29 C
Phnom Penh

ជន​រំលោភ​កុមារ​ដែល​គេច​ខ្លួន​ពី​ជួរ​ទ័ព​ត្រូវ​គេ​ឃើញ​នៅ​ក្រុង​ព្រះ​សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហាន ​អាមេរិក​ម្នាក់​ជាពលបាលត្រី អាយុ​៣៤​ឆ្នាំ​ ដែល​ស្ថិត​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​២០​នាក់​របស់​កងទ័ព​អាមេរិក ហើយ​បាន​រត់​ចោល​ជួរ​កាលពី​ខែ​មករា ដើម្បី​គេច​ពី​ការ​ចោទ​ជាង​៤០​ករណី​ពី​បទ​មាន​រូបភាព​អាសអាភាស​កុមារ និង​ការ​រំលោភ​កុមារ កាលពី​ថ្ងៃ​ពុធ​ត្រូវ​គេ​ប្រទះ​ឃើញ​កំពុង​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ជា​កន្លែង​ដែល​លោក​កំពុង​ធ្វើ​ការ​ជា​អ្នក​បង្ហាត់​ឆ្កែ​ច្រើន​ខែ​មកហើយ។

ប៉ុស្តិ៍ ​ព័ត៌មាន CBS5រដ្ឋ​អារីហ្សូណា បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ដកស្រង់​ប្រភព​កងទ័ព​អាមេរិក​បាន​ឲ្យ​ដឹង​ថា ពលបាលត្រី ម៉ៃឃើល អិដវើដ ហារីស (Michael​ Edward​​ Harris) មិន​បាន​ឡើង​តុលាការ​នៅ​ក្រុង​អ័រឡិនដូ រដ្ឋ​ផ្លរីដា ដែល​នៅ​ទី​នោះ​លោក​ត្រូវ​តុលាការ​ចោទ​៤៤​ករណី​ពី​បទ​មាន​រូបអាសគ្រាម​កុមារ និង​ប្រព្រឹត្ត​អំពើ​អាសគ្រាម​លើ​កុមារ ហើយ​និងការ​រួម​ភេទ​នឹង​ប្រុស​គ្នា​ឯង​ដោយ​បង្ខំ។

ព័ត៌មាន CBS5 បាន​ឲ្យ​ដឹង​ថា លោក ហារីស មក​ពី​រដ្ឋអារីហ្សូណា ត្រូវ​គេ​រាយការណ៍​ថា បាន​ឈប់​ឥត​ច្បាប់​កាលពី​ខែ​មករា ហើយ​ត្រូវ​ចោទ​ពី​បទ​រត់​ចោល​ជួរ​ទ័ព​នៅ​ខែ​បន្ទាប់។ របាយការណ៍​បង្ហាញ​ថា លោក​បាន​ចូល​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី១៧​ខែ​មករា។

កងទ័ព​អាមេរិក​ មិន​អាច​រក​គាត់​ឃើញ ជា​ហេតុ​ជំរុញ​ឲ្យ​អតីត​ភរិយា​របស់​លោក ជា​អតីត​មន្ត្រី​នគរបាល គឺ​អ្នកស្រី ដេនីស ដាយ៉ា នៅ​រដ្ឋ​ខេនផាកឃី ចាប់​ផ្តើម​ប្រើ​ក្រុម​ហ្វេសប៊ុក​ឈ្មោះ “Fugitive Michael Edward​ Harrisbring Himto Justice” កាលពី​ខែ​មីនា។ សេចក្តី​រាយការណ៍​ព័ត៌មាន CBS5 បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ក្នុង​រឿង​ក្តី​នេះ ដែល​ថា​លោក ហារីស សម្ងំ​នៅ​ក្រុង​ព្រះ​សីហនុ ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ជា​គ្រូ​បង្ហាត់​ឆ្កែ​នៅ​មណ្ឌល K9 Cambodia Elite Service Dog Facility ដោយ​កែ​ឈ្មោះ​ថា Michael Dobbs វិញ។

អ្នកស្រី ដាយ៉ា បាន​ឲ្យដឹង​តាមសារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ពុធ​ថា ចាំបាច់ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ចាប់​អតីត​ប្តី​របស់​អ្នកស្រី​ឲ្យ​បាន​ឆាប់ ពីព្រោះ​គាត់​បង្ក​គ្រោះថ្នាក់​ដល់​កុមារ។

អ្នក​ស្រី​បាន​ឲ្យ​ដឹងថា “កូនៗ​របស់​ខ្ញុំ​ជា​ជន​រងគ្រោះ​២​នាក់​របស់​គាត់ ហើយ​គាត់​នឹង​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​លើ​កុមារ​តទៅទៀត។ គាត់​បាន​និង​កំពុង​ប្រព្រឹត្ត​អំពើ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយ​គ្មាន​គេ​ដឹង​ទេ”។

យោងតាម​លោក លីអូ ក្លីហ្វថុន ជា​ជនជាតិ​អង់គ្លេស និង​ជា​ចៅហ្វាយ​របស់​គាត់​ដែល​បាន​ចេញការ​ជូន​ដំណឹង​ពី​ការ​បញ្ចប់​ការងារ​ របស់​គាត់ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ថា​គាត់​កំពុង​រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​នោះ លោក ហារីស មិន​បាន​មក​ធ្វើ​ការ​ទេ​កាលពី​ព្រឹក​ថ្ងៃពុធ។

លោក ក្លីហ្វថុន បាន​និយាយ​តាម​ទូរស័ព្ទ​ថា “ចំពោះ​រឿង​នេះ យើង​ភ្ញាក់​ផ្អើល​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត។ វាជា​រឿង​ដែល​បាន​ធ្លាក់​លើ​យើង ហើយ​យើង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់”។

លោក សុខ ផល អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា​កំពុង​សហការ​ជាមួយ​ស្ថានទូត​អាមេរិក ហើយ​នឹង​បញ្ជូន​អ្នក​ស៊ើប​អង្កេត​មួយ​ក្រុម​ទៅ​ក្រុង​ព្រះ​សីហនុ​នៅ​ថ្ងៃ​ នេះ ដើម្បី​ស្វែងរក​ចាប់​ខ្លួនលោក ហារីស។

លោក​ឧត្តម​សេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍​ថា “យើងទើបតែ​ទទួល​បាន​ឯកសារ​ពី​[អាជ្ញាធរ]​អាមេរិក​ពីរបី​ថ្ងៃ​មុន​នេះ ហើយ​យើង​ទើបតែ​បញ្ចប់​ការ​រៀបចំ​ឯកសារ​ទាំងអស់​កាលពី​ម្សិលមិញ ហើយ​មិន​អាច​ធ្វើ​លឿន​ជាង​នេះ​បាន​ទេ ពីព្រោះ​យើង​ចាំបាច់​ធ្វើ​ទៅ​តាម​នីតិវិធី​មួយ​ជំហាន​ម្តងៗ”។ លោក​បាន​បន្ថែម​ថា “យើង​នឹង​ទៅ​ក្រុង​ព្រះ​សីហនុ​នៅ​ព្រឹក​ស្អែក​ជាមួយ​បុគ្គលិក​​ស្ថានទូត​អាមេរិក ដើម្បី​ស្វែងរក​ចាប់​ខ្លួន​គាត់”។

ប៉ុន្តែ ​យោងតាម​លោក អ៊ុក ហៃសិលា ប្រធាន​នាយក​ដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​នៅ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹងថា ស្ថានទូត​អាមេរិក​បាន​ផ្តល់​ព័ត៌មាន​ជាមុន​ដល់​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​២ ​ខែ​មកហើយ​ថា លោក ហារីស បាន​ចូល​ប្រទេស​កម្ពុជា ហើយ​ទំនង​កំពុង​រស់នៅ​នៅ​ទី​នេះ​នៅឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “តាម​ខ្ញុំ​ចាំ ជន​សង្ស័យ​រូបនេះ​ជា​ជនជាតិ​អាមេរិក និង​ពាក់ព័ន្ធនឹង​ការ​រួម​ភេទ​ជាមួយ​កុមារ។ ស្ថានទូត​អាមេរិក​បាន​បញ្ជូនឯកសារ​មក​នគរបាល​ជាតិ និង​បាន​បញ្ជូន​ឯកសារ​មួយ​ច្បាប់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រហែល​ ២ខែ​មក​ហើយ”។

លោក ខៀវ វ៉ាន់ថា ចៅ​សង្កាត់៣ ក្រុង​ព្រះ​សីហនុ ជា​កន្លែង​ដែល​មាន​ទីតាំងK9 Dog បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​សង្កាត់​ទើប​តែ​បាន​ទទួល​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ជនជាតិ​អាមេរិក​ដែល​គេ​ចង់​ចាប់​រូប​នេះ​ប្រហែល​នៅ​សង្កាត់​នេះ។

លោក​ មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា យើង​ត្រូវ​ចាប់​ខ្លួន​ជន​បរទេស​រូប​នេះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ដោយ​មាន​ដីកា​ បង្ហាញ ប៉ុន្តែ ខ្ញុំ​មិន​មាន​ឱកាស​ពិនិត្យ​រឿង​នេះ​នៅ​ឡើយ”។

ស្ថានទូត​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក ជេ រ៉ាម៉ាន មន្ត្រី​កិច្ចការ​សាធារណៈ​បាន​សរសេរ​ក្នុង​អីុម៉េល​ថា “ស្ថានទូត​អាមេរិក​មិន​អធិប្បាយ​អំពី​ការ​ស៊ើប​អង្កេត​ដែល​កំពុង​បន្ត​ទេ”។

អង្គការ ​សកម្មភាព​ដើម្បី​កុមារ​ (NGO Action Pourles Enfants, APLE) ជា​អង្គការ​ប្រឆាំង​សកម្មភាព​រួម​ភេទ​ជា​មួយ​កុមារ​ បាន​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​ជួយ​កិច្ច​ប្រឹងប្រែង​របស់​នគរបាល​និង​ស្ថានទូត​នេះ ដើម្បី​ស្វែងរក​ជនសង្ស័យ​ចំពេល​ដែល​មាន​ការ​បារម្ភ​ថា ជន​នេះ​ប្រហែល​ជា​បាន​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​លើ​កុមារ​ថែមទៀត​នៅ​ ប្រទេស​កម្ពុជា។

លោក ឃឹម វ៉ានដូ នាយក​រង​ទទួល​បន្ទុក​ប្រតិបត្តិការ​​តាម​មូល​ដ្ឋាន​នៃ​អង្គ​ការ​សកម្មភាព​ ដើម្បី​កុមារ​បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​បាន​ព័ត៌មាន​ពីរបី​ថ្ងៃ​មុន​នេះ ហើយ​បាន​ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ យើង​មិន​ទាន់​អាច​រក​គាត់​ឃើញ​នៅ​ឡើយ”។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “វា​គ្រាន់តែ​ជា​ការ​សន្មត​ប៉ុណ្ណោះ​នៅ​ដំណាក់​កាល​នេះ ប៉ុន្តែ​ទំនង​ណាស់​ដែល​ថា គាត់​កំពុង​ទាក់ទង​ជាមួយ​ក្មេងៗ​នៅ​ទីនេះ ហើយ​គាត់​ប្រហែល​ជា​មក​ប្រទេស​កម្ពុជា ជាពិសេស​ដើម្បី​ទាក់ទង​ជាមួយ​ក្មេងៗ​ខ្មែរ”។

ការ​ចាប់​បាន​លោក ហារីស ដែល​លិខិត​ឆ្លងដែន​របស់គាត់​ត្រូវ​ក្រសួង​ការបរទេស​អាមេរិក​លុប​ចោល​​កាលពី​ ខែ​សីហា​នោះ អាច​លំបាក​ជាង​ការ​រក​គាត់​ឃើញ​ទៅ​ទៀត។

អ្នកស្រី ដាយ៉ា មាន​ប្រសាសន៍​ថា អតីត​ប្តី​របស់​អ្នកស្រី​កាលពី​មុន​បាន​ប្រើ​ប្រាស់​ប័ណ្ណ​សម្គាល់​ខ្លួន​ ក្លែងក្លាយ​ដើម្បី​គេចពី​ការ​តាម​ចាប់​ខ្លួន ហើយថា មន្ត្រី​អាវុធហត្ថ​និង​អ្នក​ស៊ើប​អង្កេត​កងទ័ព បាន​សហការ​ជាមួយ​អេហ្វប៊ីអាយនិងកម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​ក្រុង អ័រឡានដូ មុន​ការ​ចាប់​ខ្លួន​គាត់។

យោងតាម​ម្ចាស់​ផ្ទះ​នៅ​ក្រុង​ព្រះ​សីហនុ ដែល​ជន​សង្ស័យ​រូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ជួល​រយៈ​ពេល​៣​ឆ្នាំ ដោយ​ប្រើ​ឈ្មោះ​ពិត​របស់​គាត់​២​ខែ​មុន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ដែល​មក​ដល់​ក្រុង​ព្រះ​សីហនុ​នៅ​ថ្ងៃ​នេះ មុខជា​យឺតពេល​ហើយ។

ម្ចាស់ ​ផ្ទះ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដើម្បី​ការពារ​មុខ​របរ​របស់​ខ្លួន​បាន​ឲ្យ​ ដឹង​តាម​អីុម៉េល​ថា “បន្ទាប់ពី​ដឹង​ថា K9 បាន​បញ្ចប់​ការងារ​ជន​សង្ស័យ​រូប​នេះ ខ្ញុំ​បាន​រត់​ទៅ​អគារ​ផ្ទះ​ល្វែង​ជាមួយ​គ្នា​របស់​ខ្ញុំ…​ប៉ុន្តែ​យើង​ បាន​ឃើញ​ផ្ទះ​នៅ​ទទេ”។ លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​នេះ​បាន​ទុកចោល​ឯកសារ​សម្គាល់​ខ្លួន​ផ្សេងៗ ប័ណ្ណ​ឥណទាន​ផុត​កំណត់​មួយ និង​ប្រាក់​អីុរ៉ាក់​មួយ​ចំនួន។ លោក​បាន​បន្ថែម​ទៀត​ថា សាក្សី​ម្នាក់​បាន​ឃើញ​គាត់​ចាកចេញ​ពី​អគារ​នោះ​នៅ​ម៉ោង​១១​ព្រឹក តាម​ម៉ូតូ​ពណ៌​ខ្មៅ​មួយ​គ្រឿង។ លោក​មាន​ប្រសាសន៍​ថា “ឥឡូវគាត់​ទៅ​បាត់​ហើយ ហើយ​ខ្ញុំជឿ​ថា គាត់​ទៅ​រហូត​ហើយ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស