29.3 C
Phnom Penh

ភរិយា​អ្នកកាសែត​ដែល​ត្រូវ​គេ​បាញ់សម្លាប់​ស្នើ​ឲ្យ​តុលាការ​បង្កើន​ការ​ស៊ើប​អង្កេត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​លោក តាំង ទ្រី អ្នកកាសែត​ដែល​ត្រូវ​គេ​បាញ់សម្លាប់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃអង្គារ​ ជំរុញ​ឲ្យ​មន្ត្រី​តុលាការ​​ធ្វើការ​ចោទ​ប្រកាន់​បុរ​ស​ពីរ​នាក់​បន្ថែម​ទៀត​ រួមមានមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្នុង​មូលដ្ឋាន​ម្នាក់​ពី​បទ​សម្លាប់​ប្តី​របស់​អ្នកស្រី​កាល​ពី​ថ្ងៃអាទិត្យ។

តុលាការ​បាន​ចាប់ខ្លួន​និង​ធ្វើការ​ចោទ​ប្រកាន់​បុរស​បី​នាក់​ពី​បទ​មនុស្ស​ឃាត​រួច​ហើយ ហើយ​ពួកគេ​ទាំង​នេះ​គឺ​ជា​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋ។ នគរបាល​លើកឡើង​ថា ជន​ទាំង​នេះ​សារ​ភាព​ថា​ បាន​សម្លាប់​លោក តាំង ទ្រី អំឡុង​ការ​ផឹក​ស៊ី​នៅ​ពេល​យប់​ បន្ទាប់ពី​អ្នក​យក​ព័ត៌មាន​រូប​នេះ​បាន​គំរាម​លាតត្រដាង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​របស់​ពួកគេ​ នៅ​ពេល​ពួកគេ​មិន​ព្រម​ឲ្យ​ទូក​គាត់​ខ្ចី​នៅ​ព្រឹក​ថ្ងៃ​នោះ។

អ្នកស្រី ជឹម មុំ ភរិយា​របស់​លោក តាំង ទ្រី បាន​និយាយ​កាលពី​ម្សិល​មិញ​ថា អ្នក​ស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​​កាល​ពី​ថ្ងៃអង្គារ​​​ ដោយ​ស្នើសុំ​ឲ្យ​តុលាការ​​ចាប់ខ្លួន​និង​ធ្វើការ​ចោទ​ប្រកាន់​​លោក ឈុន ឃឿន មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្នួល និ​ង​លោក ឈុន ហឿន ជា​បង​ប្រុស​របស់​គាត់ ដែល​ជា​អ្នក​រក​ស៊ី​ឈើ​ក្នុង​មូលដ្ឋាន។

អ្នក​ស្រី​បាន​និយាយ​ថា “ទាំង​លោក ឈុន ឃឿន និង​លោក ឈុន ហឿន ជា​បង​ប្រុស​របស់​គាត់​​បាន​ឃុប​ឃិត​ជាមួយ​ជន​សង្ស័យ​បី​នាក់​​ដែល​បាន​សម្លាប់​ប្តី​របស់​ខ្ញុំ”។

លោក ទី សុវិន​ថាល់ ព្រះរាជ​អាជ្ញា​អម​​សាលាដំបូង​ខេត្ត​ បាន​អះ​អាង​ថា លោក​ទទួល​បាន​ពាក្យ​បណ្តឹង​នេះ​ហើយ ហើយ​លោក​បាន​ហុច​ទៅ​ព្រះ​រាជ​អាជ្ញា​រង​ឲ្យ​ចាត់​ការ​បន្ត​។

ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី មុំ លើ​លោក ឃឿន និង​លោក ហឿន កើត​ចេញ​ពី​ការ​អះ​អាង​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​កាសែត​មួយ​ក្រុម ដែល​លោក​ តាំង​ ទ្រី​ បាន​ធ្វើការ​ជាមួយ​នៅថ្ងៃ​ដែ​លោក​ត្រូវ​គេ​សម្លាប់។

កាលពី​ថ្ងៃច័ន្ទ លោក ជា លីហៀង និពន្ធ​នាយក​កាសែត​រស្មី​កូន​ខ្មែរ បាន​មាន​ប្រសា​សន៍​ថា​ លោក​នៅ​ជាមួយ​លោក តាំង​ ទ្រី មុន​ពេល​គាត់​ស្លាប់​បន្តិច​ ហើយ​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​បី​នាក់​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​​ការ​កាប់​ឈើ​ខុស​ច្បាប់​​ដឹក​នាំ​ដោយ​លោក ឃឿន និង​លោក ហឿន។

លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​យក​ព័ត៌មាន​មួយ​ក្រុម​​បាន​ទៅ​ឃ្លាំមើល​ការ​ដឹក​ឈើ​ចេញ​ចូល​កន្លែង​ស្តុក​ឈើ​របស់​លោក ឃឿន នៅ​យប់​នៃ​ការ​បាញ់សម្លាប់​នោះ ហើយ​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចូល​ពី​លោក​ ឃឿន ដោយ​ព្រមាន​ពួកគេ​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ។

ទាំង លោក ឃឿន និង​លោក ហឿន មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។ កាលពី​ថ្ងៃច័ន្ទ​ លោក ឃឿន បាន​និយាយ​ថា លោក​មិន​ជាប់ពាក់ព័ន្ធ​ករណី​នេះ​ទេ ហើយ​បាន​បដិសេធ​ថា លោក​មិន​បាន​ហៅ​ទូរស័ព្ទ​ទៅ​ទេ។

គេ​មិន​អាច​ទាក់​ទង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បានទេ។ លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

លោកស្រី ហ៊ាន ជាវ​គុណ អ្នក​ឃ្លាំមើល​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​​​ហុក​ប្រចាំ​ខេត្ត​នេះ​​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​បាន​ជួយ​អ្នកស្រី មុំ​ ក្នុង​ការ​ព្រាង​ពាក្យ​បណ្តឹង​ ហើយ​ថា បច្ចុប្បន្ន​នេះ​អង្គការ​នេះ​បាន​ជួយ​​រក​មេធាវី​ជូន​អ្នកស្រី៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស