30 C
Phnom Penh

ស្ត្រី​​​ទេសចរ​​​បរទេស​​​សារភាព​​​​​​​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ឲ្យ​​​​​ពុទ្ធប្បដិមា​​​បាក់​​​បែក​​​ក៏​​​ដោយ​​​សារ​​​តែ​​​មាន​​​សំឡេង​​​អាថ៌កំបាំង​​​ខ្សឹប​​​ឲ្យ​​​ខ្លួនធ្វើ​​​បែប​​​នោះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ទេសចរ​​​បរទេស​​​​​​ម្នាក់​​​ ដែល​​​អាជ្ញាធរ​​​កម្ពុជា​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ដោយ​​​សារ​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​មួយ​​​​​​ព្រះ​​​អង្គ​​​នៅ​​​ក្នុង​​​ប្រាសាទ​​​បាយ័ន​​​នៅ​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​​​​បាក់​​​បែក​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​នោះ​​​ បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​បែប​​​​​​​​​នោះមែន​​​។ នាង​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​របស់​​​នូវែល​​​សេឡង់​​​ថា នាង​​​បំផ្លាញ​​​ពុទ្ធប្បដិមា​​​នោះ​​​ដោយ​​​សារ​​​តែ​​​​​​ពុទ្ធប្បដិមា​​​នោះ “មិន​​​មែន​​​ជា​​​កម្មសិទ្ធិ​​​” នៅ​​​ក្នុង​​​ប្រាសាទ​​​នេះ។ 

ស្ត្រី​​​ជន​​​ជាតិ​​​ហូឡង់ វីឡេមីន វើម៉ាត (Willemijn Vermaat) អាយុ​​​៤០​​​ឆ្នាំ​​​ ដែល​​​ជា​​​ពល​​​រដ្ឋ​​​ស្នាក់​​​នៅ​​​អចិន្ត្រៃយ៍​​​ក្នុង​​​ប្រទេស​​​នូវែល​​​សេឡង់​​​នេះ បាន​​​និយាយ​​​ថា នាង​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធ​​​ប្បដិមា​​​នេះបាក់​​​បែក ​​​នៅ​​​ពេល​​​នាង​​​បាន​​​ឮ​​​សំឡេង​​​មួយ​​​ខ្សឹប​​​ប្រាប់​​​នាង​​​ថា ប្រាសាទ​​​ដែល​​​ឧទ្ទិស​​​ថ្វាយ​​​ដល់​​​ព្រះ​​​ពុទ្ធ​​​នេះ​​​ តាម​​​ពិត​​​ជា​​​ប្រាសាទ​​​ដែល​​​គេ​​​សង់​​​ឡើង​​​ដើម្បី​​​ឧទ្ទិស​​​ដល់​​​អាទិទេព​​​ស្រី​​​​​មួយ​​​អង្គ​​​​​​ព្រះ​​​នាម អីុណាណា​​​ (Inana) ។

ស្ត្រី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​គេ​​ហ​​​ទំព័រ​​​ Stuff.co.nz បន្ទាប់​​​ពី​​​វិល​​​ត្រឡប់​​​ទៅ​​ទី​​​​ក្រុង​​​វេលីង​​​តុន (Wellington) ​​​​​​​​​​​​​​​ប្រទេស​​​នូវែល​​សេឡង់ ​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​ទៅ​​​ដល់​​​ទី​​​នោះ ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​​​​យ៉ាង​​​ចម្លែក​​ថា មាន​​​អ្វី​​​មួយ​​​កំពុង​​​និយាយ​​​មក​​​​​​កាន់​​​ខ្ញុំ​​​ ប៉ុន្តែ វា​​​ដូច​​​ជា​​​ការ​​​គិត​​​ផ្ទាល់​​​ខ្លួន​​​របស់​​​ខ្ញុំ​​​អ៊ីចឹង។សំឡេង​​​នោះ​​​ប្រាប់​​​ខ្ញុំ​​​ថា ខ្ញុំ​​​ត្រូវ​​​តែ​​​បោសសម្អាត​​​ប្រាសាទ​​​នោះ ពី​​​ព្រោះ​​​នៅ​​​ទី​​​នោះ​​​មាន​​​សំរាម​​​ច្រើន​​​ណាស់​​​ដែល​​​​​​ព្រះ​​​សង្ឃ​​​ និង​​​អ្នក​​​​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​ពង្រាយ​​​”។

ស្ត្រី​​​រូ​​​ប​​​នេះ​​​ដែល​​​តាម​​​សេចក្តី​​​រាយការណ៍​​​ថា ជា​​​បណ្ឌិត​​​ផ្នែក​​​ភាសា​​​វិទ្យា​​​បាន​​​ប្រាប់​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​នេះ​​​ថា នាង​​​បាន​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ ខណៈ​​​មន្ត្រី​​​អាជ្ញាធរ​​​អប្សរា បាន​​​តាម​​​រក​​​នាង​​​​​​នៅ​​​ក្នុង​​​ប្រាសាទ បន្ទាប់​​​ពី​​​ម៉ោង​​​ដើរ​​​ទស្សនា​​​​​​ចប់។

ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា ក្រោយ​​​មក​​​នាង​​​បាន​​​ត្រឡប់​​​ទៅ​​​ក្នុង​​​ព្រៃ​​​​​ប្រសាទ​​​នោះវិញ​​​ដើម្បី​​​ធ្វើ​​​សមាធិ ហើយ​​​ក៏​​​បាន​​​សម្រេច​​​ចិត្ត​​​រំកិល​​​ពុទ្ធប្បដិមា​​​នោះ​​​ បន្ទាប់​​​ពី​​​មាន​​​សំឡេង​​​មួយ​​​បាន​​​ប្រាប់​​​ឲ្យ​​​នាង​​​​​​ធ្វើ​​​ដូច្នេះ​​​ ហើយ​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​នោះ​​​បាក់​​​បែក​​​ដោយ​​​អចេតនា​​​​​​​​​ពេល​​​ព្យាយាម​​​រំកិល​​​។

នាង​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​សម្រេច​​​ចិត្ត​​​និយាយ​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដោយ​​​សារ​​​​​​ខ្ញុំ​​​គិត​​​ថា នោះ​​​ជា​​​អ្វី​​​ដែល​​​ [ទេវ អីុណាណា ] ចង់​​​បាន​​​ ពីព្រោះ​​​ព្រះ​​​អង្គ​​​បាន​​​បង្ហាញ​​​ថា វា​​​គឺ​​​ជា​​​ប្រាសាទ​​​របស់​​​ព្រះ​​​អង្គ​​​ គឺ​​​មិន​​​មែន​​​​​​ជា​​​​​​ប្រាសាទ​​​របស់​​​ពុទ្ធ​​​ប្បដិមា​​​ទេ ពីព្រោះ​​​មាន​​​អ្នក​​​ផ្លាស់​​​ប្តូរ​​​វា​​​ឲ្យ​​​ក្លាយ​​​ទៅ​​​ជា​​​ប្រាសាទ​​​ពុទ្ធ​​​សាសនា”។

ស្ត្រី​​​រូប​​​នេះ​​​ដែល​​​ត្រូវ​​​បានកម្មករ​​​ស្តារ​​​ប្រាសាទ​​​ឡើង​​​វិញ​​​ប្រទះ​​​ឃើញ​​​​​​កាល​​​ពី​​​​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​​​​បាត់​​​ខ្លួន​​​នៅ​​​ល្ងាច​​​មុន​​​នោះ ត្រូវ​​​បាន​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ឃាត់​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ បន្ទាប់​​​មក​​​ក៏​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ។

ពេល​​​នេះ​​​អាជ្ញាធរ​​​អប្សរា និង​​​នគរ​​​បាល​​​បាន​​​ចាប់​​​ផ្តើម​​​ស្វែង​​​រក​​​នាង​​​ឡើង​​​វិញ​​​​​​ បន្ទាប់​​​ពី​​​​​​​​​​​​​​​ប្រទ​​​ះឃើញ​​​ពុទ្ធប្បដិមា​​​ដែល​​​មាន​​​អាយុ​​​កាល​​​តាំង​​​ពី​​​រាជ​​​ព្រះបាទ​​​ជ័យ​​​វរ​​​្ម័ន​​​ទី​​​៧​​​នៅ​​​ចុង​​​សតវត្សរ៍​​​ ទី​​​១២​​​ និង​​​ដែល​​​​​​ត្រូវ​​​បាន​​​ស្តារ​​​ឡើង​​​វិញ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៨៨​​​នេះ​​​បែក​​​បាក់ ប៉ុន្តែ នាង​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​បាត់​​​ទៅ​​​ហើយ​​​។

លោក លីម ស្រូ៊ អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ប៊ុន ណារិទ្ធិ​​​ អគ្គនាយក​​​អាជ្ញាធរ​​​អប្សរា​​​​​​​​​បាន​​​ជួប​​​​​​ជា​​​មួយ​​​អភិបាល​​​រង​​​ខេត្ត​​​ ប៊ុន​​​​​​ ថារិទ្ធិ កាល​​​ពី​​​​​ម្សិល​​​មិញ​​​ដើម្បី​ពិភាក្សា​​​​​​អំពី​​​បញ្ហា​​​នេះ ប៉ុន្តែ ​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​ទេ​​​៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស