29.6 C
Phnom Penh

អ្នក​​ភូមិ​​​ឡពាង​​​ច្រាន​​​ចោល​​​ដំណោះស្រាយ​​​ដោះ​​​ដូរ​​​ដី​​​របស់​​​រដ្ឋ​​​សភា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​​​​សន្យា​​​កាល​​​ពី​​​ដើម​​​ខែ​​​កញ្ញា​​​ថា នឹង​​​ជួយ​​​​​​ដោះស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​មួយ​​​រវាង​​​អ្នក​​​ភូមិ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ និង​​​ក្រុមហ៊ុន​​​មួយ​​​របស់​​​ភរិយា​​​រដ្ឋ​​​មន្ត្រី​​​មួយ​​​រូប​​​​​​ឲ្យ​​​បាន​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​មក គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​​​​នៅ​​​តែ​​​មិន​​​ទាន់​​​រក​​​ឃើញ​​​មតិ​​​រួម​​​វាង​​​ភាគ​​​ី​​​ទាំង​​​ពី​​​រ​​​នៅ​​​ឡើយ​​​ទៀត​​​​​​។

លោក ជា ប៉ូច តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ និង​​​ជា​​​សមាជិក​​​មួយ​​​រូប​​​នៃ​​​គណៈ​​​កម្មការ​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​សប្តាហ៍​​​នេះ​​​ថា បន្ទាប់​​​ពី​​​ការ​​​ពិភាក្សា​​​ជាមួយ​​​ភាគី​​​ផ្សេង​​​ៗ ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​នេះ​​​ តំណាង​​​រាស្ត្រ​​​​​​បាន​​​រួមមតិ​​​​​​គ្នា​​​​​​លើក​​​សំណើ​​​ដោះ​​​ដូរ​​​ដី​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​១៧​​​គ្រួសារ​​​ ដែល​​​បាន​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​សំណង​​​ពី​​​ក្រុមហ៊ុន ខេឌីស៊ី របស់​​​លោកស្រី​​​ ជា ខេង ភរិយា​​​របស់​​​លោក​​​ ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាមពល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​សម្រេច​​​ជ្រើស​​​ទី​​​តាំង​​​បណ្តោះ​​​អាសន្ន​​​មួយ​​​សម្រាប់​​​គ្រួសារ​​​ទាំង​​​នេះ​​​ទទួល​​​យក​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ ជា​​​ពិសេស​​​យើង​​​ចង​​់​​​សម្រុះ​​​សម្រួល​​​​​​រវាង​​​អ្នក​​​ភូមិ​​​ និង​​​ក្រុមហ៊ុន​​​ឲ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​យល់​​​ស្រប​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដោះ​​​ដូរ​​​ ប៉ុន្តែ ទី​​​តាំង​​​ថ្មី​​​នោះ​​​ត្រូវ​​​តែ​​​ជា​​​ដី​​​មាន​​​ជីជាតិ​​​សម្រាប់​​​ធ្វើ​​​កសិកម្ម”។

ដី​​​ក្នុង​​​សំណើ​​​ដោះ​​​ដូរ​​​នេះ​​​មាន​​​ទី​​​តាំង​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ឃុំ​​​ឈូក​​​ស ​​​ចម្ងាយ​​​ប្រមាណ​​​២គីឡូម៉ែត្រ​​​ពី​​​ភូមិ​​​ឡពាង​​​ ដែល​​​​​​ស្ថិត​​​ក្នុង​​​ឃុំ​​​តាជេស​​​ ស្រុក​​​កំពង់​​​ត្រាច​​​ កន្លែង​​​ដែល​​​អ្នក​​​ភូមិ​​​កំពុង​​​ព្យាយាម​​​​​​ដណ្តើម​​​គ្រប់​​​គ្រង​​​ដី​​​កសិកម្ម​​​ទំហំ​​​១៤៥ហិកតា​​​ ដែល​​​ត្រូវ​​​បាន​​​​​​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដោយ​​​ក្រុមហ៊ុន ខេឌីស៊ី ដែរ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​មក​​​។

លោក រាជ សីម៉ា តំណាង​​​អ្នក​​​ភូមិ​​​​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​តំបន់​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​រួច​​​ហើយ ហើយ​​​ឃើញ​​​ថា ទី​​​នោះ​​​មិន​​​ស័ក្ដិសម​​​សម្រាប់​​​ការ​​​ដាំដុះ​​​ទេ​​​។លោក​​​បាន​​​លើក​​​ឡើ​​ង​​​ទៀត​​​ថា “យើង​​​មិន​​​អាច​​​ទទួល​​​យក​​​ទីតាំង​​​នេះ​​​សម្រាប់​​​ការ​​​ដោះ​​​ដូរ​​​បាន​​​ទេ​​​ ពីព្រោះ​​​ដី​​​នោះ​​​គ្មាន​​​ជីជាតិ​​​គ្រប់គ្រាន់​​​សម្រាប់​​​ធ្វើ​​​កសិកម្ម​​​របស់​​​យើង​​​។ សូម្បី​​​​​ស្មៅ​​​ក៏​​​មិន​​​ចង់​​​ដុះ​​​ផង​​​ ពីព្រោះ​​​វា​​​ជា​​​ដី​​​ខ្សាច់​​​។ យើង​​​ខក​​​ចិត្ត​​​នឹង​​​គណៈកម្មការ​​​នេះ​​​ខ្លាំង​​​ណាស់​​​ពីព្រោះ​​​វា​​​មាន​​​​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​ហើយ​​​នៅ​​​តែ​​​មិន​​​ទាន់​​​មាន​​​ដំណោះ​​​ស្រាយ​​​សម​​​រម្យ​​​ទៀត​​​”។

នៅ​​​សប្តាហ៍​​​នេះ​​​ដែរ​​​ ប្រជា​​​ពល​​​រដ្ឋ​​​ប្រាំពីរ​​​គ្រួសារ​​​ទៀត​​​មក​​​ពី​​​ភូមិ​​​ឡពាង​​​ បាន​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​លុប​​​ចោ​​​ល​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​ផ្តល់​​​សំណង​​​ជា​​​មួ​​​យ​​​ក្រុមហ៊ុន ខេឌីសីុ ដែល​​​ពួក​​​គាត​​​់​​​​​​និយាយ​​​ថា ត្រូវ​​​បាន​​​​​ចុះ​​​ហត្ថលេខា​​​ក្រោម​​​ការ​​​គំរាម​​​កំហែង​​​។

កាល​​​ពីខែ​​​មេសា លោក​​​ស្រី​​​ ជា ខេង បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​ជួយ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ជា​​​មួយ​​​អ្នក​​​ភូមិ ដែល​​​អ្នក​​​ខ្លះ​​​បាន​​​ធ្វើ​​​កសិកម្ម​​​លើ​​​ដី​​​មាន​​​វិវាទ​​​​​​​​​​​​​​​​​​​​​​​​​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ទសវត្សរ៍​​​មក​​​ហើយ។ គណៈកម្មការ​​​នោះ​​​បាន​​​សម្រុះ​​​សម្រួល​​​ឲ្យ​​​មាន​​​កិច្ច​​​ព្រមព្រៀង​​​ផ្តល់​​​សំណង​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​៣៥​​​គ្រួសារ​​​ ដែល​​​ពេល​​​នេះ​​​៣០​​​គ្រួសារ​​​ក្នុង​​​ចំណោម​​​នោះ​​​បាន​​​​​​ស្នើ​​​សុ​​​ំ​​​ឲ្យ​​​តុលាការ​​​លុប​​​ចោល​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​វិញ​​​។

លោក ផេង​​​ រុ៉ម មក​​​ពី​​​គ្រួសារ​​​មួយ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​ទាំង​​​ប្រាំពីរ​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​នៅ​​​សប្តាហ៍​​​នេះ​​​ បាន​​​និយាយ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មេសា លោក​​​ស្រី ជា ខេង បាន​​​សន្យា​​​ប្រគល់​​​ប្រាក់​​​ឲ្យ​​​គាត់​​​១០.០០០​​​ដុល្លារ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​នេះ ប៉ុន្តែ បាន​​​ប្រគល់​​​ឲ្យ​​​តែ​​​៦.០០០​​​ដុល្លារ​​​ប៉ុណ្ណោះ ទើប​​​បណ្តាល​​​ឲ្យ​​​រូប​​​លោក​​​មក​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​លុប​​​ចោល​​​កិច្ច​​​ព្រមព្រៀង​​​នេះ។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​គ្មាន​​​ការ​​​ជឿ​​​ជាក់​​​ថា ក្រុមហ៊ុន​​​នឹង​​​ប្រគល់​​​​​​ប្រាក់​​​ដែល​​​នៅ​​​សេស​​​សល់​​​សម្រាប់​​​ការ​​​បាត់​​​បង់​​​ដី​​​របស់​​​ខ្ញុំ​​​ទេ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក ថៃ ហ៊ី តំណាង​​​ក្រុមហ៊ុន ខេឌីសីុ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី ជា ខេង បាន​​​សន្យា​​​ប្រគល់​​​ប្រាក់​​​ជំពាក់​​​ទាំង​​​អស់​​​​​​ នៅ​​​ពេល​​​​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​រួច​​​រាល់​​​។

​​​​​​​​​​​ លោក​​​បាន​​​បន្ថែម​​​ថា “នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​ប្រាប់​​​លោក រ៉ុម ឲ្យ​​​អត់​​​ធ្មត់​​​ ពីព្រោះ​​​លោក ជំទាវ [លោកស្រី ជា ខេង​​​]​​​​​​ ប្រាកដ​​​ជា​​​ប្រគល់​​​ប្រាក់​​​ឲ្យ​​​គាត់​​​ នៅ​​​ពេល​​​ករណី​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ទាំង​​​ស្រុង”៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស