការបាញ់សម្លាប់នេះ។
ប៉ុន្តែមានការបារម្ភថា ការចាប់ខ្លួននិងការចោទប្រកាន់ដ៏ឆាប់រហ័សបែបនេះមានន័យថា អាជ្ញាធរកំពុងការពារមន្ត្រីកងរាជអាវុធហត្ថជាន់ខ្ពស់នៅក្នុងស្រុកស្នួល ដែលមានពាក្យចចាមអារ៉ាមថា នៅពីក្រោយការរកស៊ីកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។
លោកស្រី ឡូរ៉ា ឃីង (Laura King) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានមានប្រសាសន៍ថា ត្រូវធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីរកឲ្យឃើញមូលហេតុនៃការសម្លាប់នេះ និងដើម្បីធានាថា អ្នកដែលពាក់ព័ន្ធត្រូវយកទៅផ្តន្ទាទោស។
លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើយើងមានតុលាការឯករាជ្យពិតប្រាកដ យើងអាចទទួលបានយុត្តិធម៌ពិតចំពោះករណីមនុស្សឃាត និងការបំភិតបំភ័យអ្នកកាសែតឯករាជ្យតាំងពីដំបូងម៉្លេះចាប់តាំងការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ១៩៩៣”៕ សារុន