29 C
Phnom Penh

អូស្ត្រាលី​អរគុណ​កម្ពុជា​ចំពោះ​កិច្ចព្រមព្រៀង​ជនភៀស​ខ្លួន​ដ៏​ចម្រូង​ចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​ថ្លែង​អំណរគុណ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រៅ​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​អីុតាលី​កាលពី​ចុង​សប្តាហ៍ ចំពោះ​ការ​យល់ព្រម​ផ្តល់​ការ​តាំង​ទី​លំនៅ​ថ្មី​ដល់​ជន​ភៀសខ្លួន​ដែល​ស្វែង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី ហើយ​បាន​បញ្ជាក់​ថា ការ​បញ្ជូន​និង​ទទួល​ជនភៀសខ្លួន​នឹង​ឈរ​លើ​មូលដ្ឋាន​ស្ម័គ្រចិត្ត។

ប្រទេស​កម្ពុជា​បានចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​នេះ​កាលពី​ខែ​មុន ដោយ​ព្រម​យក​ជន​ស្វែង​រក​សិទ្ធិជ្រកកោន​មួយ​ចំនួន ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់​ទុក​នៅ​លើ​ប្រទេស​កោះ​ណូរូ មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ក្នុង​ពេល​៤​ឆ្នាំ ជា​ថ្នូរ​នឹង​ជំនួយ​៤០​លាន​ដុល្លារ​បន្ថែម​ទៀត។

ក្រុម​សិទ្ធិ​មនុស្ស​និង​សមាជិក​សភា​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​ទាំង២​បាន​រិះគន់​កិច្ច​ព្រមព្រៀង​នេះ ហើយ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​តវ៉ា​ប្រឆាំង​ផែនការ​នេះ​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​ចោទ​រដ្ឋាភិបាល​ថា​ព្រម​ទទួល​យក​ជន​ភៀសខ្លួន​ក្នុង​ពេល​ដែល​ខ្លួន​គ្មាន​សមត្ថភាពថែទាំ​មើល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​ខ្លួនឯង​បាន​ផង​នោះ។

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន កំពុង​ពិភាក្សា​កិច្ច​ព្រមព្រៀង​នេះ​ជាមួយ​លោកស្រី ជូលី ប៊ីសប ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​នៅ​ក្រុង​មីឡង់ សាធារណ​រដ្ឋ​អីុតាលី​ នៅ​ចន្លោះ​កិច្ចប្រជុំ​នៃ​ជំនួប​កំពូលអាស៊ី-អឺរ៉ុប​លើក​ទី​១០។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP បាន​រាយការណ៍​កាលពី​ថ្ងៃសៅរ៍​ថា “លោកស្រី ជូលី អីុសាបែល ប៊ីសប បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះ​ហត្ថលេខា​នាពេល​ថ្មីៗនេះ​ជាមួយ​ប្រទេស​អូស្ត្រាលី នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ទាក់ទិន​នឹង​ការ​តាំងទី​លំនៅ​ជន​ភៀស​ខ្លួន​​នៅ​ប្រទេស​កម្ពុជា”។

លោកស្រី​បាន​អះអាង​ថា “រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​ធ្វើ​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ក្នុង​ស្មារតី​ទទួល​ខុសត្រូវ និង​ឈរលើ​មូលដ្ឋាន​ស្ម័គ្រចិត្ត មិនមែន​ដោយ​បង្ខិត​បង្ខំ​ឡើយ”។

នៅ​ឯ​សន្និសីទ​ព័ត៌មាន​នា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក កៅ​ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ម្សិលមិញ​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​បាន​ធ្វើ​ឡើង​មែន ប៉ុន្តែ លោក​បាន​បដិសេធ​មិន​បរិយាយ​ច្រើន​អំពី​កិច្ច​ព្រមព្រៀង​ជនភៀសខ្លួន​នេះ​ទេ។

ទាក់ទង​បាន​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក សុខ ផល អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​ផែនការ​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៅ​ប្រទេស​ណូរូ នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ជួប​ជន​ភៀសខ្លួន ដែល​ប្រហែល​ចង់​តាំងទី​លំនៅ​ថ្មី​នៅ​ប្រទេស​កម្ពុជា ហើយ​កំពុង​រង់ចាំ​ប្រទេស​អូស្ត្រាលី​រៀបចំ​ការធ្វើ​ដំណើរ។ ដូច​មាន​ចែង​ក្នុង​អនុស្សរណៈ ប្រទេស​អូស្ត្រាលី​នឹង​ចេញ​ថ្លៃ​សោហ៊ុយ​ធ្វើ​ដំណើរ រួម​នឹង​ការ​ចំណាយ​ផ្សេងទៀត​លើ​ការ​តាំង​ទី​លំនៅ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។

លោក ឧត្តម​សេនីយ៍​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទាន់​ដឹង​យ៉ាងណា​នៅ​ឡើយ​ទេ។ ខាង​អូស្ត្រាលី​ត្រូវ​រៀបចំ​ការ​ធ្វើ​ដំណើរ​នេះ​ឲ្យ​យើង​ដើម្បី​ទៅ​ណូរូ”។

ទោះជា​មាន​ការ​ប្តេជ្ញា​ពី​ប្រទេស​ទាំងពីរ ថា​ការ​ផ្ទេរ​ជនភៀសខ្លួន​ណាមួយ​នឹង​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​ក៏ដោយ ក៏​ក្រុមសិទ្ធិ​មនុស្ស​ដែល​ធ្វើ​ការ​ជាមួយ​ជនភៀសខ្លួន​នៅ​ប្រទេស​ណូរូ បាន​លើក​ឡើង​ថា ជនភៀសខ្លួន​ទាំង​នោះ​កំពុង​​ត្រូវ​គេ​បង្ខំ​ឲ្យ​ទទួល​យក​សំណើ​នេះ។

អ្នកស្រី វិកតូរៀ អីុវើសុន មន្ត្រី​ព័ត៌មាន​សម្រាប់​បណ្តាញ​សកម្មភាព​ជនភៀសខ្លួន មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​មាន​ប្រសាសន៍​ថា “មនុស្ស​ដែល​ខ្ញុំ​ទាក់ទង ត្រូវគេ​ប្រាប់​ថា ប្រសិនបើ​ពួកគេ​មិន​ព្រម​ទៅ​ប្រទេស​កម្ពុជា ពួកគេ​នឹងវេទនា​ក្នុង​ជំរំ​ឃុំឃាំង​នេះ​លើ​កោះ​ប្រទេស​ណូរូ។ ដូច្នេះ ប្រសិនបើ​អ្នក​ទាំង​នោះ​មិន​ត្រូវ​គេ​ដាក់​ខ្នោះ​មែនទែន​និង​បង្ខំ​ឲ្យ​ឡើង​យន្តហោះ​ក៏​ដោយ ក៏​របៀបនៃ​ការ​បង្ខិតបង្ខំ​នេះ ពួកគេ​កំពុង​រង​ទុក្ខ​ទៅ​ហើយ តាម​មតិ​របស់​ខ្ញុំ វា​ស្មើ​នឹង​ការ​បង្ខិត​បង្ខំ​មនុស្ស”។

លោក​ស្រី អីុវើសុន បាន​លើក​ឡើង​អំពី​សារ​ខ្លី​មួយ​ពី​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម្នាក់​នៅ​ប្រទេស​ណូរូ ដែល​លោកស្រី​បាន​ទទួល​តាម​រយៈ​ព័ត៌មាន​សង្គម​កាលពី​ថ្ងៃទី​១១​ខែ​តុលា មាន​ខ្លឹមសារ​ថា “ថ្ងៃនេះ ក្រុម​មន្ត្រី​អន្តោប្រវេសន៍​បាន​មក​ប្រាប់​យើង​ថា អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា គ្រប់គ្នា​ស្រឡាំងកាំង​តែ​ម្តង…។ មន្ត្រី​ខ្លះ​បាន​ព្រមាន​យើង​ថា ប្រសិនបើ​យើង​មិន​ឈប់​ធ្វើ​ការ​តវ៉ាទេ ពួកគេ​នឹង​វាយ​ធ្វើ​បាប​យើង។ សូម​ប្រាប់​អ្នក​កាសែត…។ មាន​ភាព​តានតឹងណាស់​នៅទី​នេះ ហើយ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ។ ដូច​ឋាន​នរក​អ៊ីចឹង!”។

អ្នក​នាំ​ពាក្យ​របស់​លោក ស្កត់ ម៉ូរីសុន (Scott Morrison)រដ្ឋ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​ដែល​បាន​មក​ក្រុង​ភ្នំពេញ​ដើម្បី​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​កាលពីខែ​មុន មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​ការ​ពន្យល់​បាន​ទេ។

ទាក់ទិន​នឹង​ការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​អីុតាលី​នេះ​ លោក គឹមហួន បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​បាន​ជួប​សមភាគី​ថៃ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍ថា ឧត្តមសេនីយ៍​រូប​នេះ ដែល​បាន​ដឹកនាំ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ក្នុង​ក្រុង​បាងកក​កាលពី​ខែ​ឧសភា បាន​លើកឡើង​នូវ​ការ​ចាប់​អារម្មណ៍​​របស់​ប្រទេស​ថៃ​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស តាម​បណ្តោយ​ព្រំដែន​រួម​របស់​ប្រទេស​លោក​ជាមួយ​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ឧត្តមសេនីយ៍​ថៃ​រូប​នេះ​កម្ចាត់ចោល​ប្រភព​នៃ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រហែល​៧​លាន​ដុល្លារ ដែល​រឹបអូស​បាន​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន និង​បង្កើត​គណៈកម្មការ​រួម​មួយ​ផ្សេងទៀត​ដើម្បី​ចរចា​ដោះស្រាយ​ជម្លោះ​ព្រំដែន។

លោក គឹមហួន បាន​មាន​ប្រសាសន៍​ទៀតថា លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អញ្ជើញ​ឧត្តមសេនីយ៍ ចាន់អូចា មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ចុងខែ​នេះ​ផងដែរ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស