41.3 C
Phnom Penh

អ្នក​​​កាសែត​​​មួយ​​​ក្រុម​​​​​​អះអាង​​​ថា ឃាតករ​​​ត្រូវ​​​បាន​​​ប្រឌិត​​​ឡើង​​​ដើម្បី​​​​​​លាក់​​​បាំង​​​រឿង​​​ពិត​​​នៅ​​​ក្នុង​​​ករណី​​​ឃាត​​​កម្ម​​​លើ​​​អ្នក​​​កាសែត​​​នៅកំពង់​​​ឆ្នាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ អ្នក​​​កាសែត​​​មួយ​​​ក្រុម​​​បាន​​​ផ្ញើ​​​របាយការណ៍​​​មួយ​​​ទៅ​​​អភិបាល​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដោយ​​​អះ​​​អាង​​​ថា បុរស​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ពី​​​បទ​​​ធ្វើ​​​ឃាត​​​សហការី​​​ម្នាក់​​​របស់​​​ពួក​​​គេ​​​ ត្រូវ​​​បាន​​​ប្រឌិត​​​ឡើង​​​ក្នុង​​​បំណង​​​ព្យាយាម​​​លាក់​​​បាំង​​​ក្រុម​​​នេសាទ​​​ខុស​​​ច្បាប់​​​មួយ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​នឹង​​​នគរ​​​បាល។

បុរស​​​ម្នាក់​​​ឈ្មោះ យ៉ង ភាឡេង អាយុ​​​៣៦​​​ឆ្នាំ​​​ ដែល​​​មាន​​​មុខ​​​របរ​​​​​​ជា​​​អ្នក​​​បញ្ចូល​​​​​​អាគុយ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​តុលា ពី​​​បទ​​​ធ្វើ​​​ឃាត​​​លោក សួន​​​ ចាន់ អាយុ​​​៤៤​​​ឆ្នាំ​​​ ជា​​​អ្នក​​​កាសែត​​​ម្នាក់​​​ ដែល​​​បាន​​​ចុះ​​​ផ្សាយ​​​​​​អំពី​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​។

លោក សួន​​​ ចាន់ ត្រូវ​​​បាន​​​ធ្វើ​​​ឃាត​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មករា ដោយ​​​បុរស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រាំមួយ​​​នាក់​​​ ដែល​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រួម​​​មាន​​​ទាំង​​​ យ៉ង ភាឡេង ផង​​​ដែល​​​បាន​​​វាយ​​​​​​ជន​​​រង​​​គ្រោះ​​​នឹង​​​បង្គោល​​​ប្ញស្សី​​​ ខណៈ​​​ជន​​​រង​​​គ្រោះ​​​ចេញ​​​ទៅ​​​ទិញ​​​បារី​​​នៅ​​​ក្បែរ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ឃុំ​​​ពាម​​​ឆ្កោក​​​ ស្រុក​​​ជលគិរី​​​។ បច្ចុប្បន្ន​​​ជន​​​សង្ស័យ​​​ប្រាំ​​​នាក់​​​ទៀត​​​កំពុង​​​​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

របាយការណ៍​​​កម្រាស់​​​បួន​​​ទំព័រ​​​ពី​​​អ្នក​​​កាសែត​​​ទាំង​​​ប្រាំពីរ​​​នាក់​​​នេះ ដែល​​​រួម​​​មាន​​​ទាំង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ឲ្យ​​​ទូរទស្សន៍​​​អប្សរា និង​​​កាសែត​​​កម្ពុជា​​​ថ្មី​​​ផង​​​ អះ​​​អាង​​​ថា តាម​​​ពិត​​​លោក សួន​​​ ចាន់ ត្រូវ​​​បាន​​​ធ្វើ​​​ឃាត​​​​​​​​​​​​​​​​​​​​​ដោយ​​​បុរស​​​បួន​​​នាក់​​​ ប៉ុន្តែ នគរ​​​បាល​​​មិន​​​បាន​​​តាម​​​ចាប់​​​ខ្លួន​​​​​​ពួក​​​​​​គេ​​​ឡើយ​​​។ របាយការណ៍​​​នេះ​​​លើក​​​ឡើ​​​ងថា បុរស​​​ទាំង​​​បួន​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​​​​ដូច​​​ជា សាំង​​​ សេង​​​អៀង រុំ​​​ រ៉ា និង​​​ពីរ​​​នាក់​​​បង​​​ប្អូន​​​បង្កើត​​​ដែល​​​មាន​​​ឈ្មោះ​​​ ឃឹម ណាក់ និង​​​ ឃឹម នុន ជា​​​មនុស្ស​​​ល្បី​​​ខាង​​​ប្រើ​​​បច្ចេក​​​ទេស​​​នេសាទ​​​ខុស​​​ច្បាប់​​​ និង​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​ការ​​​ពារ​​​។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “ជន​​​ដៃ​​​ដល់​​​ សាំង​​​ សេងអៀង គឺ​​​ជា​​​អ្នក​​​នេសាទ​​​ខុស​​​ច្បាប់​​​ដ៏​​​សកម្ម​​​ម្នាក់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។ ឪពុ​​​ក​​​ម្តាយ​​​របស់​​​គេ​​​គឺ​​​ជា​​​មិត្ត​​​ភក្តិ​​​ជិត​​​ស្និទ្ធ​​​នឹង​​​​​​លោក គង់ សុធី នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ពាម​​​ឆ្កោក និង​​​លោក ហីុម យ៉ុង អធិការ​​​ស្រុក​​​​​​ជល​​​គិរី​​​”។

តាម​​​រយៈ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​ អ្នក​​​កាសែត​​​ទាំង​​​នេះ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​បាន​​​រក​​​ឃើញ​​​ថា ​​​លោក គង់ សុធី និង​​​លោក ហីុម យ៉ុង “បាន​​​ឃុបឃិត​​​គ្នា​​​​​​ជា​​​មួ​​​យ​​​ឪពុក​​​ម្តាយ​​​របស់​​​ជន​​​ដៃ​​​ដល់​​​ធ្វើ​​​សកម្មភាព​​​​​​នេសាទ​​​ខុស​​​ច្បាប់ (ការ​​​ប្រើ​​​ប្រាស់​​​​​​ឧបករណ៍​​​​​​ឆក់​​​) និង​​​ការ​​​ដឹក​​​ជញ្ជូន​​​ត្រី​​​ខុស​​​ច្បាប់​​​”។

របាយការណ៍​​​នេះ​​​បញ្ជាក់​​​ថា ​​​ឪពុក​​​ម្ដាយ​​​របស់ សាំង សេងអៀង មាន​​​​​​ឈ្មោះ​​​ សូរ និង ​​​វណ្ណៈ​​​។​​​ នៅ​​​ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួន​​​ផ្ញើ​​​ទៅ​​​អភិបាល​​​ខេត្ត​​​​​​ផ្អែក​​​តាម​​​ការ​​​សម្ភាស​​​ជា​​​មួយ​​​អ្នកស្រុក​​​ជុំវិញ​​​ហេតុ​​​ការណ៍​​​វាយ​​​សម្លាប់​​​មនុស្ស​​​យ៉ាង​​​សាហាវ​​​នេះ អ្នក​​​កាសែត​​​ទាំង​​​នេះ​​​បាន​​​អះ​​​អាង​​​ថា អ្នក​​​ភូមិ​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​ភ្លាម​​​ៗ​​​​​​ ប៉ុន្តែ ថា នគរបាល​​​មិន​​​បាន​​​ចាប់ខ្លួន ឬ​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ឡើយ​​​។ របាយការណ៍​​​នេះ​​​បញ្ជាក់​​​ទៀត​​​ថា ដីកា​​​ចាប់ខ្លួន​​​អ្នក​​​ទទួល​​​​​​កំហុស​​​ជំនួស​​​គេ​​​ ឬ​​​”ឃាតករ​​​សិប្បនិមិត្ត​​​​​​” ទើប​​​តែ​​​ចេញ​​​កាល​​​ពី​​​ខែ​​​មិថុនា​​​​​​ប៉ុណ្ណោះ ដោយសារ​​​តែ​​​មាន​​​ការ​​​ដាក់​​​សម្ពាធ​​​ឲ្យ​​​ចាត់​​​វិធាន​​​ការ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​។

របាយការណ៍​​​នេះ​​​លើក​​​ឡើ​​​ង​​​ថា ​​​​​​”នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ គង់ សុធី បាន​​​ប្រឌិត​​​​​​ឃាត​​​ករ​​​សិប្បនិមិត្ត​​​​​​​​​​​​ម្នាក់​​​ឡើង​​​​​​ ហើយ​​​បាន​​​ចាប់​​​ខ្លួន​​​ ភាឡេង​​​ ជំនួស​​​ជន​​​ដៃ​​​ដល់​​​ទាំង​​​បួន​​​នាក់​​​”។ របាយការណ៍​​​នេះ​​​ក៏​​​លើក​​​ឡើង​​​ដែរ​​​ថា នៅ​​​ថ្ងៃ​​​ចាប់​​​ខ្លួន​​​ យ៉ង ភាឡេង ​​​បាន​​​ចូល​​​ខ្លួន​​​ទៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​តាម​​​ការ​​​កោះ​​​អញ្ជើញ​​​ ហើយ​​​នៅ​​​ទី​​​នោះ​​​លោក គង់ សុធី បាន​​​វាយ​​​គាត់​​​​​​នឹង​​​កាំភ្លើង​​​វែង​​​អាកា-៤៧​​​រហូត​​​បែក​​​ឈាម មុន​​​ពេល​​​ឃាត់​​​ខ្លួន​​​​​​គាត់​​​​​​។

នៅ​​​ពេល​​​ទាក់ទង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ​​​លោក គង់ សុធី បាន​​​និយាយ​​​​​​ការ​​​ពារ​​​ភាព​​​​​​​​​សុចរិត​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​ និង​​​ការ​​​ចាប់​​​ខ្លួន​​​ យ៉ង ភាឡេង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ភាឡេង មិន​​​មែន​​​ជា​​​ឃាត​​​ករ​​​សិប្បនិមិត្ត​​​ទេ។ យើង​​​ចាប់​​​ខ្លួន​​​គាត់​​​ដោយ​​​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​។ ជន​​​ល្មើស​​​កំពុង​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​ ខ្ញុំ​​​ដឹង​​​ពីព្រោះ​​​ពួក​​​គេ​​​មិន​​​ទាន់​​​ទៅ​​​ណា​​​ឆ្ងាយ​​​ពី​​​ឃុំ​​​របស់​​​​​​ខ្ញុំ​​​នៅ​​​ឡើយ​​​ទេ​​​”។​​​

កាល​​​ពី​​​ម្សិល​​​មិញ អធិការ ហីុម យ៉ុង បាន​​​លើក​​​ទូរស័ព្ទ​​​ ហើយ​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​របស់​​​ខ្លួន​​​ ប៉ុន្តែ ភ្លាម​​​នោះ​​​​​​បាន​​​បញ្ជាក់​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​ថា ច្រឡំ​​​លេខ ហើយ​​​ក៏​​​ផ្តាច់​​​ទូរស័ព្ទ​​​តែ​​​ម្តង​​​ បន្ទាប់​​​ពី​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បាន​​​លើក​​​ឡើង​​​ពី​​​ករណី​​​នេះ​​​។ ការ​​​ព្យាយាម​​​ទាក់ទង​​​ទៅ​​​គាត់​​​បន្ថែម​​​ទៀត​​​មិន​​​បាន​​​ផល​​​​​​ទេ​​​។

​របាយការណ៍​​​របស់​​​អ្នក​​​កាសែត​​​នេះ​​​ក៏ត្រូវ​​​​​​បាន​​​បញ្ជូន​​​​​​បន្ត​​​ទៅ​​​លោក ប្រាក់ វុទ្ធី ស្នង​​​ការ​​​ខេត្ត​​​នេះ​​​ដែរ​​​ ប៉ុន្តែ លោក​​​បាន​​​ច្រាន​​​ចោល​​​វា​​​នៅ​​​ពេល​​​ទាក់​​​ទងទៅ​​​​​​កាល​​​ពី​​​​​​ម្សិល​​​មិញ។​​​ លោក​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​របាយការណ៍​​​របស់​​​អ្នក​​​កាសែត​​​ផ្ញើ​​​ទៅ​​​លោក​​​អភិបាល​​​ដែរ​​​ស្តី​​​ពី​​​ឃាត​​​ករ​​​សិប្បនិមិត្ត​​​នេះ​​​ ប៉ុន្តែ យើង​​​មាន​​​ដីកា​​​ដើម្បី​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ប្រាំ​​​នាក់​​​ហើយ។ ជន​​​សង្ស័យ​​​បាន​​​គេច​​​ខ្លួន​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ ហើយ​​​យើង​​កំពុង​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​នៅ​​​ទី​​​​​​នោះ​​​ដើម្បី​​​ស្វែង​​​រក​​​ចាប់ខ្លួន​​​ពួកគេ​​​”។

លោក សៀង សេង ចាងហ្វាង​​​កាសែត​​​មាគ៌ា​​​កម្ពុជា​​​ ដែល​​​បាន​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​​​​មួយចំនួន​​​របស់​​​លោក សួន ចាន់ ​​​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា ករណីឃាតកម្ម​​​នេះ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​ផ្ទាល់​​​ទៅ​​​នឹង​​​ការ​​​ងារ​​​របស់​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​ ដែល​​​បាន​​​ចុះ​​​ផ្សាយ​​​​​​លាត​​​ត្រដាង​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​ សួន ចាន់ បាន​​​ធ្វើ​​​ការ​​​ឲ្យ​​​ការសែត​​​នេះ​​​ប្រហែល​​​បី​​​ឆ្នាំ​​​មក​​​ហើយ​​​។ លោក​​​បាន​​​បន្ត​​​ថា “គាត់​​​គឺ​​​ជា​​​ជន​​​សកម្ម​​​ដែល​​​តែង​​​តែ​​​ថត​​​រូប​​​ និង​​​វីដេអូ​​​នៃ​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់។ នេះ​​​គឺ​​​ជា​​​ករណី​​​សង​​​សឹក​​​ម​​​ក​​​លើ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​របស់​​​យើង​​​បន្ទាប់ពី​​​អត្ថ​​​បទ​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​នៅ​​​ខែ​​​មុន​​​នោះ​​​”។

លោក សុខ សុវណ្ណ ប្រធាន​​​ក្រុមប្រឹក្សា​​​ព័ត៌មាន​​​កម្ពុជា​​​ ដែល​​​មាន​​​លោក សួន ចាន់​​​ ជា​​​សមាជិក​​​មួយ​​​រូប​​​ដែរ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក ឈួរ ច័ន្ទ​​​ឌឿន អភិបាល​​​ខេត្ត​​​នេះ​​​ធានា​​​ថា ឃាត​​​ករ​​​ពិត​​​ប្រាកដ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អធិការ​​​ស្រុក​​​ជលគិរី ស្គាល់​​​ជន​​​សង្ស័យ​​​ទាំង​​​អស់​​​ដែល​​​បាន​​​សម្លាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​របស់​​​យើង​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​ទេ​​​”។ ចំណែក​​​ឯ​​​អភិបាល​​​ខេត្ត​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​៕សុខុម​​​​​​​​​​​​​​​

​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស