26 C
Phnom Penh

គណនេយ្យករ​នគរបាល​ត្រូវ​ផ្ទេរ​ពី​កំពង់ធំ​បន្ទាប់ពី​មាន​ការ​ចោទ​ថា​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ​ម្នាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្រសួង​មហាផ្ទៃ​ក្រុង​ភ្នំពេញ​វិញ ខណៈ​ដែល​អាជ្ញាធរ​ស៊ើប​អង្កេត​ការ​អះអាង​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​ថា ក្រុម​មន្ត្រី​នគរបាល​ខេត្ត​ជាន់​ខ្ពស់​បានកេង​ប្រវ័ញ្ចប្រាក់ខែរបស់​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះជាតិ លោក ស៊ុន ចន្ធី បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​កាលពី​សប្តាហ៍​មុន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​មហាផ្ទៃ ព្រឹទ្ធសភា និង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​សភា​ជាតិ ដោយ​ចោទ​ប្រកាន់​មេដឹក​នាំ​នៃ​កម្លាំង​នគរបាល​ខេត្ត​កំពង់ធំ​ ថា​បាន​កាត់​យក​ប្រាក់​ខែ​របស់​កូនចៅ​ខ្លួន​ប្រហែល​៤០០​នាក់។

ឆ្លើយតប​ទៅ​នឹងបណ្តឹង​នេះ លោក ជូ សំអាន ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​អំពី​មន្ត្រី​ពុក​រលួយ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ខេត្ត​នេះ គឺ​លោក ជឹម លក្ខិណា ជា​នាយរង​ការិយាល័យ​គណនេយ្យ​នគរបាល​ខេត្ត។

ក្នុង​លិខិត​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១៧​ខែ​តុលា លោក លក្ខិណា ត្រូវ​បាន​បង្គាប់​ឲ្យ​ចាកចេញ​ពី​តំណែង​ក្នុង​ខេត្ត​កំពង់ធំ ហើយ​ទទួល​មុខ​តំណែង​មួយ​នៅ​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​មាន​ការ​ស៊ើប​អង្កេត​រូបគាត់​ទាក់ទង​នឹង​”ភាព​មិន​ប្រក្រតី​ក្នុង​ការ​បើក​ប្រាក់​មុខ​តំណែង​និង​ឋានន្តរសក្តិ”។

លោក សំអាន បាន​លើក​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក លក្ខិណា ​តែ​ម្នាក់ឯង​គត់​ដែល​ទទួល​ខុសត្រូវចំពោះ​​អំពើ​ពុក​រលួយ​ដែល​គេ​ចោទ​នេះ។

លោក សំអាន បាន​មាន​ប្រសាសន៍​ថា “គាត់[លោក លក្ខិណា] តែ​ម្នាក់​ឯង​គត់​ទទួល​ខុសត្រូវ​ចំពោះ​ប្រាក់​ខែ។ គាត់​ប្រព្រឹត្ត​បទល្មើស​នេះ​តែ​ម្នាក់ឯង”។

ដោយ​សំដៅ​លើ​ការ​ដំឡើង​ប្រាក់​ខែ​នាពេល​ថ្មីៗ​ដល់​នគរបាល​ក្នុង​ខេត្ត លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ទើប​ដឹង​ពេល​ថ្មីៗ​នេះ នៅពេល​បើក​ប្រាក់​ឡើង​មុខ​តំណែង។ កាលពីមុន យើង​មិន​បាន​យក​ចិត្ត​ទុកដាក់​នឹង​គាត់​ទេ”។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគ​រ​បាល​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យថា ប្រសិនបើ​នគរបាល​រក​ឃើញ​ថា លោក លក្ខិណា មាន​កំហុស គាត់​នឹង​ត្រូវ​ផ្តន្ទា​ទោស​ទៅ​តាម​”ច្បាប់​នគរបាល” និង​ត្រូវ​សង​ចំនួន​ប្រាក់​ដែល​លួច​នោះ​មក​វិញ។

ឧត្តម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ​មាន​ប្រសាសន៍ថា “យើង​បាន​ទទួល​របាយការណ៍​ពី​នគរបាល​ខេត្ត​ថា គាត់​បាន​យក​ប្រាក់​ខែ​របស់​ពួក​មន្ត្រី ហើយ​នគរបាល​ខេត្ត​បាន​ណែនាំ​គាត់​ឲ្យ​បើក​[ប្រាក់ខែ]​គ្រប់​ចំនួន ប៉ុន្តែ​គាត់​នៅ​តែ​មិនបើក​ឲ្យ​ពួកគេ”។

លោក ឆាយ សាវុធ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​មិន​បាន​ដឹង​អំពី​ករណីនេះទេ ហើយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ។មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស