34 C
Phnom Penh

អ្នក​កាប់​ឈើ​ខុស​ច្បាប់​ដាក់ពាក្យ​ប្ដឹង​ទៅ​នគរ​បាល​ទាក់​ទិន​នឹង​ថ្លៃ​ឈ្នួល​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ភូមិ​ប្រហែល​២០​នាក់​​ ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ជួញដូរ​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ បាន​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​កាន់​នគរ​បាល​ខេត្ត​ ដោយ​ចោទ​ប្រកាន់​មេខ្លោង​​ចំនួន​ពីរ​នាក់​របស់​ខ្លួន​ថា ​មិន​បាន​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ពួកគាត់​។

លោក​ ជាវ ខាន់ នាយ​ខុទ្ទកាល័យ​ខេត្ត​ប៉ៃលិន​​បាន​លើក​ឡើង​ថា អ្នកភូមិដែល​ដាក់​ពាក្យ​បណ្ដឹង​​កាលពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​គេ​ជួល​ឲ្យ​ឆ្លង​កាត់​​​ព្រំដែន​ចូល​​ទៅ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹក​ដីថៃ​ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ឡើយ​។

លោក ខាន់ បាន​មាន​ប្រសាសន៍​ថា ” ពាក្យ​បណ្ដឹង​របស់​ពួកគាត់​គឺ​ចង់​ឲ្យ​អភិបាល​របស់​យើង​ស្គាល់​​​​មេខ្លោង​ជួញដូរ​ឈើ​គ្រញូង​ដែល​​​មាន​ឈ្មោះ​ថា រ៉ា និង រី និង​ដែល​បោក​ប្រាស់​ពួកគាត់​ ហើយ​បញ្ចុះ​បញ្ចូល​​ពួកគាត់​​ឲ្យ​ទៅ​កាប់​​ និង​ដឹក​ឈើ​គ្រញូង​ចេញពី​ក្នុង​ព្រៃ​ទឹកដី​ថៃ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ ជនបោក​ប្រាស់​ រ៉ា និង​ រី ដែល​រស់​នៅ​ក្នុង​ស្រុក​សំឡូត [ខេត្ត​បាត់​ដំបង] ជាប់​ព្រំដែន​កម្ពុជា-ថៃ​ មិន​បាន​បង់​ថ្លៃ​ឈ្នួល​ឲ្យអ្នកភូមិ​ទាំង​នោះ​ឡើយ​ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មាន​កំហឹង​ ហេតុដូច្នេះ​ យើង​បាន​ស្នើ​សុំឈ្មោះ និង​ស្នាមមេដៃ​របស់​ពួកគាត់​​ដើម្បី​​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​នគរ​បាល​ខេត្ត​”។

លោក ខាន់ បាន​លើក​ឡើង​ថា នគរ​បាល​បាន​ទទួល​យក​សេចក្ដី​រាយការណ៍នោះ​ ហើយ​បន្ទាប់​មក​ទៀត​បាន​ប្រាប់​អ្នក​ភូមិ​ថា ខ្លួន​មិន​អាច​ជួយ​ពួកគាត់​ឲ្យ​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​សកម្មភាព​ខុស​ច្បាប់​នេះ​មក​វិញ​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” តាមពិត​ទៅ​ ភាគី​ទាំង​ពីរ​សុទ្ធតែ​ខុស​ទាំង​សងខាង ហើយ​យើង​បាន​អប់រំ​អ្នកភូមិ​រងគ្រោះ​ ហើយ​ស្នើ​ឲ្យ​ពួកគាត់​បោះ​បង់​ចោល​មុខរបរ​នេះ​ ប៉ុន្តែ​វា​ទើប​តែ​លើក​ដំបូង​ទេ ​ដែល​យើង​បាន​ជួបជាមួយ​អ្នកភូមិ​​ដែល​ដាក់ពាក្យ​​បណ្ដឹង​ទាក់​ទង​នឹង​ថ្លៃ​ឈ្នួល​ ​​​​​​​​របស់ពួកគាត់​”។

លោក ញឹក ថុល អធិការ​នគរ​បាល​ស្រុក​សាលា​ក្រៅ​ បាន​ឲ្យ​ដឹង​ថា នគរ​បាល​នឹង​ធ្វើ​ការ​ដើម្បី​ពន្យល់​អ្នកភូមិ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​អំពី​ការ​ពាក់​ព័ន្ធ​របស់​ពួកគាត់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​នេះ​។

លោក​ ថុល បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​អប់រំ​ពួកគាត់​​ឲ្យ​ដឹង​អំពីហានិភ័យ​​នៃ​ការ​លួច​ចូល​ទៅ​ក្នុង​ព្រៃ​ក្នុង​ទឹក​ដីថៃ ដើម្បី​កាប់​ និង​ដឹកឈើ​គ្រញូង​ ហើយ​ប្រាប់ពួកគាត់​អំពី​អ្នកភូមិ​ដែល​ត្រូវ​បាន​បោក​ប្រាស់​ដោយ​មេខ្លោង​ជួញដូរ​ឈើ​​គ្រញូង​”៕ ស៊ុយឈាង​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស