26 C
Phnom Penh

គ្រួសារ​​​ដែល​​​គេ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ក្នុង​​​ផ្ទះ​​​នៅ​​​មាន​​​អារម្មណ៍​​​ភ័យ​​​ខ្លាច​​​នៅ​​​​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​​​តែ​​​មិត្ត​​​ភក្តិ​​​​​​ទុក​​​ចិត្ត​​​ទេ​​​ ដែល​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​លោក ស៊ន ស៊ីន អាយុ​​​៥៦​​​ឆ្នាំ ជា​​​អ្នក​​​គួក​​​ជេ​​​ដី​​​នៅ​​​មន្ទីរពេទ្យ​​​កាល់​​​ម៉ែត​​​​​​ក្នុង​​​រាជ​​ធានី​​​ភ្នំពេញ ជា​​​ទី​​​ដែល​​​លោក​​​ជា​​​សះ​​​ស្បើយ​​​ជា​​​បណ្តើរ​​​ៗ​​​ពី​​​របួស​​​ដោយ​​​សារ​​​ការ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់​​​លោក​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

សីុន​​​ ធាវី កូន​​​ស្រី​​​របស់​​​លោក​​​ ស៊ន ស៊ីន ដែល​​​គេ​ច​​​ផុត​​​ដោយ​​​មិន​​​រង​​​របួស ប៉ុន្តែ ប្អូន​​​ប្រុស​​​អាយុ​​​១១​​​ឆ្នាំ​​​របស់​​​នាង​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​ពី​​​ការ​​​ផ្ទុះ​​​គ្រាប់​​​បែក​​​នេះ ភ័យ​​​ខ្លាច​​​ក្រែង​​​ឪពុក​​​របស់​​​នាង​​​នឹង​​​អាច​​​ត្រូវ​​​គេ​​​វាយ​​​ប្រហារ​​​ម្តង​​​ទៀត​​​ប្រសិន​​​នាង​​​អនុញ្ញាត​​​ឲ្យ​​​ “ជន​​​ប្លែក​​​មុខ​​​” ចូល​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ឪពុក​​​របស់​​​នាង​​​។

ធាវី បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ករណី​​​នេះ​​​គឺ​​​វា​​​អាថ៌កំបាំង​​​ណាស់។ វាលំបាក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ឃាត​​​ករ​​​។ យើង​​​កំពុង​​​តែ​​​ប្រុង​​​ប្រយ័ត្ន​​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​ជន​​​ដែល​​​​​​មិន​​​ស្គាល់​​​ និង​​​ប្លែក​​​មុខ​​​​​​​​​​​​​​​​​​ គឺ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​សួរ​​​សុខ​​​ទុក្ខ​​​គាត់​​​ទេ​​​”។

ធាវី កំពុង​​​ទទួល​​​​​​ទាន​​​អាហារ​​​ពេល​​​ល្ងាច​​​ជា​​​មួយ​​​គ្រួសារ​​​របស់​​​នាង​​​នៅ​​​ទី​​​ធ្លា​​​មុខ​​​ផ្ទះ​​​​​​ក្នុង​​​សង្កាត់​​​ឃ្មួញ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ទី​​​៩ ខែ​​​តុលា​​​​​​ នៅ​​​ពេល​​​នោះ​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​​​​ឆ្លង​​​កាត់​​​ ហើយ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ទី​​​ធ្លា​​​មុខ​​​ផ្ទះ​​​របស់​​​នាង​តែ​​​ម្តង​​​។

ស៊ីន ដារ៉ា​ ដែល​​​ជា​​​ប្អូន​​​ប្រុស​​​របស់​​​ ធាវី បាន​​​ស្លាប់​​​​​​នៅក្នុង​មន្ទីរ​​​ពេទ្យ​​​គន្ធ​​​បុប្ផា​​​នៅ​​​​​​បី​​​បួន​​​ម៉ោង​​​ក្រោយ​​​កើត​​​ហេតុ​​​។ ឪពុក​​​របស់​​​នាង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​មែ៉ត​​​ ដោយ​​​មាន​​​របួស​​​រលាក​​​ជើង​​​ និង​​​បៀម​​​​អំបែង​​​គ្រាប់​​​ត្រង់​​​ពោះ​​​។​ក្មេង​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​ម្នាក់​​​ និង​​​បុរស​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​រួម​​​មាន​​​មិត្ត​​​ភក្តិ​​​ជិត​​​ស្និទ្ធ​​​្ធ​​​របស់​​​លោក​​​ ស៊ន ស៊ីន គឺ​​​លោក ដន សុខ អាយុ​​​៣២​​​ឆ្នាំ​​​​​​​​​​​​ ជា​​​អ្នក​​​រក​​​ស៊ី​​​ចង​​​ការ​​​ប្រាក់​​​សុទ្ធ​​​តែ​​​​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​នៅ​​​ឡើយ​​​។

នៅ​​​យប់​​​ថ្ងៃ​​​កើត​​​ហេតុ​​​មន្ត្រី​​​នគរ​​​បាល​​​​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​ ដែល​​​ម៉ូតូ​​​របស់​​​ពួក​​​គេ​​​មាន​​​ពណ៌​​​ក្រហម​​​​​​ដូច​​​ម៉ូតូ​​​ជន​​​សង្ស័យ​​​ដែល​​​សាក​​្សី​​​បាន​​​រៀប​​​រាប់​​​ប្រាប់​​​ ប៉ុន្តែ ពួក​​​​​​គេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​នៅ​​​ពេល​​​គេ​​​ដឹង​​​យ៉ាង​​​ច្បាស់​​​ថា ពួក​​​គេ​​​មិន​​​មែន​​​ជា​​​ជន​​​ដៃ​​​ដល់​​​។

លោក យឹម​​​ ដាវុធ ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​​​​​​​របស់​​​នគរ​​​បាល​​​ខណ្ឌ​​​ដែល​​​ទទួល​​​បន្ទុក​​​​​​ករណី​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​រៀប​​​រាប់​​​ពី​​​ករណី​​​នេះ​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ពេល​​​លោក​​​បាន​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ចេញ​​​ពី​​​ការិយាល័យ​​​របស់​លោក​​​ថា “ខ្ញុំ​​​កំពុង​​​ធ្វើ​​​ការ​​​​​​លើ​​​ករណី​​​នេះ​​​ ប៉ុន្តែ ខ្ញុំ​​​សូម​​​បដិសេធ​​​មិន​​​ប្រាប់​​​អ្វី​​​ឡើយ​​​។ ប្រសិន​​​បើ​​​អ្នក​​​រក​​​ឃើញ​​​អ្នក​​​ដែល​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​សូម​​​ជួយ​​​ប្រាប់​​​ខ្ញុំ​​​ផង​​​”។

លោក ញៀន ណន នាយ​​​នគរ​​​បាល​​​សង្កាត់​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ជន​​​ដៃ​​​ដល់​​​ធ្វើ​​​រឿង​​​នេះ​​​ប្រហែល​​​ជា​​​ទាក់​​​ទង​​​នឹង​​​រឿង​​​គំនុំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មែន​​​​​​ត្រឹម​​​តែ​​​នគរ​​​បាល​​​របស់​​​ខ្ញុំ​​​ទេ​​​ ប៉ុន្តែ នគរ​​​បាល​​​ផ្សេង​​​ទៀត​​​ក៏​​​កំពុង​​ធ្វើ​​​ការ​​​លើ​​​ករណី​​​នេះ​​​ផង​​​ដែរ​​​។ ប៉ុន្តែ យើង​​​នៅ​​​មិន​​​ទាន់​​​មាន​​តម្រុយ​​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​”។

ប៉ុន្តែ ធាវី ដែល​​​បាន​​​បិទ​​​ហាង​​​លក់​​​គ្រឿង​​​ទេស​​​នៅ​​​ផ្ទះ​​​របស់​​​នាង ហើយ​​​មាន​​​ផែន​​​ការ​​​ផ្លាស់​​​ទៅ​​​នៅ​​​ផ្ទះ​​​មួយ​​​ផ្សេង​​​ទៀត​​​របស់​​​ឪពុក​​​នាង​​​មាន​​​យោបល់​​​មួយ​ផ្សេង​។

​​​នាង​​​បា​​​ន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន​​​្ទ ខណៈ​​​កំពុង​​​មើល​​​គេ​​​លើក​​​កេស​​​ស្រា​​​បៀរ​​​ដាក់​​​លើ​​​រថយន្ត​​​ដែល​​​មាន​​​​​​ស្នាម​​​ប្រហោង​​​ដោយសារ​​​គ្រាប់បែក​​​ថា “ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​គេ​គប់​​​គ្រាប់​​​បែក​​​ចង់​​​សម្លាប់​​​សមាជិក​គ្រួសារ​​​របស់​​​ខ្ញុំ​​​ ឬ​​​មិត្ត​​​ភក្តិ​​​របស់​​​ឪពុក​​​របស់​​​ខ្ញុំ​​​[លោក ដន សុខ អ្នក​​​រក​​​ស៊ី​​​ចង​​​ការ​​​ប្រាក់​​​]​​​​​​  ដែល​​​បាន​​​ទទួល​​​ទាន​​​អាហារ​​​ពេល​​​ល្ងាច​​​ជា​​​មួយ​​​គ្រួសារ​​​ខ្ញុំ​​​”។

ប៉ុន្តែ នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​លោក ដន សុខ​​​ បាន​​​និយាយ​​​ថា ខ្លួន​​​​​​មិន​​​​​​ដែល​​​​​​មាន​​​ទំនាស់​​​ជា​​​មួយ​​​អតិថិជន​​​ណា​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​មាន​​​បញ្ហា​​​ជា​​​មួយ​​​នរណា​​​ម្នាក់​​​ឡើយ រួម​​​ទាំង​​​អ្នក​​​ដែល​​​បាន​​​ខ្ចី​​​លុយ​​​ពី​​​ខ្ញុំ​​​ផង​​​ដែរ​​​”។

លោក ស៊ន ស៊ីន បាន​​​និយាយ​​​ថា ដី​​​ដែល​​​មាន​​​វិវាទ​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ដែល​​​លោក​​​បាន​​​លក់​​​ទៅ​​​ឲ្យ​​​​​​​​​អ្នក​​​ភូមិ​​​ចំនួន​​​ប្រាំពីរ​​​គ្រួសារ​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ក៏​​​អាច​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​គប់​​​គ្រាប់​​​​​​បែក​​​នេះ​​​ដែរ​​​។ លោក​​​បាន​​​និយាយ​​​ថា  លោក​​​បាន​​​ទិញ​​​ដី​​​នេះ​​​ពី​​​ស្ត្រី​​​ម្នាក់​​​ ដែល​​​បាន​​​ទិញ​​​ដីនេះ​​​ពី​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ទៀត​​​ដែល​​​ជា​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុន​​​​​​កូរ៉េ​​​មួយ​​​។

លោក កៃ​​​ វិសាល មេធាវី​​​របស់​​​ក្រុមហ៊ុន​​​កូរ៉េ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា វិវាទ​​​បាន​​​កើត​​​ឡើង​​​ព្រោះ​​​បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​បាន​​​លក់​​​ដី​​​នេះ​​​ដោ​យ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​។ រីឯ​​​លោក លី គឹមលុន ដែល​​​ជា​​​មេធាវី​​​របស់​​​លោក ស៊ន ស៊ីន វិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​គឺ​​​ស្រប​​​ច្បាប់​​​ទាំង​​​ស្រុង​​​។

អ្នកស្រី​​​ ឈិន​​​ ស្រី​​​នាង​​​ ប្រពន្ធ​​​ម្នាក់​​​​​​​​​ក្នុង​​​ចំណោម​​​ប្រពន្ធ​​​ចំនួន​​​បី​​​​​​នាក់​​​របស់​​​លោក ស៊ន ស៊ីន​​​  និង​​​ជា​​​ម្តាយ​​​របស់​​​ក្មេង​​​ប្រុស​​​ ស៊ីន ដារ៉ា​​​ បាន​​​និយាយ​​​ថា​​​ គាត់​​​មិន​​​អាច​​​ផ្ដល់​​​​​​តម្រុយ​​​ណា​​​មួយ​​​ឡើយ ហើយ​​​​​​ក៏​​​គ្មាន​​​សង្ឃឹម​​​ថា នឹង​​​អាច​​​រក​​​ជន​​​ដៃ​​​ដល់​​​ឃើញ​​​ដែរ។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​អាច​​​​​​រៀប​​​រាប់​​​ពី​​​អារម្មណ៍​​​របស់​​​ខ្ញុំ​​​បាន​​​ទេ។ ខ្ញុំ​​​រន្ធត់​​​ណាស់។ ខ្ញុំ​​​គិត​​​ថា ប្តី​​របស់​​​ខ្ញុំ​​​មិន​​​មែន​​​ជា​​​គោល​​​ដៅ​​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​នោះទេ ព្រោះគាត់​​​ជា​​​មនុស្ស​​​ល្អ ហើយ​​​ខ្ញុំ​​​គ្មាន​​​សង្ឃឹម​​​ថា នគរបាល​​​​​​អាច​​​ចាប់ខ្លួន​​​ឃាត​​​ករ​​​បាន​​​នោះ​​​ទេ​​​”៕ស៊ុយ​​​ឈាង​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស