38 C
Phnom Penh

គណៈមេធាវី​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ ប៊ុន ហុន ជា​ប្រធាន​ម្ដង​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អគ្គលេខាធិការ​គណៈ​មេធាវី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ គណៈ​មេធាវី​កម្ពុជា​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​លោក ប៊ុន ហុន ឲ្យ​ធ្វើ​ជា​ប្រធាន​របស់​ខ្លួន​ម្ដង​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​​មួយ​ ដែល​ធ្វើ​ឡើង​នៅ​កាស៊ីណូ​ណាហ្គាវើល ​ក្នុង​រាជ​ធានី​ភ្នំពេញ​។bar

លោក សាង សុធន បាន​លើក​ឡើង​ថា លោក ប៊ុន ហុន ដែល​ត្រូវ​បាន​​បោះ​ឆ្នោត​ជ្រើស​រើស​ជា​លើក​ដំបូង​ឲ្យ​ធ្វើ​​ជា​ប្រធាន​គណៈ​មេធាវី​នេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ទទួល​បាន​ការ​គាំទ្រ​ចំនួន​៥៥៤​សំឡេង​ ដោយ​យក​ឈ្នះ​​លើ​លោក សោម ចាន់ឌីណា ដែល​ទទួល​បាន​ត្រឹម​តែ​១៣០​សំឡេង​។ ​លោក​បាន​បន្ថែម​ថា សំឡេង​ឆ្នោត​​ចំនួន​១៨សំឡេង​បន្ថែម​ទៀត​ត្រូវ​បាន​ចាត់​ទុក​ជា​មិន​បាន​ការ​​។

លោក សុធន មាន​ប្រសាសន៍​ថា ” បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​ ​លោក ទិត្យ សុធី អគ្គព្រះរាជ​អាជ្ញារង​នៅ​សាលា​ឧទ្ធរណ៍​ដែល​ជា​តំណាង​របស់​អគ្គ​ព្រះរាជ​អាជ្ញា [អ៊ុក សាវុធ] បាន​និយាយ​ថា ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នេះ​​គឺ​ល្អ​”។

កាលពី​ខែ​ឧសភា​ឆ្នាំមុន លោក ប៊ុន ហុន អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ដែល​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្ខំចិត្ត​​ចេញ​មក​ការ​ពារ​ខ្លួន​ ហើយ​គណៈមេធាវី​​ត្រូវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​រិះគន់​ម្ដង​ទៀត​ថា ស្ថាប័ន​នេះ​ខ្វះ​ឯករាជភាព ហើយ​បាន​​រារាំង​មិន​ឲ្យ​មេធាវី​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ករណី​ខ្លះៗ។

នៅ​ពេល​ទាក់​ទង​តាមទូរស័ព្ទ​មុន​ពេល​​បោះ​ឆ្នោត​កាលពី​ម្សិលមិញ លោក ប៊ុន ហុន បាន​លើក​ឡើង​ថា ស្នាដៃ​អំឡុង​អាណត្តិ​ដំបូង​របស់​លោក​ជា​ប្រធាន​គណៈមេធាវី​ គឺ​រួម​មាន​ការ​ជំរុញ​​មេធាវី​ឲ្យ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ដល់​កម្រិត​បទដ្ឋាន​អន្តរជាតិ ហើយ​បាន​ជំរុញ​ឲ្យ​មេធាវី​ប្រមាណ​១៥១រូប​​ធ្វើ​ការ​ដោយ​មិន​គិត​កម្រៃ​។

លោក ចាន់ឌីណា ដែល​ជា​អ្នក​ចាញ់​លោក ប៊ុន ហុន ក្នុង​ការ​បោះ​ឆ្នោត និង​ដែល​ជា​អតីត​មេធាវី​របស់​​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​គណៈមេធាវី​​មិន​​ទទួល​រង​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ត្រូវ​តែ​រៀន​រស់​ដោយ​ខ្លួន​ឯង និង​មាន​ឯករាជ្យ​ដោយ​ខ្លួន​ឯង​”។

លោក ចាន់ឌីណា ក៏​បាន​ចោទ​ប្រកាន់​លោក ប៊ុន ហុន ថា​បាន​ទិញ​សមាជិក​គណៈ​មេធាវី​ដោយ​​បាន​អញ្ជើញ​អ្នក​​ទាំង​​អស់​នោះ​ទៅទទួល​ទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន​មួយ​ចំនួន​មុន​ពេល​ការ​បោះ​ឆ្នោត​ផង​ដែរ​ ហើយ​​បាន​​អំពាវ​នាវ​ឲ្យ​គណៈ​មេធាវី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​យុត្តិសាស្ត្រ​ធ្វើ​យុទ្ធនាការ​បែប​នេះទៀត​នៅ​ពេល​ក្រោយ​ ព្រោះ​ថា វា​អាច​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​។

លោក ប៊ុន ហុន បាន​ការ​ពារ​​​សកម្មភាព​របស់​លោក ដោយ​លើក​ឡើង​ថា បើ​យោង​តាម​ច្បាប់​បោះ​ឆ្នោត ​បេក្ខភាព​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អ្នក​បោះ​ឆ្នោត​ជា​ផ្នែក​នៃ​យុទ្ធនាការ​របស់​ខ្លួន​។ លោក​បាន​មាន​ប្រសាសន៍​ថា “មេធាវី​ទាំង​អស់​សុទ្ធតែ​បញ្ញវន្ត ហេតុដូច្នេះ​យើង​មិន​អាច​ប្រើ​យុទ្ធសាស្ត្រ​ណាមួយ​ទៅ​ទិញ​បេះ​ដូង​របស់​ពួកគេ​បាន​ឡើយ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស