30.7 C
Phnom Penh

ពាណិជ្ជករ​ខ្មែរ​សញ្ជាតិ​អាមេរិក​ត្រូវ​ដោះលែង​បន្ទាប់ពី​មាន​អន្តរាគមន៍ពី​មន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​តុលាការ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ដោះលែង​ពាណិជ្ជករ រិច្ឆឺ សាន (Richer​ San) ជា​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក ពី​ពន្ធនាគារ ដែល​លោក​ត្រូវ​ជាប់​ឃុំ​ពី​បទ​ចោទ​បោក​បន្លំ​ប្រាក់ ដោយ​ប្រែ​ក្រឡាស់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​លោក​កាលពី​មួយ​សប្តាហ៍​មុន​នេះ។

មេធាវី​ក្នុង​រឿងក្តី​នេះ​បាន​និយាយ​ថា សេចក្តី​សម្រេច​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក និង​ការ​យល់ព្រម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោកស្រី​ទន្តបណ្ឌិត​ អេ​ង លី​គង់ (Eng Lykuong) ​នៅ​ក្រុង​ភ្នំពេញ បាន​ចោទ​លោក សាន រួម​ជាមួយ​នឹងដៃគូ​៣​នាក់​ទៀត​របស់​គាត់ មាន​សមាជិក​សភា​រដ្ឋ​ញូវយ៉ក វីលៀម ណូចាយ (William Nojay) អតីត​ប្រេសិត​អាមេរិក​​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ស៊ីវ ស៊ី​ចាន់ និង ពាណិជ្ជករ​រដ្ឋ​តិចសាស ថូម៉ាស វិល្លីមស៍ (Thomas Willems) ពី​បទ​បោក​លោក​ស្រី​​ក្នុង​ការ​វិនិយោគ​​ប្រាក់​មួយ​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន Akra Agricultural PartnersInc. របស់​ពួកគេ។

លោក រិច្ឆឺ សាន អាយុ​៥២​ឆ្នាំ ដែល​បាន​ប្តឹង​តប​វិញ​ប្រឆាំង​នឹង​លោកស្រី លីគង់ ដោយ​ទាមទារ​សំណង​មួយ​លាន​ដុល្លារ​ចំពោះ​ការ​បរិហារកេរ្តិ៍​និង​ភ័ស្តុតាង​ក្លែងក្លាយ​នោះ បាន​ប្តឹង​ឧទ្ធរណ៍​រួចហើយ​ដើម្បីសុំ​នៅ​ក្រៅឃុំ ដោយ​លើក​ឡើង​ពី​សុខភាព​មិន​ល្អ​របស់​គាត់។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៩​ខែតុលា ចៅក្រម​សាលា​ឧទ្ធហរណ៍ អិុន វ៉ាន់វិបុល បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយ​និយាយ​ថា ​ជន​សង្ស័យ​នឹង​រត់​ចេញ​ពី​ប្រទេស​កម្ពុជា ដូច​សហ​ចុងចោទ​របស់​គាត់ គឺ​លោក ស៊ីវ ស៊ី​ចាន់ និង​លោក វិល្លីមស៍ បាន​ធ្វើ​ហើយ​អ៊ីចឹង​ដែរ។

យោងតាម​លោក មេធាវី ម៉ន កែវស៊ីវិន បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​លោក សាន បាន​ដើរ​ចេញ​ពី​ពន្ធនាគារ ប៉េហ្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​សាលា​ដំបូង​រាជធានី​មួយ​ថ្ងៃ​មុន​នោះ ដោយ​មាន​ដាក់​ឈ្មោះ​មិត្តភក្តិ​ដ៏​មាន​ឥទ្ធិពល ដែល​បាន​ធានា​រូប​លោក និង​បាន​យល់​ព្រម​ផ្តល់​ប្រាក់​មួយ​លាន​ដុល្លារ ដែល​លោកស្រី លីគង់ អះអាង​ថា គេ​ជំពាក់​លោកស្រី ប្រសិនបើ​គាត់​គេចខ្លួន​ពី​ប្រទេស​កម្ពុជា។

លោក កែវស៊ីវិន បាន​មាន​ប្រសាសន៍ថា “គាត់​បាន​សរសេរ​លិខិត​មួយ​ដោយ​ខ្លួន​ឯង​ពី​ពន្ធនាគារ និង​បាន​ផ្ញើ​លិខិត​នោះ​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ហើយ​ត្រូវ​បាន​ដោះលែង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ”។

“ក្នុង​លិខិត​នោះ គាត់​បាន​សន្យា​ថា គាត់​នឹង​មិន​រត់​ទៅ​ក្រៅ​ប្រទេស​ទេ ហើយ​នឹង​បង្ហាញ​មុខ​នៅ​តុលាការ​ជាមួយ​មេធាវី​របស់​គាត់ នៅ​ពេលណា​តុលាការ​ត្រូវការ​គាត់ ហើយ​គាត់​បាន​ភ្ជាប់​ឈ្មោះ​មិត្តភក្តិ​ជាច្រើន​នាក់​របស់​គាត់ ក្នុង​នោះ​មាន​អ្នក​ការទូត​និង​ពាណិជ្ជករ​ល្បី​ល្បាញ ដែល​បាន​ធានា​បង់ប្រាក់ ដែល​គេ​ចោទ​ថា​គាត់​បាន​បោក ប្រសិនបើ​គាត់​រត់​គេច​ខ្លួន”។

លោក កែវស៊ីវិន បាន​បន្ថែម​ថា របាយការណ៍​សុខភាព​ដែល​ប្រាប់​ពី​បញ្ហា​តម្រងនោម សម្ពាធ​ឈាម​ឡើង​និង​ជំងឺ​ទឹកនោម​ផ្អែម​របស់​លោក រិច្ឆឺ សាន ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​ឈឺ ហើយ​ឥឡូវ​នេះ​នៅ​ផ្ទះ​ទទួល​ការ​ថែទាំ​ពី​គ្រួសារ​របស់​គាត់ ដែល​អាច​ឲ្យ​ថ្នាំ​គាត់​លេប​ជា​ទៀងទាត់”។

លោក អ៊ន ហ៊ីង មេធាវី​របស់​លោកស្រី លីគង់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ឃើញ​ឯកសារ​ទាំងអស់​ទាក់ទិន​នឹង​ការ​ដោះលែង​លោក រិច្ឆឺ សាន ទេ ប៉ុន្តែ​បាន​ឮ​ថា ស្ថានទូត​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​រូប​គាត់ ជា​សេចក្តី​សម្រេច​មួយ​ដែល​មាន​ចំណារ​យល់ព្រម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ។

លោក​មេធាវី ហ៊ីង បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​នឹង​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​យក​ឯកសារ​នោះ ប៉ុន្តែ​ក្រៅ​ផ្លូវការ ខ្ញុំ​បាន​ដឹង​ថា ស្ថានទូត​អាមេរិក​បាន​ទាក់ទង​ក្រសួង​ការបរទេស​នៅ​ទីនេះ ហើយថា [តុលាការ] បាន​ចេញ​ដីកា​ដោះលែង​បណ្តោះ​អាសន្ន​មួយ​ដោយ​មាន​ចំណារ​ពី​លោក​នាយករដ្ឋមន្ត្រី”។

លោក ចេ រ៉ាម៉ាន អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​និយាយ​ថា លោក​មិន​អាច​អធិប្បាយ​អំពី​ថាតើ​ស្ថានទូត​បាន​ជួយ​ធានា​ការ​ដោះលែង​លោក សាន ជា​ពលរដ្ឋ​អាមេរិក​ឬ​យ៉ាងណា​នោះ​ទេ។

យោងតាម​លោក អ៊ុក វ៉ាន់ដេត នាយក​គម្រោង​សិទ្ធិ​ផ្នែក​ច្បាប់ NGO International Bridges for Justice បាន​ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដោះលែង​លោក សាន ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​នោះ បាន​រំលោភ​ច្បាប់​កម្ពុជា។

លោក វ៉ាន់ដេត បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​សាលាដំបូង​រាជធានី​សម្រេច​បែប​នេះទេ។ យោងតាម​ច្បាប់ ចុងចោទ​ពិតជា​មាន​សិទ្ធិ​ប្តឹង [សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍] ប៉ុន្តែ បន្ទាប់ពី​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​សហការី​ម្នាក់​របស់​លោក សាន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៣​ខែ​កញ្ញា ទៅ​តុលាការ​ក្រុង ដោយ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​មិត្ត​របស់​​លោក។

លោក​បាន​សរសេរ​ក្នុង​លិខិត​នោះ ដោយ​ប្រាប់​ឲ្យ​ដឹង​ពី “កិត្តិសព្ទ” និង “មុខ​តំណែង​ជា​សមាជិក​រដ្ឋាភិបាល” របស់​លោក ក្នុង​នាម​ជា​អ្នក​ធានា​ថា “ខ្ញុំ ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ខ្ញុំ​សុំ​ស្នើ​ឲ្យ[សាលា​ដំបូង​រាជធានី​ភ្នំពេញ]​ដោះលែង​លោក រិច្ឆឺ សាន ដើម្បី​បំពេញ​នីតិ​វិធី​តុលាការ”។

កាលពី​ម្សិលមិញ លោក ស៊ីផាន បាន​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​ដោះលែង​លោក សាន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​ក្រុង ហើយ​ថា លោក​គ្រាន់តែ​ផ្តល់​ការ​ធានា​ចំពោះ​តុលាការ​ថា មិត្ត​របស់​លោក​និង​ជា​សមាជិក​នៃ​សហគមន៍​ខ្មែរ​អាមេរិក នឹង​មិន​រត់​ចេញ​ពី​ប្រទេស​ទេ បើ​​សិន​គាត់​ត្រូវ​គេ​ដោះលែង​នោះ។

លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា “បងប្អូន​ខែ្មរ​ប្រហែល​២០​នាក់​មកពី​សមាគម​ខ្មែរ​អាមេរិក​បាន​សុំ​ឲ្យ​ខ្ញុំ​សរសេរ​លិខិត​តាង​នាម​ឲ្យ​ពួកគេ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ផ្ទាល់​ខ្លួន ស្នើ​ឲ្យ​តុលាការ​ធានា​ឲ្យ​មាន​នីតិ​វិធី​ត្រឹមត្រូវ​តាម​ច្បាប់ និង​​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ចំពោះ​លោក សាន។ ខ្ញុំ​មិន​បាន​បញ្ជា​តុលាការ​ឲ្យ​ធ្វើ​អ្វី​ទេ”។ លោក​បាន​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ទាក់ទិន​នឹង​ករណី​នេះ លម្អៀង​កាន់ជើង​លោកស្រី លីគង់។

លោកស្រី លីគង់ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោកស្រី​មិន​អាច​អធិប្បាយ​អំពី​ការ​ដោះលែង​លោក សាន ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​សប្តាហ៍​មុន​បាន​ទេ ដោយសារ​លក្ខណ​រសើប​នៃ​រឿងក្តី​នេះ។ ប៉ុន្តែ លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី​នឹង​ចូលរួម​សវនាការ​សាលា​ដំបូង​នៅ​ថ្ងៃ​ពុធ ដើម្បី​ប្រឈម​នឹង​បណ្តឹង​តប​របស់​លោក សាន ដែល​គាត់​បាន​ធ្វើ​ការ​កែប្រែ​កាលពី​ថ្ងៃ​ទី​២៩​ខែ​កញ្ញា ដោយ​បង្កើន​ការ​ទាមទារ​សំណង​ពី​១៥០.០០០​ទៅ​មួយ​លាន​ដុល្លារ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មែន​អ្នក​ជំនាញ​ច្បាប់​ទេ ប៉ុន្តែ​បន្ទាប់​ពី​សេចក្តី​សម្រេច​សាលា​ឧទ្ធរណ៍​[មិន​ដោះលែង​គាត់]​កាលពី​សប្តាហ៍​មុន​មក រឿងក្តី​នេះ​ត្រូវ​ប្រែ​ក្រឡាស់​ទាំងស្រុង។ ប៉ុន្តែ ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​នឹង​ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​រក​យុត្តិធម៌​ស្ថិត​ក្រោម​ច្បាប់​នេះ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស