38 C
Phnom Penh

រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​ និង​​​សហជីព​​​កាន់​​​តែ​​​ខិត​​​ជិត​​​​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​ទាម​​​ទារ​​​ដំឡើង​​​៧៧​​​ដុល្លារ​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពួក​​​គេ​​​សុខ​​​ចិត្ត​​​ទទួល​​​យក​​​​​​ការ​​​ដំឡើង​​​៣៥​​​ដុល្លារ ប៉ុន្តែ សហជីព​​​មួយ​​​ចំនួន​​​ទៀត​​​មិន​​​ព្រម​​​។

មុន​​​ពេល​​​បិទ​​​ទ្វារ​​​មិន​​​ឲ្យ​​​អ្នក​​​កាសែត​​​ចូល​​​នៅ​​​​​ក្នុង​​​ជំនួប​​​ចរចា​​​មួយ​​​ជា​​​មួយ​​​សហជីព​​​មួយ​​​ចំនួន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក អិុត សំហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ការ​​​​​​បន្ទាប​​​ការ​​​ទាម​​​ទារ​​​របស់​​​សហជីព​​​ ពី​​​មន្ត្រី​​​ក្រសួង​​​ដែល​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​​​​បាន​​​ជួប​​​ជា​​​មួយ​​​លោក ដេវ វែល (Dave Welsh) នាយក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​នៃ​​​មជ្ឈមណ្ឌល​​​សាមគ្គី​​​ភាព (Solidarity Center) ជា​​​អង្គការ​​​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ ដែល​​​តស៊ូ​​​មតិ​​​ដើម្បី​​​ការ​​​ពារ​​​សហជីព​​​កម្មករ​​​។

លោក អុិត សំហេង​​​ បាន​​​មានប្រសាសន៍​​​ថា ​​​”ខ្ញុំ​​​ដឹង​​​ថា លោក ដេវីដ ចន វែល បាន​​​ជួប​​​ជា​​​មួយ​​​ [មន្ត្រី​​​ក្រសួង​​​ការងារ​​​]​​​​​​​​​ លោក អ៊ុំ​​​ មាន និង​​​លោក សាត សមុទ្រ ហើយ​​​ជំហរ​​​ចុង​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​ [សហជីព]​​​ គឺ​​​ចន្លោះ​​​ពី​​​១៣៥ដុល្លារ ទៅ​​​១៤០​​​ដុល្លារ​​​។ វា​​​ជា​​​ការ​​​ប្រសើរ​​​”។

ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​​​ទៀត​​​ថា រោង​​​ចក្រ​​​កាត់​​​ដេរ​​​ប្រហែល​​​៣០​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​ធំៗ​​​បំផុត ​​​​​​បាន​​​ដក​​​ខ្លួ​​​ន​​​ថយ​​​​​​ពី​​​ការ​​​ស្វែង​​​រក​​​មតិ​​​រួម​​​ជាមួយ​​​សហជីព​​​ ដោយ​​​ដក​​​ការ​​​សំុ​​​ដំឡើង​​​១៥​​​ដុល្លារ​​​នៅ​​​មុន​​​នេះ​​​ ហើយ​​​ប្រកាន់​​​ជំហរ​​​ដំឡើង​​​១០​​​ដុល្លារ​​​វិញ​​​។ លោក​​​មាន​​​ប្រសាសន៍​​​បន្តថា “ពួក​​​គេ​​​នៅ​​​តែ​​​ប្រកាន់​​​ជំហរ​​​នេះ​​​យ៉ាង​​​រឹងមាំ​​​ ហើយ​​​មិន​​​កែ​​​ប្រែ​​​ទេ​​​”។

ពេល​​​ទាក់​​​ទង​​​បន្ទាប់​​​ពី​​​ជំនួប​​​ចរចា​​​នេះ​​​ លោក ប៉ាវ ស៊ីណា ប្រធាន​​​សហព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ ​​​បាន​​​បញ្ជាក់​​​ថា សហជីព​​​របស់​​​​​​លោក​​​បាន​​​បន្ទន់​​​ជំហរ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ហើយ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ជំហរ​​​របស់​​​យើង​​​គឺ​​​ យើង​​​អាច​​​ទទួល​​​យក​​​បាន​​​ចន្លោះ​​​ពី​​​១៣៥​​​ដុល្លារ ទៅ​​​១៤០​​​ដុល្លារ​​ ប៉ុន្តែ បើ​​​យើង​​​មិន​​​អាច​​​ទទួល​​​បាន​​​ប៉ុណ្ណឹង​​​ទេ យើង​​​នឹង​​​តវ៉ា”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក គង់ អាទិត្យ​​​ អនុ​​​ប្រធាន​​​សហព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (សីុ​​​ខៅឌូ) ដែល​​​ជា​​​សហជីព​​​ឯករាជ្យ​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​មិន​​​ព្រម​​​​​​កែ​​​ប្រែ​​​របស់​​​រោង​​​ចក្រ​​​មាន​​​ន័យ​​​ថា លោក​​​ក៏​​​មិន​​​កែ​​​ប្រែ​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​​​​សំណើ​​​សំុ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​ចន្លោះ​​​ពី​​​១៣៥​​​ដុល្លារ ទៅ​​​១៤០​​​ដុល្លារ​​​នេះ​​​ថា “វា​​​មិន​​​មែន​​​ជា​​​ការ​​​ព្រម​​​ព្រៀង​​​ផ្លូវ​​​ការ​​​រវាង​​​សហជីព​​​ទេ។ យើង​​​នឹង​​​ប្រកាន់​​​ជំហរ​​​ទាម​​​ទារ​​​របស់​​​យើង​​​ គឺ​​​១៧០​​​ដុល្លារ​​​។ យើង​​​មិន​​​អាច​​​​បន្ទាបបាន​​​ទេ​​​ ពីព្រោះ​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​នៅ​​​តែ​​​​​​ប្រកាន់​​​ជំហរ​​​១១០​​​ដុល្លារ​​​”។

លោក ដេវ វែល បាន​​​មានប្រសាសន៍​​​ថា លោក​​​បាន​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​សហជីព​​​ទាំង​​​នេះ​​​រាល់​​​ពីរ​​​ ឬ​​​បី​​ថ្ងៃ​​​ម្តង។ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ ឬ​​​ច្រាន​​​ចោល​​​ប្រាក់​​​ខែ​​​គោល​​​ថ្មីដែល​​​លោក​​​

អិុត​​​ សំហេង និង​​​លោក​​​ ប៉ាវ ស៊ីណា ​​​បាន​​​លើកឡើង​​​នេះ​​​ទេ ពីព្រោះ​​​ការ​​​ចរចា​​​ធ្វើ​​​ឡើង​​​ជា​​​សម្ងាត់​​​។  លោកបាន​​​មាន​​​ប្រសាសន៍​​​​​​ទៀតថា ​​​យ៉ាង​​​ហោច​​​ណាស់​​​​​​ក៏​​​មាន​​​ការរីក​​​ចម្រើន​​​ខ្លះ​​​ដែរ​​​​​​​ជាមួយ​​​សហជីព។ លោក​​​លើក​​​ឡើង​​​ថា “​​​សហជីព​​​ទាំង​​​នេះ​​​នឹង​​​មិន​​​​​បន្ទាប​​​ចំនួន​​​​​​ទាម​​​ទារ​​​​​​ទៀត​​ទេ​​​។សហជីព​​​បាន​​​ផ្តល់​​​​​​សម្បទាន​​​ហើយ​​​ ចំណែក​​​ឯ​​​ថៅកែ​​​រោង​​​ចក្រ​​​មិន​​​បាន​​​​​​ផ្តល់​​​សម្បទាន​​​អ្វី​​​សោះ​​​​​​​​​”។

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​(GMAC) ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​​​​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​​ទូទាំង​​​ប្រទេស​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ។ នៅ​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន លោក កែន លូ អគ្គលេខាធិការ​​​សមាគម​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​នឹង​​​មិន​​​ដំឡើង​​​លើសពី​​​១១០​​ដុល្លារ​​​ឡើយ​​​ ពីព្រោះ​​​វា​​​ជា​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ភាគ​​​ច្រើន​​​អាច​​​មាន​​​លទ្ធភាព​​​ដំឡើង​​​​​​ដោយ​​​មិន​​​បង្ខំ​​​ឲ្យ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​រត់ចេញ​​​ទៅ​​​ប្រទេស​​​ផ្សេង​​ដើម្បី​​ស្វែង​​​​​​កម្មករ​​​ដែល​​​​​​​​មាន​​​​​​កម្លាំង​​​ពល​​​កម្ម​​​ថោក​​​ ឬ​​​មាន​​​ផលិត​​​ភាព​​​ច្រើន​​​ជាង​​​។

ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗ​​​មួយ​​​ចំនួន​​​របស់​​​អឺរ៉ុប​​​ ដែល​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា សុខ​​​ចិត្ត​​​ដំឡើង​​​ថ្លៃ​​​ទំនិញ​​​ដែល​​​​​​ខ្លួន​​​​​​ទិញ​​​ដើម្បី​​​ឲ្យ​​​រោង​​​​​​ចក្រ​​​មាន​​​លទ្ធភាព​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្មករ​​​។ ប៉ុន្តែ ថៅ​​​កែ​​​រោង​​​ចក្រ​​​និយាយ​​​ថា ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​បន្ថែម​​​ទៀត​​​នឹង​​​ត្រូវ​​​ធ្វើ​​​ការ​​​សន្យា​​​ដូច​​​គ្នា​​​នេះ​​​ មុន​​​ពេល​​​វា​​​មាន​​​ផល​​​ប៉ះពាល់​​​ណា​​​មួយ​​​លើ​​​ការ​​​ចរចា​​​។

លោក​​​ ដេវ វេល បានទទួល​​​ស្គាល់ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​របស់​​​​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា​​​ “មិន​​​បាន​​​ចូល​​​រួម​​​ទេ​​​”នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ប៉ុន្តែ​​​ថា នឹង​​​ចំណាយ​​​ពេល​​​​​ពីរ​​​បី​​​សប្តាហ៍​​​​​​ក្រោយ​​​ដើម្បី​​​​​​បញ្ចុះ​​​បញ្ជូល​​​​​​ឲ្យ​​​ពួក​​​​​​គេ​​​ចូល​​​រួម​​​ជា​​​​​​​មួយ​​​ក្រុម​​​ហ៊ុន​​​​​​អឺរ៉ុប​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្រសួង​​​​​​ការ​​​ងារ​​​សង្ឃឹម​​​ថា​​​នឹង​​​អាច​​​ប្រកាស​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​​​​ ដែល​​​នឹង​​​ចូល​​​ជា​​​ធរមាន​​​នៅ​​​ខែ​​​មករា​​​ បាន​​​មុន​​​​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​ទី​​​៥ ខែ​​​វិច្ឆិកា៕សុខុម

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស