34 C
Phnom Penh

កម្ពុជា​​​ត្រៀម​​​វិធានការ​​​ដើម្បី​​​ទប់​​​ទល់​​​ការ​​​ផ្ទុះ​​​ករណី​​​​​​ជំងឺ​​​អេបូឡា​​​ ដ៏កាច​​​សាហាវ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​ឆ្លង​​​នៃ​​​ក្រសួង​​​សុខាភិបាល ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នាយក​​​ដ្ឋាន​​​នេះ​​​បាន​​​ជ្រើស​​​រើស​​​មន្ទីរ​​​ពេទ្យ​​​ចំនួន​​​ប្រាំ​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​សម្រាប់​​​ដាក់​​​​​​អ្នក​​​ដែល​​​ឆ្លង​​​វីរុស​​​អេបូឡា​​​ឲ្យ​​​នៅ​​​ដាច់​​​​​​ដោយ​​​ឡែក​​​ពី​​​គេ​​​ ប្រសិន​​​បើ​​​ករណី​​​ជំងឺ​​​នេះ​​​ផ្ទុះ​​​នៅ​​​កម្ពុជា។

​​​​​​នៅ​​​ឯ​​​ពិធី​​​មួយ​​​មាន​​​ឈ្មោះ​​​ថា “ហានិភ័យ​​​ជំងឺ​​​អេបូឡា និង​​​សុខាភិបាល​​​សាធារណៈ​​​នៅ​​​កម្ពុជា​​​”ដែល​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​សភា​​​ពាណិជ្ជកម្ម​​​អាមេរិក​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ​​​លោក លី សុវណ្ណ អនុ​​​ប្រធាន​​​នាយ​​​កដ្ឋាន​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​ឆ្លង បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​​​បូក​​​រួម​​​មន្ទីរ​​​ពេទ្យ​​​ចំនួន​​​ប្រាំ​​​ទៀត​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ កំពង់​​​ចាម កំពត និង​​​ខេត្ត​​​ស្ទឹង​​​ត្រែង ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​​​​ឲ្យ​​​ទទួល​​​ព្យាបាល​​​អ្នក​​​ដែល​​​ឆ្លង​​​ជំងឺ​​​ដ៏​​​កាច​​​សាហាវ​​​នេះ​​​។​​​​​​

លោក​​​មាន​​​ប្រសាសន៍​​​ថា គ្រូ​​​ពេទ្យ​​​ជំនាញ​​​​​ក៏​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដែរ​​​ សម្រាប់​​​ព្យាបាល​​​អ្នក​​​ដែល​​​កើត​​​ជំងឺ​​​អេបូឡា។ “យើង​​​មាន​​​មនុស្ស​​​ចំនួន​​​២.០០៨​​​នាក់​​​នៅ​​​នាយក​​​ដ្ឋាន​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​ឆ្លង​​​ ដែល​​​ទទួល​​​បាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ពី​​​របៀប​​​ធ្វើ​​​ការ​​​សុើប​​​អង្កេត​​​បឋម ហើយ​​​យើង​​​មាន​​​បទ​​​ពិសោធ​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ការ​​​រាតត្បាត​​​ជំងឺ”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “នឹង​​​មាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​​​​បន្ថែម​​​ទៀត​​​សម្រាប់​​​មនុស្ស​​​១០​​​នាក់​​​ដែល​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ឆ្លើយ​​​តប នៅ​​​ពេល​​​យើង​​​នាំ​​​អ្នក​​​ដែល​​​​​​ជាប់​​​សង្ស័យ​​​ថា ឆ្លង​​​ជំងឺ​​​អេបូឡា​​​ទៅ​​​។ យើង​​​ចាំបាច់​​​ត្រូវ​​​ស្វែង​​​រក​​​នរណា​​​ ដែល​​​អាច​​​ធ្វើ​​​ការ​​​នេះ​​​បាន​​​ពិត​​​ប្រាកដ​​​ពីព្រោះ​​​វា​​​ពិត​​​ជា​​​អាច​​​មាន​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​ណាស់​​​”។

លោក​​​មាន​​​ប្រសាសន៍​​​ថា សម្រាប់​​​កង​​​កម្លាំង​​​រក្សា​​​សន្តិភាព​​​កម្ពុជា​​​ ក៏​​​នឹង​​​ត្រូវ​​​ឆ្លង​​​កាត់​​​ការ​​​​​​ពិនិត្យ​​​រក​​​វីរុស​​​ជំងឺ​​​នេះ​​​ដែរ​​​ នៅ​​​ពេល​​​ពួក​​​គេ​​​ត្រឡប់​​​មក​​​ពី​​​បណ្តា​​​ប្រទេស​​​នៅ​​​អាហ្វ្រិក​​​វិញ​​​។

លោក​​​បាន​​​បន្ត​​​ថា “យើង​​​កំពុង​​​រង់​​​ចាំ​​​ទាហាន​​​ទាំង​​​នោះ​​​​​​ត្រឡប់​​​មក​​​វិញ​​​ [ពីអាហ្វ្រិក]​​​​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​ជិត​​​ស្និទ្ធ​​​ជា​​​មួ​​យ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដើម្បី​​​សម្រប​​​សម្រួល​​​ឲ្យ​​​ពួក​​​គាត់​​​​​​ត្រឡប់​​​មក​​​វិញ និង​​​តាម​​​ដាន​​​​​​សុខភាព​​​ពួកគាត់​​​​​​”។

លោក​​​មាន​​​ប្រសាសន៍​​​​​​ថា ទោះ​​​បី​​​ជា​​​​​​សមត្ថភាព​​​របស់​​​នាយក​​​ដ្ឋាន​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​ឆ្លង​​​នៅ​​​​​​មាន​​​កម្រិត​​​នៅ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ករណី​​​ផ្ទុះ​​​ជំងឺ​​​កាច​​​សាហាវ ​​​រួម​​​ទាំង​​​កង្វះ​​​សម្ភារ​​​មួយ​​​ចំនួន​​​ក្តី​​​កម្ពុជា​​​ក៏​​​នៅ​​​តែ​​​មាន​​​ការ​​​ជឿ​​​ជាក់​​​ ពីព្រោះ​​​កន្លង​​​មក​​​កម្ពុជា​​​ធ្លាប់​​​បាន​​​​​​ដោះ​​​ស្រាយ​​​ករណី​​​ផ្ទុះ​​​ជំងឺ​​​រួច​​​មក​​​ហើយ​​​។

គូស​​​បញ្ជាក់​​​ពី​​​ការ​​​ឆ្លើយ​​​តប​​​យ៉ាង​​​មាន​​​ប្រសិទ្ធ​​​ភាព​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​​​​ការ​​​ចាត់​​​វិធាន​​​ការ​​​តប​​​ទៅ​​​នឹង​​​ការ​​​ផ្ទុះ​​​ករណី​​​ជំងឺ​​​ផ្តាសាយ​​​បក្សី​​​ក្នុង​​​រយ​ៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​ត្រៀម​​​អ្វី​​​ទាំង​​​អស់​​​សម្រាប់​​​ទប់​​​ទល់​​​ជំងឺ​​​សា​​​។យើង​​​បាន​​​សាង​​​សមត្ថភាព​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នេះ​​​ទៅ ហើយ​​​យើង​​​​​​ត្រៀម​​​ខ្លួន​​​បាន​​​ល្អ​​​ជាង​​​មុន ប៉ុន្តែ យើង​​​ចាំបាច់​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​បាន​​​ច្រើន​​​ជាង​​​​​​នេះ។ ប្រសិនបើ​​​គ្រប់​​​ប្រទេស​​​ទាំងអស់​​​​​​ត្រៀម​​​ខ្លួន​​​ យើង​​​ក៏​​​នឹង​​​ត្រូវ​​​​​​​​​ទប់​​​ទល់​​​ស្ថាន​​​ភាព​​​នេះ​​​ដែរ”។​​​​​​

ករណី​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ក្នុង​​​ខ្លួន​​​មនុស្ស​​​ដែល​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​កត់​​​ត្រា​​​មាន​​​ចំនួន​​​២៦​​​ករណី​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​ក្នុង​​​នោះ​​​មាន​​​១២ករណី​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​ឆ្លង​​​ជំងឺ​​​នេះ​​​ស្លាប់​​​ ដែល​​​ជា​​​ឆ្នាំ​​​រង​គ្រោះ​​​បំផុត​​​ចាប់​​​តាំង​​​ពី​​​វីរុស​​​ជំងឺ​​​នេះ​​​ត្រូវ​​​បាន​​​រក​​ឃើញ​​​លើក​​​ដំបូង​​​នៅ​​​ក្នុង​​​ខ្លួន​​​បក្សី​​​នៅ​​​កម្ពុជា​​​​​​ក្នុង​​​ឆ្នាំ​​​២០០៤​​​មក​​​៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស