27.5 C
Phnom Penh

ផលិតករ​ពិភាក្សា​អំពី​ស្ថានភាព​ខ្សែ​ភាពយន្ត​ក្នុង​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​បាន​ធ្វើ​ជា​អធិបតី​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​តួ​សំដែង​សំខាន់ៗ ផលិតករ​ទូរទស្សន៍ និង​ផលិតករ​ភាពយន្ត​ក្នុង​ប្រទេស ដើម្បី​ពិភាក្សា​អំពី​ភាពជោរជន់​លើសលុប​នៃ​ខ្សែ​ភាពយន្ត​បរទេស ដែល​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក និង​ផល​ប៉ះពាល់​អវិជ្ជមាន ដែល​មាន​លើ​ភាពយន្ត​ក្នុង​ស្រុក និង​វប្បធម៌​កម្ពុជា ជាទូទៅ។

វិស័យ​ភាពយន្ត​កម្ពុជា​បាន​រីកលូតលាស់​ខ្លាំង​ក្នុង​ទសវត្សរ៍១៩៦០​ មុន​របប​ខ្មែរ​ក្រហម​កម្ទេច​សិល្បៈ​ចោល។ ហើយ​បើ​ទោះជា ជោគជ័យ​ជា​សកល​នៃ​ផលិតករ​ភាពយន្ត ​ប៉ាន់ រិទ្ធី និង​ការ​អបអរ​សាទរ​ថ្មីៗ​ចំពោះ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ចំនួន​តូច​ក៏ដោយ ក៏​គុណភាព​នៃ​ការ​ផលិតភាព​យន្ត​ក្នុង​ប្រទេស​នេះ​នៅ​អន់ថយ​ឆ្ងាយ​ពី​ប្រទេស​ជិតខាង​ក្នុង​តំបន់​នៅ​ឡើយ ដូចជា​ប្រទេស​ថៃ​ជាដើម។

អ្នក​ជំនាញ​វិស័យ​ភាពយន្ត​មួយ​ចំនួន​ដែល​បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ បាន​លើក​ឡើង​ថា ភាពយន្ត​អន្តរជាតិ​មាន​ច្រើន​ហួស​តម្រូវការ​ដែល​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍​អំឡុង​ពេលមាន​អ្នក​ទស្សនា​ច្រើន​បំផុត កំពុង​បន្ទុច​បង្អាក់​ការ​រស់រាន​ឡើងវិញ​របស់​ផលិតកម្ម​ភាពយន្ត​ក្នុង​ស្រុក។

តារា​សំដែង អ្នកស្រី ចន ច័ន្ទលក្ខិណា បាន​លើកឡើង​ថា “មាន​ស្ថានីយ​ទូរទស្សន៍​តិចតួច​ណាស់​ដែល​ចង់​អភិរក្ស​វប្បធម៌​ខ្មែរ​ ដោយ​ផលិត​ខ្សែ​ភាពយន្តនិង​កម្មវិធី​ទូរទស្សន៍​ខ្មែរ ចំណែកឯ​ស្ថានីយ​ទាំងអស់​ផ្សព្វផ្សាយ​ភាពយន្ត​បរទេស​គឺ​មាន​ស្ថានីយ​ខ្លះ​បញ្ចាំង​ដល់​ទៅ​២០​ម៉ោង​នៃ​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន”។ អ្នកស្រី​បាន​បន្ថែម​ថា មាន​ភាពយន្ត​ខ្មែរ​ច្រើន​ណាស់​ផលិត​បាន​ហើយ ដែល​អាច​យក​មក​បញ្ចាំង​ជំនួស​វិញ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ពេលណា​យើង​បើក​ទូរទស្សន៍​របស់​យើង ហើយ​មើល​ឃើញ​ភាពយន្ត​របស់​បរទេស យើង​ងឿង​ឆ្ងល់​ថាតើ​សិល្បៈ​ខ្មែរ​នឹង​ក្លាយ​ទៅជា​អ្វី? ប្រសិន​បើ​ស្ថានីយ​ទូរទស្សន៍​នានា​មិន​បញ្ចាំង​ភាពយន្ត​ខ្មែរ ភាពយន្ត​នេះ​នឹង​នៅ​តែ​ធ្លាក់​ចុះ”។

អ្នកស្រី ពាន់ ភួងបុប្ផា អ្នក​ដឹកនាំ​ភាពយន្ត​ម្នាក់​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ភាពយន្តពីរបី​នាក់​ដែល​មាន​ជោគជ័យ​បំផុត បាន​យល់ស្រប​ជាមួយ​អ្នកស្រី ច័ន្ទលក្ខិណា ហើយ​បាន​អំពាវនាវ​ដល់​ក្រសួង​ព័ត៌មាន​ឲ្យ​ប្រើ​គោល​នយោបាយ​រឹត​បន្តឹង​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​បរទេស។

អ្នកស្រី​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់ឃើញ​ភាពយន្ត​ខ្មែរ​ងើប​មុខ​ឡើង​វិញ ហើយ​ខ្ញុំ​ជឿ​ថា វា​គួរតែ​ជា​ភារកិច្ច​របស់​ស្ថានីយ​ទូរទស្សន៍ ក្នុង​ការ​ជួយ​លើក​ស្ទួយ​សិល្បៈ​ខ្មែរ” ហើយ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​ថៃ​ជា​ការ​គំរាម​ដោយ​ផ្ទាល់​មួយ​ចំពោះ​អត្តសញ្ញាណ​ខ្មែរ ព្រោះ​វប្បធម៌​ថៃ​កំពុង​ជ្រៀត​ចូល​វប្បធម៌​ខ្មែរ​ដោយ​មិន​ដឹង​ខ្លួន។

ផលិតករ​ខ្សែ​ភាព​យន្ត លោក ឆៃ បូរ៉ា មិន​បាន​យល់ស្រប​ឡើយ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា អ្នកដែល​ធ្វើ​ការ​ក្នុង​ផ្នែក​ភាពយន្ត​ខ្មែរ​អាច​រៀន​សូត្រ​ពី​ប្រទេស​ថៃ ដោយសារ​វប្បធម៌​ប្រហែល​គ្នា។

លោក​បាន​សួរ​ថា “ហេតុអ្វី​ភាពយន្តថៃ​ជា​ការ​គំរាម​ច្រើន​ជាង​ភាពយន្ត​កូរ៉េ ចិន សិង្ហបុរី ឬ​ឥណ្ឌា?” លោក​បាន​សន្និដ្ឋាន​ថា កង្វល់​ទាក់ទិន​នឹង​ភាពយន្ត​ថៃ​គឺ​ដោយសារ​ផល​ប៉ះពាល់​យូរ​អង្វែង​នៃ​កុបកម្ម​ប្រឆាំង​ថៃ​កាលពី​ឆ្នាំ​២០០៣ ដែល​កើត​ឡើង​ដោយសារ​ពាក្យចចាមអារ៉ាម​ថា តួសំដែង​ថៃ​ម្នាក់​បាន​អះអាង​ថា អង្គរវត្ត​ជា​របស់​ថៃ។

លោក បូរ៉ា បាន​បន្ថែម​ថា ទស្សនិកជន​នៅ​ទីនេះ​ទទួល​ស្គាល់​ថា ភាពយន្ត​បរទេស​មាន​គុណភាព​ខ្ពស់​ជាង​ភាព​យន្ត​ក្នុង​ស្រុក ដូច្នេះ​បន្ទុក​នេះ​បាន​ធ្លាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​សាលា​ផលិត​ភាពយន្ត​និង​សាលា​សរសេរ​អត្ថបទ​ភាពយន្ត ដើម្បី​បង្កើត​ភាព​ប៉ិន​ប្រសប់។

លោក ស៊ិន សុផាត នាយក​នៅ​ស្ថានីយ​ទូរទស្សន៍ TV5 បាន​​មាន​ប្រសាសន៍​ថា ទស្សនិកជន​ខ្មែរ​ចង់​បាន​ផលិត​កម្ម​មាន​គុណភាព​យ៉ាង​ខ្លាំង ជាអ្វី​ដែល​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ដឹង​យ៉ាង​ច្បាស់។ ការ​តម្រូវ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​នានា​បញ្ចាំង​ភាពយន្ត​ខ្មែរ​ដែល​មាន​គុណភាព​អន់ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​បាត់​បង់​ប្រាក់​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម ដែល​គេ​ប្រើ​ដើម្បី​ផ្តល់​ប្រាក់​ដល់​កម្មវិធី​ដែល​ខ្មែរ​ផលិត។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រសួង​ព័ត៌មាន​គួរ​ដើរ​តួ​ជា​ឱពុក​ម្តាយ​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ដល់​តួ​សំដែង អ្នក​និពន្ធ និង អ្នក​ដឹកនាំ​រឿង​នៅ​សាលា​ក្នុង​ប្រទេស​កម្ពុជា”។

ឆ្លើយតប​ទៅ​នឹង​ការ​អធិប្បាយ​របស់​អ្នកចូលរួម លោក កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា ការ​បញ្ចាំង​ភាពយន្ត​បរទេស​ពិតជា​កង្វល់​មួយមែន ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​មិន​មែន​ជា​ដំណោះស្រាយ​ចាំបាច់នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​ហាមប្រាម​ភាពយន្ត​បរទេស ឬ​សូម្បី​ភាពយន្ត​ថៃ​ក៏​ដោយ ពីព្រោះ​វា​នឹង​មាន​រូបភាព​អាក្រក់​សម្រាប់​យើង ហើយ​ប្រសិនបើ​ប្រទេស​ផ្សេង​ទៀត​ចាប់​ផ្តើម​ហាម​ភាពយន្ត​របស់​យើង វា​នឹង​ប៉ះពាល់​វិស័យ​ភាពយន្ត​កម្ពុជា”។

លោក កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​រក​វីធី​លើក​ទឹកចិត្ត​ស្ថានីយ​ទូរទស្សន៍​ឲ្យ​បញ្ចាំង​ផលិត​កម្ម​ក្នុង​ស្រុក​បន្ថែម​ទៀត ហើយ​លោក​បាន​បន្ត​រំឭក​ក្រុម​នេះ​ថា ក្នុង​ឆ្នាំ​១៩៩៤​និង​១៩៩៥ រដ្ឋាភិបាល​បាន​ព្យាយាម​ដាក់​កម្រិត​ចំនួន​ភាពយន្ត​បរទេស​ដែល​ត្រូវ​បញ្ចាំង ប៉ុន្តែ​ដឹងថា មិន​មាន​ភាពយន្ត​ក្នុង​ស្រុក​គ្រប់​គ្រាន់​សម្រាប់​បញ្ចាំង​តាម​រោង​ទេ។

លោក កាញារីទ្ធ បាន​បន្ថែម​ថា “ដំបូង​បំផុត យើង​ត្រូវ​ពង្រឹង​គុណភាព​របស់​យើង​ដើម្បី​ឈាន​ដល់​ចំណុច​មួយ​ដែល​យើង​ចង់​បាន”។ លោក​បាន​បន្ថែម​ថា “យើង​មាន​គតិបណ្ឌិត ប៉ុន្តែ​ពេលណា​ក្រពះ​យើងឃ្លាន វា​មិនអាច​ធ្វើ​ទៅរួច​ទេ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស