ប្រជាពលរដ្ឋខ្មែរចំនួន២០០គ្រួសារ ដែលបានប្តឹងក្រុមហ៊ុន ថេត អែន លីល (Tate & Lyle) របស់ចក្រភពអង់គ្លេស នៅក្នុងទីក្រុងឡុងដ៍ជុំវិញស្ករសដែលក្រុមហ៊ុននេះបានទិញពីក្រុមហ៊ុនចម្ការអំពៅក្នុងស្រុកចំនួនពីរ ដែលរងការចោទប្រកាន់ថា បានលួចប្លន់ដីរបស់ពួកគាត់នោះ បានផ្លាស់ប្តូរមេធាវី ជាហេតុធ្វើឲ្យការចាប់ផ្តើមសវនាការជំនុំជម្រះ ដែលរំពឹងថានឹងចាប់ផ្តើមនៅខែនេះ ត្រូវពន្យារពេល។
គ្រួសារទាំងនេះចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅរបស់ថៃនៅក្នុងខេត្តកោះកុង ដែលពីមុនជាសហកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាថាបានលួចប្លន់ដីកសិកម្មរបស់ពួកគាត់ចាប់ពីឆ្នាំ២០០៦មក និងធ្វើឲ្យពួកគាត់ជំពាក់បំណុលគេ។ ពួកគាត់បានអំពាវនាវឲ្យធ្វើពហិការកុំទិញ “ស្ករសឈាមនេះ” ហើយបានប្តឹងក្រុមហ៊ុន Tate & Lyle នៅក្នុងទីក្រុងឡុងដ៍ កាលពីខែមីនា ឆ្នាំ២០១៣ ដោយអះអាងថា ក្រុមហ៊ុននេះបានជំពាក់ប្រាក់សំណងពួកគាត់ ពីព្រោះក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញពីស្ករស ដែលខ្លួនបានទិញពីក្រុមហ៊ុនចម្ការអំពៅទាំងនេះកាលពីឆ្នាំ២០១០ និងឆ្នាំ២០១១។
ដំបូងឡើយ ការិយាល័យមេធាវីអន្តរជាតិ Jones Day នៅក្នុងទីក្រុងឡុងដ៍ជាអ្នកទទួលដោះស្រាយសំណុំរឿងនេះដោយមិនយកកម្រៃ។ ការិយាល័យមេធាវី Leigh Day របស់ចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួនបានទទួលដោះស្រាយសំណុំរឿងនេះបន្ត ហើយបានស្នើសុំពន្យារពេលសវនាការជំនុំជម្រះនេះ។
លោកស្រី ឃើរេន អាដាម (Keren Adams) អ្នកប្រឹក្សាយោបល់នៅការិយាល័យមេធាវី Leigh Day បានលើកឡើងក្នុងអីុម៉េលមួយកាលពីសប្តាហ៍មុនថា “យើងបានទទួលដោះស្រាយសំណុំរឿងនេះបន្តពីការិយាល័យមេធាវី Jones Day ។ ការពន្យារពេលបើកសវនាការជំនុំជម្រះនេះត្រូវបានស្នើឡើង ដើម្បីធ្វើការកែប្រែមួយចំនួននូវវិធីដែលយើងចាប់ផ្តើមដំណើរការសំណុំរឿងរបស់យើង”។
លោកស្រី ឃើរេន អាដាម បានបដិសេធមិនបញ្ជាក់លម្អិតពីចំណុចដែលការិយាល័យមេធាវីនេះចង់ធ្វើការកែប្រែនៅក្នុងសំណុំរឿងដែលដាក់ប្តឹងដោយការិយាល័យមេធាវី Jones Day ទេ បុ៉ន្តែ បានមានប្រសាសន៍ថា សវនាការនេះទំនងជាត្រូវពន្យារពេលដល់ឆ្នាំក្រោយ។
លោកស្រីមានប្រសាសន៍ទៀតថា “កាលបរិច្ឆេទសម្រាប់សវនាការថ្មីមិនទាន់កំណត់នៅឡើយទេពីព្រោះចុងចោទចាំបាច់ត្រូវបញ្ជូនឈ្មោះមេធាវីការពារដែលត្រូវបានផ្លាស់ប្តូរជាមុនសិន។ សវនាការនេះទំនងជាត្រូវចុះបញ្ជីនៅពេលណាមួយក្នុងឆមាសទី១ដើមឆ្នាំក្រោយ”។
ប្រភពមួយនៅកម្ពុជា ដែលស្និទ្ធនឹងសំណុំរឿងនេះ និងដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា សំណុំរឿងនេះត្រូវបានប្រគល់ឲ្យទៅការិយាល័យមេធាវី Leigh Day ជាអ្នកដោះស្រាយដោយសារតែការិយាល័យនេះមានបទពិសោធច្រើនពាក់ព័ន្ធនឹងសំណុំរឿងស្រដៀងគ្នានេះ។ ប្រភពដដែលបានលើកឡើងទៀតថា ការិយាល័យមេធាវីថ្មីនេះត្រូវការពេលវេលាបន្ថែម ដើម្បីបន្ថែមសំអាងនៃបណ្តឹងប្តឹងក្រុមហ៊ុន Tate & Lyle ប៉ុន្តែ មិនបានបញ្ជាក់លម្អិតទៀតទេ។
លោក អាន ហាយ៉ា ជាចុងចោទម្នាក់ក្នុងចំណោមចុងចោទក្នុងសំណុំរឿងនេះ បានលើកឡើងថា គាត់ត្រូវមេធាវីប្រាប់ថា សវនាការនេះទំនងជាត្រូវចាប់ផ្តើមនៅខែមីនា ដោយចាប់ផ្តើមពីការផ្តល់សក្ខីកម្មរបស់ដើមបណ្តឹងប្រាំមួយនាក់ក្នុងចំណោមដើមបណ្តឹងទាំង២០០គ្រួសារ។
ក្រុមហ៊ុន Tate & Lyle បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសទេ ហើយខ្លួនបានព្យាយាមដោះស្រាយករណីនេះក្រៅប្រព័ន្ធតុលាការរួចមកហើយ។ កាលពីខែមិថុនា គ្រួសារទាំងនេះនិយាយថា ពួកគាត់បានច្រានចោលការផ្តល់ឲ្យ ៣០៥.០០០ដុល្លារ ជាថ្នូរនឹងការឲ្យពួកគាត់ដកពាក្យបណ្តឹង៕សុខុម (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)