កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលនៅតែមិននិយាយពីអនុក្រឹត្យថ្មីដែលបង្កើតឡើងដើម្បីធ្វើឲ្យការចំណាយប្រចាំខែលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាទម្រង់ផ្លូវការមួយ ខណៈដែលគណបក្សប្រឆាំងនិងអង្គការសង្គមសីុវិលបានលើកឡើងថា ការធ្វើបែបនេះគ្រាន់តែជាការបិទបាំងចំនួនទឹកប្រាក់ពិតប្រាកដរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
អនុក្រឹត្យ ដែលចុះថ្ងៃទី១៣ ខែតុលា ហើយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា លោក ហ៊ុន សែន រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងជួររដ្ឋាភិបាលនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី៣៥០ដុល្លារ ដល់៩១៨ដុល្លារអាស្រ័យលើតួនាទីរបស់ខ្លួន បន្ថែមពីលើប្រាក់ខែដែលមានស្រាប់។
លោក យុគ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលសម្របសម្រួលសេវាសាធារណៈ និងលោក រស់ ភារុណ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសារាចរណែនាំថ្មីនេះទេកាលពីម្សិលមិញ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ជាជាងធ្វើកំណែទម្រង់ប្រាក់ខែផ្លូវការដល់មន្ត្រីរដ្ឋាភិបាល គួរមានការពិនិត្យឲ្យបានល្អិតល្អន់លើទ្រព្យសម្បត្តិពិតប្រាកដរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា “មនុស្សគ្រប់គ្នាដឹងថា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាមិនត្រូវការចំនួនទឹកប្រាក់ដូចនោះទេ ពីព្រោះពួកគេមានរថយន្ត២០ ទៅ៣០គ្រឿង និងវីឡា៤ទៅ១០ឯណោះ ក្នុងម្នាក់ៗ។ តួលេខទាំងនេះគឺជាតួលេខដែលគណៈកម្មការប្រឆាំងអំពើពុករលួយត្រូវពិនិត្យមើល”។
បច្ចុប្បន្ននេះ មន្ត្រីរាជការតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនដល់អង្គភាពប្រឆាំងអំពើពុករលួយដាក់ក្នុងស្រោមសំបុត្របិទជិតដែលត្រូវបើកប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបន្តសើុបអង្កេតអំពើពុករលួយទៅលើបុគ្គលនោះតែប៉ុណ្ណោះ។
នៅពេលចេញរបាយការណ៍ស្តីពីអំពើពុករលួយនៅក្នុងប្រទេសកាលពីសប្តាហ៍មុន លោក ព្រាប កុល នាយកអង្គការតម្លាភាពអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា “ការប្រកាសទ្រព្យសម្បត្តិគួរត្រូវធ្វើជាសាធារណៈ ហើយមានការវាយតម្លៃពីសមាជិកសភា”។
លោក កៅ ពឿន ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានព្យាយាមបង្ហាញប្រាប់មន្ត្រីរាជការថ្នាក់ក្រោម ដែលពួកគេមួួយចំនួនទាមទារដំឡើងប្រាក់ខែថា គ្មាននរណាម្នាក់ក្នុងជួររដ្ឋាភិបាលមានបានដោយសារប្រាក់ខែ ឬប្រាក់ឧបត្ថម្ភរបស់ខ្លួននោះទេ។ លោកបានមានប្រសាសន៍ពីប្រាក់ខែនោះថា “ចំនួននេះគឺវាតិចណាស់សម្រាប់ពួកគេ។ វាជាទម្រង់នៃការធ្វើប្រជាភិថុតិតែប៉ុណ្ណោះ ពីព្រោះពួកគេចង់បង្ហាញថា ពួកគេមានប្រាក់ខែតិចតួច ដូច្នេះ មន្ត្រីថ្នាក់ក្រោមមិនគួរទទួលបានច្រើនទេ”៕សារុន