28 C
Phnom Penh

ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​​នឹង​​​ជួយ​​​ស្វែង​​​រក​​​ចម្លើយ​​​​​​សម្រាប់​​​គ្រួសារ​​​​​​រស់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ដែក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី (ADB) បាន​​​សន្យា​​​ជួយ​​​​​​ស្វែង​​​រក​​​​​​ចម្លើយ​​​ពី​​​រដ្ឋាភិបាល​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​​​​ការ​​​បាត់​​​បង់​​​ទាំង​​​អស់​​​ ឬ​​​មួយ​​​ចំនួន​​​នៃ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ទៅ​​​លើ​​​គម្រោង​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ជំនួយ​​​​​​មូលនិធិ​​​ពី​​​ធនាគារ ដើម្បី​​​ស្តា​​​​​​រ​​​បណ្តាញ​​​ផ្លូវ​​​ដែក​​​របស់​​​កម្ពុជា​​​ឡើង​​​វិញ​​​​​​។adb

លោក អេរីក សុិច​​​វីក (Eric Sidgwick) នាយក​​​ធនាគារ​​​ ADB ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ បាន​​​សន្យា​​​បែប​​​នេះ​​​​​​នៅ​​​ខាង​​​ក្រៅ​​​ការិយាល័យ​​​ប្រចាំ​​​ប្រទេស​​​របស់​​​ធនាគារ​​​នេះ ដែល​​​មាន​​​​​​តំណាង​​​ប្រហែល​​​២០០​​​នាក់​​​របស់​​​គ្រួសារ​​​ទាំង​​​នោះ​​​ប្រមូល​​​​​​ផ្តុំ​​​គ្នា​​​ដើម្បី​​​ធ្វើ​​​ការ​​​តវ៉ា​​​។

ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​១.០០០គ្រួសារ​​​ ដែល​​​ផ្ទះ​​​របស់​​​ខ្លួន​​​ស្ថិត​​​នៅ​​​ជាប់​​​នឹង​​​ផ្នែក​​​ខ្លះ​​​​​​​​​ដែល​​​ចាស់​​​ទ្រុឌទ្រោម​​​នៃ​​​បណ្តាញ​​​ផ្លូវ​​​ដែក​​​ក្នុង​​​​​​ខេត្ត​​​មួយ​​​ចំនួន​​​​​​​​​​​​​​​​​​​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​រួច​​​មក​​​​​​ហើយ​​​ ដើម្បី​​​បើក​​​ផ្លូវ​​​​​​សម្រាប់​​​គម្រោង​​​នេះ។ គ្រួសារ​​​ដែល​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ការិយាល័យ​​​របស់​​​ធនាគារ​​​ ADB កាល​​​ពី​​​ម្សិលមិញ មិន​​​ទាន់​​​បាន​​​បាត់​​​បង់​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​​​​ទេ​​​ ប៉ុន្តែ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ ខណៈ​​​​​​រដ្ឋាភិបាល​​​មិន​​​ទាន់​​​បាន​​​បញ្ជាក់​​​​​​ច្បាស់​​​លាស់​​​ថា ដី​​​ទំហំ​​​ប៉ុណ្ណា​​នៅ​​​អម​​​សង​​​ខាង​​​ផ្លូវ​​​ដែក​​​ដែល​​​គម្រោង​​​នេះ​​​ត្រូវ​​​ការ​​​សម្រាប់​​​ពង្រីក​​​។​​​

អំឡុង​​​ជំនួប​​​មួយ​​​​​​ជាមួយ​​​គ្រួសារ​​​ទាំង​​​នោះ​​​កាល​​​ពីខែ​​​មុន លោក អេរីក សិុច​​​វីក បាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា គម្រោង​​​នេះ​​​​​​ត្រូវ​​​ការ​​​ទំហំ​​​ដី​​​ប្រវែង​​​៣,៥​​​ម៉ែត្រ​​​នៅ​​​សង​​​ខាង​​​ទ្រូង​​​ផ្លូវ​​​ដែក​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ប៉ុន្តែ គ្រួសារ​​​ទាំង​​​នេះ​​​ចង់​​​ដឹង​​​ថា តើ​​​រដ្ឋាភិបាល​​​នឹង​​ត្រូវ​​​​​​ការ​​​ដី​​​បន្ថែម​​​ទៀត​​​ ឬ​​​យ៉ាង​​​ណា​​​ ហើយ​​​ពួក​​​គាត់​​​ចង់​​​ឲ្យ​​​ធនាគារ​​​ ADB​​​ ដែល​​​កំពុង​​​ផ្តល់​​​មូលនិធិ​​​មួយ​​​ផ្នែក​​​ធំ​​​នៃ​​​ការ​​​ងារ​​​​​​ស្តារ​​​នេះ​​​ ជួយ​​​ស្វែង​​​រក​​​ចម្លើយ​​​ជូន​​​ពួក​​​គាត់​​​។

លោក អេរីក សិុចវីក បាន​​​ប្រាប់​​​ពួក​​​គាត់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ធនាគារ​​​នេះ​​​នឹង​​​ធ្វើ​​​ជា​​​អ្នក​​​នាំ​​​សារ​​​សម្រាប់​​​គ្រួសារ​​​ទាំង​​​នេះ​​​ និង​​​រដ្ឋាភិបាល​​​​​​ ព្រម​​​ទាំង​​​ក្រុមហ៊ុន ថូល​​​ រ៉ូយ៉ាល់ រ៉េលវេ៉ (Toll Royal Railway) ជា​​​ក្រុម​​​ហ៊ុន​​​​​​វិនិយោគ​​​រួម​​​គ្នា​​​រវាង​​​អូស្ត្រាលី​​​និង​​​កម្ពុជា ដែល​​​មាន​​​សម្បទាន​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​ ដើម្បី​​​ធ្វើ​​​ប្រតិបត្តិការ​​​បណ្តាញ​​​ផ្លូវ​​​ដែក​​​នេះ។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ADB មិន​​​អាច​​​ឆ្លើយ​​​សំណួរ​​​របស់​​​បង​​​ប្អូន​​​​​​អស់​​​ទេ​​​ ប៉ុន្តែ យើង​​​នឹង​​​ព្យាយាម​​​ជួយ​​​សម្រប​​​សម្រួល​​​​​​ចម្លើយ​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​​របស់​​​បង​​​ប្អូន​​​។ ADB នឹង​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា សំណួរ​​​ដែល​​​បង​​​ប្អូន​​​សួរ​​​នឹង​​​ឮ​​​ទៅ​​​ដល់​​​រដ្ឋាភិបាល និង​​​ក្រុមហ៊ុន ថូល ហើយ​​​យើង​​​នឹង​​​ធ្វើ​​​អ្វី​​​តាម​​​ដែល​​​យើង​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​​​​ ហើយ​​​ព្យាយាម​​​នាំ​​​ចម្លើយ​​​មក​​​ជូន​​​បង​​​ប្អូន​​​វិញ។ យើង​​​មិន​​​អាច​​​ធានា​​​ថា បង​​​ប្អូន​​​នឹង​​​ទទួល​​​បាន​​​ចម្លើយ​​​ស្រប​​​នឹង​​​សំណួរ​​​របស់​​​បង​​​ប្អូន​​​ ប៉ុន្តែ យើង​​​សន្យា​​​ថា យើង​​​នឹង​​​​​​ព្យាយាម”។

អ្នក​​​ស្រី​​​ នី សណ្តោស​​​ តំណាង​​​គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​នឹង​​​ពិភាក្សា​​​គ្នា​​​អំពី​​​ការ​​​សន្យា​​​នេះ​​​ក្នុង​​​ចំណោម​​​ពួក​​​គាត់​​​ មុន​​​ពេល​​​សម្រេច​​​ថា តើ​​​ទទួល​​​យ​​​ក​​​ ឬក៏​​​អត់​​​។ អ្នក​​​ស្រី​​​និយាយ​​​ទៀត​​​ថា ប្រសិន​​​បើ​​​ពួក​​​គាត់​​​សម្រេច​​​ច្រាន​​​ចោល​​​សំណើ​​​នេះ “យើង​​​នឹង​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ទី​​​នេះ​​​ដើម្បី​​​​​​ទទួល​​​បាន​​​ចម្លើយ​​​ជាក់​​​លាក់​​​ ហើយ​​​ការ​​​តវ៉ា​​​លើក​​ក្រោយ​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ក្រោយ​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​”។

សូម​​​បញ្ជាក់​​​ថា ពិធីបុណ្យ​​​អុំ​​​ទូក​​​ប្រចាំ​​​ឆ្នាំ​​​ដែល​​​មាន​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​ទី​​​៥ ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​នេះ។

លោក ផែង សុវិជ្ជានោ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​សាធារណការ និង​​​ដឹក​​​ជញ្ជូន​​​ទទួល​​​បន្ទុក​​​គម្រោង​​​ផ្លូវ​​​ដែក​​​​​​នោះ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ជំុវិញ​​​ក្តី​​​បារម្ភ​​​របស់​​​គ្រួសា​​​រ​​​ទាំង​​​នេះ​​​ទេ ដោយ​​​លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ថា ពួក​​​គាត់​​​ចង់​​​បាន​​​អ្វី​​​​​ទេ”៕សុខុម​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស