41.3 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា សកម្មជន​​មាន​ផែន​ការ​បំបែក​សំឡេង​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​កូនស្រី​ច្បង​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​វ័យ​ក្មេង​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​ ដែល​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​មុន​​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត​ ដោយ​មាន​ការ​អះអាង​ថា សកម្មជន​ជា​សិស្ស​រូប​នេះ​​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ខំប្រឹង​ប្រែង​ថ្មីមួយ​ ដើម្បី​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​។

កញ្ញា ធី សុវណ្ណថា ដែល​​បច្ចុប្បន្ន​មាន​អាយុ​១៩​ឆ្នាំ​បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​ ដោយ​សារ​សកម្មភាព​របស់​នាង​នៅ​​លើ​ទំព័រ​ហ្វេសប៊ុក “I love Cambodia Hot News”​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​ឃោសនា​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​​បង្កើត​ស្ថានីយ​ទូរទស្សន៍​ អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។

ប្រជាប្រិយភាព​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​របស់​កញ្ញា​​​បាន​កើន​ឡើងខ្លាំង​​យ៉ាង​ឆាប់រហ័ស ដោយ​ធ្វើ​ឲ្យ​នាង​​ក្លាយ​ជា​​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​​​កាលពី​ខែ​កុម្ភៈ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​​ដោយ​​​បណ្ដេញកញ្ញា​ចេញ​ពី​គណបក្ស​​។ សកម្មជន​នានា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​នៅ​ពេល​នោះ​ថា កញ្ញា សុវណ្ណថា កំពុង​តែ​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ដើម្បី​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​។

ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បានធ្វើ​ឲ្យ​​លេច​ឡើង​ជាថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​​សុក្រ ដោយ​កញ្ញា កឹម មនោវិទ្យា ​​ជាកូនស្រី​របស់​លោក កឹម សុខា​ និង​ជា​អនុប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​​របស់​គណបក្ស​សង្គ្រោះ​​ ដែល​បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​នាង ដោយអះអាង​​ថា លោក កែម ឡី អ្នក​វិភាគ​នយោបាយ និង​កញ្ញា​ សុវណ្ណថា មាន​ផែន​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​។

កញ្ញា មនោវិទ្យា បាន​សរសេរ​ថា ” គណបក្ស​ថ្មី​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​បង្កើត​សម្ព័ន្ធ​មួយ​ដើម្បី​តាម​ដាន​កំណែទម្រង់​ និង​សម្ព័ន្ធ​​យុវជន​ផ្សេងៗទៀត​ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​កុំ​ឲ្យ​សាធារណជន​រិះគន់​​ថា ពួកគេ​កំពុង​បំបែក​សំឡេង​របស់​យើង”។

កញ្ញា មនោវិទ្យា បាន​សរសេរ​បន្ត​ថា “នៅ​ពេល​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​មក​ដល់​ ក្រុម​​ទាំង​នេះ​នឹង​បង្កើត​គណបក្ស​មួយ​​ដោយ​យក​លេស​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​​មិន​បាន​​​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំណែទម្រង់​។ នេះ​ជាសិទ្ធិ​នយោបាយ​របស់​ពួកគេ​​។វា​គ្រាន់​តែ​ជា​ការ​ធ្វើ​ឡើង​មួយ​ ដែល​គ្មាន​ប្រយោជន៍​​​ ហើយ​នឹង​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សាមគ្គីគ្នា​ក្នុង​ចំណោម​អ្នក​ប្រជា​ធិបតេយ្យ​តែ​ប៉ុណ្ណោះ​”។

ចាប់​តាំង​ពី​​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សមរង្ស៊ី ដើម្បី​បង្កើតគណបក្ស​ថ្មីមួយ​​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១២មក​ លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការ​រួបរួម​គ្នា​ ហើយ​លើកឡើង​ថា ការ​​ប្រកួត​ប្រជែង​គ្នា​ពីមុន​របស់​គណបក្ស​ទាំង​ពីរ​នេះ​មិន​មាន​អ្វី​​ប៉ះពាល់​ដល់​ការ​សាមគ្គី​គ្នា​ដើម្បី​ប្រឆាំង​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ឡើយ​។

ការ​បោះឆ្នោត​​​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ នឹង​ជា​ការ​បោះ​ឆ្នោត​ដ៏ធំ​លើក​ដំបូង​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំង​ពី​​គណបក្ស​នេះ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​នៅ​ក្នុង​រដ្ឋសភា​ ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៣​ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​មុននោះ​។

កញ្ញា មនោវិទ្យា បាន​លើក​ឡើង​ថា ​ការ​បង្កើត​ក្រុម​ទាំង​នោះ​នឹង​ជា​ជំហាន​ដំបូង​នៃ​គម្រោង​ដ៏ធំមួយ​​ដើម្បី​បង្កើត​គណបក្ស​ថ្មីមួយ​មក​ប្រកួត​ប្រជែង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ញា​បាន​​សរសេរ​បន្ត​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​នាង​ថា “វា​គឺ​ជាការ​ប៉ុន​ប៉ង​មួយ​​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ក្នុង​ពេល​បច្ចុប្បន្ន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​យុវជន​ផ្សេងៗ​ ដោយ​ពុំចាំបាច់​​បង្កើត​អ្វី​ៗ​ដោយ​ខ្លួន​ឯង​។ វា​ច្បាស់​ណាស់​ថា ​គ្មាន​ក្រុម​ណា​អាច​កៀងគរ​​ការគាំទ្រ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើនបាន​ឡើយ​ដោយ​គ្មាន​​យក​ឈ្មោះ​​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រើ​នោះ​”។

កញ្ញា មនោវិទ្យា បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា លោក កែម ឡី គឺ​ជា​អ្នក​ដឹកនាំ​ផែន​ការ​សម្រាប់​បង្កើត​គណបក្ស​ថ្មី​ ហើយ​ថា កញ្ញា សុវណ្ណថា គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​លោក កែម ឡី។

កញ្ញា​បាននិយាយ​ថា “ស្ត្រី​ណា​ក៏​អាច​មាន​ផែន​ការ​របស់​ខ្លួន​ដែរ​។ វា​គឺ​ជា​ក្រុម​របស់​លោក កែម ឡី។ លោក​កំពុង​តែ​ព្យាយាម​​ទាញ​យក​ការគាំទ្រ​ពី​យុវជន​ ហើយ​លោក​ឃើញ​អ្នក​ដែល​មាន​ប្រជាប្រិយភាព​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ហើយ​ចង់ទាញ​យក​ពួកគេ​មក​បម្រើ​មហិច្ឆតា​របស់​ខ្លួន​”។

ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​មក លោក កែម ឡី ​បាន​អភិវឌ្ឍ​កេរ្តិ៍ឈ្មោះ​ជា​អ្នក​វិភាគ​នយោបាយ​​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ដោយ​ជា​រឿយៗ​តែង​តែ​បង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​ចំនួន ដូច​ជា​​វេទិកា​អ្នកស្ដាប់​​វិទ្យុអាស៊ីសេរី​ជា​ដើម។

នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍ថ្មីៗ​នេះ លោក​​កំពុង​តែ​ធ្វើ​​ដើម្បី​ការ​បង្កើត​​​សម្ព័ន្ធ​មួយ​ដែល​​លោក​ហៅ​ថា សម្ព័ន្ធ​ ” បញ្ញវន្ត សហជីព និង​វិស័យ​ឯកជន” ដែល​លោក​លើក​ឡើង​ថា ​នឹង​​ផ្ដល់​អនុសាសន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​នឹង​តាម​ដាន​កំណែទម្រង់​ដែល​គណបក្ស​ទាំង​ពីរ​បាន​សន្យា​ធ្វើ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​។

កាលពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន កញ្ញា សុវណ្ណថា ក៏​បាន​ប្រកាស​ពី​ផែន​ការ​​បង្កើត​ និង​ដឹក​នាំ​”សម្ព័ន្ធ​យុវជន​​ដើម្បី​កិច្ច​ការ​សង្គម​” ថ្មីមួយ​ផង​ដែរ​ ដោយ​កញ្ញា​​បាន​លើក​ឡើង​ថា មិន​​មែន​ជា​ផ្នែក​នៃ​ផែន​ការ​ដើម្បី​បង្កើត​គណបក្ស​ថ្មីមួយនោះ​ទេ។

នៅ​ថ្ងៃ​បន្ទាប់​​ កញ្ញា សុវណ្ណថា ​ដែល​ទំព័រហ្វេស​ប៊ុក​របស់​នាង​មាន​អ្នក​គាំទ្រ​ជាង​៤៤៧.០០០​នាក់​បាន​សរសេរ​រៀបរាប់​​យ៉ាង​ខ្លី​ទាក់​ទិន​នឹង​ផែន​ការ​នេះ​ថា ” ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​មាន​​បណ្ដាញ​​សម្ព័ន្ធ​យុវជន​ដ៏ធំមួយ​ ដើម្បី​តាមដាន និង​ជំរុញ​បញ្ហា​នយោបាយ​”។

ទាំង​លោក កែម ឡី និង​កញ្ញា សុវណ្ណថា សុទ្ធតែ​បាន​បដិសេធ​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ​ថា ខ្លួន​មិន​​មាន​ផែន​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ឡើយ​ ប៉ុន្តែ​បាន​លើក​ឡើង​ថា ខ្លួន​កំពុង​​ចូល​រួម​​ក្នុង​​សន្និសីទ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​​ធ្វើ​ការ​​លើ​វិធាន​ផ្ទៃ​ក្នុង​នៃ​អង្គការ​ថ្មី​របស់​លោក កែម ឡី ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​បើក​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក កែម ឡី បាន​និយាយ​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​​ដែល​ថា លោក​មាន​ផែន​ការ​ប្រែ​ក្លាយ​អង្គការ​របស់​លោក​ទៅជា​គណបក្ស​នយោបាយ​មួយ​នោះ​ថា “ទេ​ នេះ​មិន​មែន​ជា​ព័ត៌មាន​ពិត​ទេ។ យើង​កំពុង​តែ​បង្កើត​បណ្ដាញ​សង្គម​មួយ​ជាមួយ​សហជីព​ វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សកម្មជន​ដែល​មក​ជួប​ជុំគ្នា​ដើម្បី​​ចង់​ដឹង​ថា តើ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ ហើយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ព្រមទាំង​​អភិបាល​កិច្ច​មិន​ល្អ​នៅ​ក្នុង​ប្រព័ន្ធ​នេះ​​ដោយ​របៀបណា។ យើង​នឹង​បង្កើត​អង្គការ​មួយ​​ក្នុង​ត្រី​មាស​ដំបូង​ឆ្នាំ​២០១៥”។លោក​បន្ថែម​ថា ” យើង​នឹង​ដាក់​ជូន​​គណបក្ស​នយោបាយ​​ពាក់ព័ន្ធ​ទាំង​អស់​នូវ​រាល់​ឯកសារ​ទាំង​អស់​ដែល​យើង​កំពុង​សរសេរ​។ ប្រសិន​បើ​ពួកគេ​ធ្វើ​តាម ​ប្រសិន​បើ​ពួកគេ​ធ្វើ​កំណែទម្រង់ [គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​] ប្រសិន​បើ​ពួកគេ​អនុវត្ត​ យើង​នឹង​គាំទ្រ​ពួកគេ​”។

កញ្ញា សុវណ្ណថា បាន​បដិសេធ​ម្ដង​ទៀត​​ពី​​ក្រុង​ព្រះសីហនុ​​ដែល​នាង​កំពុង​ចូលរួម​សន្និសីទ​នោះ​​មក​ថា នាង​គ្មាន​ផែន​ការ​ណា​មួយ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។

នាង​បាន​និយាយ​ថា “ខ្ញុំ​កំពុង​បង្កើត​ក្រុម​យុវជន​ថ្មីមួយ ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​​នរណា​ម្នាក់​ឡើយ។ វា​សម្រាប់​បម្រើ​សហគមន៍ មិន​មែន​សម្រាប់​បម្រើ​​គោលដៅ​នយោបាយ​ណាមួយ​ឡើយ​”។ ​កញ្ញា​បាន​លើក​ឡើង​ទៀត​ថា នាង​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​លោក កែម ឡី ដោយ​គ្មាន​មហិច្ឆតា​អ្វី​ឡើយ​។

នាង​បាន​និយាយ​ថា “ប្រសិន​បើ​គាត់​បង្កើត​គណបក្ស​ថ្មីមួយ​ ខ្ញុំ​នឹង​មិន​ចូល​រួម​ជាមួយ​គាត់​ទេ ប៉ុន្តែ​ប្រសិន​បើ​គាត់​ធ្វើ​ច្បាប់​ថ្មី​ដើម្បី​ផ្ញើជូន​ទៅ​គណបក្ស​នីមួយៗ​ ខ្ញុំ​នឹង​ចូល​រួម​ជាមួយ​គាត់។ ខ្ញុំ​គិត​ថា កញ្ញា មនោវិទ្យា មិន​គួរ​ព្រួយបារម្ភ​ទេ។ កញ្ញា​​មិន​គួរ​​ព្រួយបារម្ភ​អំពី​នរណា​ម្នាក់​បង្កើត​គណបក្ស​ថ្មី​​ឡើយ​ គឺ​ខិត​ខំ​​ធ្វើ​ឲ្យ​ក្រុម​របស់​កញ្ញា​ឲ្យ​កាន់​តែ​​ខ្លាំង​ទៅ​បាន​ហើយ​។ អ្វី​ដែល​កញ្ញា​និយាយ​គ្មាន​ភ័ស្តុ​តាង​ទេ។ វា​មិន​ខុស​ ហើយ​មិន​​ត្រូវ​នោះ​ទេ​ វា​គឺ​ជា​រឿង​​មិន​ពិត។ វា​មិន​ល្អ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​សម្រាប់​រូប​កញ្ញា​ផ្ទាល់​”។

នេះ​មិន​មែន​ជាលើក​ទី១​ទេ ដែល​កញ្ញា​ មនោវិទ្យា និង​កញ្ញា សុវណ្ណថា បាន​មាន​ជម្លោះ​នឹង​គ្នា​ពាក់​ព័ន្ធ​នឹង​ផែន​ការ​ទៅ​ថ្ងៃ​អនាគត​របស់​សកម្មជន​វ័យ​ក្មេង​។ សេចក្ដី​ថ្លែង​ការណ៍​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​កុម្ភៈ ដែល​បណ្ដេញ​កញ្ញា ធី សុវណ្ណថា ពី​គណបក្ស​​គឺ​ត្រូវ​បាន​បង្ហោះ​ជា​លើក​ដំបូង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​កញ្ញា មនោវិទ្យា។

នៅ​ពេល​នោះ​កញ្ញា មនោវិទ្យា បាន​​បង្វែរ​សំណួរ​អំពី​ការ​បណ្ដេញ​កញ្ញា សុវណ្ណថា ទៅ​លោក អេង ពន្លក ជា​សកម្មជន​វ័យក្មេង ដែល​ជា​ស្ថាបនិក​នៃ​ទំព័រ​ “I Love Cambodia Hot News” និង​​ដែល​បាន​ដក​​កញ្ញា សុវណ្ណថា ​ចេញ​ពី​ក្រុម​ការ​ងារ​របស់​ខ្លួន​កាលពី​ខែ​តុលា ឆ្នាំ​២០១៣ ដោយ​សារ​ពាក្យ​ចចាមអារ៉ាម​ថា នាង​គ្មាន​ភាព​ស្មោះ​ត្រង់​។

លោក ពន្លក បាន​និយាយ​កាលពី​ខែ​កុម្ភៈថា “ខ្ញុំ​ព្រួយបារម្ភ​។ ខ្ញុំ​ខ្លាច​ក្រែង​កញ្ញា​ជា​ចារកម្ម​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​”។

លោក ពន្លក បាន​ពន្យល់​ថា សកម្មភាព​​ឃោសនា​យ៉ាង​ខ្លាំង​ក្លា​តាម​ហ្វេសប៊ុក​របស់​កញ្ញា​ សុវណ្ណថា បង្ហាញ​ថា មាន​ការ​គាំទ្រ​ពី​នរណា​ម្នាក់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​។ លោក​បាននិយាយ​នៅ​ពេល​នោះ​ថា ត្រឹម​តែ​ពីរ​ខែ​ប៉ុណ្ណោះ​កញ្ញា​មាន​គេ Like ដល់​ទៅ​២០០.០០០​នាក់​ ប្រសិន​បើ​យើង​គ្រាន់​តែ​បង្កើត​ទំព័រ​ហ្វេសប៊ុក​​មួយ​នោះ វា​មិន​អាច​មាន​គេ Like ច្រើន​បែប​នេះ​ទេ​”។

ការ​គាំទ្រ​​កញ្ញា សុវណ្ណថា តាម​ទំព័រហ្វេសប៊ុក​បាន​កើន​​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​កញ្ញា​មាន​អ្នក​គាំទ្រ​ជិត​៤៥០.០០០​នាក់​។

កាលពី​ថ្ងៃ​ពុធ ដោយ​ការ​ពារ​​ផែន​ការ​​​បង្កើត​ “សម្ព័ន្ធ​យុវជន​” ថ្មីមួយ​របស់​នាង​ កញ្ញា សុវណ្ណថា បាន​​បង្ហោះ​កិច្ច​សម្ភាស​តាម​វិទ្យុ​ចំនួន​ពីរ​វគ្គ​លើ​ទំព័រហ្វេសប៊ុក​របស់​នាង​។ នៅ​ក្នុង​វគ្គទី១​នាង​និយាយ​ថា ” ខ្ញុំ​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ”។ ហើយ​មួយ​ម៉ោង​ក្រោយ​មក​វគ្គទី២​ត្រូវ​បាន​បង្ហោះ។ នាង​បាន​និយាយ​នៅក្នុង​វគ្គទី២​នោះ​ថា “ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​មិន​​មែន​គាំទ្រផ្កាប់​មុខ​នោះ​ទេ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស