32 C
Phnom Penh

ពល​​​រដ្ឋ​​​រាប់​​​រយ​​​នាក់​​​ហែក្បួន​​​តវ៉ា​​​ប្រឆាំង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទទួល​​​យក​​​ជន​​​ភៀសខ្លួន​​​អូស្ត្រា​​​លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ព្រះ​​​សង្ឃ​​​ និង​​​សកម្មជន​​​រាប់​​​រយ​​​អង្គ​​​​​និង​​​នាក់​​​​​​​​​ បាន​​​ហែ​​​ក្បួន​​​តវ៉ា​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​លុប​​​ចោល​​​កិច្ច​​​ព្រមព្រៀង​​​មួយ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ខែ​​​មុន​​​ ដើម្បី​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ពេល​​​នេះ​​​​កំពុង​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​អូស្ត្រាលី។cam-front-photo

ជា​​​ផ្នែក​​​មួយ​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​​​​ រដ្ឋាភិបាល​​​អូស្ត្រាលី​​​នឹង​​​ប្រគល់​​​ប្រាក់​​​ជំនួយ​​​៣៥លាន​​​ដុល្លារ​​​​​​​​​ ជា​​​ថ្នូរ​​​នឹង​​​​​​កិច្ច​​​ព្រមព្រៀង​​​​​​ជា​​​មួយ​​​កម្ពុជា ដើម្បី​​​ទទួល​​​យក​​​ជន​​​ភៀសខ្លួន​​​មួយ​​​ចំនួន​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​ជាប់​​​នៅ​​​ក្នុង​​​មជ្ឈមណ្ឌល​​​ឃុំ​​​ខ្លួន​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​​​​​​​​​​​​​​​ណូរូ​​​ នៅ​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​។

អ្នក​​​នយោបាយ​​​ប្រឆាំង​​​ និង​​​អ្នក​​​តស៊ូ​​​មតិ​​​ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ ​​​បាន​​​រិះគន់​​​កិច្ច​​​ព្រមព្រៀង​​​នេះ និង​​​​​ប្រទេស​​​អូស្ត្រាលី​​​​យ៉ាង​ខ្លាំង ព្រោះ​​​មិន​​​បាន​​​បំពេញ​​​​​​កាតព្វកិច្ច​​​អន្តរ​​​ជាតិ​​​របស់​​​ខ្លួន​​​ចំពោះ​​​ជន​​​ភៀសខ្លួន​​​។ នៅ​​​ខាង​​​ក្រៅ​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ប្រចាំ​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​ថ្ងៃ​​​សុក្រ​​​ ក៏​មាន​ការ​​​ថ្កោល​​​ទោស​ដែរ។

លោក​​​ អឿ ណារិទ្ធ ជា​​​សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​តាម​​​ឧបករណ៍​​​បំពង​​​សំឡេង ដែល​​​ភ្ជាប់​​​នឹង​​​រ៉ឺម៉ក​​​ និង​​​បែរ​​​មុខ​​​ទៅ​​​ស្ថាន​​​ទូត​​​នេះ​​​ថា “ប្រទេស​​​អូស្ត្រាលី​​​ធ្លាប់​​​​​ល្បី​​​ខាង​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ និង​​សិទ្ធិ​​​​​​មនុស្ស​​​​​​​​​​​​។ ប៉ុន្តែ លែង​​​ទៀត​​​​​​ហើយ​​​។ ពិភព​​​លោក​​​អាច​​​មើល​​​ឃើញ​​​អ្វី​​​ដែល​​​អ្នក​​​ឯង​​​​​​កំពុង​​​ធ្វើ​​​”។

លោក ណារិទ្ធ បាន​​​ស្រែក​​​បែរ​​​ទៅ​​​​​​ស្ថានទូត​​​នេះ​​​ថា “អ្នក​​​ឯង​​​កំពុង​​​ធ្វើ​​​កិច្ច​​​ព្រមព្រៀង​​​ជា​​​មួយ​​​ប្រទេស​​​មួយ​​​ដែល​​​​​​ល្បី​​​ខាង​​​ពុក​​​រលួយ​​​ និង​​​​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​។ ហេតុ​​​អ្វី​​​អ្នក​​​ឯង​​​ធ្វើ​​​រឿង​​​នេះ​​​ទៅ​​​កើត?”។

ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​ណូរូ​​​ ដែល​​​បាន​​​ធ្វើ​​​បាតុកម្ម​​​ផ្ទាល់​​​ខ្លួន​​​ប្រឆាំង​​​ការ​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​ខ្លះ​​​​​​ប៉ុន​​​ប៉ង​​​ធ្វើ​​​អត្ត​ឃាត​​​ហើយ​​​ក្មេង​​​ៗ​​​ដេរ​​​បបូរ​​​មាត់​​​នោះ ​​​នឹង​​​មក​​​ប្រទេស​​​កម្ពុជា​​​ឈរ​​​លើ​​​មូល​​​ដ្ឋាន​​​ស្ម័គ្រ​​​ចិត្ត​​​តែ​​​ប៉ុណ្ណោះ។

ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​មន្ទិល​​​ថា “ជន​​​ភៀស​​​ខ្លួន​​​ជា​​​ច្រើន​​​នឹង​​​មិន​​​ព្រម​​​មក​​​ប្រទេស​​​កម្ពុជា​​​ទេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​ត្រឹម​​​ត្រូវ​​​ចំពោះ​​​យើង​​​ដែល​​​បារម្ភ [អំពី​​​​​​កិច្ច​​​ព្រមព្រៀង​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​]​​​​​​​​​។ ប៉ុន្តែ​​​ បើ​​​យើង​​​ព្រួយ​​​បារម្ភ​​​ពេក​​​ វា​​​នឹង​​​ក្លាយ​​​ជា​​​បញ្ហា​​​ទៅ​​​វិញ​​​។ ខ្ញុំ​​​មិន​​​​​​សង្ឃឹម​​​ថា អ្នក​​​ទាំង​​​នោះ​​​នឹង​​​មក​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ពីព្រោះ​​​វា​​​ឈរ​​​លើ​​​មូល​​​ដ្ឋាន​​​ស្ម័គ្រ​​​ចិត្ត​​​ប៉ុណ្ណោះ​​​”។

លោក ស ខេង បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “បើ​​​ពួក​​​គេ​​​មិន​​​មក​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​ទេ​​​ អូស្ត្រាលី​​​នឹង​​​មិន​​​បង្ខំ​​​ពួកគេ​​​ឡើយ​​​​​​ ហើយ​​​យើង​​​ក៏​​​គ្មាន​​​សិទ្ធិ​​​បង្ខំ​​​ពួកគេ​​​ដែរ​​​។ យើង​​​មិន​​​ធ្វើ​​​រឿង​​​ប្រថុយ​​​ប្រថាន​​​ដោយ​​​គ្មាន​​​ការ​​​គិត​​​ពិចារណា​​​ឡើយ”។

ប៉ុន្តែ លោក​​​ស្រី ដេនីស ខូគឡាន ប្រធាន​​​​​​អង្គការ​កាតូលិក​អន្តរជាតិ JesuitRefugeeService ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ពេល​​​​​​សេចក្ដី​​​រាយការណ៍​​​អំពី​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ធ្វើ​​​បាប​​​ខ្លួន​​​ឯង​​​ ធ្វើ​ឲ្យ​មាន​ការ​ខ្វល់ខ្វាយ​នោះ​​​ ពួកគេ​​​មិន​​​បាន​​​ផ្ដល់​​​រូប​​​ភាព​​​ពេញ​​​លេញ​​​បង្ហាញ​​​ពី​​​ស្ថាន​​​ការណ៍​​​នៅ​​​ប្រទេស​​​ណូរូ​​​ទេ​​​។

លោក​​​ស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែ​​​ឮ​​​រឿង​​​រ៉ាវ​​​អំពី​​​​​​អ្នក​​​ទាំង​​​នោះ​​​ដែល​​​មិន​​​ចង់​​​មក​​​ប្រទេស​​​កម្ពុជាប៉ុណ្ណោះ​​​​​​។ ដោយ​​​មាន​​​ការ​​​រឹត​​​បន្តឹង​​​សិទ្ធិ​​​សេរីភាព ដែល​​​ពួកគេ​​​​​​​​​​​​មាន​​​នៅ​​​កោះ​​​ណូរូ​​និង​​​លទ្ធ​​​ភាព​​​នៃ​​​ការ​​​ស្នាក់​​​នៅ​​​ទីនោះ​​​ជា​​​រហូត​​​នោះ​​​ មនុស្ស​​​មួយ​​​ចំនួន​​​ប្រហែល​​​ជា​​​ចង់​​​មក​​​”។

សកម្ម​​​ជន​​​ប្រហែល​​​២០០​​​នាក់​​​ បាន​​​ហែ​​​ក្បួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​ដាក់​​​ញត្តិ​​​សុំ​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​ សភា​​​ជាតិ គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ការិយាល័យ​​​សហភាព​​​អឺរ៉ុប​​​ និង​​​ស្ថាន​​​ទូត​​​អាមេរិក​​​ ដាក់​​​សម្ពាធ​​​លើ​​​ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​ឲ្យ​​​លុប​​​ចោល​​​កិច្ច​​​ព្រមព្រៀង​​​នេះ។

អ្នក​​​តវ៉ា​​​កាន់​​​បដា​​​មាន​​​ពាក្យ​​​ស្លោក​​​ដូច​​​ជា​​​ “ពល​​​រដ្ឋ​​​កម្ពុជា​​​មិន​​​មែន​​​ជា​​​អ្នក​​​ស្រុក​​​ដើម​​​អូស្ត្រាលី​​​ទេ​​​” ហើយ​​​ “អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​មិន​​​មែន​​​ជា​​​អ្នក​​​ទោស​​​ទេ​​​​​​”។

នៅ​​​ខាង​​​ក្រៅ​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ឯណោះ​​​វិញ ពល​​​រដ្ឋ​​​អូស្ត្រាលី​​​បី​​​នាក់​​​ អង្គុយ​​​ក្រោម​​​ម្លប់​​​​សម្ដែង​​​អាការ​​​​​មិន​​​ពេញ​​​ចិត្ត​​ជា​ខ្លាំង​នឹង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​។ ពួក​​​គេ​​​បាន​​​ចូល​​​រួម​​​​​​ការ​​​ហែ​​​ក្បួន​​​​​​តវ៉ា​នេះ​​​ បើ​​​ទោះ​​​ជា​​​ការ​​​​​​ធ្វើ​​​ការ​​​ឲ្យ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នៅ​​​ទី​​​នេះ ​​​តម្រូវ​​​ឲ្យ​​​ពួក​​​គេ​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រមព្រៀង​​​មិន​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​នយោបាយ​​​ក៏​​​ដោយ។

បុគ្គលិក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ម្នាក់​​​ ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​មិន​​​នៅ​​​ស្ងៀម​​​ទេ​​​ ពេល​​​ណា​​​វា​​​​​​ជា​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស។ ខ្ញុំ​​​មិន​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​សកម្ម​​​ភាព​​​បែប​​​នេះ​​​ទេ​​​ចាប់​​​តាំង​​​ពី​​​យើង​​​បាន​​​​​​ហែ​​​​​​ក្បួន​​​ប្រឆាំង​លោក JohBjelke-Peterson នៅ​​​ទី​​​ក្រុង​​​ប្រ៊ីសប៊ិន​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​៨០​​​មក​​​” ដែល​​​ជា​​​ការ​និយាយ​​​សំដៅ​​​​​​ដល់​​​អភិបាល​​រដ្ឋ​បម្រើ​​​ការ​​​ងារ​​​យូរ​​​ជាង​​​គេ​​​នៅ​​​រដ្ឋ​​​ឃ្វីន​​ស្លិន ដែល​​​គេ​​​ឲ្យ​​​ឈ្មោះ​​​ក្រៅ​​​ថា “HillbillyDictator” ហើយ​​​បាន​​​​​​បាត់​​​បង់​​កេរ្តិ៍​ឈ្មោះ​​​បន្ទាប់​​​ពី​​​ត្រូវ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​ភូតភរ​​​តុលាការ​​​ និង​​​ត្រូវ​​​រក​​​ឃើញ​​​ថា បាន​​​បន្លែ​​​បន្លំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លទ្ធផល​ការ​​​បោះ​​​​​​ឆ្នោត​​​។

ពលរដ្ឋ​​អូស្ត្រាលី​​​ម្នាក់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​រឹត​តែ​​​អាម៉ាស់​​​ចំពោះ​​​រដ្ឋាភិបាល​​​បច្ចុប្បន្ន​​​របស់​​​ខ្ញុំ​​​។គេ​​​ធ្វើ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ដោយ​​​គ្មាន​​​តម្លាភាព​​​ ហើយ​​​ពួក​​​គេ​​​ផ្ដល់​​​ប្រាក់​​​៤០​​​លាន​​​ដុល្លារ​​​ឲ្យ​​​​​​មក​​​​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​គេ​​​ដឹង​​​ថា ពុក​​​រលួយ​​​។ ហើយ​​​ម៉្យាង​​​វិញ​​​ទៀត​​​ ​​​តើ​​​ធ្វើ​​​នេះ​​​​​​ដើម្បី​​​ ‘បញ្ឈប់​​​ទូក​​​ឬ?’ យើង​​​ជា​​​ពល​​​រដ្ឋ​​​អូស្ត្រាលី​​​ យើង​​​សុទ្ធ​​​តែ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​តាម​​​ទូក​​​”៕មានិត​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស