កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ដែលមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា បានសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះកិច្ចប្រឹងប្រែងរបស់លោកដើម្បីលុបបំបាត់អំពើពុករលួយ ប៉ុន្តែបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរពឹងផ្អែកលើប្រទេសចិនពេកទេ តែត្រូវធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងបញ្ចុះតម្លៃអគ្គិសនី ដើម្បីទាក់ទាញវិនិយោគទុនអាមេរិកថែមទៀត។
សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន លោក ដុន បេនថុន ជាសមាជិកគណបក្សសាធារណរដ្ឋ កំពុងបំពេញបេសកកម្មពាណិជ្ជកម្មរយៈពេលមួយសប្តាហ៍ ដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងរដ្ឋវ៉ាស៊ីនតោនរបស់លោក។
លោក បេនថុន បានមានប្រសាសន៍ថា “ខ្ញុំបានជួបកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ហើយពិតណាស់ថា ឱពុករបស់គាត់និងរដ្ឋាភិបាលរបស់គាត់ប្តេជ្ញាដាច់ខាតនឹងនាំប្រទេសកម្ពុជាចូលសតវត្សរ៍ទី២១ និងលុបបំបាត់អំពើពុករលួយក្នុងរដ្ឋាភិបាលរបស់ខ្លួន។ ខ្ញុំជឿជាក់លើការខិតខំនេះ។ ប្រាកដណាស់ គាត់ប្តេជ្ញាធ្វើ។ ក្រុមគ្រួសារនិងរដ្ឋមន្ត្រីប្តេជ្ញាធ្វើហើយ”។
លោកបានបន្តថា “ហើយ វាកំពុងប្រសើរឡើង ពីព្រោះប្រសិនបើប្រទេសនេះបោះជំហានទៅមុខ គេត្រូវបោះជំហានដោយស្អាតស្អំ ហើយខ្ញុំគិតច្បាស់ថា ថ្នាក់ដឹកនាំនៅប្រទេសនេះយល់ឃើញថា នោះជាអ្វីដែលចាំបាច់ត្រូវធ្វើ។ ពួកគេចង់ធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋខ្លួនប្រសើរឡើង”។
ក៏ប៉ុន្តែ មិនច្បាស់ថា កូនប្រុសម្នាក់ណារបស់លោក ហ៊ុន សែន ដែលលោក បេន ថុន បានជួបនោះទេ ព្រោះកូនប្រុសទាំង៣សុទ្ធតែកាន់តំណែងមានឥទ្ធិពលក្នុងយោធានិងរដ្ឋាភិបាល។
យោងតាមសេចក្តីរាយការណ៍មួយដែលចេញកាលពីខែមុនដោយអង្គការតម្លាភាព Transparency International (IT) ឲ្យដឹងថា ប្រទេសកម្ពុជាមានអំពើពុករលួយរ៉ាំរ៉ៃ និងការសូកប៉ាន់ក្នុងប្រព័ន្ធតុលាការ កម្លាំងនគរបាល និងស្ថាប័នរដ្ឋផ្សេងទៀតរបស់ខ្លួន។
សន្ទស្សន៍ Corruption Perceptions Index បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី១៦០ក្នុងចំណោមប្រទេស១៧៧ដែលគេបានស្រាវជ្រាវ។ ទោះជាយ៉ាងនេះក្តី របាយការណ៍ធនាគារពិភពលោក ដែលចេញកាលពីសប្តាហ៍មុន បានឲ្យដឹងថា បើទោះជា “ការបង់ប្រាក់ក្រៅផ្លូវការ” ទៅលើមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីតុលាការនៅតែមានជាទូទៅក៏ដោយ ក៏វាបានថយចុះខ្លះដែរ។
លោក បេនថុន ក៏បានមានប្រសាសន៍ដែរថា ប្រទេសកម្ពុជាត្រូវតែខិតខំទាក់ទាញអ្នកវិនិយោគអាមេរិក ដោយការធ្វើឲ្យប្រព័ន្ធផ្លូវថ្នល់របស់ខ្លួនប្រសើរឡើង និងធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីថោក ហើយមិនគួរពឹងផ្អែកពេកទេលើសំណង់ចិន”មិនសូវមានគុណភាព”សម្រាប់គម្រោងសាធារណការសំខាន់ៗ។
លោក បេន បានមានប្រសាសន៍សំដៅលើការពឹងពាក់របស់ប្រទេសកម្ពុជាទៅលើប្រទេសចិន ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្នល់ថា “នោះជាមូលហេតុមួយទៀតដែលយើងមកទីនេះដើម្បីនិយាយប្រាប់ថា អ្នកមិនត្រូវយកផលិតផលលំដាប់ទី២នោះទេ ត្បិតចិនជាប្រទេសតែមួយដែលជួយអ្នកក៏ដោយ…តែអាមេរិកក៏អាចជួយអ្នកបានដែរ”។ ប្រទេសចិនបានផ្តល់កម្ចីការប្រាក់ទាបជិត៣ពាន់លានដុល្លារ និងជំនួយផ្សេងទៀតឲ្យប្រទេសកម្ពុជាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ជាគម្រោងធំៗដែលបន្ទាប់មកត្រូវចុះកិច្ចសន្យាឲ្យបណ្តាក្រុមហ៊ុនចិនទទួលម៉ៅការសាងសង់៕មានិត