34 C
Phnom Penh

បុគ្គលិក​ស្ម័គ្រចិត្ត​នៅ​អង្គការ​មួយ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ពីបទ​រំលោភ​ក្មេង​ប្រុស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​ផ្ដន្ទាទោស​បុរស​អាយុ​២០​ឆ្នាំ​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧ឆ្នាំ​ ពីបទ​រំលោភ​ក្មេង​ប្រុស​ចំនួន​បួននាក់​ ដែល​ស្ថិត​ក្រោម​ការ​មើល​​ថែទាំ​របស់​ជននេះនៅ​ក្នុង​អង្គការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​មួយ​កាលពី​ឆ្នាំ​មុន​។

ស៊ីម សំ ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ដែល​មិន​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ និង​ដែល​ធ្វើ​ការ​នៅ​​អង្គការ​ Agape International Missions ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជ​ធានីភ្នំពេញ ​ត្រូវ​នាយក​​ប្រតិបត្តិ​របស់​ខ្លួន​ឈ្មោះ Don Brewster ទុក​ឲ្យ​​នៅ​មើល​ក្មេង​ប្រុស​ចំនួន​១៨នាក់​នៅ​ផ្ទះ​សុវត្ថិភាព​មួយ​របស់​អង្គការ​នេះ​កាលពី​យប់​មួយ​នៅ​ក្នុង​ខែ​វិច្ឆិកា។

ក្មេង​ប្រុស​ចំនួន​បួន​នាក់​ក្នុង​ចំណោមក្មេង​ប្រុស​ទាំង​នោះ ដែល​មាន​អាយុ​ចន្លោះ​ពី​៨​ឆ្នាំ​ដល់​១២ឆ្នាំ​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​តុលាការ​កាលពី​ខែ​មុន​ថា ពួកគេ​ត្រូវ​បាន​រំលោភ​​ដោយ​​ ស៊ីម សំ នៅ​ក្នុង​អង្គការ​សម្រាប់​ក្មេងៗ​ដែល​គេ​បោះ​បង់​ចោល​ និង​ងាយ​រងគ្រោះ​។

ចៅក្រម​ ឆែ វីរៈ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ” ស៊ីម សំ ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ​ ដារា៉ ដែរ​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យជាប់ពន្ធនាគារ​រយៈ​ពេល​៧ឆ្នាំ និង​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន​៤លាន​រៀល​ [ប្រហែល​១.០០០ដុល្លារ​] ទៅ​ឲ្យ​ដើមចោទ​​គឺលោក Don Brewster”។

ស៊ីម សំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មេសា ហើយ​​ត្រូវ​បាន​បន្ត​ផ្ដន្ទាទោស​កំបាំង​មុខ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

យោង​តាម​លោកស្រី លឹម ចាន់លីដា មេធាវី​របស់​អង្គការ​ Agape International Missions និង​របស់​ក្មេង​ប្រុស​ទាំង​បួន​នាក់​នេះ​បាន​ឲ្យ​ដឹង​ថា ស៊ីម សំ បាន​សារភាព​ថា ខ្លួន​បាន​រំលោភ​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​ទាំង​បួន​នាក់​នេះ​ ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​រំលោភ​​ក្មេង​ប្រុស​បី​នាក់​ផ្សេង​ទៀត​នោះទេ​។

លោក Brewster ដែល​ជា​ស្ថាបនិក​អង្គការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ​ក្នុង​ឆ្នាំ​២០០៥​នៅ​សង្កាត់​ស្វាយប៉ាក ​បាន​ទទួល​ស្គាល់​កាល​ពី​ខែ​មុន​ថា លោក​ពិត​ជា​មិន​បាន​មើល​ថែ​ក្មេងៗ​នៅ​ក្នុង​អង្គការ​របស់​លោក​បាន​ដិត​ដល់​មែន។ ​លោក​បាន​បន្ធូរ​បន្ថយ​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​​ដែល​ពីមុន​មាន​ការ​ជ្រើស​រើស​យ៉ាង​តឹង​រ៉ឹង​ ហើយ​បាន​ឲ្យ​ ស៊ីម សំ មើល​ថែក្មេង​ៗ​ទាំង​នេះ​ជំនួស​។ គេ​មិន​អាច​ទាក់​ទង​លោក Brewster បានទេ​កាលពី​ម្សិលមិញ។

ទាក់ទិន​នឹង​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១.០០០ដុល្លារ ដែល​ចៅក្រម​ វីរៈ បាន​បង្គាប់​ឲ្យ​ ស៊ីម សំ​ បង់​នោះ លោកស្រី ចាន់​លីដា ​បាន​ឲ្យ​ដឹង​ថា លោក Brewster“ ត្រូវ​តែ​ផ្ដល់​ប្រាក់​​ទាំង​នេះ​ឲ្យ​ទៅ​​ក្មេងៗ”។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ លោក Philippe Broaly​ ជា​ជនជាតិ​បារាំង​អាយុ​៤៨​ឆ្នាំ និង​ជា​ប្រធាន​​អង្គការ​ Enfantdu Cambodge ជា​អង្គការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ជា​ទីដែល​លោក​នឹង​ត្រូវ​ចោទ​​ប្រកាន់​ពីបទ​រំលោភ​ក្មេង​ប្រុស​មួយ​ចំនួន​នៅ​ក្នុង​អង្គការ​របស់​លោក​ជាច្រើន​លើក​ច្រើន​សា នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​តុលាការ​ម្នាក់​។

ព្រះរាជអាជ្ញារង​ រស់ សារុំ ​បាន​ឲ្យ​ដឹង​ថា លោក Broaly ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ពីបទ​រំលោភ​ក្មេង​ប្រុស​ចំនួន​ប្រាំពីរ​នាក់ ដោយ​ម្នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​ទាំង​នោះ​មានអាយុ​ក្រោម​១៥​ឆ្នាំ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​នឹង​ចោទ​ប្រកាន់​គាត់​ពីបទ​ប្រព្រឹត្ត​អំពើ​​មិន​គប្បី​​លើ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ហើយ​ខ្ញុំ​នឹង​ចោទ​ប្រកាន់​គាត់​នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​មិន​អាច​ចោទ​ប្រកាន់​គាត់​នៅ​ថ្ងៃ​នេះ​បានទេ ព្រោះ​គាត់​ត្រូវ​បាន​បញ្ជូន​មកទីនេះ​នៅ​​ម៉ោង​ប្រហែល​​៣រសៀល​ទៅ​ហើយ ហើយ​ខ្ញុំ​​ត្រូវ​ត្រួតពិនិត្យ​ឯកសារ​របស់​គាត់​ឲ្យ​បាន​ហ្មត់ចត់​មុន​​ពេល​ខ្ញុំ​ចោទ​ប្រកាន់​ ព្រោះ​គាត់​ជាជន​បរទេស​”។ យោង​តាម​មាត្រា​៤២​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា​ ការ​រួម​ភេទជាមួយ​អនីតិជន​​គឺ​អាច​​​មាន​​ទោស​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​១០​ឆ្នាំ​៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស