កាលពីម្សិលមិញ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្គាប់ឲ្យស្ត្រីអាយុ៤៣ឆ្នាំម្នាក់ ដែលអះអាងថា មានទេវតាមកសណ្ឋិតឲ្យចាកចេញពីវត្តមួយក្នុងស្រុកបរិបូណ៍ ទីដែលស្ត្រីរូបនេះបានប្រមូលលុយពីអ្នកដែលបានមកមើលចិញ្ចៀនប្លាទីនមួយវង់ដែលស្ត្រីរូបនេះអះអាងថា គាត់សម្រាលបាន។
លោក ឃួន សារុំ អភិបាលស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា ដំបូងអ្នកស្រី ជា អុិត និងប្ដីរបស់គាត់ឈ្មោះ ប៊ូ រុន អាយុ៥០ឆ្នាំបានមកវត្តដំរីកូនស្ថិតក្នុងឃុំអញ្ចាញរូង កាលពីថ្ងៃទី៨ ខែតុលា ដែលពួកគេអះអាងថា អ្នកស្រី អុិត មានព្រះនាងគង់ស៊ីអុីម មកសណ្ឋិតនោះ សម្រាលបានចិញ្ចៀនប្លាទីនមួយវង់ និងលើកទី២សម្រាលបានចិញ្ចៀនពណ៌សមួយវង់ទៀត។
លោក សារុំ បានមានប្រសាសន៍ថា អ្នកស្រី អុិត ក៏បានយកពងមាន់មួយគ្រាប់ដែលគាត់អះអាងថា បានឃើញក្នុងក្រោលគោរបស់គាត់កាលពីខែកក្កដាផងដែរ។
លោកបានមានប្រសាសន៍ថា ” យើងបានបង្គាប់ឲ្យស្ត្រីរូបនេះចេញពីវត្តនៅថ្ងៃនេះ ប៉ុន្តែគាត់បានសុំស្នាក់នៅមួយថ្ងៃទៀត ពីព្រោះគាត់បានប្រាប់យើងថា គាត់ចង់ឲ្យមនុស្សមកមើលចិញ្ចៀន និងពងមាន់នេះបន្ថែមទៀត”។ លោកបានបន្ថែមថា អាជ្ញាធរមិនព្រមធ្វើតាមការស្នើសុំរបស់អ្នកស្រី អុិត ឡើយ។
លោក សារុំ បានមានប្រសាសន៍ថា មានពាក្យចចាមអារ៉ាមថា ស្ត្រីរូបនេះមានទេវតាមកសណ្ឋិតនោះបានទាក់ទាញមនុស្សប្រហែល១០០នាក់មកកាន់វត្តនេះក្នុងមួយថ្ងៃៗសម្រាប់រយៈពេលពីរបីថ្ងៃដំបូង ដែលស្ត្រីរូបនេះមកស្នាក់នៅទីនោះ ប៉ុន្តែថា ចំនួនមនុស្សបានថយចុះបន្តិចម្ដងៗដោយមានការសង្ស័យថា ការអះអាងរបស់គាត់គឺជាការភូតកុហក។
កាលពីម្សិលមិញ លោក រុន បាននិយាយការពារការអះអាងរបស់ប្រពន្ធគាត់ ដោយលើកឡើងថា នៅព្រឹកថ្ងៃទី៨ ខែតុលា ប្រពន្ធរបស់គាត់បានយំ ហើយសុំឲ្យគាត់ជូនទៅវត្ត ទីដែលគាត់សម្រាលបានចិញ្ចៀនប្លាទីនមួយវង់នៅម៉ោងប្រហែល៣រសៀល ហើយក៏សម្រាលបានចិញ្ចៀនពណ៌សមួយវង់ទៀតពីឆ្អឹងជំនីរផុតខាងស្ដាំបន្តិចក្រោយមក។
លោកបាននិយាយថា ” ប្រពន្ធរបស់ខ្ញុំគ្មានផ្ទៃពោះទេ ប៉ុន្តែគាត់សម្រាលបានចិញ្ចៀនពីរវង់នៅវត្តនេះក្នុងពេលរសៀល។ ឧបាសកឧបាសិកានៅក្នុងវត្តក៏បានឃើញប្រពន្ធរបស់ខ្ញុំសម្រាលបានចិញ្ចៀនពីរវង់នោះដែរ”។ លោក រុន បានបន្ថែមថា ក្នុងមួយថ្ងៃៗក្នុងចំណោមបួនថ្ងៃដំបូងដែលប្ដីប្រពន្ធគាត់មកស្នាក់នៅវត្តនេះ ពួកគាត់រកលុយបានពី៥០.០០០រៀលទៅ៦០.០០០រៀលពីអ្នកដែលមកគោរពដល់ទេវតា។
លោក រុន បាននិយាយថា យើងមិនបានបង្ខំប្រជាជនទាំងនេះឲ្យដាក់លុយទេ។ អ្នកមកមើលបានដាក់លុយដោយស្ម័គ្រចិត្ត”។
លោកមេឃុំ ខ្លុង វ៉ាត បានមានប្រសាសន៍ថា អ្នកស្រី អុិត បានរៀបចំគម្រោងដើម្បីបោកប្រាស់។ លោកបានមានប្រសាសន៍ថា ” ស្ត្រីរូបនេះភូតកុហកដើម្បីរកលុយ។ ខ្ញុំមិនជឿថា មានទេវតាមកសណ្ឋិតក្នុងខ្លួនស្ត្រីនេះទេ ពីព្រោះគ្មាននរណាម្នាក់អាចសម្រាលកូនជាចិញ្ចៀនបែបនេះឡើយ”៕ សារុន