30 C
Phnom Penh

ជន​សង្ស័យ​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់ហើយ​រត់​​មិន​បាន​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រីអាយុ​២០ឆ្នាំ​ដែលជាប់សង្ស័យ​ថា ជា​អ្នក​បើក​រថយន្ត រ៉ង់រូវើ​(Range​​ Rover) ដែលបាន​បុកបុរស​ជន​ជាតិ​អៀរឡង់​ម្នាក់​ស្លាប់​ ហើយ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា​នោះ មិន​បាន​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ទេ បន្ទាប់ពី​ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​​រាជ​ធានី​បាន​ចេញ​​ដីកាកោះ​កាល​ពី​ដើម​ខែ​នេះឲ្យ​ឈ្មោះ សិលា រតនៈ ដែលនគរ​បាល​ជឿថា ជា​អ្នក​បើក​បរ​រថយន្ត​ដែលបាន​បុក​លោក ថូម៉ាស ប៊ីឈើ អាយុ​៣០ឆ្នាំ​ខណៈពេល​បុរស​រូបនេះ​កំពុង​បណ្តើរ​កង់​កាត់​​មហា​វិថី​ព្រះ​មុនីវង្ស ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​ធ្វើការសាក​សួរ​កាលពី​ម្សិលមិញ។ លោក មាស ច័ន្ទពិសិដ្ឋ បាននិយាយនៅម៉ោង​ប្រហែល​២រសៀល​ថ្ងៃម្សិលមិញថា “ខ្ញុំ​មិន​បាន​ឃើញ​ [ជនសង្ស័យ​] រូបនេះ​មក​ទេ”។

លោក ឡាច បុប្ផា ក្រឡាបញ្ជី បានបញ្ជាក់​បន្ទាប់ពី​តុលាការ​បាន​បិទ​ថា កញ្ញា រតនៈ មិន​បាន​មក​បង្ហាញ​ខ្លួន​ទេ។ លោក​បាន​មាន​ប្រសាសន៍ “តុលាការ​បាន​បញ្ជូន​ដីកា​កោះ​ទៅ​ជន​សង្ស័យ​រូបនេះរួច​ហើយ ប៉ុន្តែ​នាង​មិន​បាន​មក​ទេ”។

លោក មាស ច័ន្ទពិសិដ្ឋ បាន​មាន​ប្រសាសន៍បន្ទាប់ពី​ចេញ​ដីកាកោះថា ប្រសិន​បើ កញ្ញា រតនៈ កូនស្រី​របស់លោក​វរសេនីយ៍ត្រី​កងយោធពល​ខេមរ​ភូមិន្ទ ហ៊ូ សិលា មិន​បាន​យក​ចិត​្ត​ទុក​ដាក់​នឹង​ដីកា​កោះទេ ហើយចៅក្រម​ស៊ើប​សួរ​ក្នុង​ករណី​នេះ​អាច​ចេញ​ដីកាចាប់ខ្លួន។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាល​ពី​ម្សិលមិញថា​តើ​ ចំណាត់ការ​បន្ទាប់​របស់​តុលាការ​ជា​អ្វី​នោះឡើយ។ លោក​ មាស​ ច័ន្ទពិសិដ្ឋ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​កំពុង​រៀបចំ​រឿងនេះ”។

បើ​ទោះ​ជាមាន​ការ​ប្តេជ្ញាថា នឹង​ចាប់ខ្លួន​អ្នក​បើក​បរ​រថយន្ត​រ៉ង់រ៉ូវើរូបនេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មាន​ហេតុការ​ណ៍​​បុក​ហើយ​រត់​ក៏ដោយ ក៏​នគរបាល​មិន​បាន​តាម​រក​ រតនៈ ដែរ ហើយឥឡូវនេះ​លើក​ឡើង​ថា ពួកគេ​រង់​ចាំ​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​​សិន​មុន​ពេល​ធ្វើការ​ចាប់​ខ្លួន។

លោក សេង ចាន់ថុន អនុប្រធាន​ផ្នែក​បទល្មើស​ចរាចរណ៍​នៃនគរបាល​ចរាចរ​រាជ​ធានី​​បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះនគរបាល​​មិន​ដឹង​ពី​កន្លែង​លាក់ខ្លួន​របស់ រតនៈ ឡើយ។ លោក ចាន់ថុន បានមាន​ប្រសាសន៍ថា “​យើង​ដឹង​ថា ជន​សង្ស័យ​នេះ​ជា​នរណាហើយ។ យើង​កំពុង​រង់​ចាំ​ដីកា​ចាប់ខ្លួន​ពី​តុលាការ​ ប៉ុន្តែ​មិន​ទាន់​ទទួលបាន​នៅឡើយ​ទេ”។

ស្ថានទូត​អៀរឡង់ប្រចាំ​ទីក្រុង​ហាណូយ បាន​បញ្ជូន​អ្នក​តំណាង​មក​ជួប​ប្រជុំ​ជាមួយ​នគរបាល និងមន្ត្រី​តុលាការ​​​ជុំវិញ​ករណី​នេះកាល​ពី​ថ្ងៃទី​៩ ខែ​តុលា។

រថយន្ត​រ៉ង់រ៉ូវើ​ពណ៌ស ដែ​លជា​របស់​ ហង្ស​ លីនដា អាយុ​២០ឆ្នាំ ជា​មិត​្តភក្តិ​របស់​ កញ្ញា រតនៈ និង​ជា​កូនស្រី​​របស់​មន្ត្រី​នគរបាល​ទេស​ចរ​ក្នុង​ខេត្ត​ព្រះវិហារ​​ត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅ​ទី​ស្នាក់ការ​​នគរបាល​ចរាចរ​រាជ​ធានី៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស