41.3 C
Phnom Penh

សកម្មជន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ ISIS

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​បេក្ខជន​តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ខ្លួន​កំពុង​ដឹក​នាំ​ទាហាន​ដែល​មិន​ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​មួយ​ក្រុម​ ហើយ​នឹង​ស្នើ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​​ឲ្យ​បញ្ជូន​ទាហាន​មួយ​ក្រុម​នេះ​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​​ប្រឆាំង​ក្រុម​អុីស្លាម​ជ្រុល​និយម​ ISIS​ នៅ​សប្ដាហ៍​ក្រោយ​។

សហរដ្ឋអាមេរិក​បាន​បើក​យុទ្ធនាការ​តាម​ផ្លូវ​អាកាស​អស់​រយៈ​ពេល​៤ខែ​មក​ហើយ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​នេះ ដែល​គេស្គាល់​ថា ជាក្រុម​ ISIS និង​ដែល​បាន​​កាន់​កាប់​ទឹកដី​​មួយ​ភាគធំ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អុីរ៉ាក់។

លោក សួង សុភ័ណ្ឌ អាយុ​២៨​ឆ្នាំ ដែល​ជា​មេដឹកនាំ​យុវជន​ជាយូរ​មក​ហើយ​មកពី​គណបក្ស​ប្រឆាំង​ និង​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំមុន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​ដឹកនាំ​យុវជន​មួយ​ក្រុម​​មាន​គ្នា​ប្រមាណ​៥០នាក់​ ដែល​ចង់​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូពា៌។

លោក​បាន​និយាយ​ថា យើង​ជា​យុវជន​កម្ពុជា​ ហើយ​យើង​ចង់​បង្ហាញ​ពី​ឆន្ទៈ​ និង​ក្ដីព្រួយ​បារម្ភ​របស់​យើង​ចំពោះបញ្ហា​អន្តរជាតិ។ ហេតុផល​​ដែល​យើង​ចង់​ចូល​រួមជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ ISIS ព្រោះ​ក្រុម​អុីស្លាម​ជីហាដ​ជ្រុល​និយម​នេះ​​ នឹង​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី៣​ ហើយ​បំផ្លាញ​សុខភាព​របស់​ពលរដ្ឋ​ដោយបង្កើត​អាវុធ​ជីវសាស្ត្រ​អេបូឡា”។

លោក សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​ដែល​មិន​ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​នេះ​នឹង​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ ដើម្បី​ស្នើ​សុំ​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​នោះ​។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ពួកគេ​នឹង​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បញ្ជាក់​ពីការ​គាំទ្រ​​ចំពោះ​សកម្មភាព​ពិភព​លោក​ប្រឆាំងនឹង​​ក្រុម ISIS។

ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ពួកគេ​នឹង​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​​អំពី​ផែន​ការ​​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​នេះ​។

លោក​ សុភ័ណ្ឌ បាន​លើក​ឡើង​បន្ត​ទៀត​ថា លោក​សង្ឃឹម​ថា សហរដ្ឋអាមេរិក​នឹង​ទទួល​យក​ការ​ស្នើ​ពី​ក្រុម​ទាហាន​របស់​លោក​ ហេតុដូច្នេះ​​លោក​អាច​ប្រើ​បទពិសោធ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូពា៌​នេះ​មក​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​វៀតណាម​​ ដែល​លោក​​ចោទ​ប្រកាន់​ថា បាន​រំលោភ​យក​ទឹក​ដី​កម្ពុជា​។

លោក សុភ័ណ្ឌ បាន​និយាយ​ថា “ខ្ញុំ​មិន​មែន​​រើស​អើង​ជនជាតិ​វៀតណាម​នោះ​ទេ ប៉ុន្តែ​វៀតណាម​កំពុង​រំលោភ​យក​ទឹក​ដី​កម្ពុជា​នៅ​កោះ​ត្រល់​។ យើង​ចង់​បង្ហាញ​ថា យើង​នឹង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​វៀតណាម​ជ្រុល​និយម​ទាំង​នោះ​”។

លោក ហង្ស ស៊ីសុវត្ថិ អាយុ​៣២​ឆ្នាំ​ដែល​ជា​ទាហាន​មួយ​រូប​នៅ​ក្នុង​ចំណោម​ក្រុម​ទាហាន​ដែល​ដឹកនាំ​ដោយ​លោក សុភ័ណ្ឌ ​បាន​និយាយ​ថា លោក​ចាប់​អារម្មណ៍​ចំពោះ​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​កំពុង​​ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ ISIS ហើយ​លោក​រីក​រាយ​នឹង​ជួយ​។

លោក ស៊ីសុវត្ថិ បាន​និយាយ​ថា “ខ្ញុំមិន​ដែល​ហ្វឹក​ហាត់​នៅ​​ក្នុង​សមយុទ្ធយោធា​ឡើយ​ ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​​ពី​បេះដូង​យុវជន​ខ្មែរ​ និង​ឆន្ទៈ​​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ ISIS។ អង្គការ​សហប្រជាជាតិ​ធ្លាប់​ជួយ​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៣​ ហេតុដូច្នេះ​ខ្មែរ​ត្រូវ​តែ​ជួយ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ ISIS”។

ឧត្ដមសេនីយ៍ ឈុំ​ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ផែន​ការ​របស់​ក្រុម​សកម្មជន​នេះ​ឡើយ ហើយ​លោក​បាន​និយាយ​​ត្រឹម​តែ​ថា ​​​​​​​​​​​​រដ្ឋាភិបាលគាំទ្រ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវករ​តែ​ប៉ុណ្ណោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ក្រុម​យុវជន​នេះ​ឡើយ​ ប៉ុន្តែ​ជំហរ​រដ្ឋាភិបាល​គឺ​ប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​”៕ ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស