នគរបាល និងមន្ត្រីបរិស្ថាននៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានឈើប្រណីតជាង៣.០០០ដុំ ដែលគេបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃមួយកន្លែងកាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅមិនទាន់កំណត់នៅឡើយទេថា តើវាជារបស់ក្រុមហ៊ុនចិនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះឬរបស់អ្នកផ្សេង។
យោងតាមលោក ងួន សារ៉ាន អភិបាលស្រុកពេជ្រាដា បានឲ្យដឹងថា នគរបាលខេត្ត និងមន្ត្រីមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសម្រុកចូលទៅក្នុងកន្លែងលាក់ឈើប្រភេទធ្នង់នៅក្នុងឃុំពោធិ៍ជ្រៃ ស្រុកពេជ្រាដា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ។
លោក សារ៉ាន បានមានប្រសាសន៍ដោយបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុនថា ” យើងនៅមិនទាន់ដឹងនៅឡើយទេថាតើឈើប្រណីតទាំងនេះជារបស់ក្រុមហ៊ុន ឬរបស់អ្នកកាប់ឈើ ហើយយើងត្រូវការធ្វើការស៊ើបអង្កេតបន្ថែមទៀតសិន”។
ឈើប្រភេទធ្នង់នេះអាចមានតម្លៃរហូតដល់៨០០ដុល្លារក្នុងម៉ែត្រគូបនៅក្នុងបណ្ដាខេត្តនានា ហើយអាចមានតម្លៃលើសពីនេះនៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។
លោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា ឈើជាង៣.០០០ដុំនេះពិតជាត្រូវបានរឹបអូសមែន ប៉ុន្តែលោកបានផ្ដល់ព័ត៌មានតែបន្តិចបន្តួចប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅស៊ើបអង្កេត។ ខ្ញុំត្រូវការព័ត៌មានលម្អិតបន្ថែមដើម្បីចង់ដឹងថា តើវាស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ឬនៅក្នុងដីព្រៃអភិរក្ស”។
ផ្ទៃដីភាគច្រើននៅក្នុងស្រុកពេជ្រាដា គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំព្រិច ដែលផ្ទៃដីទំហំ២២.២៥០ហិកតាមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនៅប៉ែកខាងកើត ហើយប៉ែកខាងជើងជាប់ព្រំប្រទល់ព្រៃការពារខេត្តមណ្ឌលគិរី។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរីបានលើកឡើងថា ឈើទាំងនេះត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃ មិនមែននៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននោះទេ។ លោកបានលើកឡើងដូច្នេះដោយផ្អែកលើអ្វីដែលអ្នកភូមិបានប្រាប់លោក។
លោកបានមានប្រសាសន៍ថា ” យើងនៅមិនទាន់ដឹងនៅឡើយទេថា តើនរណាជាម្ចាស់ឈើទាំងនេះ ប៉ុន្តែទីតាំងដែលឈើទាំងនេះត្រូវបានរកឃើញ គឺមានព្រំប្រទល់ជាប់នឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន”។
យោងតាមអនុក្រឹត្យចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ ដីសម្បទានសេដ្ឋកិច្ចចំនួនពីរកន្លែងនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុនចិន។ ដីសម្បទានសេដ្ឋកិច្ចទំហំ៨.៧០៨ហិកតាត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនចិន DaiThanh ហើយដីសម្បទានសេដ្ឋកិច្ចមួយកន្លែងទៀតដែលមានទំហំ៨.៦៨៥ហិកតាត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនចិន DaiNam។ ដីសម្បទានសេដ្ឋកិច្ចទាំងពីរកន្លែងនេះសុទ្ធតែសម្រាប់ការអភិវឌ្ឍផ្នែកកសិឧស្សាហកម្ម៕ ស៊ុយឈាង