នគរបាលបាននិយាយថា កាលពីម្សិលមិញ នគរបាលបានចាប់ខ្លួនបុរសអាយុ២៧ឆ្នាំម្នាក់ ដែលតាមចោទថា បានធ្វើទារុណកម្ម ចាប់រំលោភ និងសម្លាប់មិត្តស្រីរបស់ខ្លួន ដែលសាកសពរបស់នាងត្រូវបានប្រទះឃើញអណ្តែតក្នុងទន្លេសាបកាលពីសប្តាហ៍មុន។
នគរបាលបានរកឃើញសាកសព សុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដាក្នុងរាជធានីភ្នំពេញ ដែលនាងក៏បានធ្វើការក្រៅម៉ោងនៅកន្លែងប្តូរប្រាក់មួយផងដែរ កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា អណ្តែតក្បែរមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វា។នគរបាលឲ្យដឹងថា សាកសពមានស្នាមជាំ ហើយបានសន្និដ្ឋានថាជនរងគ្រោះត្រូវបានធ្វើទារុណកម្ម។
យោងតាមលោក តី វិសាល អនុប្រធានការិយាល័យព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថាបុរសឈ្មោះ ហុង កាលីឌីន ដែលគេសង្ស័យថា ជាឃាតករនោះត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញ នៅផ្ទះរបស់ជននេះតែម្តង នៅផ្លូវលេខ៤៣០ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក វិសាល បានមានប្រសាសន៍កាលពីម្សិលមិញថា តាមរយៈការធ្វើកោសល្យវិច័យ បង្ហាញថា សុង ដាវីន ក៏ត្រូវបានចាប់រំលោភផងដែរ។
លោកបានមានប្រសាសន៍ថា “លទ្ធផលនៃការពិនិត្យសាកសពជនរងគ្រោះបង្ហាញថា នាងត្រូវបានរំលោភ ហើយសម្លាប់”។ឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលបានដឹកនាំការសើុបអង្កេតបានមានប្រសាសន៍ថា នៅពេលនគរបាលទៅដល់ផ្ទះ កាលីឌីន ដើម្បីចាប់ខ្លួនជននេះកាលពីម្សិលមិញ ពួកគេបានរកឃើញកាំភ្លើងខ្លីមា៉ាកឡុកមួយដើម និងប្រដាប់តកាណុងចំនួនពីរនៅក្នុងរថយន្តតូយូ៉តា ទុនដ្រា ដ៏ថ្មីសន្លាងរបស់ជននេះ។ លោកបានបន្ថែមថា ជនសង្ស័យរូបនេះត្រូវបានសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ។
ឧត្តមសេនីយ៍ត្រី វណ្ណៈ បានមានប្រសាសន៍ថា កាលីឌីន បានប្រឡងជាប់ធ្វើជាមន្ត្រីនគរបាលកាលពីដើមឆ្នាំនេះ ប៉ុន្តែ លោកបដិសេធមិននិយាយថា តើជននេះបម្រើការនៅនាយកដ្ឋានណាឡើយ។ លោកបានមានប្រសាសន៍ថា “យើងកំពុងសាកសួរជនសង្ស័យរូបនេះ ហើយនឹងធ្វើការសើុបអង្កេតបន្តទៀត។ យើងមិនអាចប្រាប់អ្នកឲ្យលើសពីនេះបានទេ”។
លោក វិសាល បានមានប្រសាសន៍ថា ក្រុមសើុបអង្កេតបានរកឃើញថា កាលីឌីន ជាមិត្តប្រុសរបស់ សុង ដាវីន បន្ទាប់ពីឆែកឆេរផ្ទះជួលរបស់ជនរងគ្រោះក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។ លោក វិសាល បានមានប្រសាសន៍ថា “យើងបានឆែកឆេរផ្ទះជួលជនរបស់រងគ្រោះ
ហើយបានឃើញលេខទូរស័ព្ទរបស់ជនសង្ស័យនៅក្នុងបញ្ជីហៅទូរស័ព្ទចូលក្នុងទូរស័ព្ទជនរងគ្រោះ”។ លោកបានបន្ថែមថា អ្នកជិតខាងដែលនគរបាលបានសាកសួរអះអាងថា អ្នកទាំងពីរមានទំនាក់ទំនងគ្នា៕សារុន