27 C
Phnom Penh

តំណាង​​​ធំៗ​​​មក​​​ពី​​​ប្រទេស​​​​​​ជា​​​ច្រើន​​​​​​ជួប​​​ប្រជុំ​​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​​​​ឧស្សាហកម្ម​​​កៅស៊ូ​​​នៅ​​​ក្នុង​​​តំបន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​ឧស្សាហកម្ម​​​កៅស៊ូ​​​កម្ពុជា​​​បាន​​​ជួប​​​ជា​​​មួយ​​​ក្រុមហ៊ុននាំ​​​ចេញ​​​កៅស៊ូ​​​​​​ធំៗ​​​នៅ​​​អាស៊ីកាល​​​ពី​​​សប្តាហ៍​​​មុន ដើម្បីកំណត់​​​តម្លៃ​​​អប្បបរមា​​​សម្រាប់​​​ទំនិញ​​​កៅស៊ូ​​​ធម្មជាតិ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ជួយ​​​សង្គ្រោះ​​​ឧស្សាហកម្ម​​​នេះ​​​ដែល​​​កំពុង​​​តែ​​​ជួប​​​ប្រទះ​​​ការ​​​ធ្លាក់​​​ថ្លៃ​​​យ៉ាង​​​គំហុក​​​។​​​​​​​​​​​​​​​

លោក​​​ ម៉ែន សុភ័ក្រ អគ្គលេខា​​​​​​ធិការ​​​សមាគម​​​អភិវឌ្ឍ​​ន៍​​​​កៅស៊ូ​​​​​​នៅ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​មក​​​ពី​​​ប្រទេស​​​ថៃ​​​ ឥណ្ឌូ​​​នេស៊ី វៀតណាម ឥណ្ឌា ស្រីលង្កា​​​ ហ្វីលីពីន    និង ប៉ាពូអាស៊ី នូវែលហ្គីណេ បាន​​​ជួប​​​ប្រជុំ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​បាន​​​ព្រម​​​ព្រៀង​​​មិន​​​លក់​​​ជ័រ​​​កៅស៊ូ​​​ក្រោម​​​តម្លៃ​​​១.៥០០​​​ដុល្លារ​​​ឡើយ​​​ក្នុង​​​មួយ​​​តោន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ចំណាត់​​​ការ​​​នេះ​​​នឹង​​​ផ្តល់​​​គ្រឿង​​​លើក​​​ទឹក​​​ចិត្ត​​​បន្ថែម​​​ឲ្យ​​​បន្ត​​​ផលិត​​​កម្ម​​​សម្រាប់​​​​​​អ្នក​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កៅស៊ូ​​​របស់​​​កម្ពុជា​​​ ដែល​​​ពួក​​​គេ​​​ជា​​​ច្រើន​​​បាន​​​បោះ​​​បង់​​​ពាណិជ្ជកម្ម​​​នេះ​​​ចោល​​​ ដោយសារ​​​តែ​​​ប្រាក់​​​ចំណេញ​​​ដែល​​ទទួល​​​បាន​​​កាន់​​​តែ​​​តិច​​​ទៅ​​​ៗ។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “បច្ចុប្បន្ន​​​ កម្មករ​​​ និង​​​ក្រុមហ៊ុន​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ផលិត​​​កម្ម​​​កៅស៊ូ​​​ មាន​​​ចំណាប់​​​អារម្មណ៍​​​កាន់តែ​​​តិច​​​ទៅ​​​ៗ​​​លើ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​ងាក​​​​​​ទៅ​​​រក​​​ឧស្សាហកម្ម​​​ផ្សេង​​​ៗទៀត​​​ ដូច​​​ជា​​​សំណង់​​​ សម្លៀក​​​បំពាក់ និង​​​ការ​​​ដាំ​​​ម្រេច​​​ជា​​​ដើម។ ប្រសិន​​​បើ​​តម្លៃ​​​កៅស៊ូ​​​ធ្លាក់​​​មក​​​នៅ​​​ក្រោម​​​តម្លៃ​​​អប្បបរមា​​​វា​​​អាច​​​ឈាន​​​ទៅដល់​​​ការ​​​លែង​​​មាន​​​ផលិត​​​កម្ម​​​កៅស៊ូ​​​​​នៅ​​​ក្នុង​​​ប្រទេស​​​”។

ឧស្សាហកម្ម​​​កៅស៊ូ​​​​​​របស់​​​កម្ពុជា​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ធ្លាក់​​​ចុះ​​​តម្លៃ​​​កៅស៊ូ​​​ទូទាំង​​​ពិភព​​​លោក​​​ ដែល​​​បាន​​​ធ្លាក់​​​​​​មក​​​នៅ​​​តម្លៃ​​​ទាប​​​​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​នៅ​​​​​​ក្នុង​​​ខែ​​​នេះ ដោយ​​​សារ​​​តែ​​​ការ​​​ផ្គត​​​់​​​ផ្គង់​​​​​​លើស​​​តម្រូវ​​​ការ​​​ទូទាំង​​​ពិភពលោក និង​​​តម្រូវ​​​ការ​​​យឺត​​​យ៉ាវ​​​ពី​​​ប្រទេស​​​ចិន​​​ ដែល​​​ជា​​​ប្រទេស​​​នាំ​​​ចេញ​​​កៅស៊ូ​​​ធំ​​​បំផុត​​​របស់​​​ពិភព​​​លោក។

យោង​​​តាម​​​ទិន្នន័យ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​ឆមាស​​​ទី​​​១​​​ដើម​​​ឆ្នាំ​​​នេះ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​នាំ​​​ចេញ​​​កៅស៊ូ​​​ស្ងួត​​​ចំនួន​​​៤២​​​.១៨៩​​​តោន​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​៤២​​​ភាគ​​​រយ​​​បើ​​​ធៀប​​​នឹង​​​ការ​​​នាំ​​​ចេញ​​​​​​កៅស៊ូ​​​អំឡុង​​​ឆមាស​​​ទី​​​១​​​ដើម​​​ឆ្នាំ​​​២០១៣​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ ចំណូល​​​បាន​​​​​​ពី​​​ការ​​​នាំ​​​ចេញ​​​កៅ​​​ស៊ូ​​​អំឡុង​​​រយៈ​​​ពេល​​​​​​ឆមាស​​​ដើម​​​ឆ្នាំនេះ​​​បាន​​​ធ្លាក់​​​ចុះ​​​ជិត​​​២ភាគ​​​រយ​​​​​​​​​ពី​​​៧៦,៥លាន​​​ដុល្លារ​​​មក​​​នៅ​​​ត្រឹម​​​៧៥លាន​​​ដុល្លារ​​​។

លោក ជា សាយ​​​អីុម  ប្រធាន​​​សមាគម​​​អភិវឌ្ឍន៍​​​កៅស៊ូ​​​គ្រួសារ​​​មេមត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តម្លៃ​​​កៅស៊ូ​​​ស្ងួត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ ដែល​​​លក់​​​ឲ្យ​​​ឈ្មួញ​​​ក្នុង​​​​​​ស្រុក​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​មក​​​នេះ​​​ បាន​​​ធ្លាក់​​​ថ្លៃ​​​៦០០​​​រៀល​​​មក​​​នៅ​​​ត្រឹម​​​៤.០០០រៀល​​​ ឬ​​​ថោក​​​ជាង​​​១.០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​តោន​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា កសិករ​​​ខ្លះ​​​បាន​​​ងាក​​​ទៅ​​​ប្រើ​​​វិធីសាស្ត្រ​​​ផ្សេង​​​ៗ​​​ដើម្បី​​​បង្កើន​​​ប្រាក់​​​ចំណូល​​​របស់​​​ពួក​​​គាត់​​​។ “ពេល​​​នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាច្រើន​​​​​​មិន​​​អនុវត្ត​​​តាម​​​គោល​​​ការណ៍​​​​​​ណែនាំ​​​បច្ចេកទេស​​​ក្នុង​​​ការ​​​ផលិត​​​កៅស៊ូ​​​​​​ទេ ពីព្រោះ​​​ពួក​​​គាត់​​​ត្រូវ​​​ការ​​​ប្រាក់​​​ចំណូល​​​ ដើម្បី​​​ទំនុក​​​បម្រុង​​​គ្រួសារ​​​។ ដើម្បី​​​ទទួល​​​បាន​​​ជ័រ​​​លក់​​​កាន់​​​តែ​​​ឆាប់​​​រហ័ស​​​​​​ ពួក​​​គាត់​​​លាប​​​ថ្នាំ​​​ដើម​​​កៅស៊ូ​​​របស់​​​ពួក​​​គាត់​​​រៀង​​​រាល់​​​កន្លះ​​​ខែ​​​ម្តង មិន​​​មែន​​​ពីរ​​​ ឬ​​​បី​​​ខែ​​​ម្តង​​​ដូច​​​មុន​​​ទេ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ចម្ការ​​​ធំៗ​​​ខ្លះ​​​បាន​​​ផ្អាក​​​ដំណើរ​​​ការ​​​ទាំង​​​ស្រុង​​​ទៅ​​​ហើយ​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស