31 C
Phnom Penh

អ្នកកាសែត​និង​អ្នក​កាប់​ឈើ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកកាសែត​ពីរ​នាក់​ដែល​បាន​ព្យាយាម​ថត​រូប​រថយន្ត​ភីក​អាប់​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង​ព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ​បាន​និយាយ​ថា ពួកគេ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ជាច្រើន​នាក់​ដេញ​តាម ហើយ​បុរស​បួន​នាក់​ទៀត​ប្រដាប់ដោយ​ដំបង​​មុន​ពេល​នគរ​បាល​បាន​ធ្វើ​អន្តរាគមន៍​ ប៉ុន្តែ​ស្នងការ​នគរបាល​ខេត្ត​​បាន​បដិសេធ​ការ​អះអាង​របស់​អ្នក​យក​ព័ត៌​មាន​ទាំងនោះ​ ហើយ​បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​​ជំរិត​ទារ​ប្រាក់។

លោក សៅ វណ្ឌី អាយុ​៤៦ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ និង​លោក ប៊ុត ស៊ីកេន អាយុ​៣៤ឆ្នាំ​មកពី​កាសែត​ស្រឡាញ់​ជាតិ​ បាន​និយាយ​ថា ពួក​គាត់​បាន​បើក​បរ​ពីក្រោយ​​រថយន្ត​ធុន​ធំ​នោះ ដែល​ដឹក​ឈើ​គគីរ​ជា​ប្រភេទ​ឈើ​លេខ១ដែលពួកគាត់​សង្ស័យ​ថា ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​ តាម​ផ្លូវ​ជាតិ​លេខ​៦២ ក្នុង​សង្កាត់​​ប៉ាល​ហាល ស្រាប់តែ​​រថយន្ត​នោះ​បាន​ឈប់​ភ្លាម​ ហើយ​បុរស​ពីរ​នាក់​បាន​លោត​ចុះ​ពី​រថយន្ត។

លោក វណ្ឌី បាន​មាន​ប្រសាសន៍​ថា “យើង​គ្រាន់តែ​ព្យាយាម​ថត​រូប​ឈើ​នោះ​តែ​ប៉ុណ្ណោះ​ហើយ​យើង​មិន​បាន​ទារ​លុយ​ទេ ប៉ុន្តែ​មនុស្ស​ពីរ​នាក់​បាន​ចុះ​ពី​រថ​យន្ត​នោះ ហើយ​បាន​ស្រែក​ដាក់​ពួក​យើង​ ដោយ​អះ​អាង​ថា​ឈើ​នេះ​ជា​របស់​មន្ត្រី​ម្នាក់​បម្រើ​ការ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ”។ លោក​បាន​បន្ថែម​ថា​ បន្ទាប់មក​បុរស​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​ឧត្តម​សេនីយ៍​ត្រី ស៊ី គិរី ស្នង​ការ​នគរ​បាល​ខេត្ត​។

លោក វណ្ឌី បាន​មាន​ប្រសាសន៍​ថា ១០នាទី​ក្រោយ​មក​​ បុរស​បួន​នាក់​ទៀត​​បាន​ជិះ​រថយន្ត​មក​ដល់ ហើយ​ពួកគេ​ទាំង​ប្រាំមួយ​នាក់​បាន​ព្យាយាម​វាយ​អ្នក​យក​ព័ត៌មាន​ដោយ​ប្រើ​ដំបង​ និង​ដែក​បំពង់​ទីប។

លោក​បាន​មាន​ប្រសាសន៍​ថា​”​មនុស្ស​ប្រាំមួយ​នាក់​បាន​បំបែក​គ្នា​ជា​ពីរ​ក្រុម​ដោយ​មួយ​ក្រុម​មាន​គ្នា​បី​នាក់ ហើយ​បុរស​ម្នាក់​បាន​ដេញ​ខ្ញុំ ហើយ​ម្នាក់​ទៀត​ដេញ​សហ​សេវិក​របស់​ខ្ញុំ បន្ទាប់មក​ បុរស​ម្នាក់​បាន​ទាត់​​ខ្ញុំ​ពីរ​ជើង​ចំ​ខ្នង​ ខណៈ​ពេល​ខ្ញុំ​កំពុង​រត់”។

លោក ស៊ីកេន ដែល​បាន​ចូល​បម្រើការ​ងារ​នៅ​កាសែត​ស្រឡាញ់​ជាតិ​​ទើបតែ​ពីរ​សប្តាហ៍​នោះ​​បាន​មាន​ប្រសាសន៍​ថា លោក​អាច​រត់​គេ​ច​ខ្លួន​រួច​ដោយ​រត់​ចូល​ក្នុង​ចម្ការ​ពោត។

ក្រុម​អ្នក​យក​ព័ត៌មាន​លើក​ឡើង​ថា បន្ទាប់ពី​រត់​គេ​ច​ទៅ​កន្លែង​មាន​សុវត្ថិភាព នគរបាល​ប្រាំពីរ​នាក់​បាន​លេច​មុខ ហើយ​បាន​ឲ្យ​បុរស​ប្រដាប់ដោយ​អាវុធ​ទាំង​នោះ​បន្ត​ដេញ​តាម​មុន​ពេល​នាំ​អ្នក​យក​ព័ត៌មាន​ទាំង​នោះ​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត។

ឧត្តម​សេនីយ៍​ត្រី គិរី ស្នង​ការ​នគរបាល​ខេត្ត​​បាន​និយាយ​ពី​ហេតុ​ការ​ណ៍​កាលពី​ថ្ងៃអាទិត្យ​នេះ​ផ្សេង​ទៅវិញ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​យក​ព័ត៌មាន​ទាំងនោះ​សារភាព​ថា បាន​ព្យាយាម​ជំរិត​ទារ​ប្រាក់​៣០០ដុល្លារ​ពី​អ្នក​បើ​ក​បរ​ ដែល​គ្រាន់​តែ​ដឹក​គ្រឿង​សង្ហារិម​តែប៉ុណ្ណោះ ដោយ​សន្យា​ថា នឹង​មិន​ចុះ​ផ្សាយ​អត្ថបទ​ពី​ឈើ​នេះ​ជា​ថ្នូរ​នឹង​ប្រាក់។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​របស់​យើង​ថា អ្នកកាសែត​ពីរ​នាក់​បាន​ឃាត់​រថយន្ត​ ហើយ​បាន​​ទារ​ប្រាក់​៣០០ដុល្លារ​ ប៉ុន្តែ​ថា អ្នក​បើក​បរ​បាន​បដិសេធ ហើយ​ក៏​មាន​ជម្លោះ​កើត​ឡើង​នៅ​ពេល​អ្នក​កាសែត​ទាំងនោះ​ព្យាយាម​ថត​រូប​រថយន្ត​នោះ”។

ឧត្តម​សេនីយ៍​ត្រី គិរី បាន​ច្រាន​ចោល​ការ​ដែល​ថា​​បុរស​បួន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​វាយ​អ្នក​កាសែត​ទាំង​នោះ ដែល​លោក​លើក​ឡើង​ថា បាន​រត់ចោល​រថយន្ត​ដោយ​ខ្លួន​ឯង។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្នកកាសែត​ពីរ​នាក់​បាន​សារ​ភាព​ថា​ ពួកគេ​បាន​ព្យាយាម​ជំរិត​ទារ​ប្រាក់​ពី​អ្នក​បើ​ក​រថយន្ត​ដឹក​ឈើ​នោះ ហើយ​យើង​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​មក​យក​រថយន្ត​របស់​ខ្លួន​វិញ បន្ទាប់ពី​ពួក​គេ​បាន​សូម​អភ័យ​ទោស​ ហើយ​សន្យា​ថា​ នឹង​មិន​ធ្វើ​ដូច​នេះ​ទៀត​ឡើយ”៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស