30 C
Phnom Penh

កម្ពុជា​បញ្ជូន​ក្រុម​ការ​ងារ​ទៅ​អូស្ត្រាលី​ដើម្បី​ពិភាក្សា​បន្ថែម​អំពី​កិច្ច​ព្រមព្រៀង​ស្ដីពីជន​ភៀស​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក សុក ផល អគ្គនាយក​នៃ​អគ្គ​នាយដ្ឋាន​អន្តោប្រវេសន៍​នៅ​ក្រសួង​មហាផ្ទៃ​​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​អូស្ត្រាលី​ ដើម្បី​ជួប​ពិភាក្សា​​ជាមួយ​មន្ត្រីនៅទីនោះ​​អំពី​កិច្ច​ព្រមព្រៀង​ដ៏ចម្រូងចម្រាសស្ដីពី​ជនភៀសខ្លួន​ ដែល​ប្រទេស​កម្ពុជា​ និង​ប្រទេស​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មុន ប៉ុន្តែ​លោក​នឹង​មិន​ធ្វើ​ដំណើរទៅ​ប្រទេស​ដែន​កោះ​ណូរូ ជាទីដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ ដែល​ប្រទេស​នេះ​ចង់​បញ្ជូន​មក​ប្រទេស​កម្ពុជា​នោះ​ឡើយ​។

ជាផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​បាន​យល់ព្រម​ផ្ដល់ទីលំនៅ​ថ្មី​ដល់​​ជនភៀស​ខ្លួន​ដែល​គេ​មិន​បញ្ជាក់​​ឲ្យ​ដឹង​ពី​ចំនួន​ពិតប្រាកដ​ពី​ប្រទេស​ដែន​កោះ​ណូរូ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ស្ម័គ្រចិត្ត​ជា​ថ្នូរ​នឹង​ជំនួយ​បន្ថែម​ចំនួន​៣៥លាន​ដុល្លារ​ពី​ប្រទេស​អូស្ត្រាលី​​សម្រាប់​បួន​ឆ្នាំ​ក្រោយ​។

កាលពី​ម្សិលមិញ ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា ឧត្តម​សេនីយ៍ សុក ផល បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​បី​រូប​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ពិភាក្សាអំពី​កិច្ច​ព្រមព្រៀង​នេះ​បន្ថែម​ទៀត​ ហើយ​ថា ពួកគាត់​នឹង​​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​​ពីរ​បីថ្ងៃ​ក្រោយ។

ឧត្ដមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​ដែន​កោះ​ណូរូ​ទេ។ ពួកគាត់​មាន​បេសកកម្ម​ទៅ​ត្រឹម​តែ​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ”។ លោក​បាន​បន្ត​ថា ប្រទេស​កម្ពុជា​នៅ​តែ​មាន​ផែន​ការ​បញ្ជូន​ក្រុម​ការ​ងារ​ទៅ​ប្រទេស​ដែន​កោះ​ណូរូ​នៅ​ពេល​ណាមួយ​ ដើម្បី​ជួប​ជាមួយ​ជនភៀស​ខ្លួន​នៅ​ទីនោះ ដែល​ប្រហែល​ជា​ចង់​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​កំពុង​រង់ចាំ​ប្រទេស​អូស្ត្រាលី​ជា​អ្នក​រៀបចំ​ចាត់​ចែង ព្រោះ​ប្រទេស​នេះ​នឹង​​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំង​អស់​លើ​ការ​ធ្វើ​ដំណើរ​៕ ស៊ុយឈាង​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស