28.4 C
Phnom Penh

អតីត​ភរិយា​ផ្តល់​រង្វាន់​សម្រាប់​ការ​ចាប់​ជនជាតិ​អាមេរិក​រំលោភ​កុមារ​ដែល​កំពុង​​គេច​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​នគរបាល​ទទួល​ស្គាល់​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ពួកគេ​យឺត​មួយ​ជំហាន​ក្នុង​ការ​ចាប់​ទាហាន​អាមេរិក​ និង​ជា​ជន​រំលោភ​ផ្លូវ​ភេទ​កុមារ ម៉ៃឃើល អិដវើដ ហារីស (Michael Edward​ Harris) ដែល​បាន​ចាកចេញ​ពី​ផ្ទះ​ជួល​របស់​គាត់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​គេ​ដឹង​ថា​គាត់​កំពុង​រស់នៅ​និង​ធ្វើការ​ជា​អ្នក​បង្ហាត់​ឆ្កែ​នៅ​ក្រុង​ព្រះ​សីហនុ​នោះ អតីត​ភរិយា​របស់​គាត់​បាន​ផ្តល់​ប្រាក់​រង្វាន់​២.០០០​ដុល្លារ​ដល់​នរណា​ដែល​មាន​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​គាត់​និង​បញ្ជូន​ទៅ​អាមេរិក​វិញ។

លោក វេនី ហល ជា​មន្ត្រី​ទំនាក់​ទំនង​ព័ត៌មាន​កងទ័ព​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពលបាលត្រី​មកពី​រដ្ឋ​អារីហ្សូណា​រូបនេះ​បានភៀស​ខ្លួន​ចេញពី​ប្រទេស​អាមេរិក​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧​ខែ​មករា បន្ទាប់ពី​មិន​បាន​ឡើង​តុលាការ​នៅ​ក្រុង​អ័រឡិនដូ រដ្ឋ​ផ្លរីដា ព្រោះ​​គាត់​ត្រូវ​ប្រឈម​នឹង​បទចោទ​៤៤​ករណី​ទាក់ទិន​នឹង​ការ​មាន​រូបអាសគ្រាម​កុមារ ដែល​នាំ​ឲ្យ​មាន​ការ​ចោទពី​បទ​​រត់​ចោល​ជួរ​ទ័ព​ និង​ស្ថិត​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​២០​នាក់​លើ​គេ​របស់​កងទ័ព​អាមេរិក។

យោងតាម​អ្នកស្រី ដេនីស ដាយ៉ា អតីត​ភរិយា​របស់​គាត់ ដែល​សុខចិត្ត​ផ្តល់​ប្រាក់​រង្វ្ាន់​២.០០០​ដុល្លារ​ដល់​អ្នកណា​ដែល​ជួយ​ដល់​ការ​ចាប់​ខ្លួន​ឆាប់​រហ័ស និង​បញ្ជូន​គាត់​ទៅ​អាមេរិក​ឲ្យ​ប្រឈម​នឹង​បទ​ចោទ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហារីស ក៏​ជាប់​ចោទពីបទ​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​អាមេរិក​ដែរ ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​កុមារ​នៅ​កម្ពុជា។

អ្នកស្រី​បាន​ឲ្យ​ដឹង​ក្នុង​អីុម៉េល​ថា “ខ្ញុំ​ផ្តល់​ប្រាក់​រង្វាន់​១.០០០​ដុល្លារ ហើយ​ខ្ញុំ​មាន​អ្នក​ផ្តល់​ជំនួយ​អនាមិក​១.០០០​ដុល្លារ​ផ្សេងទៀត សរុប​មាន​ប្រាក់​២.០០០​ដុល្លារ​សម្រាប់​អ្នក​ដែល​ក្របួច​ក​គាត់​ចូល​ស្ថានទូត​អាមេរិក ដើម្បី​ឲ្យ​គេ​អាច​នាំគាត់​ទៅ​អាមេរិក​វិញ ហើយ​ខ្ញុំ​មិន​ខ្វល់​ថា គាត់​ស្លាប់ ឬ​រស់​ទេ”។

អ្នក​ស្រី ដាយ៉ា បាន​ឲ្យ​អាជ្ញាធរ​អាមេរិក​និង​អាជ្ញាធរ​មូលដ្ឋាន​នៅទី​នេះ​ដឹង បន្ទាប់ពី​ដឹង​តាម​រយៈ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា អតីត​ប្តី​អ្នកស្រី​​ធ្វើជា​អ្នក​បង្ហាត់​ឆ្កែ​នៅ K9 Cambodia EliteService Dog Facility ដោយ​កែ​ឈ្មោះ​ថា Michael Dobbs វិញ។

ប៉ុន្តែ ក្រុម​ប៉ូលិស​ស៊ើប​អង្កេត​បាន​ឆែកឆេរ​ផ្ទះ​ជួល​របស់​គាត់​នៅ​ក្រុង​ព្រះ​សីហនុ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទើប​ដឹង​ថា គាត់​ចេញ​បាត់ទៅ​ហើយ។

លោក អ៊ុក ហៃសិលា ប្រធាន​នាយក​ដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​នៅ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា “យើង​មាន​តម្រុយ​មួយ​ចំនួន​ថា គាត់​រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ ហើយយើង​បាន​ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​ជន​សង្ស័យ​​នៅ​ព្រឹក​នេះ ប៉ុន្តែ​ជននេះ​បាន​ដឹង​ថា ប៉ូលិស​មក​រក​ចាប់​គាត់ ដូច្នេះ គាត់​ចាកចេញ​បាត់​ទៅ”។

លោក ហៃសិលា នៅតែ​មាន​ជំនឿ​ចិត្ត​ថា អាជ្ញាធរ​កម្ពុជា​នឹង​រារាំង​ជន​គេច​ខ្លួន​រូប​នេះ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ​បាន​ឡើយ និង​បាន​មាន​ប្រសាសន៍​ទៀតថា រូបថត​លោក ហារីស និង​រូបថតម៉ូតូ​របស់​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​គ្រប់​ប៉ុស្តិ៍​ព្រំដែន​ទាំង​អស់។

លោក​បាន​ឲ្យ​ដឹង​ទៀតថា “គាត់​មិន​អាច​គេច​ខ្លួន​បាន​ទេ។ យើង​ជឿថា យើង​នឹង​ចាប់​ខ្លួន​គាត់​​ក្នុង​ពេលពីរបី​ថ្ងៃ​ទៀត​នេះ ពីព្រោះ​អ្នក​ជំនាញ​របស់​ជើង​បាន​ស្គាល់​តម្រុយ​ច្រើន​ទៀត ដែល​នឹង​ជួយ​យើង​ស្វែង​រក​ចាប់​គាត់”។ លោក​បាន​បន្ថែម​ទៀតថា លោក​ជឿថា ជន​សង្ស័យ​រូប​នេះ​កំពុង​លាក់​ខ្លួន​ក្នុង​ក្រុង​ព្រះសីហនុ ឬ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ហើយ។

លោក ហៃសិលា បាន​ឆ្លើយ​តប​ដោយ​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា អតីត​ភរិយា​របស់​ជន​សង្ស័យ​បាន​ផ្តល់​ប្រាក់​រង្វាន់ ប៉ុន្តែ​បាន​និយាយ​ថា វាជួយ​តិចតួច​ដល់​ការ​ស៊ើប​អង្កេត​នោះ​។

លោក​បាន​មាន​ប្រសាសន៍ “ខ្ញុំ​ភ្ញាក់​ផ្អើល​នឹង​រឿង​នេះ។ ខ្ញុំ​មិន​គិត​ថា វា​ជា​គំនិត​ល្អ ឬថា​ការ​ផ្តល់​២.០០០​ដុល្លារ​នេះនឹង​ជួយ​ក្នុង​ករណី​នេះ​ទេ”។ “យើង​មិន​អាចរារាំង​គាត់​មិន​ឲ្យ​ធ្វើ​បែប​នេះ​បាន​ទេ ព្រោះ​វា​អាច​បង្កើត​ភាព​ច្របូក​ច្របល់​ដល់​ការ​ស៊ើប​អង្កេត​របស់​យើង ប៉ុន្តែ​វាជា​រឿង​តូចតាច​សម្រាប់​យើង​ប៉ុណ្ណោះ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស