អ្នកស្រី ស៊ុយ សុផាន ជាពាណិជ្ជករម្នាក់នៅតែប្រកាន់ជំហររឹងត្អឹងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកសភានៅរដ្ឋសភាកាលពីម្សិលមិញ អំពីអចលនទ្រព្យដ៏ចម្រូងចម្រាសរបស់អ្នកស្រីនៅតំបន់បុរីកីឡាស្ថិតក្នុងកណ្ដាលរាជធានីភ្នំពេញ បន្តបដិសេធថា អ្នកស្រីមិនបានរំលោភកិច្ចសន្យាក្នុងការផ្ដល់ផ្ទះល្វែងថ្មីដល់អ្នកដែលត្រូវបានបណ្ដេញចេញទាំងអស់ឡើយ។
ក្រុមហ៊ុនផានអុីម៉ិច ជាក្រុមហ៊ុនរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានដីទំហំ២,៦ហិកតាកាលពីឆ្នាំ២០០៧ ហើយជាថ្នូរបានព្រមព្រៀងសាងសង់ប្លុកផ្ទះល្វែងចំនួន១០សម្រាប់ប្រជាពលរដ្ឋ១.៧៧៦គ្រួសារនៅក្នុងតំបន់នោះ។
ប៉ុន្តែតាំងពីពេលនោះមក អ្នកស្រីបានសាងសង់ប្លុកផ្ទះល្វែងតែប្រាំបីប៉ុណ្ណោះ ដោយអះអាងថា អ្នកស្រីអស់ប្រាក់មិនអាចសាងសង់ផ្ទះល្វែងដែលនៅសល់បានឡើយ។ ប្រជាពលរដ្ឋជាង១០០គ្រួសារក៏បានអះអាងផងដែរថា ពួកគាត់នៅតែជាម្ចាស់ផ្ទះល្វែងនោះ ដដែល ប៉ុន្តែអ្នកស្រី ស៊ុយ សុផាន បានលើកឡើងថា ពួកគាត់មិនមានឯកសារដើម្បីបង្ហាញថា ពួកគាត់ធ្លាប់រស់នៅទីនោះទេ។
នៅកិច្ចប្រជុំកាលពីម្សិលមិញជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយថ្មីនៅរដ្ឋសភា ដែលធ្វើជាប្រធានដោយគណបក្សសង្គ្រោះជាតិនោះ មិនបានធ្វើឲ្យអ្នកស្រីផ្លាស់ប្ដូរចិត្តឡើយ។
អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានក្រោយមកថា “ខ្ញុំបានប្រាប់គណៈកម្មការនោះថា ខ្ញុំបានសាងសង់ផ្ទះល្វែងសម្រាប់ប្រជាពលរដ្ឋ១.២៦១គ្រួសាររួចហើយ។ យើងបានសាងសង់អគារផ្ទះល្វែងផ្អែកលើចំនួនប្រជាពលរដ្ឋដែលរស់នៅតំបន់បុរីកីឡាពិតប្រាកដ។ ចំពោះអ្នកដែលមិនបានរស់នៅក្នុងតំបន់បុរីកីឡា យើងមិនមានផ្ទះល្វែងសម្រាប់ពួកគាត់ឡើយ។
លោក ហូរ វ៉ាន់ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការ ហើយបានអញ្ជើញអ្នកស្រី ស៊ុយ សុផាន ឲ្យមកចូលរួមប្រជុំនោះបានមានប្រសាសន៍ថា ស្ត្រីជាពាណិជ្ជកររូបនេះក៏បាននិយាយការពារសេចក្ដីសម្រេចរបស់គាត់ក្នុងការប្រែក្លាយប្លុកផ្ទះល្វែងជាន់ក្រោមទាំងអស់ទៅជាកន្លែងរកស៊ីជំនួសឲ្យកន្លែងចតយានយន្តដែលអ្នកស្រីបានសន្យា ហើយថា អ្នកស្រីបានបដិសេធមិនទទួលខុសត្រូវចំពោះការអះអាងថាបក្ខពួកនិយមក្នុងការបែងចែកផ្ទះល្វែងមួយចំនួននៅក្នុងអគារដែលបានសាងសង់នោះឡើយ។
លោក ហូរ វ៉ាន់ បានមានប្រសាសន៍ថា លោកនៅតែមានជំនឿថា អ្នកស្រីបានរំលោភកិច្ចសន្យា ហើយថា លោកនឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើអ្នកស្រីនៅតែមិនគោរពតាមកិច្ចសន្យា។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់គាត់ថា ប្រសិនបើគាត់មិនបញ្ចប់បញ្ហាទេ ខ្ញុំនឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហើយសូមកុំឲ្យលោកជឿរបាយការណ៍មុនៗរបស់អ្នកស្រី ស៊ុយ សុផាន ដែលអះអាងថា គាត់មិនមានប្រាក់គ្រប់គ្រាន់” ដើម្បីសាងសង់អគារផ្ទះល្វែងពីរចុងក្រោយនោះឡើយ។
អ្នកស្រី ឆាយ គឹមហន ដែលអះអាងថា គាត់មិនបានទទួលផ្ដល់ផ្ទះល្វែង ហើយឥឡូវនេះរស់នៅដោយបោះតង់ស្នាក់នៅបណ្ដោះអាសន្ននៅជាប់ប្លុកអគារផ្ទះល្វែងថ្មីនោះបាននិយាយថា អ្នកស្រីសង្ឃឹមតិចតួចណាស់លើការរខិតខំប្រឹងប្រែងរបស់គណៈកម្មការនេះ។ អ្នកស្រីបាននិយាយថា ” ខ្ញុំគ្មានសង្ឃឹម១០០ភាគរយថានឹងទទួលបានជោគជ័យទេ ពីព្រោះយើងមិនដែលឃើញអ្វីដែលយើងបានទាមទារបានកើតឡើងនោះឡើយ។ ខ្ញុំសង្ឃឹមតែ៣០ភាគរយប៉ុណ្ណោះ។ ខ្ញុំគិតថា អ្នកស្រី ស៊ុយ សុផាន កំពុងគេចពីបញ្ហានេះ”៕ សារុន