29 C
Phnom Penh

កម្មករ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំបី​​​នាក់​​​រង​​​របួស​​​ នៅ​​​ពេល​​​រោង​​​ចក្រ​​​បាក់​​​ស្រុត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​បាទី,ខេត្តតាកែវ​​​- ​​​កម្មករ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំបី​​​នាក់​​​បាន​​​រង​​​របួស​​​ស្រាល​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​កម្រាល​​​បេតុង​​​​​​នៅ​​​រោង​​​ចក្រ​​​សម្លៀក​​​បំពាក់​​​មួ​​យ​​​កន្លែង​​​ក្នុង​​​ខេត្ត​​​តាកែវ​​​បាន​​​បាក់​​​ស្រុត​​​ ហើយ​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ករណី​​​នេះ​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​​​​ខ្លាំ​​​ង​​​​​​អំពី​​​កង្វះ​​​ការ​​​ត្រួត​​​ពិនិត្យ​​​បទ​​​ដ្ឋាន​​​អគារ​​​នៅ​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​​​​ដ៏​​​មាន​​​សារៈ​​​សំខាន់​​​របស់​​​កម្ពុជា​​​​​​​​​។cam-photo-factory-WEB

នៅ​​​ឯ​​​រោង​​​ចក្រ​​​ Nishiku Enterprise របស់​​​ចិន​​​​​​ ដែល​​​ក្រុម​​​អ្នក​​​តាម​​​ដាន​​​វិស័យ​​​ការងារ​​​និយាយ​​​ថា ផលិត​​​សម្លៀក​​​បំពាក់​​​ឲ្យ​​​ក្រុមហ៊ុន​​​លក់​​​សម្លៀក​​​បំពាក់​​​ H&M ដ៏​​​ធំ​​​របស់​​​ប្រទេស​​​ស៊ុយ​​​អែត ម៉ាស៊ីន​​​ដេរ និង​​​កម្ទេចកម្ទី​​​ដែល​​​​​​ធ្លាក់ចុះ​​​​​​ពី​​​ពិដាន​​​ដោយសារ​​​ការ​​​បាក់​​​ស្រុត​​​កម្រាល​​​បេតុង​​​បា​​​ន​​​ធ្លាក់​​​រាយ​​​ប៉ាយ​​​ទៅ​​​ក្នុង​​បាត​​​អាង​​​ទឹក​​​ប្រវែង​​​៥០​​​ម៉ែត្រ​​​ដែល​​​មាន​​​ជម្រៅ​​​៣ម៉ែត្រ​​​ នៅ​​​ពី​​​ក្រោម​​​កម្រាលបេតុង​​​​​​រោង​​​​​​ចក្រ​​​នោះ។​​​​​​​​​​​​​​​

លោក ប៉ុក​​​ វណ្ណថា អន​​​ុប្រធាន​​​នាយក​​​ដ្ឋាន​​​សុខ​​​ភាព​​​ការងារ​​​នៃ​​​ក្រសួង​​​ការងារ​​​ ដែល​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​រោង​​​ចក្រ​​​នេះ​​​កាល​​​ពីរសៀល​​​​​​ម្សិលមិញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បាក់​​​ស្រុត​​​នេះ​​​កើត​​​ឡើង​​​ “ដោយ​​​សារ​​​តែ​​​គ្រឹះ​​​មិន​​​រឹង​​​មាំ”។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្រសួង​​​នឹង​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​នេះ ហើយ​​​កំណត់​​​ថា តើ​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​អនុវត្ត​​​តាម​​​ប្លង់​​​វិស្វកម្ម​​​ត្រឹម​​​ត្រូវ​​​ដែរ​​​ ឬ​​​យ៉ាង​​​ណា​​​ ​​​នៅមុន​​​ពេល​​​សាង​​​សង់។

យោង​​​តាម​​​គណៈគ្រប់​​​គ្រង​​​រោង​​​ចក្រ​​​នេះ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា រោង​​​ចក្រ​​​នេះ​​​ជួល​​​កម្មករ​​​ប្រហែល​​​១.៦៥០​​​នាក់​​​ ហើយ​​​ក្នុង​​​នោះ​​​មាន​​​​​​៨០០​​​នាក់​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​អគារ​​​ដែល​​​បាន​​​​​​បាក់​​​ស្រុត​​​។

លោក ឈុន សារ៉េត នាយការិយាល័យ​​​សន្តិសុខ​​​កណ្តាល​​​នៃ​​​ខេត្ត​​​តាកែវ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏ទទួល​​​បាន​​​របាយការណ៍​​​ដែរ​​​ថា កម្រាល​​​បេតុង​​​នេះ​​​បាន​​​បាក់​​​ស្រុត​​​ដោយ​​​សារ​​​តែ​​​គ្រឹះ​​​មិន​​​រឹងមាំ​​​ ដែល​​​សាងសង់​​​​​​លើ​​​ដី​​​ជក​​​់ទឹក​​​ដោយសារ​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​។ លោក​​​បាមាន​​​ប្រសាសន៍​​​ទៀត​​​ថា “មូល​​​ហេតុ​​​ដែល​​​អគារ​​​នេះ​​​បាក់​​​ស្រុត​​​ទៅ​​​ក្នុង​​​ដី​​​ គឺ​​​ដោយ​​​សារ​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​នៅ​​​ព្រឹក​​​នេះ​​​ ហើយ​​​គ្រឹះ​​​មិន​​​រឹង​​​មាំ​​​”។

នៅ​​​ខាង​​​ក្រៅ​​​មន្ទីរ​​​ពេទ្យ​​​អង្អែក​​​ស្រុក​​​បាទី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ កម្មការិនី​​​ម្នាក់​​​ឈ្មោះ ឡុង​​​ ចាន់​​​រ៉ុង អាយុ​​​២៤​​​ឆ្នាំ​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​កម្មករ​​​រង​​​របួស​​​ដែល​​​ដេក​​​លើ​​កន្ទេល ហើយ​​​អ្នក​​​ខ្លះ​​​បន្តោក​​​សេរ៉ូម​​​។ ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ​​​​​​​​​​​​​​​​​​​​​”ពេល​​​ខ្ញុំ​​​កំពុង​​​ធ្វើ​​​ការ ​​​ខ្ញុំ​​​បាន​​​ឮ​​​សំឡេង​​​ព្រឹបៗ ហើយ​​​ខ្ញុំ​​​ក៏ធ្លាក់​​​ចូល​​​ក្នុង​​​អាង​​​ទឹក​​​។​​​ខ្ញុំ​​​ធ្លាក់​​​ទៅ​​​ក្នុង​​​ទឹក​​​ជម្រៅ​​​ប្រហែល​​​២ម៉ែត្រ​​​ ហើយ​​​ក៏​​​សន្លប់​​​លេង​​​ដឹង​​​ខ្លួន​​​”។

​​​កម្មការិនី​​​​​​ម្នាក់​​​ទៀត​​​ឈ្មោះ ដន ផារី អាយុ​​​២៤​​​​​​ឆ្នាំ​​​ ដែល​​​មាន​​​ផ្ទៃ​​​ពោះ​​​​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​មន្ទីរពេទ្យ​​​ដោយ​​​អាការ​​​ឈឺពោះ​​​ បន្ទាប់​​​ពី​​​នាង​​​បាន​​​ប៉ះ​​​​​​ទង្គិច​​​​​ជា​​​មួ​​​យ​​​កម្មករ​​​ភ័យ​​​ស្លន់​​​ស្លោ​​​រាប់​​​រយ​​​នាក់​​​ដែល​​​បាន​​​ប្រញាយ​​​គ្នា​​​​​​រត់​​​រក​​​ច្រក​​​ចេញ​​​ បន្ទាប់​​​ពី​​​កម្រាល​​​បេតុង​​​បាក់​​​ស្រុត​​​​​​។

ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​ថា “ខ្ញុំ​​​ធ្វើ​​​ការ​​​ឆ្ងាយ​​​ពី​​​កន្លែង​​​បាក់​​​ស្រុត​​​ ប៉ុន្តែ ដោយ​​​សារ​​​តែ​​​ខ្ញុំ​​​មាន​​​ផ្ទៃ​​​ពោះ​​​ទើប​​​ពោះ​​​របស់​​​ខ្ញុំ​​​ឈឺ​​​ដោយ​​​សារ​​​ការ​​​ប៉ះ​​​ទង្គិច​​​ជាមួយ​​​អ្នក​​​ផ្សេង​​​ទៀតៗ​​​ពេល​​​​​​កំពុង​​​រត់​​​ចេញ​​​ក្រៅ​​​”។ ស្ត្រី​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា កម្មករ​​​មាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​សភាព​​​អគារ​​​ មុន​​​ពេល​​​កើត​​​ហេតុ។​​​​​​

កម្មការិនី​​​រូប​​​នេះ​​​បាន​​​លើកឡើង​​​ទៀត​​​ថា “មុន​​​ពេល​​​អគារ​​​នេះ​​​បាក់​​​ស្រុត ​​​ខ្ញុំ​​​ឆ្ងល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​កម្រាល​​​បេតុង​​​ញ័រ​​​? ខ្ញុំ​​​តែង​​​តែង​​​គិត​​​ដល់​​​រឿង​​​នោះ​​​រហូត​​​មក​​​ ហើយ​​​ពេល​​​នោះ​​​វា​​​ក៏​​​បាន​​​បាក់​​​ស្រុត​​​មែន​​​”។

ហេតុការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ បាន​​​កើត​​​មាន​​​ឡើង​​​១៧​​​ខែ​​​បន្ទាប់​​​ពី​​​ពិដាន​​​មួយ​​​​​​បាន​​​បាក់​​​ស្រុត​​​នៅ​​​រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើង វីង​​​ស្តារ ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ បណ្ដាល​​​ឲ្យ​​​កម្មករ​​​ពីរ​​​នាក់​​​ស្លាប់​​​ និង​​​ប្រាំពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​ធ្ងន់។

លោក ប៉ុក​​​ វណ្ណថា ​​​បាន​​​ប្រៀប​​​ប្រដូច​​​ហេតុការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ទៅ​​​នឹង​​​ហេតុ​​​ការណ៍​​​បាក់​​​ស្រុត​​​រោង​​​ចក្រ​​​កាល​​​ពី​​​ឆ្នាំ​​​មុន និង​​​ការ​​​បាក់​​​ស្រុត​​​អគារ​​​រោង​​​ចក្រ​​​ក្នុង​​​ប្រទេស​​​បង់​​​ក្លាដែស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដែល​​​បាន​​​​​​ផ្ដាច់​​​ជីវិត​​​កម្មករ​​​ជាង​​​១.១០០​​​នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​បញ្ហា​​​ស្រដៀង​​​គ្នា​​​នឹង​​​​​​រោង​​​ចក្រ វីងស្តារ ។ នៅ​​​ពេល​​​ពួក​​​គេ​​​សាង​​​សង់​​​ ពួក​​​គេ​​​មិន​​​បាន​​​សាង​​​សង់​​​តាម​​​បទដ្ឋាន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ហើយ​​​គ្រឹះ​​​មាន​​​​​​គុណ​​​ភាព​​​អន់​​​។ ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​ទៅ​​​ប្រទេស​​​បង់​​​ក្លាដែស​​​វិញ ពួក​​​គេ​​​ក៏​​​ធ្វើ​​​ដូច​​​នេះ​​​ដែរ​​​ ហើយ​​​អគារ​​​ទាំង​​​មូល​​​បាន​​​បាក​​់ស្រុត”។

លោក​​​ស្រី​​​ ជីល​​​ ថាក់ឃើ (Jill Tucker) ទី​​​ប្រឹក្សា​​​បច្ចេក​​​ទេស​​​ជាន់​​​ខ្ពស់​​​​​​សម្រាប់​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្ត​រ​​​ជាតិ​​​ ILO ដែល​​​ឃ្លាំ​​​មើល​​​បទ​​​ដ្ឋាន​​​សុខភាព និង​​​សុវត្ថិភាព​​​នៅ​​​តាម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ទូទាំង​​​ប្រទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ “ការ​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ច្រើន​​​” ចំពោះ​​​ហេតុការណ៍​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ជា​​​ដំបូង​​​យើង​​​ត្រូវ​​​មាន​​​បទ​​​ដ្ឋាន​​​អគារ​​​ដើម្បី​​​រក​​​អ្នក​​​​​​ទទួល​​​ខុស​​​ត្រូវ​​​។ ទី២ចាំាបាច់​​​ត្រូវ​​​​​​មាន​​​ការ​​អនុវត្ត​​​តាម​​​បទ​​​ដ្ឋាន​​​ទាំង​​​នេះ ហើយ​​​នោះ​​​គឺជា​​​តួ​​​នាទី​​​របស់​​​រដ្ឋាភិបាល​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា​​​យើង​​​ទាំង​​​អស់​​​គ្នា​​​ដែល​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​វាយ​​​តម្លៃ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ ចាំបាច់​​​ត្រូវ​​​ឃ្លាំ​​​មើល​​​​​​សុវត្ថិភាព​​​អគារ​​​ឲ្យ​​​បាន​​​ដិត​​​ដល់​​​”។

អ្នកស្រី ចាន់ មូ៉លីកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​ធន​​​ធាន​​​មនុស្ស​​​នៅ​​​រោង​​​ចក្រ Nishiku Enterprise បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​ចុង​​​ក្រោយ​​​លើ​​​បញ្ហា​​​សុវត្ថិភាព​​​​​​ធ្វើ​​​ឡើង​​​នៅ​​​ពេល​​​ណា​​​នោះ​​​ទេ​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា អគារ​​​ដែល​​​បាន​​​បាក់​​​ស្រុត​​​ ត្រូវ​​​បាន​​​សាង​​​សង់​​​កាល​​​ពី​​​បី​​​ឆ្នាំ​​​មុន​​​។

អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់​​​ពី​​​ការ​​​បាក់​​​ស្រុត​​​ រោង​​​ចក្រ​​​បាន​​​បញ្ជូន​​​អ្នក​​​គ្រប់​​​គ្រង​​​ឲ្យ​​​រាប់​​​ចំនួន​​​កម្មករ​​​ភ្លាមៗ​​​ និង​​​ធានា​​​ថា​​​គ្មាន​​​អ្នក​​​បាត់​​​ខ្លួន​​​​​​ ដោយ​​​គូស​​​បញ្ជាក់​​​ថា កម្មករ​​​គ្រាន់​​​តែ​​​រង​​​របួស​​​ស្រាល​​​ប៉ុណ្ណោះ​​​។ “មាន​​​កម្មករ​​​១.៦០០​​​នាក់​​​ ៨០០នាក់​​​នៅ​​​ក្នុងអគារ​​​នោះ ហើយ​​​គ្មាន​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​ទេ​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃី សុវុឌ្ឍី)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស