27.5 C
Phnom Penh

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដាក់​ពាក្យ​បណ្តឹង​​ជុំវិញ​អំពើ​ពុករលួយ ​ក្នុង​ជួរ​នគរបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​ក្រុម​​​ប្រឹក្សា​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ចំនួន​​​បួន​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប្រឆាំង​​​ថ្នាក់​​​ដឹក​​​នាំ​នៅ​ស្នងការដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ដោយ​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ថា បាន​​​លួច​​​កាត់​​​​​​ប្រាក់​​​មុខងារ​និង​តួនាទី​​​របស់​​​កូនចៅ​​​ខ្លួន។

លោក ស៊ុន ចន្ធី សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​បាន​​​ដាក់​​លិខិត​​​ទៅ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ក្រសួង​​​មហាផ្ទៃ​​​ ព្រឹទ្ធ​​​សភា និង​​​គណៈ​​​កម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក្នុងរដ្ឋ​​​សភា។ លោក ចន្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ភ័ស្តុ​​​តាង​​​បី​​​ដែល​បង្ហាញ​​​ថា មាន​​​អំពើ​​​ពុក​​​រលួយ​​​​​​កើត​ឡើង​នៅ​​​ក្នុង​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ធំ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ជួប​​​សម្ភាស​​​មន្ត្រី​​​នគរ​​​បាល​​​មួយ​​​ចំនួន​​​ ដែល​​​អះ​​​អាង​​​ថា ថ្នាក់​​​ដឹក​​​នាំ​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​​​​បាន​​​កេង​​​ប្រវ័ញ្ច​​​ប្រាក់​​​មុខ​​​ងារ​និង​តួនាទី​​​របស់​ពួកគេ​​​”។  លោក​​​បាន​​​បន្ថែម​​​ថា លោក ជូ សំអាន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​ទទួល​​​ស្គាល់​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​កាល​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា អំពើ​​​ពុក​​​រលួយ​​​​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​​​​ជួរ​​​នគរបាល​របស់​​​លោក​​​។

លោក ចន្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​ខេត្ត​​​បាន​​​ប្រាប់​​​លោក​​​ឲ្យ​​​ដឹង​​​​​​អំឡុង​​​ការ​​​សម្ភាស​​​ថា យ៉ាង​​​ហោច​​​ណាស់​​​មន្ត្រី​៤០០នាក់​​​បាន​​​ត្អូញ​​​ត្អែរ​​​ថា ចៅហ្វាយ​​​នាយ​​​របស់​​​ខ្លួន​​​បាន​​​កាត់​​​ប្រាក់​​មុខងារ​និង​តួនាទី​​​របស់​​​ពួកគេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឧទាហរណ៍​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​សម​​​ទទួល​​​បាន​​​ប្រាក់​​​៦០០.០០០រៀល​​​ បន្ទាប់​​​ពី​​​ការ​​​ដំឡើង​​​ឋានន្តរ​ស័ក្តិ​​​ត្រូវ​បាន​កាត់​យក​​៦០​​​ទៅ​​​៧០​​​ភាគ​​​រយ​នៃ​ប្រាក់​មុខងារ​និង​តួនាទី​របស់​ខ្លួន ពីព្រោះ​​​ថ្នាក់​​​ដឹក​​​នាំ​​​នៅ​ស្នងការ​ដ្ឋាននគរ​​​បាល​​​ខេត្ត​​​បាន​​​កាត់​​​យក”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក សំអាន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ដឹង​​​ត្រឹម​​​តែ​​​ថា​​​ សហសេវិក​​​របស់​​​លោក​​​ម្នាក់​​​នៅ​​​ក្នុង​​​ការិយាល័យ​នគរបាល​ខេត្ត​បើក​ប្រាក់​មុខងារ​និង​តួនាទី​​​មិន​​​ត្រឹម​​​​​​ត្រូវ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ករណី​​​នេះ​​​មិន​​​ពាក់​​​ព័ន្ធ​​​រូប​​​ខ្ញុំ​​​ទេ​​​ វា​​​ពាក់​​​ព័ន្ធ​​​តែ​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​ប៉ុណ្ណោះ គឺ​​​លោក​​​វរសេនីយ៍​​​ត្រី ជឹម លក្ខិណា អនុប្រធាន​​​ការិយាល័យ​​​គណនេយ្យដែល​​​មិន​​​បាន​​​បើក​​​ប្រាក់​​​មុខងារ​និង​តួនាទី​ឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​ពេញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “កូន​​​ចៅ​​​របស់​​​ខ្ញុំ​​​បាន​​​ត្អូញ​​​ត្អែរ​​​ប្រាប់​​​ខ្ញុំ​​​អំពី​​​ករណី​​​នេះ ហើយ​​​ខ្ញុំ​​​បាន​​​អប់​​​រំ​​​លោក លក្ខិណា ម្តង​​​រួច​​​មក​​​ហើយ ប៉ុន្តែ​​​ គាត់​​​មិន​​​ស្តាប់​​​​​”។

លោក សំអាន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​មន្ត្រី​​​នគរ​​​បាល​​​ជាតិ​​​ទាក់​​​ទង​​​បញ្ហា​​​នេះ​​​។

លោក ឆាយ សាវុធ អនុ​​​ប្រធាន​​​​​​អង្គភាព​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ការ​​​ដាក់ពាក្យ​​​បណ្ដឹង​​​របស់​​​លោក​​​ ចន្ធី ទេ ពីព្រោះ​​​លោក​​​រវល់​​​ពិនិត្យ​​​តាម​ដាន​ការ​​​ប្រឡង​​​សញ្ញា​បត្រ​មធ្យម​​​សិក្សា​​​ទុតិយភូមិ​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក ខៀវ សុភ័គ អ្នក​​​នាំ​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក​​​ គៀត​​​ ច័ន្ទថារិទ្ធ​​ អ្នក​​​នាំ​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស