30 C
Phnom Penh

សហជីព​​​សេរី​​​កម្មករ​​​ស្នើ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​១៣០ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ធំ​​​បំផុត​ក្នុង​ប្រទេស​កម្ពុជា​បាន​​គាំទ្រ​ប្រាក់​ខែ​គោល​ថ្មី​សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ ​ទាប​ជាង​អ្វី​ដែល​សម​​​ភាគី​របស់​ខ្លួន​ជា​​​ច្រើន​បាន​ទាមទារ​រយៈ​ពេល​ជាច្រើន​ខែ​កន្លង​មក​​​នោះ​ ដោយ​ជំរុញ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ជាមួយ​រោងចក្រ​បន្ថែម​​​ទៀត។

ក្រសួង​ការ​ងារ​​កំពុង​សម្របសម្រួល​ការ​ពិភាក្សា​រវាង​សហជីព​ និង​រោងចក្រ​កាត់​ដេរ​ដោយ​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​​​ពួក​​​គេ​​​ព្រម​​​ព្រៀង​​​​លើ​ការ​ដំឡើង​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​ដែល​មាន​១០០​ដុល្លារ​​​នេះ ​មុន​ពេល​ការ​ដំឡើង​ប្រាក់​​​ខែ​​​ចូល​ជា​​​ធរមាន​​​នៅ​ខែ​មករា។

ប៉ុន្តែ​ដោយ​សហជីព​ទាមទារ​ដំឡើង​៧៧​ដុល្លារ ហើយ​រោងចក្រ​អះ​​​អាង​​​ថា​មិន​លើស​ពី​១០​ដុល្លារ​នោះ គឺ​​​មាន​ការ​វិវឌ្ឍ​​​តិច​តួច​នៅ​ឡើយ​។

ទោះ​ជា​​​យ៉ាង​ណា កាលពី​ម្សិលមិញ លោក ជា មុនី ប្រធាន​សហជីព​សេរី​​​កម្មករ​បាន​មាន​ប្រសាសន៍​ថា បណ្ដាញ​សហជីព​របស់​លោក​ត្រៀម​​​ខ្លួន​គាំទ្រ​ការ​ដំឡើង​ប្រាក់​ខែ​​​គោល​​​​បន្ថែម​​​ចំនួន​៣០​ដុល្លារ​​​នេះ។

លោក​បាន​មាន​ប្រសាសន៍​តាម​​​ទូរ​​​ស័ព្ទ​បន្ទាប់ពី​កិច្ច​ប្រជុំ​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ​​ជាមួយ​មន្ត្រី​របស់​លោក​៧៧​រូប​កាលពី​ព្រឹក​ម្សិលមិញ​ថា ” យើង​អំពាវ​នាវ​ឲ្យ​​​​​​រដ្ឋាភិបាល​ និង​​និយោជក​​ផ្ដល់​ប្រាក់​ខែ​គោល​ចំនួន​១៣០​ដុល្លារ​ ពីព្រោះ​​​ពួកគេ​អាច​លៃលក​ផ្ដល់​ឲ្យ​បាន​​​នូវ​ចំនួន​នេះ ហើយ​រោងចក្រ​ទាំង​អស់​នឹង​មិន​បិទ​ទ្វារ​ឡើយ​”។ លោក​បាន​​​មាន​ប្រសាសន៍​​​ថា “ប្រសិន​បើ​យើង​មិន​​​អាច​ទទួល​​បាន​ប្រាក់​ប្រាក់​ខែ​គោល​នេះ​​​ទេ​យើង​នឹង​តវ៉ា​ដើម្បី​ទាម​​​ទារ​ទៀត​”។

ប្រាក់​ខែ​គោល​១៣០​ដុល្លារ​ដែល​សហជីព​សេរី​កម្មករ​ទាម​ទារ​​​នេះ​ គឺ​ទាប​ជាង​សម្បទាន​ចំនួន​១៣៥​ដុល្លារ​ ដែល​​បាន​ទាមទារ​កាលពី​សប្ដាហ៍​មុន​ដោយ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​​​កម្ពុជា​ ដែល​ជា​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដ៏​​​ឆ្នើម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​​​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​។

ទោះ​ជា​​​យ៉ាង​ណា មិន​ដូច​សហជីព​មួយ​ចំនួន​​​ទៀត​​​នោះ​​​ទេ សហជីព​សេរី​​​កម្មករ​មិន​បាន​ចូល​រួម​ការ​តវ៉ា​ណាមួយ​ក្នុងចំណោម​​​ការ​​​តវ៉ា​​​កាលពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ទាមទារ​​ដំឡើង​ប្រាក់​ខែ​​លើ​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​ឡើយ។

កាលពី​ម្សិលមិញ លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា លោក​​​​សម្រេច​ចិត្ត​មិន​ចូល​រួម​ការ​តវ៉ា​ ពីព្រោះ​សហជីព​ដទៃ​ទៀត​ពុក​រលួយ​ ដោយ​យក​លុយ​ពី​​​កម្មករ​សម្រាប់​​​អាវ​យឺត​ដែល​បាន​ចែក​ឲ្យ​ពួក​​​គេ​​​នៅ​​​ពេល​ធ្វើ​បាតុកម្ម​ បើ​ទោះ​ណា​​​ជា​អាវយឺត​ទាំង​នោះ​ត្រូវ​បាន​បោះ​ពុម្ព​ក្រោម​​​ការ​​​ចំណាយ​​​របស់​​​​សហជីព​អន្តរជាតិ​ជួយ​​​ក៏​​​ដោយ។

លោក​បាន​មាន​ប្រសាសន៍​​​ដោយ​​​បដិសេធ​មិន​ចេញ​ឈ្មោះ​សហជីព​ដែល​លោក​បាន​​​ចោទ​ប្រកាន់​​​នោះ​​ថា សហជីព​ទាំង​នោះ​គឺ​ជា​សហជីព​តូច​​​ៗ ហើយ​ពួកគេ​ធ្វើ​ដូចនេះ​​​ដើម្បី​​​ប្រយោជន៍​​​ផ្ទាល់​ខ្លួន មិន​មែន​ដើម្បី​​​ប្រយោជន៍​កម្មករ​ឡើយ​”។

ក្រសួង​ការ​ងារ​​នឹង​​​កោះ​ប្រជុំ​ជាមួយ​តំណាង​មក​​​ពី​​​សហ​​​ជីព​​​​ និង​រោងចក្រ​សម្រាប់​ជំនួប​ដំបូង​នៃ​ក្រុម​ការ​ងារ​ថ្មី​​​ដែល​រំពឹង​ថា នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​ខែ​ក្រោយ​នេះ​។

លោក ជា មុនី បាន​ហៅ​ក្រុម​ការ​ងារ​ថ្មី​នេះ​ថា “គ្មាន​ប្រយោជន៍​” ​គ្មាន​អំណាច​ក្នុង​ការ​កំណត់​ប្រាក់​ខែ​គោល​ឡើយ ប៉ុន្តែ​បាន​លើក​ឡើង​ថា លោក​នឹង​បញ្ជូន​តំណាង​ឲ្យ​តាម​ដាន​នីតិវិធី​នេះ​៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស