33 C
Phnom Penh

ក្រុមហ៊ុន​បន្ត​ធ្វើ​ចម្ការ​លើ​ដី​ដែលត្រូវ​បាន​ដកហូត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​១១​ដែល​ត្រូវ​ក្រសួង​បរិស្ថាន​ដកហូតដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងនោះ​ កាលពី​ថ្ងៃ​សុក្រ​បាន​បន្ត​ធ្វើការ​ដាំដុះ​លើ​អតីត​ដី​របស់​ខ្លួន ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

ក្រសួង​បរិស្ថាន​បាន​លុបចោល​ដី​សម្បទាន​ទាំង​នេះ ដោយ​អះអាង​ថា ម្ចាស់ដី​ទាំង​នោះ​បាន​បំពាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ព្រោះ​មិន​បាន​អភិវឌ្ឍ​ដី​សម្បទាន​របស់​ខ្លួន​ដូច​ដែល​បាន​សន្យា។ ប៉ុន្តែ ​អ្នក​ស្រុក​និយាយ​ថា ក្រុមហ៊ុន Leang Bou Construction បាន​ដាំ​ដំឡូង​មី​លើ​ផ្ទៃដី​១.៧៨៣​ហិកតា ក្នុង​ស្រុក​ថ្មពួក មុន​ពេល​រដ្ឋាភិបាល​ដកហូត​យក​ដី​នេះ ហើយ​បាន​បន្ត​ធ្វើ​តទៅ​ទៀត។

លោក សាវ ស៊ីម អតីត​ទាហាន និង​ជា​តំណាង​​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ​តាំងពី​ឆ្នាំ​២០១០​មក​បាន​ឲ្យដឹង​ថា “កម្មករ​ក្រុមហ៊ុន​នេះ​បន្ត​ដាំ​ដំឡូងមី​លើ​ដី​នោះ ហើយ​ក្រុមហ៊ុន​នេះ​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ទេ”។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​លោក​ គោស៊ុំ សារឿត អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​ថ្ងៃ​អង្គារ ​ចោទ​ក្រុមហ៊ុន​នេះ​ថា​បន្ត​ដាំដុះ​លើ​ដី​ត្រូវ​គេ​រឹបអូស​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ។ លិខិត​នោះ​បាន​អំពាវនាវ​ឲ្យ​លោក សារឿត “ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ជន​ល្មើស ដែល​មិន​អើពើ​នឹង​បញ្ជា​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ”។

លោក ស៊ុម ចាន់គា មន្ត្រី​សម្របសម្រួល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា “ប្រសិនបើ​អាជ្ញាធរ​មិន​អាច​បញ្ឈប់​ក្រុមហ៊ុន​នេះ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងនេះ​លើ​ដី​ត្រូវ​រឹបអូស​ទេ ដូច្នេះ បទ​បញ្ជា​នេះ​គ្មាន​ន័យ​ឡើយ”។

ទូ ទានតឺ តំណាង​ម្នាក់​នៅ​ក្រុមហ៊ុន Leang Bou Construction បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​បាន​ទទួល​ព័ត៌មាន​អំពី​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ទេ។

លោក​បាន​ឲ្យដឹង​ទៀតថា “យើង​មិន​បាន​ឮ​ថា រដ្ឋាភិបាល​បាន​លុប​ចោល​កិច្ច​សន្យា​នេះ និង​សម្រេច​រឹបអូស​យក​ដី​ឡើយ”។

ប៉ុន្តែ អភិបាល​ស្រុក លោក ប្លេក វ៉ារី បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​ការ​ជូនដំណឹង​របស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ក្រុមហ៊ុន​នេះ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងអស់​ហើយ។ លោក វ៉ារី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​សកម្មភាព​លើ​ដី​នោះ​ហើយ”។

កាលពី​ខែ​ឧសភា​ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី និង​បាន​បញ្ជា​អាជ្ញាធរ​ឲ្យ​ពិនិត្យ​ពិច័យ​ដី​សម្បទាន​ដែល​មាន​ស្រាប់៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស