34 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​ឲ្យ​សហជីព‘សកម្ម’ចូល​ចរចា​អំពី​ប្រាក់​ខែគោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​សន្យា​កាលពី​ម្សិលមិញ​ថា​នឹង​ផ្តល់​ឲ្យ​សហជីព ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​ចរចា​ប្រាក់ខែ​គោល​របស់​កម្មករ​កាត់​ដេរ​បច្ចុប្បន្ន​នូវ​សំឡេង​ដ៏​ធំ​ក្នុង​ការ​ចរចា ដោយ​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ថ្មី​មួយ ដែល​នឹង​ផ្តល់​យោបល់​ដល់​គណៈ​កម្មការ​ប្រឹក្សា​ការងារ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល។labor

គណៈកម្មការ​ប្រឹក្សាការងារ (LAC) បច្ចុប្បន្ន ដែល​មាន​តំណាង​១៤​រូប​មកពី​រដ្ឋាភិបាល ៧​រូប​មកពី​ខាង​រោងចក្រ និង​៧​រូប​ទៀត​មកពី​សហជីព រហូត​មកដល់​ពេល​នេះ មិន​បាន​ព្រមព្រៀង​គ្នា​លើ​ចំនួន​ប្រាក់​ត្រូវ​ដំឡើង​ទៅ​លើ​ប្រាក់​ខែ​១០០​ដុល្លារ​សព្វ​ថ្ងៃ​នេះ​ទេ។ ក្រសួង​ការងារ​បាន​ផ្អាក​ការ​ប្រជុំ​ថ្ងៃ​ទី​១០​ខែ​តុលា ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គណៈ​កម្មការ​នេះ​មាន​បំណង​ដាក់​ចេញ​អនុសាសន៍​របស់​ខ្លួន ហើយ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ជួប​ប្រជុំ​នៅ​ខែ​វិច្ឆិកា​វិញ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ពិត​ប្រាកដ​ទេ។

បន្ទាប់ពី​មាន​ការ​ជួប​ប្រជុំ​ជាមួយ​សមាជិក​សភា​ដោយ​បិទទ្វារ​នៅ​សភា​ជាតិ​កាលពី​ថ្ងៃ​អង្គារ លោក អិុត សំហេង បាន​មាន​ប្រសាសន៍​ថា សហជីព​តូចៗ​ដែល​​មិន​បាន​ចូលរួម​ក្នុង​គណៈ​កម្មការ​ប្រឹក្សា​ការងារ នឹង​មាន​សំឡេង​របស់​ខ្លួន ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​ថ្មី ដែល​នឹង​ផ្តល់​សំឡេង​ស្មើ​គ្នា​ដល់​ភាគី​ទាំងអស់។

“ពី​ថ្ងៃ​ទី​២០​ខែ[តុលា] ក្រសួង​នឹង​បង្កើត​ក្រុម​ការងារ​៣​ភាគី ដែល​នឹង​បញ្ចូល​សហជីព​៩​ដែល​ពាក់​ព័ន្ធ តំណាង​និយោជក​៩​រូប និង​មនុស្ស​៩​រូប​មកពី​រដ្ឋាភិបាល ដើម្បី​ការ​ពិភាក្សា​បច្ចេកទេស មុន​ពេល​ផ្តល់់​យោបល់​របស់​ខ្លួន​ទៅ​គណៈ​កម្មការ​ប្រឹក្សា​ការងារ។

ក្នុង​ចំណោម​សហជីព​៧​នៅ​គណៈ​កម្មការ​ប្រឹក្សា​ការងារ មាន​តែ​២​ប៉ុណ្ណោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ឯករាជ្យ​ពី​រដ្ឋាភិបាល។ លោក អិុត សំហេង មិន​បាន​មាន​ប្រសាសន៍​ថា សហជីព​ណា​ខ្លះ​នឹង​ចូលរួម​ក្នុង​ក្រុម​ការងារ​ថ្មី​នេះ​ទេ ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សហជីព​ទាំង​នោះ​នឹង​ត្រូវ​ជ្រើសរើស​ពី​ចំណោម​សហជីព”សកម្ម”​ថែម​ទៀត។

កម្មករ​រោងចក្រ​កាត់ដេរ​ប្រហែល​៤០០​នាក់​មក​ពី​សហជីព​ទាំង​នោះ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សភា​ជាតិ។ បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​សមាជិក​សភា លោក សំហេង បាន​ប្រាប់​កម្មករ​ថា លោក​ចង់​ឃើញ​ពួកគេ​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ។

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​​បង​ប្អូន​ទាំងប្រុស​ទាំងស្រី​មាន​ប្រាក់​ខែ​ច្រើន​ណាស់ ពីព្រោះ​ខ្ញុំ​ដឹង​ថា បង​ប្អូន​មាន​ជីវភាព​ខ្វះខាត​ណាស់។ ប៉ុន្តែ​ក្នុង​ការ​ចរចា​ជា​ច្រើន​លើក អ្នក​ដែល​សុំ​ចង់​បាន​ច្រើន ហើយ​អ្នក​ដែល​ឲ្យ​ចង់​ឲ្យ​តិច ដូច្នេះ​យើង​ត្រូវ​ចរចា​រហូត​ដល់​យើង​ព្រមព្រៀង​គ្នា”។

ទាំង​រដ្ឋាភិបាល​ទាំង​រោងចក្រ​សុទ្ធ​តែ​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​តែ​១០​ដុល្លារ​ប៉ុណ្ណោះ​លើ​ប្រាក់​ឈ្នួល​អប្បបរមា។ ក្រុម​សហជីព​លើក​ឡើង​ថា ពួកគេ​នឹង​មិន​ទទួល​យក​ទេ បើ​មិន​បាន​ដំឡើង​ដល់​៥០​ដុល្លារ​ទេ​នោះ។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សហព័ន្ធ​​​សហជីព​​​​​​ចលនា​​​កម្មករ បាន​ស្វាគមន៍​ព័ត៌មាន​អំពី​ក្រុម​ការងារ​ថ្មី​នេះ បើ​ទោះជា ក្រុម​ការងារ​ថ្មី​នេះ​មិន​ផ្តល់​ឲ្យ​សហជីប​របស់​លោក​មាន​តួនាទី​ក្នុង​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ក៏​ដោយ។

លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មានព្រឹត្តិការណ៍ ឬ​បាតុកម្ម​ណាមួយ បន្ទាប់ពី​គណៈ​កម្មការប្រឹក្សា​ការងារ​ប្រកាស​ប្រាក់ឈ្នួល​ថ្មី​នេះ​ទេ។ ក្រុម​នេះ​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​អំពើ​ហិង្សា​និង​បាតុកម្ម ពីព្រោះវា​បាន​បញ្ចូល​សហជីព​សកម្ម ដូច​សហជីព​របស់​ខ្ញុំ”។

សហជីព​មួយ​ចំនួន រាប់ទាំង​សហជីព​របស់​លោក ប៉ាវ ស៊ីណា ផង បាន​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​កាលពី​ខែ​ធ្នូ បន្ទាប់ពី​ក្រសួង​ការងារ​បាន​​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​៩៥​ដុល្លារ ខុស​គ្នាឆ្ងាយ​ពី​១៦០​ដុល្លារ ដែល​កម្មករ​កំពុង​ទាមទារ​ចង់បាន​នៅ​ពេល​នោះ។

ពីរបី​ថ្ងៃ​បន្ទាប់​មក ក្រសួង​ការងារ​បាន​ដំឡើង​ប្រាក់​ឈ្នួល​ដល​់​១០០​ដុល្លារ ប៉ុន្តែ​មិន​អាច​បញ្ចប់​ចលាចល​បាន​ទេ។ កូដកម្ម​នេះ​មិន​បាន​បញ្ចប់​ឡើយ រហូត​ដល់​កង​កម្លាំង​រាជអាវុធហត្ថ​បាញ់​លើ​ក្រុម​កម្មករ​កាត់ដេរ​ដែល​កំពុង​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោចណាស់​៥​នាក់ និង​របួស​រាប់​សិប​នាក់​ផ្សេង​ទៀត។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ក៏​មាន​សុទិដ្ឋិ​និយម​យ៉ាង​ប្រយ័ត្ន​ប្រយែង​អំពី​ក្រុម​ការងារ​ថ្មី​នេះ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​អាស្រ័យ​លើ​អ្នក​ដែល​ជា​សមាជិក”។

ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ខ្លួន​ឯង​ធ្វើ​ជា​ប្រធាន​គណៈ​កម្មការ​ប្រឹក្សា​ការងារ​នោះ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​ពិបាក​ជួប​ប្រជុំ​គ្នា​ជាញឹកញាប់។ ប្រសិនបើ​តំណាង​រដ្ឋាភិបាល​ក្នុង​ក្រុម​ការងារ​ថ្មី​នេះ​ជា​មន្ត្រី​ថ្នាក់​ទាប លោក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​អាច​ជួប​ប្រជុំ​គ្នា​បាន​ញឹក​ញាប់​ជាង ហើយ​រាល់​កិច្ច​ប្រជុំ​ទាំងអស់​អាច​ជា​ឱកាស​ល្អ​មួយ”។

ថ្លែង​អំពី​បញ្ហា​មួយ​ដោយ​ឡែក លោក សំហេង បាន​ប្រាប់​កម្មករ​កាត់ដេរ​ដែល​ជួបជុំ​គ្នា​នៅ​ខាង​ក្រៅ​សភា​ថា លោក​នឹង​ព្យាយាម​ដោះស្រាយ​វិវាទ​ការងារ​ដែល​កំពុង​កើត​ឡើង​នៅ​រោងចក្រ ចៀន ឡឹ ក្នុង​ក្រុង​ភ្នំពេញ។

កម្មករ​ប្រហែល​១.០០០​នាក់​នៅ​រោងចក្រ​នេះ​បាន​ដើរ​ចេញ​មិន​ធ្វើ​ការ​កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា បន្ទាប់ពី​តំណាង​សហជីព​ម្នាក់​របស់​ពួកគេ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ពេល​ដែល​រោងចក្រ​នេះ​ប្តូរ​ម្ចាស់​​កាលពី​ខែ​សីហា។ កម្មករ​ក៏​ព្រួយ​បារម្ភ​ផងដែរ​ថា ការ​លក់​រោងចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ប្រាក់​បំណាច់​ការងារ​របស់​ខ្លួន។

លោក សំហេង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ធានាថា ប្រាក់​អតីត​ភាព​ការងារ​របស់​បង​ប្អូន​នឹង​មិន​បាត់បង់​ឡើយ”។មានិត

(រាយការណ៍​បន្ថែម​ដោយ ZsomborPeter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស