33 C
Phnom Penh

សន្ទស្សន៍​​​ថ្មី​​​បង្ហាញ​​​ថា កម្ពុជា​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ប្រទេស​​​កំពូល​​​ទាំង​​​១០​​​ដែលមាន​​​​​​អត្រា​​​ស្រេក​​​ឃ្លាន​​​ធ្លាក់​​​ចុះ​​​ច្រើន​​​ជាង​​​គេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍​​​ថ្មី​​​មួយ​​​ចេញ​​​ដោយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​អន្តរជាតិ​​​ចំនួន​​​បី​​​បង្ហាញ​​​ថា អត្រា​​​ស្រេក​​​ឃ្លាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​ច្រើន​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​អត្រា​​​ស្រេក​​​ឃ្លាន​​​ក្នុង​​​ពិភព​​​លោក​​​​​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​​​​ជាង​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ប៉ុន្តែ​​​ស្ថាន​​​ភាព​​​នេះ​​​​​​នៅ​​​កម្ពុជា​​​ ​​​គឺ​​​ “ធ្ងន់ធ្ងរ​​​” នៅ​​​ឡើយ​​​​​​។

សន្ទស្សន៍​​​គម្លាន​​​ពិភព​​​លោក​​​ (Global Hunger Index) ឆ្នាំ​​​២០១៤ ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប្រើ​​​ប្រាស់​​​តួលេខ​​​ភាគ​​​ច្រើន​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ដើម្បី​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ប្រទេស​​​ចំនួន​​​១២០​​​ដោយ​​​ផ្អែក​​​លើ​​​ចំនួន​​​ប្រជា​​​ជន​​​ដែល​​​ខ្វះ​​​អាហារូបត្ថម្ភ​​​ ចំនួន​​​កុមារ​​​អាយុ​​​ក្រោម​​​៥​​​ឆ្នាំ​​​​​​ដែល​​​ខ្វះ​​​ទម្ងន់​​​ និង​​​ចំនួន​​​កុមារ​​​ក្រោម​​​អាយុ​​​៥​​​ឆ្នាំ​​​ដែល​​​ស្លាប់​​​ ដើម្បី​​​ស្វែង​​​រក​​​​​​ពិន្ទុ​​​សរុប​​​។ ពិន្ទុ​​​សូន្យ​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​នោះ​​​គ្មាន​​​ការ​​​ស្រេក​​​ឃ្លាន​​​​​​ទាំង​​​ស្រុង​​​។

ប្រទេស​​​កម្ពុជា​​​បាន​​​កាត់​​​បន្ថយ​​​ពិន្ទុ​​​របស់​​​ខ្លួន​​​ក្នុង​​​សន្ទស្សន៍​​​នេះ​​​ពី​​​៣២,៩ពិន្ទុ​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩០​​​មក​​​នៅ​​​ត្រឹម​​​១៦,១ពិន្ទុ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ប្រទេស​​​កំពូល​​​ទាំង​​​១០​​​ក្នុង​​​សន្ទស្សន៍​​​នេះ​​​ដែល​​​អត្រា​​​ស្រេក​​​ឃ្លាន​​​របស់​​​ខ្លួន​​​ធ្លាក់​​​ចុះ​​​ច្រើន​​​ជាង​​​គេ​​​​​​បំផុត។​​​​

ទោះ​​​បី​​​ជា​​​ពិន្ទុ​​​របស់​​​ខ្លួន​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ក្តី​​​ ក៏​​​របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា កម្ពុជា​​​នៅ​​​តែ​​​ជួប​​​ប្រទះ​​​បញ្ហា​​​ស្រេក​​​ឃ្លាន​​​ “ធ្ងន់​​​ធ្ងរ” ដែល​​​ប្រសើរ​​​ជាង​​​ “កម្រិត​​​ប្រកាស​​​អាសន្ន​​​” ប៉ុន្តែ​​​ធ្ងន់ធ្ងរ​​​ជាង “កម្រិត​​​មធ្យម​​​”។ នៅ​​​កម្ពុជា​​​ កុមារ​​​រង​​​គ្រោះ​​​ធ្ងន់​​​ជាង​​​គេ​​​បំផុត​​​។ យោង​​​តាម​​​របាយការណ៍​​​នេះ​​​បង្ហាញ​​​​​​ថា ២៩​​​ភាគ​​​រយ​​​នៃ​​​កុមារ​​​កម្ពុជា​​​អាយុ​​​ក្រោម​​​៥​​​ឆ្នាំ​​​ ខ្វះ​​​ទម្ងន់​​​។

របាយការណ៍​​​នេះ​​​គូស​​​បញ្ជាក់​​​មិន​​​ត្រឹម​​​តែ​​​អំពី​​​សារៈសំខាន់​​​នៃ​​​ការ​​​ទទួល​​​បាន​​​អាហារ​​​គ្រប់​​​គ្រាន់​​​ប៉ុណ្ណោះ​​​​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​សារៈសំខាន់​​​នៃ​​​ការ​​​ជ្រើស​​​រើស​​​ប្រភេទ​​​អាហារ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​សម្រាប់​​​ទទួលទានផង​​​ដែរ​​​។​​​

របាយការណ៍​​​នេះ​​​បាន​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា “ទម្រង់​​​នៃ​​​ការ​​​ស្រេក​​​ឃ្លាន​​​មួយ​​​ដែល​​​ជា​​​ញឹក​​​ញាប់​​​មិន​​​ត្រូវ​​​បាន​​​គេ​​​អើពើ​​​ ឬ​​​មិន​​​សូវ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ដោយ​​​សារ​​​តែ​​​ការ​​​ស្រែក​​​ឃ្លាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​កង្វះ​​​ថាមពល​​​នោះ​​​ គឺ​​​ជា​​​ការ​​​ស្រេក​​​ឃ្លាន​​​លាក់​​​​​​មុខ​​​ ឬ​​​ដែល​​​គេ​​​ហៅ​​​ថា កង្វះ​​​មីក្រូ​​​សារជាតិ។ កង្វះ​​​វីតាមីន​​​សំខាន់ៗ​​​ និង​​​ជាតិ​​​រ៉ែ អាច​​​មាន​​​ផល​​​ប៉ះពាល់​​​ដល់​​​សុខភាព​​​រយៈ​​​ពេល​​​វែង​​​​​​មិន​​​អាច​​​ស្រោច​​​ស្រង់​​​វិញ​​​បាន​​​ ព្រម​​​ទាំង​​​​​​​​​ផល​​​វិបាក​​​ខាង​​​សេដ្ឋ​​​កិច្ច​​​សង្គម​​​ ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជន​​​ខាត​​​បង់​​​ទ្រព្យ​​​សម្បត្តិ​​​ និង​​​បាត់បង់​​​ឱកាស​​​​​​អភិវឌ្ឍ​​​ទៀត​​​ផង។ តាម​​​រយៈ​​​ការ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ផលិត​​ភាព​​​របស់​​​​​​​​​​ប្រជាជន​​​ វា​​​ក៏​​​អាច​​​ជះ​​​ផល​​​ប៉ះពាល់​​​​​​ធ្ងន់ធ្ងរ​​​​​​មក​​​លើ​​​សេដ្ឋកិច្ច​​​របស់​​​ប្រទេស​​​នោះ​​​ផង​​​ដែរ”។

របាយការណ៍​​​នេះ​​​ក៏​​​បាន​​​គូស​​​បញ្ជាក់​​​ដែរ​​​​​​ពី​​​ស្ថានភាព​​​របស់​​​ស្ត្រី​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​មាន​​​ឈ្មោះ​​​ថា​​​ រម៉ាស់ ផាស ដែល​​​បាន​​​បាត់​​​បង់​​​ដី​​​ចម្ការ​​​ខ្លះ​​​របស់​​​ខ្លួន​​​ដោយសារ​​​ការ​​​ចាប់​​​យក​​​ដី​​​ “ដោយ​​​ខុស​​​ច្បាប់​​​” ពី​​​សំណាក់​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​ដែល​​​មិន​​​ចេញ​​​ឈ្មោះ​​​​​​។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “បន្លែ​​​ដាំា​​​តាម​​​ផ្ទះ​​​ជួយ​​​ទប់​​​ទល់​​​បាន​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​។ ប៉ុន្តែ ដើម្បី​​​បង្គ្រប់​​​ការ​​​ខ្វះខាត​​​ អ្នកស្រី រមា៉ាស់ ក៏​​​ត្រូវ​​​ទិញ​​​អាហារ​​​បន្ថែម​​​ទៀត​​​​​​ដែរ​​​ ជា​​​ពិសេស​​​សាច់​​​។ លើស​​​ពី​​​នេះ​​​ទៅទៀត​​​​​​​​​​​​​​​​​​​​ ទិន្នផល​​​ស្រូវ​​​របស់​​​អ្នក​​​ស្រី រមាស់ អាច​​​ធ្លាក់​​​ចុះ​​​នៅ​​​ពេល​​​ដ៏​​​ខ្លី​​​ខាង​​​មុខ​​​នេះ។ដោយ​​​ប្រាក់​​​ចំណូល​​​គ្រួសារ​​​ធ្លាក់​​​ចុះ​​​ អ្នកស្រី​​​គ្មាន​​​លទ្ធភាព​​​ចម្អិន​​​អាហារ​​​សម្បូរ​​​បែប​​​ដូច​​​កាល​​​ពី​​​ពីរបី​​​ឆ្នាំ​​​កន្លង​​​ទៅ​​​នោះ​​​ទេ​​​​​​”។

បណ្តា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ចាត់​​​ទុក​​​ការ​​​ចាប់​​​យក​​​ដី​​​បែប​​​នេះ​​​ពី​​​សំណាក់​​​ក្រុមហ៊ុន​​​រ៉ែ​​​ និង​​​ក្រុម​​​ហ៊ុន​​​កសិពាណិជ្ជកម្ម​​​​​​ ជា​​​មូល​​​ហេតុ​​​ចម្បង​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ធ្ងន់​​​ធ្ងរ​​​បំផុត​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ប្រទេស ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​យ៉ាង​​​ច្រើន​​​ និង​​​ការ​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​យ៉ាង​​​រាល​​​ដាល​​​។អង្គការ​​​ទាំង​​​នោះ​​​និយាយ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ប្រមាណ​​​៧០០.០០០នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​​​​​​​នៅ​​​ក្នុង​​​វិវាទ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ដី​​​ធ្លី​​​​​​​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០០​​​មក។

លោក ហ៊ាន វណ្ណហន​​​ អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​កសិកម្ម​​​នៃ​​​ក្រសួង​​​កសិកម្ម​​​ បាន​​​បដិសេធ​​​ថា នៅ​​​ក​​​្នុង​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ណា​​​​​​ម្នាក់​​​​​​បាត់​​​បង់​​​ដី​​​របស់​​​ខ្លួន​​​ដោយសារ​​​គេ​​​លួច​​​ប្លន់​​​ឡើយ​​​​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​ប្រជា​​​ពល​​​រដ្ឋ​​​បាត់​​​បង់​​​ដី​​​ទេ ខ្ញុំ​​​ឃើញ​​​តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​លក់​​​ដី “។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​មិន​​​ទាន់​​​បាន​​​ឃើញ​​​របាយការណ៍​​​ថ្មី​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា ពិន្ទុ​​​ល្អ​​​ប្រទេស​​​កម្ពុជា គឺជា​​​សញ្ញា​​​បង្ហាញ​​​​​​ថា ការ​​​ងារ​​​របស់​​​ក្រសួង​​​លោក​​​ដែល​​​ខិត​​​ខំ​​​​​​អប់​​​រំ​​​កសិករ​​​ កំពុង​​​ទទួល​​​បាន​​​ផល​​​។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ប្រសិន​​​បើ​​​​​​ចំនួន​​​នេះ​​​ធ្លាក់​​​ចុះ​​​ វា​​​បង្ហាញ​​​ថា កម្មវិធី​​​បង្រៀន​​​របស់​​​យើង​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​”។

យោង​​​តាម​​​សន្ទស្សន៍​​​គម្លាន​​​ពិភព​​​លោក​​​បង្ហាញ​​​ថា ចំនួន​​​ប្រជា​​​ជន​​​ដែល​​​ជួប​​​ការ​​​អត់​​​ឃ្លាន​​​នៅ​​​ជុំ​​​វិញ​​​ពិភព​​​លោក​​​ បាន​​​ធ្លាក់​​​​​​ចុះ​​​៣៩ភាគ​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ប៉ុន្តែ ប្រជា​​​ជន​​​ចំនួន​​​៨០៥​​​លាន​​​នាក់​​​នៅ​​​តែ​​​គ្មាន​​​អាហារ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ទទួល​​​ទាន​​​។

សូម​​​បញ្ជាក់​​​ថា របាយការណ៍​​​នេះ​​​ចេញ​​​ដោយ​​​អង្គការ​​​អន្តរ​​​ជាតិ​​​ចំនួន​​​បី​​​ដូច​​​ជា អង្គការ Welthungerhilfe អង្គការ Concern Worldwide និង​​​វិទ្យាស្ថាន​​​ស្រាវ​​​ជ្រាវ​​​គោល​​​នយោបាយ​​​អាហារ​​​អន្ត​​រជាតិ​​​​​​​​​​​​​​​​​​ (International Food Policy Research Institute)៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ សេក ឧត្តម)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស