28 C
Phnom Penh

អាជ្ញាធរ​​​​​​ការ​​​ពារ​​​សម្បត្តិ​​​បេតិកភណ្ឌ​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ប្តឹង​​​ស្ត្រី​​​ទេសចរ​​​សញ្ជាតិ​​​នូវែល​​​សេឡង់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ម៉ន ឈឿន នាយ​​​នគរ​​​បាល​​​ការ​​​ពារ​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ខេត្ត​​​សៀម​​​រាប​​​​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​​​​ប្តឹង​​​​​ស្ត្រី​​​ទេសចរ​​​សញ្ជាតិ​​​​​​នូវែល​​​សេឡង់​​​ ដែល​​​បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​មួយ​​​ព្រះ​​​អង្គ​​​បាក់​​​បែក​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​នៅ​​​ក្នុង​​​ឧទ្យានបុរាណ​​​​​​អង្គរ។

ស្ត្រី​​​ឈ្មោះ វីឡេមីន វើម៉ាត (Willemijn Vermaat) អាយុ​​​៤០​​​ឆ្នាំ​​​ ជា​​​​​ជន​​​ជាតិ​​​ហូឡង់ ដែល​​​រស់​​​នៅ​​​ប្រទេស​​​នូវែល​​​សេឡង់​​​ បាន​​​និយាយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​នោះ​​​បាក់​​​បែក​​​ បន្ទាប់​​​ពី​​​មាន​​​សំឡេង​​​មួ​​យ​​​បាន​​​ប្រាប់​​​ខ្លួន​​​​​​​​​ថា ប្រាសាទ​​​បាយ័ន​​​ដែល​​​បូជា​​​ចំពោះ​​​ព្រះ​​​ពុទ្ធ​​​ តាម​​​ពិត​​​គឺ​​​ជា​​​ប្រាសាទ​​​សម្រាប់​​​បូជា​​​ចំពោះ​​​អាទិទេព​​​ស្រី​​​ព្រះនាម អីុណាណា (Inana) ។

លោក ម៉ន ឈឿន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ព្រះ​​​រាជ​​​អាជ្ញា​​​ កើត​​​ វណ្ណារ៉េត អម​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​រាប​​​រួច​​​ហើយ​​​​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​អាន​​​ចម្លើយ​​​សារភាព​​​របស់​​​ស្ត្រី​​​ វីឡេ​​​មីន វើម៉ាត នៅ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​ព័ត៌មាន​​​ stuff.co.nz.​​ដែល​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​​​​ប្រទេស​​​នូវែល​​​សេឡង់​​​វិញ​​​ចាប់​​​ពី​​​ពេល​​​នោះ​​​មក​​​។

លោក​​​បាន​​​ពន្យល់​​​ថា “យើង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ព្រះរាជ​​​អាជ្ញា​​​ខេត្ត​​​រួច​​​ហើយ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​​​​ស្ត្រី​​​សញ្ជាតិ​​​នូវែល​​​សេឡង់​​​រូប​​​នេះ​​​ពី​​​បទ​​​បំផ្លាញ​​​ពុទ្ធប្បដិមា​​​ ពីព្រោះ​​​នាង​​​បាន​​​សារភាព​​​តាម​​​គេហទំព័រ​​​នេះ​​​ថា​​​នាង​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​បែ​​​ប​​​នេះ​​​មែន។ យើង​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ចាត់​​​ការ​​​ស្ត្រី​​​រូប​​​នេះ​​​​​​ទៅ​​​តាម​​​ផ្លូវ​​​ច្បាប់​​​”។

ស្ត្រី វីឡេ​​​មីន វើម៉ាត បាន​​​សារភាព​​​នៅ​​​ក្នុង​​​អត្ថ​​​បទ​​​ព័ត៌​​​មាន​​​មួយ​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​តុលា​​​​​​​​​​​​ថា ខ្លួន​​​ពិតជា​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធប្បដិមា​​​​​​បែក​​​បាក់​​​មែន​​​ បន្ទាប់​​​ពី​​​​​​ខ្លួន​​​បាន​​​ឮ​​​សំឡេង​​​មួយ​​​។ស្ត្រី​​​រូប​​​នេះ​​​បាន​​​​​​ប្រាប់​​​គេ​​​ហទំព័រ​​​ stuff.co.nz.​​​ថា “សំឡេង​​​​​​នេះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ខ្ញុំ​​​ត្រូវ​​​តែ​​​រំកិល​​​ពុទ្ធប្បដិមា​​​​​​នោះ​​​ចេញ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​និយាយ​​​ទៅ​​​វិញ​​​ថា ខ្ញុំ​​​មិន​​​ចង់​​​​​​ធ្វើ​​​ទេ​​​ ពីព្រោះ​​​​​​នេះ​​​ជា​​​​​​សាសនា​​​ដ៏​​​ប្រពៃ​​​ ហើយ​​​មិន​​​ត្រូវ​​​យក​​​​​​មក​​​លេង​​​សើច​​​ឡើយ​​​។ ​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​អង្គុយ​​​លើ​​​ជង្គង់​​​​​​របស់​​​ព្រះ​​​អង្គ ប៉ុន្តែ មិន​​​បាន​​​ផល​​​ទេ​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​បាន​​​រុញ​​​ព្រះ​​​អង្គ​​​ចេញ​​​ ហើយ​​​ខ្ញុំ​​​បាន​​​សូម​​​ខមាល​​​​​​ទោស​​​ព្រះ​​​អង្គ ប៉ុន្តែ នោះ​​​ជា​​​ពេល​​​ដែល​​​ខ្ញុំ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពុទ្ធ​​​ប្បដិមា​​​បែក​​​បាក់​​​”។

​​​លោក កើត វណ្ណារ៉េត បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ហើយ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​លោក​​​កំពុង​​​ប្រមូល​​​ចង​​​ក្រង​​​សំណុំ​​​រឿង​​​​​​នេះ។

លោក អីុម សុខរិទ្ធី អនុ​​​ប្រធាន​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បេតិកភណ្ឌ​​​កំពុង​​​សហការ​​​​​​ជាមួយ​​​មន្ត្រី​​​ផ្សេង​​​​​​ៗ​​​ទៀត​​​ ដើម្បី​​​នាំ​​​ខ្លួន​​​ស្ត្រី​​​ វីឡេមីន វើម៉ាត មក​​​ផ្តន្ទាទោស។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​កំពុង​​​សហការ​​​ជាមួយ​​​មេធាវី​​​ជាតិ និង​​​អន្តរ​​​ជាតិ​​​ដើម្បី​​​ត្រៀម​​​ចាត់​​​វិធាន​​​ការ​​​លើ​​​ករណី​​​នេះ​​​”៕សុខុម​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស