33 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​​ចុះ​បញ្ជី​សុំ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ប្រឆាំង​ដំបូងនៅ​កម្ពុជា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា មនុស្ស​មួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​​​ក្រុម​ហ៊ុន​​​​មួយ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​​តាម​អ្វី​ដែល​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សន្យា​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ​អំឡុង​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​។

កាលពី​ថ្ងៃ​ទី១០ ខែ​មិថុនា លោក ហ៊ុន សែន ​បាន​សន្យា​ថា គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​សមាជិក​​រដ្ឋសភា​ទំាង​៥៥រូប​របស់​ខ្លួន​​ធ្វើ​ពហិការ​មិន​ចូល​សភា​នៅ​ពេល​នោះ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​​បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ​ប្រសិន​បើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​​​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​ឯកជន​មួយ​ ហើយ​បន្ទាប់​មក​ទៀត​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​នោះ​។

ស្ថានីយ​ទូរទស្សន៍​ចំនួន​ប្រាំបួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​​ត្រូវ​បាន​គ្រប់​គ្រង​ ឬមាន​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​សុំ​បង្កើត​ស្ថានីយទូរទស្សន៍​មួយ​ផ្ទាល់​ខ្លួន​ គឺ​ជា​ការ​ទាម​ទារ​មួយ​ក្នុង​ចំណោម​ការ​ទាមទារ​សំខាន់ៗ​របស់​ខ្លួន​អំឡុង​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​រយៈពេល​ជិត​មួយ​ឆ្នាំ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូងចម្រាសមួយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ទៀត​ថា កាលពី​​ដើម​ខែ​នេះ​គណបក្ស​ប្រឆាំង​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​មួយ​ជាមួយ​រដ្ឋាភិបាល​។

លោក​ យឹម សុវណ្ណ បាន​ពន្យល់​ថា “យើង​បាន​ប្រមូលផ្ដុំ​បុគ្គល​មួយ​ចំនួន​ដែល​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​​ដើម្បី​ធ្វើ​ការ​ក្នុង​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​​។ ​វា​នឹង​មាន​ឈ្មោះ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​កម្ពុជា​”។ លោក​បាន​ឲ្យ​ដឹង​ថា ពាក្យ​សុំ​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​ពាណិជ្ជកម្ម​រួច​ហើយ។

លោក​បាន​មាន​ប្រសាសន៍​បន្តថា “បន្ទាប់ពី​ក្រុម​ហ៊ុន​ឯកជន​ត្រូវ​បាន​ចុះ​បញ្ជី​ អ្នក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន​នេះនឹង​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​​បង្កើត​ស្ថានីយទូរទស្សន៍​”។

លោក ខៀវ កាញ៉ាឫទ្ធិ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ការ​សន្យា​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អនុញ្ញាត​បង្កើត​ស្ថានីយ​ទូរទស្សន៍​ប្រឆាំង​មួយ​​នៅ​តែ​មាន​សុពលភាព​នៅ​ឡើយ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា គ្មាន​មន្ត្រី​គណបក្ស​ប្រឆាំង​ណាមួយ​មក​ទាក់​ទង​ជាមួយ​ក្រសួង​របស់​លោក​ឡើយ​។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​បន្ត​ទៀត​ថា លោក​មិន​ច្បាស់​ទេ​ថា​តើ​ពេល​ណា​ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្សាយ​ ហើយ​​ថា គណបក្ស​របស់​លោក​​កំពុង​ទន្ទឹង​រង់ចាំ​ព័ត៌មាន​អំពី​ការ​ចុះ​បញ្ជី​របស់​ខ្លួន​ពី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពីរ​សប្ដាហ៍​ក្រោយ​។

លោក យឹម សុវណ្ណ បាន​ពន្យល់​ថា នៅ​ពេល​ក្រុម​ហ៊ុន​ត្រូវ​បាន​ចុះ​បញ្ជី​ ហើយ​បន្ទាប់​មក​ទៀត​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​នោះ ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​​​ធ្វើ​ប្រតិបត្តិការ​​តាម​ប្រព័ន្ធ​ពាក់​កណ្ដាល​ស្វយ័ត​​ ហើយ​មាន​គោល​ដៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​តុល្យភាព។

លោក​បាន​មាន​ប្រសាសន៍​ថា ​”យើង​នឹង​ចំណាយ​ប្រាក់​ចំពោះ​ប្រតិបត្តិការ​ ហើយ​យើង​នឹង​អំពាវ​នាវ​ដល់​វិនិយោគិន​ណា​ដែល​ចង់​បណ្ដាក់​ទុន​។ ចំពោះ​ខ្លឹមសារ​នៃ​កម្មវិធី​វិញ​​គឺ​ត្រូវ​ប្រកប​ដោយ​វិជ្ជាជីវៈ​ ហើយ​មិន​ទទួល​រង​ឥទ្ធិពល​នយោបាយ​ខ្លាំង​ពេក​នោះ​ទេ​ ដោយ​ព័ត៌មាន​នីមួយៗ​ត្រូវ​តែ​មាន​ភាព​ច្បាស់​លាស់​ ទាន់​ពេល​វេលា និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​”។លោក​បាន​បន្ត​ថា ” វា​នឹង​ជា​សិទ្ធិ​ និងអំណាច​របស់​អ្នក​គ្រប់​គ្រង​ស្ថានីយទូរទ្សន៍​​ក្នុង​ការ​សម្រេច​​ថា តើ​កម្មវិធី​ណាមួយ​នឹង​ត្រូវ​ធ្វើ​ការ​ផ្សាយ​​”។ លោក​បាន​បន្ថែម​ថា ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ផ្ដោត​លើ​កម្មវិធី​កម្សាន្ត​ភាគច្រើន​។

លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា “ជាទូទៅ​វា​នឹង​ផ្ដោត​លើ​ការ​កម្សាន្ត​ ព្រោះ​យើង​ត្រូវ​ការ​រស់រាន​ដោយ​សារ​ការ​លក់​ម៉ោង​ផ្សាយ​។ យើង​ត្រូវ​ការ​ប្រាក់​ចំណូល​ និង​ប្រាក់​ចំណេញ​ដើម្បី​រស់រាន​ បើមិន​ដូច្នោះ​ទេ​យើង​នឹង​ស្លាប់​។ យើង​មិន​ផ្សាយ​តែ​ព័ត៌មាន​នយោបាយ​២៤​ម៉ោងពេញ​​នោះ​ទេ ពោលគឺ​ព័ត៌មាន​ផ្នែក​នយោបាយ​នេះ​មាន​តែ​ពីរ​ទៅ​បី​ភាគរយ​ប៉ុណ្ណោះ​។

កាលពី​ខែ​វិច្ឆិកា គណបក្ស​សង្គ្រោះជាតិ​បាន​បើក​ស្ថានីយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អុីនធើណិត​មួយ ដែល​មាន​ឈ្មោះ​ថា “CNRPTV” ក្នុង​គោលបំណង​គេច​ចេញ​ពីការ​រារាំង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ផ្សព្វផ្សាយ​សកម្មភាព​នានា​របស់​ខ្លួន​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​ អំឡុង​ការ​តវ៉ា​ដែល​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​។

ស្ថានីយទូរទស្សន៍​តាម​អុីនធើណិត​នេះជះឥទ្ធិពល​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​លើ​ស្ថានីយ​ទូរទស្សន៍​នានា​​ ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​នោះ។ ស្ថានីយទូរទស្សន៍ទាំង​នោះ​រួម​មាន ស្ថានីយទូរទស្សន៍​បាយ័ន​ដែល​គ្រប់​គ្រង​ដោយ​លោកស្រី ហ៊ុន ម៉ាណា ​ជាកូនស្រី​របស់​លោក ហ៊ុន សែន និង​ស្ថានីយទូរទស្សន៍​អប្សរា​ដែល​គ្រប់​គ្រង​ដោយ​កូន​ប្រុស​របស់​លោក​ សាយ ឈុំ អគ្គលេធិការ​គណបក្ស​ប្រជាជន​កម្ពុជា​​​ គឺ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោកឧបនាយក​រដ្ឋមន្ត្រី សុខ អាន។

ស្ថានីយទូរទស្សន៍​ស៊ីធីអិន ស៊ីអិនស៊ី និង​ម៉ាយធីវី គឺ​គ្រប់​គ្រង​ដោយ​លោក គិត ម៉េង ដែល​មាន​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាយូរ​មក​ហើយ​​ជាមួយ​លោក ហ៊ុន សែន និង​ដែល​ជា​រឿយៗ​ធ្វើ​ដំណើរ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ក្រៅ​ប្រទេស​នោះ​។ ចំណែក​ឯ​ទូរទស្សន៍ជាតិ​កម្ពុជា​​វិញ​ គឺ​គ្រប់​គ្រង​ដោយ​ក្រសួង​ព័ត៌មាន ដោយ​​មាន​​​​លោក កឹម គុណវឌ្ឍ ​ដែល​​ជា​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ជា​អគ្គនាយក។

លោក នូ សម្ផស្ស អគ្គនាយក​ផ្នែក​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍​ស៊ីធីអិន បាន​លើក​ឡើង​ថា លោក​គ្មាន​​អ្វី​ត្រូវ​ខ្លាច​ចំពោះ​ស្ថានីយទូរទស្សន៍​ថ្មី​នេះ​ទេ ហើយ​លោក​បាន​ការ​ពារ​ការ​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំពោះ​ព័ត៌មាន ​យើង​មិនចាំបាច់​​ព្រួយបារម្ភ​អ្វី​ឡើយ ព្រោះ​វា​ជា​សិទ្ធិ​របស់​គេ​ក្នុង​ការ​បង្កើត​ស្ថានីយទូរទស្សន៍​មួយ​។ យើង​​នឹង​ឈរ​លើ​មូលដ្ឋាន​នៃ​វិជ្ជាជីវៈ​ ហើយ​ខ្ញុំ​មិន​​អាច​និយាយ​បាន​ថា តើ​​វា​ល្អ​ឬមិន​ល្អ​នោះ​ទេ ព្រោះ​យើង​មិន​ទាន់​ឃើញ​ស្ថានីយ​ទូរទស្សន៍​ថ្មី​នៅ​ឡើយ​ទេ​។ ប្រសិន​បើ​គេ​បង្កើត​ស្ថានីយទូរទស្សន៍​នេះ​សម្រាប់​តែ​បម្រើ​គណបក្ស​របស់​ខ្លួន​​វា​ទំនង​ជា​​មិន​ល្អ​ទេ​ ព្រោះ​វា​មិន​បម្រើ​ឲ្យ​សាធារណជន​ទូទៅ។ យើង​នឹង​​មើលឃើញ​​ថា តើ​​ពួកគេ​នឹងមាន​ឯករាជភាព​ប៉ុណ្ណា​​”។

លោកស្រី មូរ សុខហួរ ប្រធាន​ទទួល​បន្ទុក​​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ធ្វើ​ការ​​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សកម្មជន​បក្ស​សង្គ្រោះ​​ជាតិ​​​ ដែល​ជា​អ្នក​បង្កើត​ស្ថានីយ​ទូរទស្សន៍​ប្រឆាំង​តាម​អុីនធើណិត​​បាន​លើក​ឡើង​ថា ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ​​នឹង​ជា​ស្ថានីយ​ទូរទស្សន៍​ប្រកប​ដោយ​វិជ្ជាជីវៈ​ ហើយ​និង​មាន​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​តិច​តួច​ពី​មន្ត្រី​គណបក្ស​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ” ក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ [គណបក្ស​សង្គ្រោះ​ជាតិ​] យើង​​​ក៏​នឹង​មាន​សិទ្ធិ​ដែរ​នៅ​ក្នុង​គោល​នយោបាយ​។ តែ​ទោះ​ជាយ៉ាង​ណា​អ្វី​ដែល​ជារឿង​សំខាន់​នោះ គឺ​ឯករាជភាព និង​អព្យាក្រឹតភាព​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាធំ​។ យើង​ចង់​ក្លាយ​ជា​ប្រភព​នៃ​ព័ត៌មាន​ដែល​ប្រកប​ដោយ​ឯករាជ្យ”។

លោកស្រី​បាន​បន្ត​ថា វា​មិន​គ្រាន់ត្រឹម​តែ​ជា​​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​​ទេ តែ​យើង​ក៏ចង់​ឲ្យ​វា​មាន​ក្រមសីលធម៌​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែរ​។ ហេតុ​ដូច្នេះ​ យើង​នឹង​បណ្ដុះ​បណ្ដាល​បុគ្គលិក​ឲ្យ​ឈាន​ដល់​បទដ្ឋាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​មួយ​ ហើយ​នឹង​បណ្ដុះ​បណ្ដាល​មនុស្សមួយ​ក្រុម​ដែល​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ​​​ឲ្យ​ចេះ​ធ្វើ​ការ”​។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​​ បាន​លើក​ឡើង​ថា លោក​គិត​ថា ​វា​នឹង​មាន​ការ​លំបាក​ក្នុង​ការ​រក្សា​ឲ្យ​មាន​អព្យាក្រឹត​ទាំង​ស្រុង​សម្រាប់​​ក្រុម​ការ​ងារ​ផ្នែក​ព័ត៌មាន​ទាក់​ទិន​នឹង​រឿង​នយោបាយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទូរទស្សន៍​ថ្មី​របស់​គណបក្ស​ប្រឆាំង​។

លោក ​បា៉ ងួនទៀង បាន​មាន​ប្រសាសន៍​​​​ថា ” ប្រសិន​បើ​​វា​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ អ៊ីចឹង​សូម​រង់ចាំ​មើល​ខ្លឹម​សារ​សិន​ ប៉ុន្តែ​ខ្ញុំ​​សង្ឃឹម​ថា​ គណបក្ស​នេះ​នឹង​​មិន​​ផ្សព្វ​ផ្សាយអ្វី​ដែល​ផ្ដល់​ផល​ប្រយោជន៍​​ឲ្យ​តែ​គណបក្ស​របស់​ខ្លួន​ឡើយ​”។ លោក​បាន​​ពន្យល់​​ថា លោក​សន្មត់​​ថា គោលដៅ​ចម្បង​របស់​ស្ថានីយទូរទស្សន៍​ថ្មី​នេះ​នឹង​ជា​ទូរទស្សន៍​សម្រាប់​ផ្សព្វផ្សាយតែ​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” ការ​ទស្សន៍ទាយ​របស់​ខ្ញុំ​គឺ​ថា នេះ​គឺ​ជា​គោល​បំណង​របស់​គណបក្ស​​។ ប្រសិន​បើ​ពួកគេ​គ្មាន​គោល​បំណង​បែប​នេះ​ទេ​នោះ ពួកគេ​នឹង​មិន​ត្រូវ​ការ​ស្ថានីយ​ទូរទស្សន៍​ទេ។​ ហើយ​ក្នុង​គោល​បំណង​ទី២​នោះ​ ពួកគេ​ក៏​ប្រហែល​ជា​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ដែរ​”។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​​ថា ស្ថានីយ​ទូរ​ទស្សន៍​ថ្មី​នេះ​នឹង​មាន​ប្រតិបត្តិការ​ស្រដៀង​ទៅ​នឹង​​បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ CNNBBC និង​ ChannelNewsAsia ដែរ​ ហើយ​ថា​ មេដឹកនាំ​គណបក្ស​នឹង​មិន​​ដាក់​សម្ពាធ​លើ​ការ​ផ្សព្វ​ផ្សាយ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​ចង់​ចូល​ខ្លួន​ឲ្យ​ពាក់ព័ន្ធ​ខ្លាំង​ពេក​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ថ្មី​នេះ​ទេ។ យើង​នឹង​ទុក​ឲ្យ​ទូរទស្សន៍​នេះ​មាន​តុល្យភាព​”៕ ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី​)​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស