38 C
Phnom Penh

អ្នកភូមិ​ជា​ច្រើន​គ្រួសារនៅ​ខេត្ត​ពោធិ៍សាត់​​​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ ទ្រី ភាព ដាក់​ញត្តិជូន​អភិបាល​ខេត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​របស់​​អ្នកភូមិ​​ចំនួន​១៤២​គ្រួសារ​មកពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ពាក្យ​បណ្ដឹង​​​ទៅកាន់​អភិបាល​ខេត្ត​កាលពី​ម្សិលមិញ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​របស់​ពួកគាត់​​ជាមួយ​​លោក ទ្រី ភាព ​​ដែល​ជា​​អ្នក​ជំនួញ​ដ៏មាន​អំណាច​ និង​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។

ក្រុម​ហ៊ុន អឹម ឌី អេស(MDS) របស់​លោក ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​២.២៥០ហិកតា​នៅ​ក្នុង​ស្រុក​វាលវែង ដើម្បី​បង្កើត​ច្រកព្រំដែន​ថ្មីមួយ​ជាមួយ​ប្រទេស​ថៃ​ និង​ដើម្បី​អភិវឌ្ឍចម្ការ​កៅស៊ូ ប៉ុន្តែ​អ្នកភូមិ​បាន​និយាយ​ថា ក្រុម​ហ៊ុន​នេះ​បាន​រំលោភ​យក​ដីធ្លី​ដែល​​ពួកគាត់​​​បាន​ធ្វើ​ស្រែ​រាប់​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ការ​ផ្ដល់​ប្រាក់​សំណង​សមរម្យ​ឡើយ​។

លោក ជុំ សាវ៉ាត តំណាង​របស់​អ្នកភូមិ​ចំនួន​៦៥​គ្រួសារ​បាន​និយាយ​ថា ” យើង​បាន​ត្រឹម​តែ​ឈរ​សម្រក់​ទឹក​ភ្នែក​​មើល​ក្រុម​ហ៊ុន​ដែល​គាំទ្រ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​រំលោភ​យក​ដីស្រែ​​របស់​យើង​ ហើយ​​ដាំ​ដើម​កៅស៊ូ​តែ​ប៉ុណ្ណោះ​”។

អ្នកភូមិ​បាន​និយាយ​ទៀត​ថា ពួកគាត់​កំពុង​ដាក់​ញត្តិ​ជូន​លោក ម៉ៅ ធ​និន អភិបាល​ខេត្ត​​ពីព្រោះ​គាត់​ទើប​តែឡើង​កាន់​តំណែង​បាន​បី​ខែ​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ថ្មីមួយ​លើ​បញ្ហា​នេះ​។

យោង​តាម​លោក សាវ៉ាត ​បាន​ឲ្យ​ដឹង​ថា លោក ម៉ៅ ធនិន បាន​ប្រាប់​អ្នកភូមិ​ថា លោក​នឹង​ចុះទៅ​តំបន់​នោះ​ដោយ​ផ្ទាល់​ដើម្បី​​ចង់​ដឹង​អំពី​វិវាទ​នោះ។ គេ​មិន​អាច​ទាក់​ទង​​លោក​អភិបាល​ខេត្តសុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​​ទេ​ ប៉ុន្តែ​មន្ត្រី​មួយ​រូប​នៅ​ការិយាល័យ​របស់​លោក​បាន​លើក​ឡើង​ថា ពាក្យ​បណ្ដឹង​របស់​អ្នកភូមិ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យអាជ្ញាធរ​ពាក់​ព័ន្ធ​រួច​ហើយ។ គេ​ក៏​មិន​អាច​ទាក់​ទង​ក្រុម​ហ៊ុន​របស់​លោក​ ទ្រី ភាព​ បាន​ដែរ​៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស