កាលពីម្សិលមិញ អ្នកកាសែតមួយក្រុមបានផ្ញើរបាយការណ៍មួយទៅអភិបាលខេត្តកំពង់ឆ្នាំងដោយអះអាងថា បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនពីបទធ្វើឃាតសហការីម្នាក់របស់ពួកគេ ត្រូវបានប្រឌិតឡើងក្នុងបំណងព្យាយាមលាក់បាំងក្រុមនេសាទខុសច្បាប់មួយដែលមានទំនាក់ទំនងជិតស្និទ្ធនឹងនគរបាល។
បុរសម្នាក់ឈ្មោះ យ៉ង ភាឡេង អាយុ៣៦ឆ្នាំ ដែលមានមុខរបរជាអ្នកបញ្ចូលអាគុយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ពីបទធ្វើឃាតលោក សួន ចាន់ អាយុ៤៤ឆ្នាំ ជាអ្នកកាសែតម្នាក់ ដែលបានចុះផ្សាយអំពីការនេសាទខុសច្បាប់។
លោក សួន ចាន់ ត្រូវបានធ្វើឃាតកាលពីល្ងាចថ្ងៃទី៣១ ខែមករា ដោយបុរសមួយក្រុមមានគ្នាប្រាំមួយនាក់ ដែលតាមការចោទប្រកាន់ថា រួមមានទាំង យ៉ង ភាឡេង ផងដែលបានវាយជនរងគ្រោះនឹងបង្គោលប្ញស្សី ខណៈជនរងគ្រោះចេញទៅទិញបារីនៅក្បែរផ្ទះរបស់ខ្លួនក្នុងឃុំពាមឆ្កោក ស្រុកជលគិរី។ បច្ចុប្បន្នជនសង្ស័យប្រាំនាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ។
របាយការណ៍កម្រាស់បួនទំព័រពីអ្នកកាសែតទាំងប្រាំពីរនាក់នេះ ដែលរួមមានទាំងអ្នកយកព័ត៌មានឲ្យទូរទស្សន៍អប្សរា និងកាសែតកម្ពុជាថ្មីផង អះអាងថា តាមពិតលោក សួន ចាន់ ត្រូវបានធ្វើឃាតដោយបុរសបួននាក់ ប៉ុន្តែ នគរបាលមិនបានតាមចាប់ខ្លួនពួកគេឡើយ។ របាយការណ៍នេះលើកឡើងថា បុរសទាំងបួននាក់ដែលមានឈ្មោះដូចជា សាំង សេងអៀង រុំ រ៉ា និងពីរនាក់បងប្អូនបង្កើតដែលមានឈ្មោះ ឃឹម ណាក់ និង ឃឹម នុន ជាមនុស្សល្បីខាងប្រើបច្ចេកទេសនេសាទខុសច្បាប់ និងត្រូវបាននគរបាលការពារ។
របាយការណ៍នេះលើកឡើងថា “ជនដៃដល់ សាំង សេងអៀង គឺជាអ្នកនេសាទខុសច្បាប់ដ៏សកម្មម្នាក់នៅក្នុងតំបន់នោះ។ ឪពុកម្តាយរបស់គេគឺជាមិត្តភក្តិជិតស្និទ្ធនឹងលោក គង់ សុធី នាយប៉ុស្តិ៍ឃុំពាមឆ្កោក និងលោក ហីុម យ៉ុង អធិការស្រុកជលគិរី”។
តាមរយៈការសើុបអង្កេតរបស់ខ្លួន អ្នកកាសែតទាំងនេះដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំងបានរកឃើញថា លោក គង់ សុធី និងលោក ហីុម យ៉ុង “បានឃុបឃិតគ្នាជាមួយឪពុកម្តាយរបស់ជនដៃដល់ធ្វើសកម្មភាពនេសាទខុសច្បាប់ (ការប្រើប្រាស់ឧបករណ៍ឆក់) និងការដឹកជញ្ជូនត្រីខុសច្បាប់”។
របាយការណ៍នេះបញ្ជាក់ថា ឪពុកម្ដាយរបស់ សាំង សេងអៀង មានឈ្មោះ សូរ និង វណ្ណៈ។ នៅក្នុងរបាយការណ៍របស់ខ្លួនផ្ញើទៅអភិបាលខេត្តផ្អែកតាមការសម្ភាសជាមួយអ្នកស្រុកជុំវិញហេតុការណ៍វាយសម្លាប់មនុស្សយ៉ាងសាហាវនេះ អ្នកកាសែតទាំងនេះបានអះអាងថា អ្នកភូមិបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យទាំងបួននាក់ភ្លាមៗ ប៉ុន្តែ ថា នគរបាលមិនបានចាប់ខ្លួន ឬចោទប្រកាន់ពួកគេឡើយ។ របាយការណ៍នេះបញ្ជាក់ទៀតថា ដីកាចាប់ខ្លួនអ្នកទទួលកំហុសជំនួសគេ ឬ”ឃាតករសិប្បនិមិត្ត” ទើបតែចេញកាលពីខែមិថុនាប៉ុណ្ណោះ ដោយសារតែមានការដាក់សម្ពាធឲ្យចាត់វិធានការកាន់តែខ្លាំងឡើង។
របាយការណ៍នេះលើកឡើងថា ”នាយប៉ុស្តិ៍ឃុំ គង់ សុធី បានប្រឌិតឃាតករសិប្បនិមិត្តម្នាក់ឡើង ហើយបានចាប់ខ្លួន ភាឡេង ជំនួសជនដៃដល់ទាំងបួននាក់”។ របាយការណ៍នេះក៏លើកឡើងដែរថា នៅថ្ងៃចាប់ខ្លួន យ៉ង ភាឡេង បានចូលខ្លួនទៅប៉ុស្តិ៍នគរបាលតាមការកោះអញ្ជើញ ហើយនៅទីនោះលោក គង់ សុធី បានវាយគាត់នឹងកាំភ្លើងវែងអាកា-៤៧រហូតបែកឈាម មុនពេលឃាត់ខ្លួនគាត់។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក គង់ សុធី បាននិយាយការពារភាពសុចរិតនៃការសើុបអង្កេត និងការចាប់ខ្លួន យ៉ង ភាឡេង។ លោកបានមានប្រសាសន៍ថា ” ភាឡេង មិនមែនជាឃាតករសិប្បនិមិត្តទេ។ យើងចាប់ខ្លួនគាត់ដោយមានដីកាចាប់ខ្លួន។ ជនល្មើសកំពុងគេចខ្លួននៅឡើយ ខ្ញុំដឹងពីព្រោះពួកគេមិនទាន់ទៅណាឆ្ងាយពីឃុំរបស់ខ្ញុំនៅឡើយទេ”។
កាលពីម្សិលមិញ អធិការ ហីុម យ៉ុង បានលើកទូរស័ព្ទ ហើយប្រាប់អត្តសញ្ញាណរបស់ខ្លួន ប៉ុន្តែ ភ្លាមនោះបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានម្នាក់ថា ច្រឡំលេខ ហើយក៏ផ្តាច់ទូរស័ព្ទតែម្តង បន្ទាប់ពីអ្នកយកព័ត៌មានបានលើកឡើងពីករណីនេះ។ ការព្យាយាមទាក់ទងទៅគាត់បន្ថែមទៀតមិនបានផលទេ។
របាយការណ៍របស់អ្នកកាសែតនេះក៏ត្រូវបានបញ្ជូនបន្តទៅលោក ប្រាក់ វុទ្ធី ស្នងការខេត្តនេះដែរ ប៉ុន្តែ លោកបានច្រានចោលវានៅពេលទាក់ទងទៅកាលពីម្សិលមិញ។ លោកបានបន្តថា “ខ្ញុំក៏ទទួលបានរបាយការណ៍របស់អ្នកកាសែតផ្ញើទៅលោកអភិបាលដែរស្តីពីឃាតករសិប្បនិមិត្តនេះ ប៉ុន្តែ យើងមានដីកាដើម្បីចាប់ខ្លួនជនសង្ស័យប្រាំនាក់ហើយ។ ជនសង្ស័យបានគេចខ្លួនទៅរស់នៅក្នុងខេត្តកំពង់ធំ ហើយយើងកំពុងសហការជាមួយនគរបាលនៅទីនោះដើម្បីស្វែងរកចាប់ខ្លួនពួកគេ”។
លោក សៀង សេង ចាងហ្វាងកាសែតមាគ៌ាកម្ពុជា ដែលបានចុះផ្សាយអត្ថបទមួយចំនួនរបស់លោក សួន ចាន់ បានមានប្រសាសន៍ថា លោកជឿថា ករណីឃាតកម្មនេះមានជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងការងាររបស់អ្នកកាសែតរូបនេះ ដែលបានចុះផ្សាយលាតត្រដាងការនេសាទខុសច្បាប់។
លោកមានប្រសាសន៍ទៀតថា លោក សួន ចាន់ បានធ្វើការឲ្យការសែតនេះប្រហែលបីឆ្នាំមកហើយ។ លោកបានបន្តថា “គាត់គឺជាជនសកម្មដែលតែងតែថតរូប និងវីដេអូនៃការនេសាទខុសច្បាប់។ នេះគឺជាករណីសងសឹកមកលើអ្នកយកព័ត៌មានរបស់យើងបន្ទាប់ពីអត្ថបទរបស់គាត់ត្រូវបានចុះផ្សាយនៅខែមុននោះ”។
លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាព័ត៌មានកម្ពុជា ដែលមានលោក សួន ចាន់ ជាសមាជិកមួយរូបដែរបានអំពាវនាវឲ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តនេះធានាថា ឃាតករពិតប្រាកដត្រូវបានចាប់ខ្លួន។ លោកបានមានប្រសាសន៍ថា “អធិការស្រុកជលគិរី ស្គាល់ជនសង្ស័យទាំងអស់ដែលបានសម្លាប់អ្នកយកព័ត៌មានរបស់យើង ប៉ុន្តែ ពួកគេមិនបានចាប់ខ្លួនទេ”។ ចំណែកឯអភិបាលខេត្តនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងករណីនេះ៕សុខុម